Hesperian Health Guides
អំពើហិង្សាផ្នែកយេនឌ័របង្កគ្រោះថ្នាក់ដល់សុខភាពតាមវិធីជាច្រើន
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៦ ៖ ការបញ្ចប់អំពើហិង្សាផ្នែកយេនឌ័រ > អំពើហិង្សាផ្នែកយេនឌ័របង្កគ្រោះថ្នាក់ដល់សុខភាពតាមវិធីជាច្រើន
មានស្ត្រីយ៉ាងតិចម្នាក់ក្នុងចំណោមស្ត្រី៣នាក់ ត្រូវបានវាយដំ បង្ខំឲ្យរួមភេទ ឬបំពានរាងកាយតាមរបៀបផ្សេងៗទៀត ដែលជាធម្មតាប្រព្រឹត្តដោយបុរសដែលនាងស្គាល់។ ផលប៉ះពាល់លើសុខភាពដោយសារអំពើហិង្សាផ្លូវកាយប្រភេទនេះ រួមមានការឈឺចាប់ធ្ងន់ធ្ងរ ពិការភាពអចិន្ត្រៃយ៍ និងរបួស ដូចជាបាក់ឆ្អឹង រលាក ជាំភ្នែក មុត និងជាំជាដើម។
មានស្ត្រីជាច្រើនបានរលូតកូនដោយសាររងការវាយដំក្នុងអំឡុងពេលមានផ្ទៃពោះ។ បញ្ហាដូចជាឈឺក្បាល ហឺត ឈឺពោះ និងឈឺសាច់ដុំអាចនឹងបន្តអូសបន្លាយរយៈពេលយូរឆ្នាំក្រោយការវាយដំ។
ការរំលោភផ្លូវភេទបង្កបញ្ហាសុខភាពផ្លូវភេទដូចជា ការមានផ្ទៃពោះដែលមិនចង់បាន ជំងឺកាមរោគ ការភ័យខ្លាចក្នុងការរួមភេទ ការឈឺចាប់ក្នុងពេលរួមភេទ និងការបាត់បង់ចំណង់ផ្លូវភេទ។ ការរំលោភផ្លូវភេទលើកុមារអាចបង្កឲ្យមានអារម្មណ៍ភាន់ច្រឡំអំពីការរួមភេទនៅពេលពួកគេធំឡើង និងភ័យខ្លាចក្នុងការមានទំនាក់ទំនងផ្លូវភេទប្រកបដោយសុខភាពល្អ។ | |
ទម្រង់ខ្លះនៃអំពើហិង្សាមិនបង្កសញ្ញារងរបួសខាងក្រៅនោះទេ ប៉ុន្តែពួកវានៅតែបង្កគ្រោះថ្នាក់ចំពោះសុខភាពតាមរបៀបច្រើនយ៉ាង។ ឧទាហរណ៍ ច្បាប់និងទំនៀមទម្លាប់អំពីការរៀបការ អាចជាទម្រង់មួយនៃអំពើហិង្សា ប្រសិនបើស្ត្រីត្រូវបានបង្ខំឲ្យទទួលយកតួនាទីមួយដែលនាងមានសិទ្ធិតិចតួចបំផុត។ ឋានៈទាបរបស់នាងក្នុងអាពាហ៍ពិពាហ៍ អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់នាង ប្រសិនបើវាធ្វើឲ្យនាងខ្វះចំណីអាហារ និងការថែទាំសុខភាព ឬត្រូវបានបង្ខំឲ្យរួមភេទ ឬបង្ខំឲ្យមានផ្ទៃពោះ។ ឋានៈទាបរបស់នាងអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់នាងដោយប្រយោល ប្រសិនបើវាធ្វើឲ្យនាងបាត់បង់ការអប់រំ រារាំងមិនឲ្យធ្វើការក្រៅផ្ទះ ឬបង្ខំឲ្យនាងធ្វើការបានប្រាក់ឈ្នួលទាប។ ជារឿយៗ លក្ខខណ្ឌទាំងនេះបង្ខំឲ្យស្ត្រីត្រូវបន្តស្ថិតក្នុងស្ថានភាពហិង្សាដែលអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពរបស់ពួកនាង។ | |
