Hesperian Health Guides
ធ្វើឲ្យផែនការគ្រួសារអាចទៅរកបាន
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៧ ៖ ការការពារសុខភាពស្ត្រី ដោយប្រើប្រាស់សេវាផែនការគ្រួសារ > ធ្វើឲ្យផែនការគ្រួសារអាចទៅរកបាន
ទំព័របន្ទាប់ ផ្តល់នូវគំនិតមួយចំនួនអំពីរបៀបដើម្បីរៀបចំសកម្មភាព ដើម្បីធ្វើឲ្យផែនការគ្រួសារអាចទៅរកបានចំពោះស្ត្រី គ្រប់គ្នា នៅក្នុងសហគមន៍។
មាតិកា
រៀនសូត្រអំពីបទពិសោធន៍របស់ស្ត្រី
ដើម្បីជួយធ្វើឲ្យផែនការគ្រួសារអាចទៅរកបាននៅក្នុងសហគមន៍របស់អ្នក អ្នកអាចចាប់ផ្តើមដោយសួរស្ត្រីអំពីបទសោធន៍របស់ពួកគេក្នុងការប្រើប្រាស់ការពន្យារកំណើត។ ប្រសិនបើស្ត្រីមួយចំនួនមានបទពិសោធន៍វិជ្ជមាន វាអាចមានប្រយោជន៍សម្រាប់ស្ត្រីផ្សេងទៀតដើម្បីរៀនសូត្រអំពីវា។ ការស្តាប់ឮពីស្ត្រីដែលមានការពេញចិត្តនឹងមធ្យោបាយដែលពួកគេប្រើ អាចជួយកម្ចាត់ជំនឿ និងការភ័យខ្លាចអំពីការពន្យារកំណើត។ រឿងនេះអាចលើកទឹកចិត្តដល់ស្ត្រីដទៃទៀត ដើម្បីរៀនសូត្របន្ថែមទៀត និងពិចារណាថា បើសិនផែនការគ្រួសារសក្តិសមនឹងស្ថានភាពរបស់ខ្លួនផ្ទាល់។
រៀនសូត្រអំពីការលំបាកដែលស្ត្រីនិងយុវជនមាន ជាការចូលទៅរកព័ត៌មានផែនការគ្រួសារនិងមធ្យោបាយពន្យារ កំណើត។ អ្នកអាចចាប់ផ្តើមប្រមូលព័ត៌មានអំពីឧបសគ្គដោយសួរអំពីប្រភេទនៃមធ្យោបាយអ្វីខ្លះដែលមាន និងចំណាយអស់ប៉ុន្មាន។ តើមនុស្សទទួលបានព័ត៌មានអំពីផែនការគ្រួសារ និងសេវាផែនការគ្រួសារនៅកន្លែងណា?
ខាងក្រោមនេះគឺជាសំណួរមួយចំនួន ដែលអ្នកអាចប្រើប្រាស់ ដើម្បីរៀនពីបទពិសោធន៍របស់ស្ត្រី:
- តើការផ្តល់សេវាមធ្យោបាយពន្យារកំណើត មានភាពងាយស្រួលទៅរក និងងាយស្រួលប្រើប្រាស់ដែរឬទេ?
- តើវាមានការលំបាកសម្រាប់ស្ត្រីដែលរៀបការរួច ដើម្បីទទួលបានព័ត៌មាន និងការផ្គត់ផ្គង់សម្រាប់ការពន្យារកំណើតដែរឬទេ? ហេតុអ្វី?
- តើវាមានការលំបាកសម្រាប់យុវជន ឬស្ត្រីមិនទាន់រៀបការ ដើម្បីទទួលបានព័ត៌មាន និងការផ្គត់ផ្គង់សម្រាប់ការពន្យារកំណើតដែរឬទេ? ហេតុអ្វី?
- តើបុរសភាគច្រើនមានអារម្មណ៍យ៉ាងណាចំពោះផែនការគ្រួសារ? ពួកគេមានឆន្ទៈក្នុងការប្រើការពន្យារកំណើតដែរឬទេ? ប្រសិនបើមិនដូច្នេះ ហេតុអ្វី?
