Hesperian Health Guides
កែលម្អលទ្ធភាពទទួលបានការថែទាំសម្រាប់ស្ត្រីមានផ្ទៃពោះ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > កែលម្អលទ្ធភាពទទួលបានការថែទាំសម្រាប់ស្ត្រីមានផ្ទៃពោះ
មាតិកា
ធ្វើផែនការសម្រាប់ការសម្រាលកូន
ស្ត្រីមានផ្ទៃពោះគួរតែអាចធ្វើការសម្រេចដោយខ្លួនឯង ពីទីកន្លែងនិងរបៀបសម្រាលកូន ប៉ុន្តែគាត់ក៏ត្រូវការការគាំទ្រពីក្រុមគ្រួសារនិងសហគមន៍ផងដែរ ព្រមទាំងការគាំទ្រពីបុគ្គលិកសុខាភិបាលដែលជួយគាត់ក្នុងពេលសម្រាល។ ក្នុងគ្រួសារជាច្រើន ប្រការសំខាន់គឺត្រូវរួមបញ្ចូលបុរស ម្តាយក្មេក និងមនុស្សចាស់ក្នុងគ្រួសារ ទៅក្នុងការធ្វើផែនការសម្រាល។ ពួកគេជាមនុស្សដែលនៅក្បែរស្ត្រី ជាអ្នកដែលអាចជួយ ហើយក៏ប្រហែលជាអ្នកគ្រប់គ្រងប្រាក់ ឬយានជំនិះផងដែរ។
ទាំងនេះជាសំណួរខ្លះៗដែលអាចជួយស្ត្រីនិងក្រុមគ្រួសារ ក្នុងការធ្វើផែនការសម្រាល៖
- តើស្ត្រីនឹងសម្រាលកូននៅទីណា? តើត្រូវបង់ប្រាក់តិចដែរឬទេ? តើបង់ប៉ុន្មាន? នរណាជាអ្នកបង់?
- តើត្រូវការបរិក្ខាអ្វីខ្លះ ហើយនរណាជាអ្នកផ្តល់ជូន?
- តើគាត់ធ្វើដំណើរទៅទីនោះដោយមធ្យោបាយអ្វី? តើគាត់ត្រូវការយានជំនិះដែរឬទេ? តើត្រូវចំណាយប៉ុន្មាន ហើយនរណាជាអ្នកបង់?
- តើនរណាជាអ្នកមើលថែក្មេងៗ ដំណាំ និងសត្វពាហនៈជំនួសគាត់ នៅពេលគាត់ឈឺពោះសម្រាល និងក្នុងអំឡុងពេលកូនខ្ចី?
ត្រៀមរៀបចំសម្រាប់ស្ថានភាពអាសន្ន
ស្ត្រីគ្រប់រូបអាចមានបញ្ហាអាសន្នក្នុងពេលមានផ្ទៃពោះឬពេលសម្រាល។ ក្នុងករណីមានអាសន្ន ស្ត្រីចាំបាច់ត្រូវទទួលការថែទាំវេជ្ជសាស្ត្រក្នុងរយៈពេល២ម៉ោង។ ការធ្វើផែនការភាពអាសន្ន មានន័យថាអាចធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីរកជំនួយ និងជួយសង្គ្រោះជីវិតរបស់ស្ត្រីនិងទារក។ ក្នុងសប្តាហ៍ចុងក្រោយនៃផ្ទៃពោះ ប្រសិនបើមន្ទីរពេទ្យនៅឆ្ងាយដែលមិនអាចទៅដល់ក្នុងរយៈពេល២ម៉ោងទេ ស្ត្រីអាចស្នាក់នៅជាមួយមិត្តភក្តិឬសាច់ញាតិដែលរស់នៅជិតមន្ទីរពេទ្យ។
ការពន្យារពេល ៤យ៉ាង