ការបដិសេធមិនផ្តល់ប្រាក់កាសដល់ស្ត្រីសម្រាប់ផ្គត់ផ្គង់ខ្លួននាង និងកូនៗរបស់នាង ឬការបដិសេធមិនផ្តល់ចំណីអាហារដល់ពួកគេ គឺជាទម្រង់មួយនៃអំពើហិង្សាផ្លូវសេដ្ឋកិច្ច។ | |
អំពើហិង្សាផ្លូវអារម្មណ៍ ដូចជាបុរសជេរប្រមាថ មើលងាយ បន្តុះបង្អាប់ស្ត្រី ឬហាមឃាត់នាងមិនឲ្យចេញពីផ្ទះ មិនឲ្យទៅសួរសុខទុក្ខគ្រួសារ ឬមិនឲ្យនិយាយជាមួយមិត្តភ័ក្តិ ក៏ជាការគ្រោះថ្នាក់ផងដែរ។ ការបំពាននេះអាចធ្វើឲ្យស្ត្រីមានអារម្មណ៍ថា នាងមិនអាចធ្វើអ្វីដោយខ្លួនឯងបាន ឬមិនអាចចាកចេញពីស្ថានភាពបំពាននេះបាន។ នាងមិនអាចស្វែងរកសេវាថែទាំសុខភាព និងអាច រងគ្រោះពីបញ្ហាផ្លូវអារម្មណ៍យូរអង្វែង។ | |
ការជេរប្រមាថ និងការស្តីបន្ទោសស្ត្រីដោយសារបញ្ហាគ្រួសារ គឺជាទម្រង់មួយនៃអំពើហិង្សាផ្លូវអារម្មណ៍ដែលបង្កគ្រោះថ្នាក់យូរអង្វែង។ |
ការបំពានអាចនាំឲ្យមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាភ័យខ្លាចឥតឈប់ បាក់ទឹកចិត្ត ខ្វះការជំរុញទឹកចិត្ត ការឲ្យតម្លៃទាបលើខ្លួនឯង ភាពខ្មាសអៀន ស្តីបន្ទោសខ្លួនឯង និងបញ្ហាហូបចុកនិងដំណេក។ ដើម្បីទប់ទល់នឹងអំពើហិង្សាឬអារម្មណ៍ទាំងអស់នេះ ស្ត្រីប្រព្រឹត្តនូវទង្វើប្រកបដោយគ្រោះថ្នាក់ផ្សេងៗ ដូចជាគេចមុខពីអ្នកដទៃ ប្រើប្រាស់ថ្នាំញៀនឬគ្រឿងស្រវឹង មានដៃគូរួមភេទច្រើន បង្ករបួសស្នាមលើខ្លួនឯង ឬធ្វើអត្តឃាតជាដើម។
នៅក្នុងប្រទេសមិកស៊ីកូ ក្រុមអង្គការសិទ្ធិមនុស្សបានដាក់តាំងស្បែកជើងទទេរបស់ស្ត្រីដែលបានបាត់ខ្លួន ឬដែលសាកសពរបស់ពួកនាងត្រូវបានគេប្រទះឃើញក្រោយអំពើឃាតកម្មដ៏សាហាវ។ អាជ្ញាធរបានចាត់វិធានការតិចតួចដើម្បីបញ្ឈប់អំពើហិង្សានោះ។ |