- តើរដ្ឋាភិបាលលើកកម្ពស់ ឬបង្អាក់ផែនការគ្រួសារយ៉ាងដូចម្តេច? ចូរមានភាពប្រាកដក្នុងការនិយាយជាមួយមនុស្សច្រើនប្រភេទ នៅពេលដែលទទួលព័តមាននេះ
ពិភាក្សាអំពីឧបសគ្គចំពោះផែនការគ្រួសារ
បន្ទាប់ពីការរៀនពីបទពិសោធន៍របស់ស្ត្រី វានឹងប្រហែលជាច្បាស់ណាស់ថា មានមូលហេតុជាច្រើន ដែលស្ត្រីមិនអាច ឬមិនប្រើប្រាស់ផែនការគ្រួសារ!
សកម្មភាពដើមឈើបញ្ហា គឺជាវិធីល្អមួយដើម្បីជួយក្រុមពិភាក្សាអំពីឧបសគ្គចំពោះផែនការគ្រួសារ និងមើលឫសគល់មូលហេតុ ដែលរារាំងច្រកចូលពេញលេញទៅរកការពន្យារកំណើត។ ការស្រាយបំភ្លឺឫសគល់មូលហេតុនេះនិងការមើលឃើញពីរបៀបដែលពួកវាត្រូវទាក់ទងគ្នា នឹងធ្វើឲ្យវាកាន់តែងាយស្រួល ដើម្បីកំណត់បញ្ហាដែលមានសារៈសំខាន់បំផុតក្នុងការដោះស្រាយនិងសកម្មភាពល្អបំផុតដែលត្រូវអនុវត្ត។
សកម្មភាព
ដើមឈើបញ្ហាដែលពិភាក្សាអំពីឧបសគ្គចំពោះផែនការគ្រួសារ
ការរៀបចំ :
គូរដើមឈើនៅលើក្រដាសធំមួយ ក្រណាត់ ក្តារខៀន ឬដី។ ចូរទុកឲ្យមែកនិងឫសមានលក្ខណៈសាមញ្ញនិងនៅទទេ។ រៀបចំក្រដាសមួយចំនួន (កន្លះសន្លឹកគឺជាទំហំល្អ) ដើម្បីសរសេរគំនិតអំពីមូលហេតុ ឬឧបសគ្គ និងផលវិបាកនៃកង្វះផែនការគ្រួសារ។ មនុស្សខ្លះប្រើក្រដាសស្អិត ដោយសារតែវាមានភាពងាយស្រួលក្នុងការផ្លាស់ទីចុះឡើង។
ចូរសរសេរពីបញ្ហាសុខភាព ក្នុងករណីនេះ "គ្មានក្រុមគ្រួសារការរៀបចំផែនការ " នៅលើដើម។
- ចូរណែនាំអំពីដើមឈើនេះ និងគំនិតនៃមូលហេតុឫសគល់។ ប្រសិនបើក្រុម គឺពុំសូវស្គាល់គំនិតនៃមូលហេតុឫសគល់ អ្នកអាចប្រើឧទាហរណ៍នៃស្មៅ និងសារៈសំខាន់នៃបោចស្មៅដល់ឫស ដើម្បីជម្រះសួនច្បារមួយ។
- ចូរពិភាក្សាអំពីមូលហេតុឫសគល់។ ចូរឲ្យក្រុមនិយាយអំពីមូលហេតុ ឬឧបសគ្គខុសៗគ្នា ដែលពួកគេបានរកឃើញ ហេតុអ្វីបានជាស្ត្រីមិនអាចប្រើប្រាស់ការពន្យារកំណើត ដើម្បីបងា្ករការមានផ្ទៃពោះដោយមិនសមតាមប្រាថ្នា។ (ប្រសិនបើក្រុមនេះមានការលំបាកជាមួយរឿងនេះ អ្នកក៏អាចរៀបចំរឿងមួយ ដែលបង្ហាញពីមូលហេតុ ឬឧបសគ្គមួយចំនួន ក្នុងការចូលទៅរកផែនការគ្រួសារក្នុងសហគមន៍របស់អ្នកផ្ទាល់ និងចូរឲ្យក្រុមឆ្លុះបញ្ចាំងពី រឿងនេះ)។ ចូរសរសេរគំនិតរបស់មនុស្សអំពីមូលហេតុ ឬឧបសគ្គនៅលើក្រដាសដែលអ្នកអាចបិទនៅលើឬនៅជុំវិញឫសជាមួយនឹងស្កុត ឬកន្លែងនៅលើដីនៅជិតឫស។ ចូរផ្តល់ឲ្យមនុស្សគ្រប់រូបមានឱកាសដើម្បីដាក់ឈ្មោះអ្វីមួយដែលបណ្តាល ឬនាំឲ្យមានការខ្វះខាតនៃការចូលទៅរកផែនការគ្រួសារ។