បញ្ហាខ្លះក្នុងពេលមានផ្ទៃពោះឬពេលសម្រាល អាចក្លាយជាគ្រោះថ្នាក់ខ្លាំងយ៉ាងឆាប់រហ័ស។ ការពន្យារពេលជាញឹកញាប់ ៤យ៉ាង ដែលធ្វើឲ្យគ្រោះថ្នាក់កាន់តែខ្លាំង។ ត្រូវកាត់បន្ថយការពន្យារពេលទាំងនេះដើម្បីបង្ការការស្លាប់របស់ស្ត្រី៖
- ការពន្យារពេលដោយសារមិនមើលឃើញគ្រោះថ្នាក់។ ពួកគេប្រហែលមិនយល់ដឹងគ្រប់គ្រាន់អំពីការសម្រាល និងសញ្ញាគ្រោះថ្នាក់ពេលសម្រាលទេ។ ពួកគេមិនមើលឃើញថាមានអ្វីមិនស្រួលកំពុងកើតឡើងទេ ដូច្នេះពួកគេមិនស្វែងរកជំនួយឲ្យបានឆាប់រហ័ស។ ស្វែងយល់ពីសញ្ញាគ្រោះថ្នាក់។
- ការពន្យារពេលដោយសារការសម្រេចចិត្តយូរពេកក្នុងការរកជំនួយ។ ពួកគេអាចដឹងថាមានអ្វីមិនស្រួលកើតឡើង ប៉ុន្តែពួកគេមិនសម្រេចចិត្តឲ្យបានឆាប់រហ័សក្នុងការរកជំនួយ។ មនុស្សជាច្រើនមិនបានត្រៀមលក្ខណៈសម្រាប់ភាពអាសន្ន។ ជួនកាលពួកគេគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់លើការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ឬបង់ថ្លៃសេវាពេទ្យ។
- ការពន្យារពេលដោយសារការចំណាយពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យយូរពេក។ មន្ទីរពេទ្យអាចមានចម្ងាយឆ្ងាយ។ មានមូលហេតុផ្សេងៗទៀតដែលធ្វើឲ្យចំណាយពេលយូរក្នុងការធ្វើដំណើរ។
- ការពន្យារពេលក្នុងការទទួលការថែទាំនៅមន្ទីរពេទ្យ។ មន្ទីរពេទ្យអាចនឹងគ្មានបរិក្ខារឬបុគ្គលិកដែលអាចសង្គ្រោះជីវិតស្ត្រីបាន។ អាចនឹងមានបញ្ហាក្នុងការប្រាស្រ័យទាក់ទង ជាពិសេសប្រសិនបើគិលានុបដ្ឋាកនិងវេជ្ជបណ្ឌិត មិនចេះភាសាដែលស្ត្រីនិយាយ។ បុគ្គលិកសុខាភិបាលដែលមិនផ្តល់ការគោរពដល់ស្ត្រី នឹងធ្វើឲ្យពួកគេត្រូវរង់ចាំយូរមុននឹងទទួលបានការថែទាំ។
ចូរប្រើប្រាស់សកម្មភាពដូចជា “ប៉ុន្តែហេតុអ្វី?” ដើម្បីជួយឲ្យក្រុមយល់ដឹងកាន់តែស៊ីជម្រៅអំពីការពន្យារពេលទាំង៤យ៉ាង។ នៅពេលដែលអ្នកសួរថា “ប៉ុន្តែហេតុអ្វីបានជាពួកគេមើលមិនឃើញពីគ្រោះថ្នាក់?" ហើយពួកគេឆ្លើយថា "ពីព្រោះពួកគេមិនស្គាល់សញ្ញាគ្រោះថ្នាក់” នោះអ្នកអាចចាប់ផ្តើមជជីករកមូលហេតុឫសគល់ និងពីរបៀបរៀបចំពួកគេដើម្បីដោះស្រាយបញ្ហាទាំងនេះ។