ស្ត្រីឃាតគឺជាអំពើសម្លាប់ស្ត្រីដោយចេតនា។ ស្ត្រីឃាតរួមមានអំពើឃាតកម្មលើស្ត្រីប្រព្រឹត្តដោយដៃគូ ឬអតីតដៃគូរបស់នាង ដែលជាធម្មតាស្ថិតក្នុងទំនាក់ទំនងជាមួយលំនាំនៃការបំពានឥតឈប់។ អំពើស្ត្រីឃាតមួយប្រភេទទៀតគឺ “ការសម្លាប់ដើម្បីកិត្តិយស” ដែលកើតឡើងនៅពេលដែលសាច់ញាតិបុរសរបស់ស្ត្រី សម្លាប់នាងដោយសារតែនាងត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តអំពើផ្លូវភេទ ឬអំពើសង្គមណាមួយដោយគ្មានការអនុញ្ញាត ហើយពេលខ្លះទៀតដោយសារតែនាងទទួលរងនូវអំពើរំលោភ សេពសន្ថវៈ។ នៅក្នុងប្រទេសឥណ្ឌា ជារៀងរាល់ឆ្នាំមានស្ត្រីរាប់ពាន់នាក់ត្រូវបានធ្វើឃាតដោយសាច់ថ្លៃរបស់ពួកគេដោយសារតែមានជម្លោះរឿងជំនូនអាពាហ៍ពិពាហ៍ (ជាប្រាក់ដែលគ្រួសារស្ត្រីត្រូវបង់នៅពេលនាងរៀបការ)។ ហើយមានស្ត្រីរាប់មិនអស់ដែលត្រូវបានវាយប្រហារ រំលោភសេពសន្ថវៈ និងធ្វើឃាតដោយបុរសដែលមិនត្រូវបានកំណត់អត្តសញ្ញាណ ជាពិសេសនៅតាមទីកន្លែងដែលបុរសជាច្រើនពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន និងជម្លោះប្រដាប់អាវុធ។
មាតិកា
អំពើហិង្សាផ្នែកយេនឌ័រប៉ះពាល់ដល់មនុស្សគ្រប់រូប
អំពើហិង្សាមិនប៉ះពាល់តែចំពោះបុគ្គលដែលរងគ្រោះនោះទេ វាក៏បង្កផលប៉ះពាល់ចំពោះមនុស្សគ្រប់រូបផ្សេងទៀតផងដែរ។ អំពើហិង្សាផ្នែកយេនឌ័រជំរុញមិនឲ្យមានទំនាក់ទំនងប្រកបដោយការគោរពនិងសុខភាពល្អនៅក្នុងគ្រួសារ សាលារៀន ទីសាធារណៈ និងសូម្បីតែនៅតាមមណ្ឌលសុខភាព។ ដរាបណាមនុស្សនៅតែជឿថា បុរសសំខាន់ជាងស្ត្រី ហើយស្ត្រីសមនឹងត្រូវបុរសវាយដំ បន្តុះបង្អាប់ និងដកហូតសិទ្ធិឬធនធាន នោះគ្រប់គ្នាក្នុងសង្គមនឹងរងគ្រោះពីអំពើអយុត្តិធម៌នេះតាមរបៀបជាច្រើន។
អំពើហិង្សាធ្វើឲ្យកុមារ គ្រួសារ និងសហគមន៍បាត់បង់ស្ត្រីដែលមានសុខភាពល្អ អាចបំពេញតួនាទីពេញលេញ និងអាចចូលរួម និងរួមចំណែកអភិវឌ្ឍគ្រួសារនិងសង្គម។ ស្ត្រីដែលរងការបំភិតបំភ័យ ឬបាក់ស្បាត មិនអាចដើរតួនាទីសកម្មណាមួយក្នុងការកែលម្អសុខភាព និងលើកកម្ពស់ឋានៈរបស់ស្ត្រីនៅក្នុងសហគមន៍បានឡើយ។
អំពើហិង្សាផ្នែកយេនឌ័រជួយពង្រឹងគំនិតប្រកបដោយគ្រោះថ្នាក់ដែលថា ភាពជាបុរសត្រូវតែប្រព្រឹត្តអំពើហិង្សា។ គំនិតនេះលើកទឹកចិត្តឲ្យបុរសធ្វើសកម្មភាពបែបហិង្សា ដែលអាចនាំឲ្យមានរបួសស្នាម និងមរណភាពកាន់តែច្រើន។