- ចូរប្រមូលមូលហេតុឫសគល់។ ចូរអានឲ្យឮខ្លាំងនូវមូលហេតុ ឬឧបសគ្គខុសៗគ្នាដែលក្រុមបានគិតពី។ ចូរឲ្យក្រុមនិយាយអំពីគំនិត និងដាក់អ្វីដែលទាក់ទងគ្នាជាងគេ នៅជាមួយគ្នានៅលើឬសផ្សេងគ្នា។ ចូរសំឡឹងមើល ក្រុមនៃឧបសគ្គ ដែលអ្នកអាចជួយក្រុមឲ្យមើលឃើញប្រភេទផ្សេងគ្នានៃមូលហេតុឬសគល់។ ចូរដាក់ស្លាកឫស ដោយឈ្មោះនៃប្រភេទទាំងនេះ។
វិធីមួយទៀតដើម្បីធ្វើការនេះ គឺត្រូវដាក់ស្លាកឬសទុកជាមុន។ ខណៈមនុស្សដាក់ឈ្មោះឧបសគ្គផ្សេងគ្នាចំពោះផែនការគ្រួសារ ចូរដាក់ពួកវានៅក្បែរឫស ដែលពួកវាទាក់ទងគ្នាបំផុត។ (សម្រាប់ប្រភេទនៃមូលហេតុឫសគល់ ដែលអ្នកអាចប្រើបាន សូមមើល មូលហេតុឫសគល់នៃកង្វះលទ្ធភាពទទួលបានសេវាផែនការគ្រួសារ)។ - ចូរមើលផលវិបាក។ អ្នកអាចបន្តសកម្មភាព និងឲ្យក្រុមដាក់ឈ្មោះផលវិបាកផ្សេងៗគ្នានៃកង្វះការចូលទៅរកផែនការគ្រួសារសម្រាប់ស្ត្រី គ្រួសាររបស់ពួកគេ និងសហគមន៍។ ទាំងនេះអាចត្រូវបានសរសេរ ជាស្លឹក រួចដាក់នៅលើមែកធាងនៃដើមឈើ។ អ្នកអាចឲ្យពួកគេរៀបចំមែក ដោយដាក់គំនិតដែលទាក់ទងនៅរួមគ្នា។
មូលហេតុឫសគល់នៃកង្វះលទ្ធភាពទទួលបានសេវាផែនការគ្រួសារ
ការដាក់ឧបសគ្គ ឬហេតុផលផ្សេងៗគ្នាជាមួយគ្នា ទៅតាមប្រភេទ (ដោយប្រើដើមឈើបញ្ហា ឬសកម្មភាពមួយចំនួនផ្សេងទៀត) អាចជួយក្រុមចាប់ផ្តើមគិតអំពីវិធីដើម្បីកែលម្អផ្លូវទៅរកផែនការគ្រួសារ។
ឧបសគ្គនយោបាយ : ប្រសិនបើរដ្ឋាភិបាលមិនបានលើកទឹកចិត្តផែនការគ្រួសារ ការផ្តល់សេវាជាធម្មតាត្រូវបានកំណត់និងមានមធ្យោបាយតិចតួច។ មេដឹកនាំសហគមន៍ដែលមិនពេញចិត្ដនឹងផែនការគ្រួសារ អាចធ្វើឲ្យលទ្ធភាពទទួលបាន មាន ភាពលំបាក។
ឧបសគ្គសេដ្ឋកិច្ច : មធ្យោបាយពន្យាកំណើតអាចនឹងចំណាយអស់ច្រើនហួសពីលទ្ធភាពរបស់ស្ត្រី។ ស្ត្រីក៏អាចត្រូវបានបំបាក់ទឹកចិត្តពីការប្រើប្រាស់ផែនការគ្រួសារ ប្រសិនបើសហគមន៍ចាត់ទុកថាកុមារ - ជាពិសេសក្មេងប្រុស -មានតម្លៃ សេដ្ឋកិច្ចសម្រាប់ក្រុមគ្រួសារ។