របាំងនៃការថែទាំមុនសម្រាលនិងពេលអាសន្ន
ហេតុអ្វីបានជាស្ត្រីមិនទទួលបានការថែទាំសុខភាពនៅពេលត្រូវការ? មានមូលហេតុជាច្រើនដែលស្ត្រីមិនទទួលបានការពិនិត្យផ្ទៃពោះដ៏ល្អ មិនធ្វើផែនការសម្រាប់ពេលអាសន្ន ឬរង់ចាំយូរពេកមុននឹងទទួលការថែទាំវេជ្ជសាស្ត្រក្នុងពេលដែលជីវិតកំពុងស្ថិតក្នុងគ្រោះថ្នាក់។ សាច់រឿង “មិនអាចកើតឡើងទៀតឡើយ! ករណីស្លាប់ដែលមិនគួរកើតឡើង បានក្លាយជាការអំពាវនាវមួយដើម្បីការផ្លាស់ប្តូរ និង ផ្ទៃពោះគ្មានសុវត្ថិភាពរបស់នាងវណ្ណា មានរួមបញ្ចូលនូវមូលហេតុញឹកញាប់។ ក្នុងសាច់រឿងទាំងនោះ ស្ត្រីទាំង២នាក់ភ័យខ្លាចមិនហ៊ានទៅគ្លីនិក មណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតផ្ទះទេ។ ពួកគេមានអារម្មណ៍ថាគ្មានការស្វាគមន៍នៅទីនោះ ហើយមិនទុកចិត្តថាបុគ្គលិកសុខាភិបាលនឹងព្យាបាលពួកគេយ៉ាងទន់ភ្លន់និងដោយការគោរពនោះទេ។
ប្រសិនបើស្ត្រីនៅក្នុងសហគមន៍របស់អ្នក ភ័យខ្លាចឬមិនចង់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យទេ ចូរព្យាយាមស្វែងយល់ពីមូលហេតុ។ នៅពេលអ្នកដឹងពីមូលហេតុ អ្នកប្រហែលជាអ្នកធ្វើការជាមួយថ្នាក់ដឹកនាំសហគមន៍ និងបុគ្គលិកនៅមណ្ឌលសុខភាព ដើម្បីធ្វើការផ្លាស់ប្តូរ ហើយទទួលបានការទុកចិត្តពីសហគមន៍។
ការសម្តែងតួអាចជាមធ្យោបាយដ៏ល្អដើម្បីជួយក្រុមឲ្យសំឡឹងមើលកាន់តែច្បាស់ទៅលើរបាំងផ្សេងៗដែលរារាំងមិនឲ្យស្ត្រីមានផ្ទៃពោះ ទទួលការថែទាំដែលចាំបាច់។ នេះជាឧទាហរណ៍ខ្លះៗនៃស្ថានភាពដែលអាចប្រើប្រាស់ដើម្បីបង្កើតជាល្ខោនសម្តែង និងការសម្តែងតួអំពីហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះមិនទៅរកការថែទាំ។ (ជាការប្រសើរ គួររៀបចំសាច់រឿងជាមុន)។ សម្រាប់ព័ត៌មានបន្ថែមអំពីការសម្តែងតួ សូមមើលសកម្មភាព ការសម្តែងតួ ដើម្បីពិភាក្សាពីហិង្សាផ្នែកយេនឌ័រ” និង ការបង្រៀនដោយប្រើប្រាស់ល្ខោនសម្តែង។
ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ដឹងថាគាត់កំពុងមានផ្ទៃពោះ ហើយគាត់ភ័យខ្លាចថាឪពុកម្តាយគាត់ដឹង។ គិលានុបដ្ឋាកនៅមណ្ឌលសុខភាព ប្រកាន់សាសនាជាខ្លាំង ហើយនិយាយជាមួយឪពុកម្តាយនៅពេលកូនស្រីរបស់ពួកគេមកមណ្ឌលសុខភាពដើម្បីស្វែងរកសេវាផែនការគ្រួសារ។
ស្ត្រីម្នាក់មានផ្ទៃពោះ។ គាត់មានកូន ៥នាក់រួចហើយ។ ប្តីរបស់គាត់កំពុងធ្វើការនៅប្រទេសផ្សេងព្រោះមិនអាចរកការងារនៅប្រទេសខ្លួន។ គាត់មិនទាន់មានលទ្ធភាពផ្ញើប្រាក់មកផ្ទះនៅឡើយ ហើយស្ត្រីពិបាកជាខ្លាំងក្នុងការរកអាហារផ្គត់ផ្គង់កូន។ គាត់មិនមានបញ្ហាក្នុងពេលសម្រាលកូនៗមុនទេ ដូច្នេះគាត់សង្ឃឹមថានឹងមិនមានបញ្ហាក្នុងពេលសម្រាលលើកនេះទេ។
អ្នកក៏អាចរៀបចំឈុតឆាកសម្តែង ដោយប្រើប្រាស់សាច់រឿង ផ្ទៃពោះគ្មានសុវត្ថិភាពរបស់នាងវណ្ណា ផងដែរ។
សកម្មភាព
ការសម្តែងតួអំពីហេតុអ្វីបានជាស្ត្រីមិនទទួលបានការថែទាំ
- បែងចែកអ្នកចូលរួមជាក្រុមតូចៗដែលមានគ្នាប្រមាណ ៥នាក់ ហើយប្រាប់ឲ្យក្រុមនីមួយៗចំណាយពេល ១០ទៅ២០នាទី រៀបចំការសម្តែងមួយដែលមានរយៈពេល ៥នាទី។ ក្រុមនីមួយៗបង្ហាញការសម្តែងរបស់ខ្លួន។ លើកទឹកចិត្តឲ្យគ្រប់គ្នាចូលរួមក្នុងការសម្តែង។
-
ដើម្បីជួយក្រុមឲ្យរៀបចំការសម្តែងរបស់ខ្លួន អ្នកអាចប្រាប់ពួកគេឲ្យគិតអំពីសំណួរដូចតទៅនេះ៖
- តើបុគ្គលិកមណ្ឌលសុខភាពនឹងធ្វើបែបណាចំពោះស្ត្រី? តើពួកគេធ្វើចំពោះស្ត្រី ខុសពីអ្នកដទៃឬទេ? តើពួកគេធ្វើបែបណាចំពោះស្ត្រីដែលមិនទាន់រៀបការ?
- តើស្ត្រីត្រូវរង់ចាំយូរប៉ុនណាទើបបានជួបបុគ្គលិកសុខាភិបាល? តើមណ្ឌលសុខភាពបើកផ្តល់សេវានៅម៉ោងប៉ុន្មាន?
- តើសេវាមានតម្លៃប៉ុន្មាន? តើមនុស្សគ្រប់គ្នាបង់ថ្លៃស្មើៗគ្នា ចំពោះសេវាដូចគ្នា ឬទេ? តើបុគ្គលិកចង់បានឬគិតប្រាក់បន្ថែមឬទេ?
- តើមណ្ឌលសុខភាពមានចម្ងាយប៉ុន្មានពីផ្ទះរបស់ស្ត្រី?
- តើមណ្ឌលសុខភាពមានសភាពដូចម្តេច? តើការផ្គត់ផ្គង់បរិក្ខាដល់មណ្ឌលសុខភាព មានលក្ខណៈបែបណា?
- តើស្ត្រីមានផ្ទៃពោះចង់ពិនិត្យជាមួយនរណាក្នុងពេលថែទាំមុន អំឡុងពេល និងក្រោយសម្រាល? ហេតុអ្វីបានជាស្ត្រីចង់ទទួលសេវាពីបុគ្គលិកម្នាក់នោះ?