អំពើហិង្សាផ្នែកយេនឌ័រប៉ះពាល់ដល់កុមារ
ជារឿយៗ កុមារដែលរងគ្រោះឬដែលមើលឃើញអំពើហិង្សាជាប្រចាំ តែងតែមានអារម្មណ៍អស់សង្ឃឹម ខឹងសម្បា ក្រៀមក្រំ ខ្មាសអៀន ឬមានកំហុស។ អារម្មណ៍ទាំងនេះអាចនឹងនាំឲ្យពួកគេមានចរិតកោងកាច និងបំពានលើអ្នកដទៃដោយចម្លងយកនូវអំពើហិង្សាដែលពួកគេបានឃើញ។ សុបិនអាក្រក់ និងការភ័យខ្លាចផ្សេងទៀត ការដេកនោម និងបញ្ហាផ្លូវអារម្មណ៍តែងកើតមានជាទូទៅ ហើយអាចក្លាយជាបញ្ហាសុខភាពរយៈពេលយូរអង្វែងទៀតផង។ កុមារមួយចំនួនក្លាយជាមានចរិតស្ងៀមស្ងាត់ និងមិនលេងជាមួយក្មេងដទៃ ដោយសារតែពួកគេភ័យខ្លាចក្នុងការនិយាយស្តី ឬប្រព្រឹត្តអ្វីមួយដែលអាចនាំឲ្យមានអំពើហិង្សា ឬដោយសារតែពួកគេភ័យខ្លាចក្នុងការប្រាប់នរណាម្នាក់អំពីអ្វីដែលបានកើតឡើងចំពោះពួកគេ។
ជារឿយៗ កុមារនៅក្នុងគ្រួសារប្រើអំពើហិង្សា ធំធាត់និងរៀនសូត្រយឺតជាងក្មេងដទៃ។ ពួកគេអាចនឹងមានបញ្ហាផ្តោតអារម្មណ៍ក្នុងសាលារៀន និងមានជំងឺជាច្រើន ដូចជាឈឺពោះ ឈឺក្បាល និងហឺតជាដើម។ ហើយមានកុមារជាច្រើនបានរងរបួស និងស្លាប់នៅពេលពួកគេទទួលរងអំពើហិង្សា។
សកម្មភាពសំដែងតួ៖ អំពើហិង្សាផ្នែកយេនឌ័រ ប៉ះពាល់ដល់មនុស្សគ្រប់គ្នា អាចជួយក្រុមឲ្យស្វែងយល់និងពិភាក្សាពីរបៀបដែលអំពើហិង្សាផ្នែកយេនឌ័រប៉ះពាល់ដល់មនុស្សគ្រប់រូប ទាំងជនរងគ្រោះ ជនដែលមើលឃើញអំពើហិង្សា និងអ្នកដែលប្រើអំពើហិង្សានោះផងដែរ។
ការសំដែងតួដើម្បីពិភាក្សាពីអំពើហិង្សាផ្នែកយេនឌ័រ
អ្នកចូលរួមក្នុងការសំដែងតួ សំដែងនូវស្ថានភាពជាក់ស្តែងក្នុងជីវិត។ ការសំដែងនេះជួយឲ្យពួកគេពិភាក្សាពីប្រធានបទដែលពួកគេមានអារម្មណ៍ថាជារឿងឯកជនឬផ្ទាល់ខ្លួន ដូចជាតួនាទី និងទំនាក់ទំនងរបស់បុរស និងស្ត្រីនៅក្នុងគ្រួសារ។ សកម្មភាពសំដែងតួ៖ អំពើហិង្សាផ្នែកយេនឌ័រ ប៉ះពាល់ដល់មនុស្សគ្រប់គ្នា, ស្វែងយល់ពីមូលហេតុនៃអំពើហិង្សាផ្នែកយេនឌ័រ, ការសំដែងតួជាអ្នកឃើញហេតុការណ៍ នៅក្នុងជំពូកនេះ ប្រើប្រាស់ការសំដែងតួអំពីអំពើហិង្សាផ្នែកយេនឌ័រ ដើម្បីជួយឲ្យពួកគេគិតអំពីមូលហេតុដែលនាំឲ្យកើតមានអំពើហិង្សា