Hesperian Health Guides

គំហើញចុះខ្សោយ និងវ៉ែនតា

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

កុមារនិងមនុស្សធំជាច្រើន មើលមិនច្បាស់ទេ។ មនុស្សម្នាក់អាចនឹងមើលអ្វីៗ ឬអានស្លាកសញ្ញានៅឆ្ងាយៗមិនច្បាស់ ឬត្រូវព្រិចភ្នែកព្រឹមៗដើម្បីមើលអ្វីដែលនៅជិត។ ពួកគេអាចមានការឈឺក្បាល ឬព្រឹលភ្នែកបន្ទាប់ពីអានសៀវភៅ ហើយក្រោយមកទើបដឹងខ្លួនត្រូវការពាក់វ៉ែនតា។ នៅពេលវ៉ែនតាត្រូវនឹងភ្នែក អ្នកអាចមើលឃើញច្បាស់។ ចូររកមើលកម្មវិធីនៅក្បែរផ្ទះដែលផ្តល់ការធ្វើតេស្ត៍គំហើញ និងផ្តល់វ៉ែនតាតម្លៃទាបឬមិនគិតថ្លៃ។

NWTND eye Page 27-2.png

ការប្រែប្រួលគំហើញរបស់មនុស្សម្នាក់ គឺជារឿងធម្មតាទេ។ អ្នកប្រហែលជាត្រូវផ្លាស់ប្តូរវ៉ែនតារៀងរាល់ពីរបីឆ្នាំម្តង។

 ស្ត្រីម្នាក់មានកូនពាក់វ៉ែនតា កំពុងនិយាយជាមួយស្ត្រីម្នាក់ទៀត
ដំបូងខ្ញុំមិនចង់ឲ្យសារីតាពាក់វ៉ែនតាយូរពេកទេ ព្រោះខ្ញុំខ្លាចវាបាក់បែក ប៉ុន្តែឥឡូវទើបខ្ញុំដឹងថាគាត់ត្រូវតែពាក់វាពេញមួយថ្ងៃដើម្បីមើលឃើញច្បាស់។

ការធ្វើតេស្ត៍គំហើញឆ្ងាយ

 កុមារម្នាក់កំពុងធ្វើតេស្ត៍ភ្នែកលើអក្សរដែលព្យួរនៅលើដើមឈើ

ចូរពិនិត្យគំហើញដោយប្រើតារាងអក្សរ ‘E’ (ចុចទីនេះដើម្បីទាញយក តារាងអក្សរ ‘E’ ដែលមានគុណភាពច្បាស់អាចបោះពុម្ពបាន)។ ធ្វើតេស្ត៍ភ្នែកម្ខាងៗដោយឡែកពីគ្នា ដោយឲ្យគាត់គ្របភ្នែកម្ខាងទៀតដោយដៃឬក្រដាសក្រាស់។ ឲ្យគាត់សំឡឹងមើលអក្សរគ្រប់ជួរ ហើយលើកដៃដែលទំនេរ ឬផ្ទាំងក្រដាសអក្សរ ‘E’ បង្ហាញឡើងថាតើអក្សរ ‘E’ បះឡើងលើ ចុះក្រោម ទៅឆ្វេង ឬទៅស្តាំ។ ជួរអក្សរតូចបំផុតដែលគាត់អាចមើលឃើញច្បាស់ គឺជារង្វាស់នៃគំហើញរបស់គាត់។ ឧទាហរណ៍ បើគាត់អាចអានដាច់ស្ទើរតែទាំងអស់នៃជួរដែលមានលេខសម្គាល់ ៦/១២ ប៉ុន្តែអានបានតិចជាងពាក់កណ្តាលចំពោះជួរតូចៗបន្ទាប់មកទៀត នោះយើងនិយាយថាគាត់មានគំហើញ ៦/១២។



របៀបប្រើដៃដើម្បីបង្ហាញពីទិសនៃអក្សរ E នៅក្នុងតារាងតេស្ត៍ភ្នែក
ប្រើដៃរបស់អ្នកចង្អុលទៅតាមទិសនៃដៃទាំង៣នៃអក្សរ ‘E’
NWTND eye Page 28-2.png
ព្រីនតារាងអក្សរ ‘E’ លើក្រដាសខ្នាត Letter សម្រាប់ប្រើក្នុងការធ្វើតេស្ត៍ភ្នែករបស់ដែលឈរនៅចម្ងាយ ៣ម៉ែត្រពីតារាង