ឧបសគ្គសង្គម : តួនាទីយេនឌ័រតឹងរ៉ឹងមានន័យថា ស្ត្រីមិនអាចធ្វើការសម្រេចអំពីសុខភាពរផ្ទាល់ខ្លួនបានទេ ហើយបុរសអាចមានជំនឿថា ការប្រើប្រាស់ការពន្យាកំណើតធ្វើឲ្យពួកគេមិនសមជាបុរស។ យុវជនប្រហែលមិនអាចនិយាយជាមួយ ឪពុកម្តាយ គ្រូបង្រៀន និងបុគ្គលិកសុខាភិបាល ហេតុដូច្នេះហើយគឺមិនទទួលបានព័ត៌មានអំពីផ្លូវភេទ សុខភាពផ្លូវភេទនិងការបង្ការការមានផ្ទៃពោះ។
ឧបសគ្គវប្បធម៌ ឬសាសនា : ការប្រឆាំងយ៉ាងខ្លាំងដោយក្រុមសាសនា អាចធ្វើឲ្យវាមានការលំបាកសម្រាប់មនុស្សដើម្បីទទួលបានព័ត៌មានដែលអាចទុកចិត្តបាន និងការពន្យារកំណើត។ បុគ្គលិកសុខាភិបាលអាចមិនយល់ ឬមិនគោរពវប្បធម៌និងប្រពៃណី-ទំនៀមទំលាប់សហគមន៍អំពីផែនការគ្រួសារ។
ឧបសគ្គបរិស្ថាន : ប្រសិនបើសេវាសុខភាពនៅឆ្ងាយ ឬពិបាកក្នុងការឈានទៅដល់ ស្ត្រីប្រហែលជាមិនមានផ្លូវជាទៀងទាត់ ឬអាចទុកចិត្តទៅរកមធ្យោបាយផែនការគ្រួសារ។ នៅក្នុងសហគមន៍ដែលអត្រាស្លាប់របស់ទារកខ្ពស់ ស្ត្រីអាចមានអារម្មណ៍ថា ពួកគេត្រូវការមានកូនច្រើនក្នុងក្តីសង្ឃឹមថា យ៉ាងហោចណាស់ទារកមួយចំនួននឹងរស់រានមានជីវិត។
ឧបសគ្គផ្លូវចិត្ត : ស្ត្រីអាចខ្វះភាពជឿជាក់លើខ្លួនឯង ឬអារម្មណ៍នៃការគ្រប់គ្រងលើការសម្រេចចិត្តដែលប៉ះពាល់ដល់ជីវិតរបស់ពួកគេ។ ស្ត្រីអាចមិនជឿទុកចិត្តបុគ្គលិកសុខាភិបាលក្នុងការព្យាបាលពួកគេបានល្អ និងគោរពភាពឯកជនរបស់ពួកគេ។
ឧបសគ្គខាងរាងកាយ ឬជីវសាស្ត្រ : ស្ត្រីដែលមានបញ្ហាសុខភាព ឧទាហរណ៍សម្ពាធឈាមខ្ពស់ (លើសឈាម) ប្រហែលមិនអាចមានលទ្ធភាពទទួលបានមធ្យោបាយដែលល្អបំផុតសម្រាប់ពួកគេឡើយ។
កំណត់ដំណោះស្រាយដើម្បីកែលម្អលទ្ធភាពទទួលបាន
ដោយបានមើលលើមូលហេតុឫសគល់ ក្រុមមួយអាចមានដំណោះស្រាយ ឬសកម្មភាពដែលអាចកែលម្អលទ្ធភាពទទួលបានសេវាពន្យារកំណើតសម្រាប់ស្ត្រីទាំងអស់។ ដើម្បីជ្រើសរើសសកម្មភាព ដែលត្រូវផ្តោតលើការរៀបចំ វាអាចជួយក្នុងការគិតអំពី សកម្មភាពដែលអាចត្រូវបានអនុវត្ត ក្នុងក្របខណ្ឌស្ត្រីផ្ទាល់ ក្រុមគ្រួសាររបស់ពួកគេ និងសហគមន៍ទាំងមូល។
សកម្មភាព
ដុំអំបោះសម្រាប់រិះរកដំណោះស្រាយ