និងអំពីរបៀបដែលអំពើហិង្សានាំឲ្យមានគ្រោះថ្នាក់។ ការពិភាក្សាពីការសំដែងតួអាចជួយក្រុមឲ្យពិនិត្យមើលឥរិយាបថ ទំនៀមទម្លាប់ និងលំអានក្នុងវិធីដែលបុរស និងស្ត្រីប្រព្រឹត្តចំពោះគ្នា និងគិតអំពីវិធីធ្វើការរួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាផ្នែកយេនឌ័រ និងផ្លាស់ប្តូរគំនិត និងទំនៀមទម្លាប់ដែលនាំឲ្យមនុស្សយល់ថាអំពើហិង្សាជារឿងធម្មតា។
អ្នកអាចជ្រើសរើសធ្វើសកម្មភាពទាំងនេះដាច់ដោយឡែកពីគ្នា ឬជាបន្តបន្ទាប់។ ដំបូង អ្នកប្រហែលជាចង់ពិភាក្សាពីតួនាទីយេនឌ័រជាមួយនឹងក្រុម (សូមមើលជំពូក៣ ៖ យេនឌ័រនិងសុខភាព)។
សកម្មភាពទាំងនេះអាចដំណើរការទៅបានល្អជាមួយនឹងការសហការគ្នារវាងស្ត្រីនិងបុរសមួយក្រុម។ ការឲ្យបុរសសំដែងតួជាស្ត្រី ហើយស្ត្រីដើរតួជាបុរស អាចជួយឲ្យប្រជាជនគិតអំពីវិសមភាព និងយេនឌ័រតាមរបៀបថ្មីមួយ។
ការរៀបចំការសំដែងតួ
រៀបចំស្ថានភាព (សាច់រឿង) ជាមុន។ ចូរព្យាយាមច្នៃបង្កើតស្ថានភាពដែលអាចឲ្យជឿបាន ប៉ុន្តែមិនត្រូវបង្ហាញហិង្សាឬការរំជួលចិត្តខ្លាំងពេកនោះទេ។ ការសំដែងតួនឹងមើលទៅកាន់តែដូចស្ថានភាពពិត ប្រសិនបើអ្នកប្រមូលគ្រឿងតែងឆាក និងសម្លៀកបំពាក់មួយចំនួនដែលអ្នកសំដែងអាចប្រើប្រាស់ដើម្បីបង្ហាញពីតួនាទីដែលពួកគេកំពុងសំដែង។ ឧទាហរណ៍សម្រាប់ស្ថានភាពខាងក្រោមរួមមានដូចជា កាបូបដើរផ្សារ ក្រវ៉ាត់ក មួកបុរស ម៉ាស៊ីនដេរ ស្ករគ្រាប់ និងគ្រឿងអលង្ការ។
ខាងក្រោមនេះគឺជាស្ថានភាពគំរូមួយចំនួន ៖
ស្ថានភាពទី១
តួសំដែង
អ្នកប្រើហិង្សា ៖ ប្តី
ជនរងគ្រោះ ៖ ប្រពន្ធ
សាក្សី ៖ កូនៗ និងប្អូនស្រីប្រពន្ធ
ប្រពន្ធមកផ្ទះយឺតដោយសារចូលរួមការប្រជុំសហគមន៍។ ប្តីរបស់នាងជួបរឿងស៊យនៅថ្ងៃនេះ ហើយមានអារម្មណ៍ខឹងសម្បាដោយសារតែមិនមាននរណារៀបចំអាហារពេលល្ងាចសម្រាប់គាត់នៅពេលគាត់ត្រឡប់មកដល់ផ្ទះ។ ប្អូនស្រីរបស់នាងកំពុងមើលថែកូនៗរបស់ពួកគេ។ ពួកគេទាំងអស់គ្នានៅក្នុងផ្ទះនោះកំពុងរង់ចាំប្រពន្ធគាត់ត្រឡប់មកផ្ទះវិញ។ តើអ្នកគិតថានឹងមានរឿងអ្វីកើតឡើងនាពេលបន្ទាប់?
