Hesperian Health Guides
ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព
មាតុភាពគ្មានគ្រោះថ្នាក់ ចាប់ផ្តើមនៅមុនពេលមានផ្ទៃពោះ
ការមានឆ្មបជំនាញផ្តល់ការថែទាំមុនសម្រាល និងជួយបង្កើតកូន ជួយបានយ៉ាងច្រើនដល់សុខភាពម្តាយនិងទារក។ ប៉ុន្តែមានកត្តាជាច្រើនដែលគំរាមកំហែងដល់មាតុភាពគ្មានគ្រោះថ្នាក់ ដូចជាថាតើម្តាយប្រឈមនឹងសារធាតុគីមីពុលនៅកន្លែងការងារ មានជំងឺកាមរោគ រងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ ឬខ្វះអាហារូបត្ថម្ភពេញមួយជីវិតដែរឬទេ។ ជំពូកនេះផ្តោតសំខាន់ទៅលើអ្វីដែលស្ត្រីត្រូវការក្នុងអំឡុងពេលមានផ្ទៃពោះនិងពេលសម្រាល ប៉ុន្តែមាតុភាពគ្មានគ្រោះថ្នាក់ ចាប់ផ្តើមតាំងពីពេលនៅកុមារ ហើយវារងឥទ្ធិពលពីកត្តាជាច្រើន។
នៅពេលក្មេងស្រីហូបអាហារល្អ ពួកគេទទួលបានឆ្អឹងរឹងមាំ សាច់ដុំនិងឈាមល្អ ដែលទាំងនេះជាការចាំបាច់ដើម្បីឲ្យផ្ទៃពោះមានសុខភាពល្អនៅថ្ងៃក្រោយ។
នៅពេលក្មេងស្រីរស់នៅដោយគ្មានអំពើហិង្សា ការបំពានផ្លូវភេទ និងទំនៀមទម្លាប់ដ៏គ្រោះថ្នាក់ ដូចជាការកាត់ប្រដាប់ភេទជាដើម នោះពួកគេនឹងធំលូតលាស់ដោយមានបញ្ហាសុខភាពតិចតួច។
នៅពេលក្មេងស្រីទទួលបានការអប់រំ ពួកគេនឹងមានជីវិតប្រកបដោយសុខភាព។ នៅពេលស្ត្រីរៀនបានកាន់តែច្រើន ពួកគេទំនងជារង់ចាំរហូតដល់រាងកាយលូតលាស់ពេញលេញក្នុងការមានកូន និងទំនងជាពន្យារចន្លោះកូនយ៉ាងតិច២ឆ្នាំ ដូច្នេះពួកគេនៅមានកម្លាំងកាន់តែច្រើន។
នៅពេលក្មេងស្រីរៀនសូត្រពីរាងកាយរបស់ខ្លួន នោះពួកគេអាចថែទាំសុខភាពខ្លួនឯងពេញមួយជីវិត។ ក្មេងស្រីត្រូវការព័ត៌មានទាំងនេះមុនពេលចាប់ផ្តើមមានរដូវ និងមុនពេលចាប់ផ្តើមការរួមភេទ ដើម្បីដឹងថាការមានផ្ទៃពោះកើតឡើងបែបណា ដឹងពីមធ្យោបាយបង្ការកុំឲ្យមានផ្ទៃពោះ និងដឹងពីរបៀបការពារខ្លួនពីជំងឺកាមរោគ។
នៅពេល និងប្រសិនបើ ស្ត្រីសម្រេចចិត្តថារួចរាល់នឹងធ្វើជាម្តាយម្នាក់ គាត់ទំនងជាទទួលបានផ្ទៃពោះនិងការសម្រាលប្រកបដោយសុខភាពល្អ ប្រសិនបើគាត់ទទួលបាន៖
- សេវាផែនការគ្រួសារដែលអនុញ្ញាតឲ្យគាត់សម្រេចចិត្តថានឹងយកកូនប៉ុន្មាននាក់និងយកពេលណា។ បែបនេះធានាថារាល់ផ្ទៃពោះទាំងអស់សុទ្ធតែជាការប្រាថ្នា។ ការមានពេលវេលាគ្រប់គ្រាន់នៅចន្លោះផ្ទៃពោះនីមួយៗ នឹងអនុញ្ញាតឲ្យរាងកាយរបស់ស្ត្រី ទទួលបានភាពមាំមួនឡើងវិញ ដូច្នេះវានឹងនាំឲ្យមានផ្ទៃពោះប្រកបដោយសុវត្ថិភាព ម្តាយនិងកូនមានសុខភាពល្អ។
- ការងារដែលគ្មានគ្រោះថ្នាក់ដល់រាងកាយរបស់ស្ត្រីនិងទារកក្នុងផ្ទៃ។ លក្ខខណ្ឌការងារដែលមានសុវត្ថិភាព អនុញ្ញាតឲ្យស្ត្រីថែទាំសុខភាពរបស់ខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ និងចៀសវាងបញ្ហាកើតឡើងក្នុងពេលសម្រាល។ ការអង្គុយឬឈរច្រើនម៉ោង ការលើកវត្ថុធ្ងន់ៗ ការប្រឈមនឹងសារធាតុគីមី និងលក្ខខណ្ឌការងារគ្រោះថ្នាក់ផ្សេងៗទៀត នឹងប៉ះពាល់ដល់សុខភាព នៅមុនពេល និងក្នុងពេលមានផ្ទៃពោះ។
- ការបង្ការនិងការព្យាបាលជំងឺកាមរោគ។ ជំងឺកាមរោគអាចបង្កបញ្ហាដល់ស្ត្រីនិងទារក ក្នុងពេលមានផ្ទៃពោះនិងពេលសម្រាល។
- ការថែទាំសុខភាពនៅមុនពេល ក្នុងពេល និងក្រោយពេលមានផ្ទៃពោះនិងសម្រាល។ ស្ត្រីត្រូវការមានសុខភាពល្អ មុនពេលចាប់ផ្តើមមានផ្ទៃពោះ។ គាត់ក៏ត្រូវការការថែទាំនិងការគាំទ្រក្នុងអំឡុងពេលមានផ្ទៃពោះព្រមទាំងឆ្មបជំនាញក្នុងពេលសម្រាលផងដែរ ដើម្បីសុវត្ថិភាពសម្រាប់ម្តាយនិងទារក។ ក្នុងពេលដែលរាងកាយរបស់គាត់កំពុងប្រមូលកម្លាំងឡើងវិញក្រោយពេលសម្រាល គាត់ក៏ត្រូវការការថែទាំនិងគាំទ្រល្អផងដែរ។
- ការថែទាំក្នុងពេលអាសន្ន នៅពេលត្រូវការ។ ទោះបីការសម្រាលភាគច្រើន អាចធ្វើឡើងដោយមិនត្រូវការថ្នាំពេទ្យឬឧបករណ៍ពេទ្យស្មុគស្មាញក៏ដោយ ក៏ចាំបាច់ត្រូវមានការថែទាំក្នុងពេលអាសន្នត្រៀមជាស្រេច ក្នុងករណីមានបញ្ហាកើតឡើង។