ដើម្បីណែនាំពីសកម្មភាពនេះ ចូរប្រាប់ក្រុមឲ្យមើលសកម្មភាព “ដើមឈើបញ្ហា” ដើម្បីស្វែងរកឧបសគ្គឬមូលហេតុដែលស្ត្រីមិនប្រើប្រាស់ផែនការគ្រួសារ រួមទាំងមូលហេតុឫសគល់របស់វា។ ពន្យល់ថាសកម្មភាពនេះនឹងជួយក្នុងការរិះរកនូវដំណោះស្រាយនានាដែលអាចធ្វើឡើងក្នុងកម្រិតបុគ្គល ក្រុមគ្រួសារ និងកម្រិតសហគមន៍ (ដោយយោងទៅលើមែកធាងនៃដើមឈើបញ្ហា)។ សម្រាប់សកម្មភាពនេះ ដំបូងអ្នកចាំបាច់យកស្លឹកឈើ “ឧបសគ្គ” ចេញពីដើមឈើ ដើម្បីដាក់ស្លឹក “ដំណោះស្រាយ” ជំនួស។
- ប្រាប់ឲ្យក្រុមឈរជារង្វង់។ អ្នកសម្របសម្រួលគួរឈរនៅក្រៅរង្វង់។ ដើម្បីចាប់ផ្តើម ចូរឲ្យនរណាម្នាក់កាន់ចុងនៃសរសៃអំបោះ ហើយឲ្យគាត់ប្រាប់ពីឧបសគ្គមួយនៃផែនការគ្រួសារ។ បន្ទាប់មក សួរនរណាម្នាក់ទៀតឲ្យគិតអំពីដំណោះស្រាយនៃឧបសគ្គមួយនោះ។
- មនុស្សទីមួយ កាន់ចុងនៃសរសៃអំបោះឲ្យជាប់ រួចហុចដុំអំបោះទៅឲ្យមនុស្សម្នាក់ទៀតដែលមានដំណោះស្រាយ។ ឲ្យម្នាក់នោះរៀបរាប់ពីដំណោះស្រាយដែលគាត់គិតឃើញ ហើយប្រាប់ថាតើវាអាចធ្វើឡើងក្នុងកម្រិតបុគ្គល កម្រិតគ្រួសារ ឬកម្រិតសហគមន៍។ សួរអ្នកដទៃទៀតថាតើមានដំណោះស្រាយដែលអាចធ្វើឡើងក្នុងកម្រិតផ្សេង(បុគ្គល គ្រួសារ សហគមន៍) ដែរឬទេ។ មនុស្សទី២ កាន់ខ្សែអំបោះឲ្យជាប់ រួចហុចដុំអំបោះឲ្យអ្នកបន្ទាប់ដែលនឹងត្រូវចែករំលែកគំនិតយោបល់។
- នៅពេលអ្នកចូលរួមរៀបរាប់ពីដំណោះស្រាយ ចូរសរសេរវានៅលើក្រដាស (ដែលអ្នកអាចកាត់វាជារាងស្លឹកឈើ ប្រសិនបើចង់)។ បិតវាទៅលើដើមឈើ ត្រង់មែកដែលតំណាងឲ្យសកម្មភាពកម្រិតបុគ្គលក គ្រួសារ ឬសហគមន៍។
- សួរអ្នកដទៃទៀតឲ្យកំណត់រកឧបសគ្គនៃផែនការគ្រួសារ។ បន្ទាប់មកសួរអ្នកដទៃ ឲ្យផ្តល់ដំណោះស្រាយទៅនឹងឧបសគ្គថ្មីនោះ។ បន្តសកម្មភាពនេះរហូតទាល់តែក្រុមបានបង្កើតជាសំណាញ់នៃសរសៃអំបោះ ហើយមនុស្សគ្រប់គ្នាបានផ្តល់ឧបសគ្គឬដំណោះស្រាយយ៉ាងតិចមួយ។
- ដើម្បីបញ្ចប់ ចូរធ្វើការឆ្លុះបញ្ចាំងជាមួយក្រុមអំពីសកម្មភាពនានាដែលអាចធ្វើឡើងនៅគ្រប់កម្រិតទាំង៣ និងអំពីអត្ថន័យនៃសំណាញ់ដែលពួកគេទើបបានបង្កើត។ ដាក់សំណាញ់ចុះលើដី រួចជុំគ្នានៅពីក្បែរដំណោះស្រាយ(ស្លឹកឈើ)លើដើមឈើ។ បន្ទាប់មក អ្នកអាចប្រើប្រាស់សកម្មភាព “ការបោះឆ្នោតដោយប្រើដុំស្កុត" ដើម្បីជ្រើសរើសថាតើគួរធ្វើការទៅលើសកម្មភាពណាមុន, បន្ទាប់មក អនុវត្តសកម្មភាព "ធ្វើផែនការសកម្មភាព"។