ស្ថានភាពទី២
តួសំដែង
អ្នកប្រើហិង្សា ៖ ថៅកែរោងចក្រ
ជនរងគ្រោះ ៖ កម្មការិនី
សាក្សី ៖ កម្មករ-កម្មការិនីដែលចូលទៅបើកប្រាក់ឈ្នួលមុន ហើយចាកចេញពីកន្លែងកើតហេតុ
កម្មការិនីវ័យក្មេងម្នាក់បានធ្វើការរយៈពេល១សប្តាហ៍នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់តូចមួយ។ នៅពេលនាងទៅបើកប្រាក់ឈ្នួលបស់នាង ថៅកែប្រាប់ឲ្យនាងមកបើកនៅពេលក្រោយ។ គាត់បានឲ្យនាងរង់ចាំរហូតដល់គ្រប់គ្នាចាកចេញពីរោងចក្រ ហើយក៏ហៅនាងចូលទៅក្នុងការិយាល័យរបស់គាត់តែម្នាក់ឯង។ តើអ្នកគិតថានឹងមានរឿងអ្វីកើតឡើងនាពេលបន្ទាប់?
ស្ថានភាពទី៣
តួសំដែង
អ្នកប្រើហិង្សា ៖ ក្មេងប្រុសជំទង់
ជនរងគ្រោះ ៖ ក្មេងស្រីជំទង់
សាក្សី ៖ ក្មេងប្រុសជំទង់ដទៃទៀត
ក្មេងស្រីជំទង់ម្នាក់ចូលចិត្តស្លៀកពាក់ដូចមនុស្សប្រុសជាជាងស្លៀកសំពត់បែបប្រពៃណី ឬសម្លៀកបំពាក់ដែលស្ត្រីវ័យក្មេងភាគច្រើនស្លៀក។ នៅពេលដែលនាងកំពុងដើរទៅផ្ទះម្នាក់ឯង នាងក៏ដើរកាត់ក្មេងប្រុសជំទង់មួយក្រុម ហើយពួកគេក៏ចាប់ផ្តើមស្រែកចម្អកដាក់នាង។ ក្មេងប្រុសជំទង់ម្នាក់ក៏បានដើរតាមពីក្រោយនាង។ តើអ្នកគិតថានឹងមានរឿងអ្វីកើតឡើងនាពេលបន្ទាប់?
សកម្មភាព
ការសំដែងតួ៖ អំពើហិង្សាផ្នែកយេនឌ័រប៉ះពាល់មនុស្សគ្រប់រូប
- បែងចែកអ្នកចូលរួមជាក្រុមតូចៗដែលមានគ្នាប្រហែល ៥នាក់។ ផ្តល់ឲ្យក្រុមនីមួយៗនូវសេចក្តីបរិយាយខ្លីមួយអំពីស្ថានភាពណាមួយ ដូចជាស្ថានភាពដែលបានលើកឡើងនៅទំព័រមុន ដែលអាចឈានទៅដល់អំពើហិង្សា។ (អ្នកអាចផ្តល់ការណែនាំខ្លះៗអំពីការមិនពណ៌នាស៊ីជម្រៅអំពីអំពើហិង្សានៅក្នុងសាច់រឿងនោះ) ស្នើឲ្យពួកគេចំណាយពេល ១៥-២០នាទីដើម្បីរៀបចំសាច់រឿងមួយដែលមានរយៈពេល៥នាទី ដែលសំដែងអំពីស្ថានភាពនោះ និងអ្វីដែលពួកគេគិតថានឹងកើតឡើង។ លើកទឹកចិត្តឲ្យសមាជិកក្រុមគ្រប់រូបចូលរួមទាំងអស់គ្នា។
- ស្នើឲ្យក្រុមនីមួយៗឡើងសំដែងសាច់រឿងរបស់ខ្លួន។
- ក្រោយពីក្រុមទាំងអស់សំដែងចប់ ស្នើឲ្យក្រុមទាំងអស់ទុកដាក់គ្រឿងតុបតែងឆាកនិងសម្លៀកបំពាក់សំដែងនៅកន្លែងមួយ។ បន្ទាប់មក ស្នើឲ្យសមាជិកទាំងនោះបង្កើតក្រុមថ្មីចំនួន៣ ដោយផ្អែកលើតួនាទីរបស់ពួកគេក្នុងនាមជា “ជនរងគ្រោះ” “អ្នកប្រើហិង្សា” និង “សាក្សី។ ស្នើឲ្យអ្នកចូលរួមក្នុងក្រុមនីមួយៗពណ៌នាអំពីអារម្មណ៍របស់ពួកគេក្នុងពេលសំដែងតួ។