- ឲ្យក្រុមនីមួយៗសម្តែងឈុតឆាករបស់ខ្លួន។
- នៅពេលសម្តែងចប់ ចូរពិភាក្សាពីរបាំងដែលរារាំងស្ត្រីមិនឲ្យស្វែងរក និងទទួលការថែទាំដែលចាំបាច់។
- បញ្ចប់ដោយប្រើប្រាស់សកម្មភាព “ក្បាល បេះដូង ដៃ”។ សកម្មភាពនេះជួយឲ្យអ្នកចូលរួមធ្វើការឆ្លុះបញ្ចាំងពីអ្វីដែលបានរៀនសូត្រ តាមរយៈការពិនិត្យលើគំនិត (ក្បាល), អារម្មណ៍ (បេះដូង), និងពិចារណាថាគួរធ្វើអ្វី (ដៃ)។ ក្នុងករណីនេះ អ្នកចង់ឲ្យក្រុមកំណត់រកចំណុចដែលគួរធ្វើការផ្លាស់ប្តូរនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនឹងធ្វើឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ ទទួលបានការថែទាំដែលចាំបាច់។
បញ្ហាសុខភាពដែលទាមទារការថែទាំបន្ថែម
ស្ត្រីគួរទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើទោះជាពួកគេបានពិនិត្យផ្ទៃពោះយ៉ាងទៀងទាត់ហើយមិនឃើញមានសញ្ញាគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះក៏ដោយ។ ស្ត្រីដែលត្រូវតែទៅ រួមមាន ៖
- អាយុក្រោម ១៧ឆ្នាំ ឬលើ ៣៥ឆ្នាំ។
- ធ្លាប់សម្រាលកូន ៥លើកមកហើយ។
- ឈឺ ឬប្រហែលជាមានភាពស្លេកស្លាំង (ខ្វះជាតិដែក) ព្រោះពួកគេមិនមានអាហារល្អគ្រប់គ្រាន់។
- មានជំងឺទឹកនោមផ្អែម (ជាតិស្ករច្រើនខ្លាំងនៅក្នុងឈាម)។
- ធ្លាប់មានបញ្ហាកាលពីមានផ្ទៃពោះឬពេលសម្រាលលើកមុន ដូចជាធ្លាក់ឈាមធ្ងន់ធ្ងរ សម្ពាធឈាមឡើងខ្ពស់ ឬឈឺពោះអូសបន្លាយ។
- ធ្លាប់សម្រាលកូនដោយវះកាត់។
ស្ត្រីដែលផ្ទុកមេរោគអេដស៍ អាចសម្រាលកូននៅមន្ទីរពេទ្យ ដើម្បីកាន់តែមានសុវត្ថិភាពសម្រាប់ទារក។
ការសម្រាលកូនដោយវះកាត់
ស្ត្រីភាគច្រើនអាចសម្រាលកូនដោយធម្មជាតិ តាមទ្វារមាស។ ប៉ុន្តែវាអាចមានគ្រោះថ្នាក់ចំពោះម្តាយឬទារក ក្នុងស្ថានភាពជាក់លាក់មួយចំនួនដូចជា ទារកស្ថិតក្នុងទីតាំងពិបាកកើត ហើយមិនអាចឆ្លងកាត់តាមទ្វារមាស, ឬនៅពេលដែលកំពុងធ្លាក់ឈាម, មានជំងឺក្រឡាភ្លើង ឬក្លាយរោគធ្ងន់ធ្ងរ។ នៅពេលដែលភាពលំបាកទាំងនេះកើតឡើងដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ម្តាយនិងកូន នោះគេត្រូវធ្វើការវះនៅលើពោះរបស់ម្តាយដើម្បីឲ្យកូនកើតចេញរួច។
ជួនកាលការវះកាត់ ជាជម្រើសដ៏ចាំបាច់ដើម្បីជួយសង្គ្រោះជីវិតស្ត្រីនិងទារក។ ប៉ុន្តែមានពេលខ្លះ ការវះកាត់ត្រូវបានជ្រើសរើសដោយសារតែវាងាយស្រួលសម្រាប់វេជ្ជបណ្ឌិតឬមន្ទីរពេទ្យ, មិនមែនសម្រាប់ស្ត្រី, ហើយវេជ្ជបណ្ឌិតអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលកើតឡើង។