- ក្រោយពីក្រុមទាំងអស់សំដែងចប់ ស្នើឲ្យក្រុមទាំងអស់ទុកដាក់គ្រឿងតុបតែងឆាកនិងសម្លៀកបំពាក់សំដែងនៅកន្លែងមួយ។ បន្ទាប់មក ស្នើឲ្យសមាជិកទាំងនោះបង្កើតក្រុមថ្មីចំនួន៣ ដោយផ្អែកលើតួនាទីរបស់ពួកគេក្នុងនាមជា “ជនរងគ្រោះ” “អ្នកប្រើហិង្សា” និង “សាក្សី។ ស្នើឲ្យអ្នកចូលរួមក្នុងក្រុមនីមួយៗពណ៌នាអំពីអារម្មណ៍របស់ពួកគេក្នុងពេលសំដែងតួ។ ក្នុងនាមជា “ជនរងគ្រោះ” ខ្ញុំប្រហែលជាឈប់ទៅចូលរួមប្រជុំទៀតហើយ។ក្នុងនាមជា “សាក្សី” ខ្ញុំយល់ថា នៅពេលដែលក្មេងៗមើលឃើញមនុស្សធំប្រើប្រាស់អំពើហិង្សា ពួកគេគិតថា វាជាទង្វើត្រឹមត្រូវដែលត្រូវប្រព្រឹត្ត។
- សួរអ្នកចូលរួមពីអារម្មណ៍របស់ពួកគេនៅពេលទស្សនាការសំដែងរបស់ក្រុមផ្សេង តើពួកគេរងផលប៉ះពាល់ដោយរបៀបណា?
- ជាចុងក្រោយ ស្នើឲ្យក្រុមទាំងអស់រួមគ្នាជជែកអំពីវិធីផ្សេងៗដែលអំពើហិង្សាផ្នែកយេនឌ័របង្កផលប៉ះពាល់ចំពោះស្ត្រីនៅក្នុងការសំដែងតួទាំងនេះ។ សង្ខេបគំនិតរបស់ក្រុមអំពីរបៀបដែលអំពើហិង្សាក្នុងការសំដែងតួក៏អាចបង្កផលប៉ះពាល់ចំពោះកូនៗរបស់ស្ត្រី គ្រួសាររបស់នាង និងអ្នកដទៃដែលមើលឃើញការប្រើអំពើហិង្សា និងសហគមន៍ទាំងមូលផងដែរ។ បន្ទាប់មក អ្នកអាចបន្តការពិភាក្សាអំពីមូលហេតុនៃអំពើហិង្សាផ្នែកយេនឌ័រ (ប្រើប្រាស់សកម្មភាព ស្វែងយល់ពីមូលហេតុនៃអំពើហិង្សាផ្នែកយេនឌ័រ ឬការពិភាក្សាអំពីរបៀបដែលតួនាទីរបស់តួសំដែងអាចធ្វើការផ្លាស់ប្តូរដើម្បីបង្ការអំពើហិង្សា ដោយប្រើប្រាស់សកម្មភាពការសំដែងតួ “ការបញ្ចប់ដោយភាពរីករាយ” ដើម្បីគិតអំពីការផ្លាស់ប្តូរអំណាច និងអំពើហិង្សា។
សកម្មភាព
ហុចស្ពៃ
នៅពេលបញ្ចប់ការពិភាក្សានិងសកម្មភាពជាក្រុម ជាពិសេសអំពីប្រធានពិបាកៗ ជាការប្រសើរគួរស្នើឲ្យគ្រប់គ្នាជជែកអំពីអ្វីដែលពួកគេបានរៀនសូត្រ អារម្មណ៍ដែលពួកគេមានចំពោះបញ្ហា និងរបៀបដែលពួកគេទទួលបានការជំរុញទឹកចិត្តឲ្យធ្វើសកម្មភាពដើម្បីធ្វើការផ្លាស់ប្តូរ។ លើសពីនេះទៀត ជាការសំខាន់ផងដែរដែលត្រូវផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ធ្វើការវាយតម្លៃ និងផ្តល់មតិត្រឡប់។ សកម្មភាពនេះគឺជាវិធីដ៏រីករាយមួយសម្រាប់បញ្ចូលអ្នកចូលរួមទាំងអស់ទៅក្នុងដំណើរការត្រិះរិះពិចារណា និងវាយតម្លៃ។
ការត្រៀមលក្ខណៈ ៖ ស្វែងរកក្រដាសសៀវភៅសរសេរ បង់ស្អិត និងប៊ិច។ ចូរសរសេរសំណួរវាយតម្លៃចំនួន៤ មួយឬច្រើនសំណុំខាងក្រោម នៅលើក្រដាសសៀវភៅដាច់ដោយឡែកពីគ្នា។
- សរសេរឈ្មោះអ្វីមួយដែលយើងបានធ្វើ។
- សរសេរឈ្មោះអ្វីមួយដែលអ្នកបានរៀនសូត្រ។
- និយាយអ្វីមួយដែលអ្នកចូលចិត្ត និងនិយាយអ្វីមួយដែលអ្នកមិនចូលចិត្ត។
- តើអ្នកនឹងធ្វើអ្វីជាមួយនឹងអ្វីដែលអ្នកបានរៀនសូត្រ?
- ពេលបញ្ចប់សកម្មភាពឬសិក្ខាសាលា សួរក្រុមថាតើសំណួរណាខ្លះដែលពួកគេគិតថាសំខាន់សម្រាប់យល់ពីប្រធានបទដែលអ្នកបានពិភាក្សា។ ចូរសរសេរសំណួរនីមួយៗនៅលើក្រដាសសៀវភៅដាច់ដោយឡែកមួយ។
- 2. ចូរបង្កើត “ស្ពៃ” មួយដុំដោយខ្ចប់ក្រដាសសំណួរវាយតម្លៃចុងក្រោយ (លេខ៤) ទៅក្នុងបាល់ដ៏តឹងមួយ ហើយបន្ទាប់មកបន្ថែមស្រទាប់ក្រដាសនៅជុំវិញវា។ ជំនួសការបន្ថែមសន្លឹកសៀវភៅដែលមានសំណួរដែលក្រុមស្នើឡើង ជាមួយនឹងសំណួរវាយតម្លៃ និងសំណួរបញ្ឆោតមួយចំនួន ដូចជា “ចូរអ្នករាំ” ឬ “ចូរអ្នកច្រៀងចម្រៀងមួយបទ” រហូតអ្នកបានបង្កើតដុំស្ពៃមួយដែលមានទំហំដូចស្ពៃពិត។ ចូរប្រាកដថា អ្នកបានដាក់សំណួរវាយតម្លៃទាំងនោះតាមលេខរៀងពីធំមកតូច ដូច្នេះនៅពេលដែលស្ពៃត្រូវបានបក នោះគេនឹងអានសំណួរតាមលំដាប់លេខរៀង ១, ២, ៣, ៤ ។
- ចាក់បទភ្លេងឬទះដៃ និងស្នើឲ្យអ្នកចូលរួមហុចស្ពៃតគ្នាពីម្នាក់ទៅម្នាក់។ នៅពេលបទភ្លេងឈប់ អ្នកដែលកំពុងកាន់ស្ពៃត្រូវបកមួយសន្លឹក ហើយឆ្លើយសំណួរនៅក្នុងសន្លឹកក្រដាសនោះ។ បន្តធ្វើដូច្នេះរហូតដល់បកសន្លឹកសំណួរទាំងអស់ពីស្ពៃ។
ចំណាំ៖ អ្នកអាចសរសេរពីអ្វីដែលពួកគេនិយាយនៅលើស្លឹកក្រដាសធំមួយដែលគ្រប់គ្នាអាចមើលឃើញ ឬគ្រាន់តែស្តាប់ដោយប្រុងប្រយ័ត្ននូវអ្វីដែលគ្រប់គ្នានិយាយ។ តាមរយៈការគិតគូរពិចារណាអំពីអ្វីដែលគ្រប់គ្នានិយាយ អ្នកអាចរៀនសូត្របានច្រើនអំពីអ្វីទៅដែលមានប្រសិទ្ធភាពបំផុតពីសិក្ខាសាលា ហើយរបៀបដែលអាចកែលម្អសិក្ខាសាលានៅពេលក្រោយ។