ការធ្លាយទ្វារមាស: របួសដែលគួរតែបង្ការបាន
ស្ត្រីមួយចំនួនដែលរស់រានពីការឈឺពោះសម្រាលដ៏លំបាក បានទទួលរបួសមួយដែលកើតឡើងជាក្រោយ ហៅថា ការធ្លាយទ្វារមាស។ វាគឺជារន្ធមួយនៅក្នុងទ្វារមាសរបស់ស្ត្រី ដែលបណ្តាលមកពីក្បាលរបស់ទារកបុកច្រានខ្លាំងៗនៅកន្លែងដដែលៗ រយៈពេលយូរ។ បន្ទាប់ពីសម្រាល ទឹកនោមឬលាមកជ្រាបចេញតាមរន្ធនោះ នឹងមកក្រៅរាងកាយតាមទ្វារមាស។ ស្ត្រីមិនអាចគ្រប់គ្រងការជ្រាបនោះបានទេ។ ជាទូទៅ ស្ត្រីដែលមានរបួសធ្លាយទ្វារមាស តែងតែសំងំនៅក្នុងផ្ទះ។ ជាញឹកញាប់ក្រុមគ្រួសារ បោះបង់ពួកគេចោល ហើយសហគមន៍ផ្តល់ភាពអាម៉ាស់ដល់ពួកគេ។
សំណាងល្អ ការធ្លាយទ្វារមាសអាចព្យាបាលបានដោយការវះកាត់។ គេក៏អាចបង្ការការធ្លាយទ្វារមាសផងដែរ។ ការធ្លាយទ្វារមាស ជារបួសដ៏កម្រនៅទីណាដែលស្ត្រីទៅពិនិត្យផ្ទៃពោះយ៉ាងទៀងទាត់ ជាមួយបុគ្គលិកសុខាភិបាលជំនាញ ហើយសម្រាលកូននៅគ្លីនិកដែលមានបរិក្ខាគ្រប់គ្រាន់ ឬនៅមន្ទីរពេទ្យបើឈឺពោះយូរ។ ការធ្លាយទ្វារមាស កើតឡើងញឹកញាប់បំផុតនៅទីណាដែលក្មេងស្រីរៀបការនៅវ័យក្មេងខ្លាំង ហើយមានផ្ទៃពោះមុនពេលរាងកាយរបស់គាត់លូតលាស់ពេញលេញ ហើយវាក៏កើតឡើងញឹកញាប់ផងដែរនៅទីណាដែលមានការកាត់ប្រដាប់ភេទ។
ការបង្ការរបួសធ្លាយទ្វារមាស និងការស្រោចស្រង់ជីវិតនៅប្រទេសប៉ាគីស្ថាន
នៅប្រទេសយូហ្កាន់ដា មានមនុស្សរាប់រយនាក់ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង ១០គីឡូម៉ែត្រ ដើម្បីទាញចំណាប់អារម្មណ៍ទៅលើបញ្ហាសុខភាពដែលបណ្តាលមកពីការធ្លាយទ្វារមាស។ |
ស្ត្រីនៅសហគមន៍ជនបទក្នុងប្រទេសប៉ាគីស្ថាន រងគ្រោះដោយសារភាពអាម៉ាស់នៃការធ្លាយទ្វារមាស អស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវនេះ វេជ្ជបណ្ឌិតនិងឆ្មបកំពុងជួយពន្យល់បំភ្លឺដល់សហគមន៍ទាំងនោះឲ្យយល់ពីមូលហេតុពិតប្រាកដនៃបញ្ហានេះ ហើយឈប់ជឿជំនឿមិនពិតដែលថាការធ្លាយទ្វារមាស គឺជាបណ្តាសា។ វេជ្ជបណ្ឌិត Shershah Syed បានស្ថាបនាមន្ទីរពេទ្យមួយឈ្មោះថា Koohi Goth សម្រាប់ស្ត្រីនៅក្នុងក្រុងខារាឈី ហើយបានដឹកនាំយុទ្ធនាការអប់រំសាធារណៈមួយដើម្បីរៃអង្គាសប្រាក់សម្រាប់ផ្តល់ការថែទាំដល់ស្ត្រីជាងមួយពាន់នាក់ដែលរងគ្រោះពីរបួសធ្លាយទ្វារមាស។ តួកុនស្រីម្នាក់ឈ្មោះថា Shema Kirmani ប្រើប្រាស់ល្ខោនសហគមន៍ដើម្បីបង្កើនការយល់ដឹងអំពីរបួសធ្លាយទ្វារមាស និងការស្លាប់របស់ម្តាយ, និងដើម្បីពន្យល់ពីរបៀបស្វែងរកការព្យាបាលរបួសធ្លាយទ្វារមាស។