ចំពោះមនុស្សពេញវ័យ បើគំហើញពីចម្ងាយ មានលក្ខណៈអន់ថយ (ពួកគេមើលអក្សរមិនច្បាស់នៅកម្រិត ៦/១៨ ឬតូចជាងនេះ) ចូរបញ្ជូនគាត់ទៅជួបជាមួយគ្រូពេទ្យភ្នែក។ ចំពោះកុមារកំពុងរៀន ចូរពិនិត្យមើលឲ្យច្បាស់ថាពួកគេអាចមើលអក្សរច្បាស់នៅកម្រិត ៦/១២។ ជួនកាលកុមារម្នាក់រៀនមិនបានល្អដោយសារគាត់មើលអក្សរមិនច្បាស់ពីចម្ងាយ។ វ៉ែនតាអាចជួយឲ្យគាត់រៀនបានប្រសើរឡើង។

តារាងអក្សរ ‘E’ ត្រូវបានបង្កើតក្នុងទំហំផ្សេងៗសម្រាប់ប្រើប្រាស់នៅចម្ងាយ ៦ម៉ែត្រ ៣ម៉ែត្រ ឬចម្ងាយផ្សេងទៀត។ ក៏មានជាកម្មវិធីទូរស័ព្ទផងដែរដែលបង្ហាញអក្សរ ‘E’ ក្នុងទំហំផ្សេងៗ ដើម្បីធ្វើតេស្ត៍ភ្នែកដោយមិនប្រើក្រដាសតារាង។ ដើម្បីឲ្យការធ្វើតេស្ត៍មានសុក្រិតភាព ចូរធ្វើតាមដោយប្រុងប្រយ័ត្ននូវសេចក្តីណែនាំរបស់តារាងឬទូរស័ព្ទ។ ចូរវាស់ចម្ងាយដែលត្រូវឈរឲ្យបានត្រឹមត្រូវ។


វ៉ែនតាពង្រីក

 older woman using glasses to do handcrafts

មនុស្សដែលមានអាយុលើ ៤០ឆ្នាំ អាចពិបាកមើលឃើញច្បាស់នៅពេលធ្វើការងារដែលសំឡឹងជិតៗ ដូចជាអានសៀវភៅ រៀបចំគ្រាប់ធញ្ញជាតិ ឬដេរម្ជុល។ វ៉ែនតាពង្រីក ធ្វើឲ្យរបស់ជិតៗមើលឃើញធំៗ។ វាមានកម្លាំងពង្រីកច្រើនយ៉ាង។ កញ្ចក់វ៉ែនតាដែលមានអក្សរ +1 ធ្វើឲ្យវត្ថុនៅជិតៗ មើលឃើញធំជាងបន្តិច, +2 កាន់តែមើលឃើញធំឡើង, ហើយ +3 ធំបំផុត។ ធ្វើតេស្ត៍វ៉ែនតាពង្រីកនីមួយៗ ដោយសាកល្បងអានសៀវភៅឬដេរម្ជុលនៅចម្ងាយមួយសមរម្យមួយ។ បើនរណាម្នាក់មានបញ្ហាក្នុងការមើលវត្ថុជិតផង និងមើលឆ្ងាយមិនច្បាស់ផង នោះវ៉ែនតាពង្រីកមិនអាចដោះស្រាយបញ្ហានេះទេ។

ជួយនាំគាត់ទៅគ្លីនិកភ្នែកដើម្បីស្វែងរកមូលហេតុដែលកំពុងប៉ះពាល់គំហើញរបស់គាត់។

កញ្ចក់ភ្នែកជ័រ (Contact lenses) និងការវះកាត់កែតម្រូវគំហើញ

កញ្ចក់ភ្នែកជ័រ (Contact lenses) ជាកញ្ចក់ភ្នែកតូចធ្វើពីជ័រ ដែលស្ថិតនៅផ្ទាល់ពីលើភ្នែក ដើម្បីកែតម្រូវគំហើញ ដូចជាវ៉ែនតាដែរ។ ក្រោយពេលធ្វើតេស្ត៍គំហើញរួច អ្នកជំនាញភ្នែកអាចជួយអ្នកឲ្យរកកញ្ចក់ភ្នែកជ័រដែលត្រូវនឹងភ្នែករបស់អ្នក។ មិនត្រូវប្រើកញ្ចក់ភ្នែកជ័រដែលធ្វើសម្រាប់អ្នកដទៃទេ។ មិនត្រូវពាក់កញ្ចក់ភ្នែកជ័រនៅពេលដេកទេ លុះត្រាតែវាជារបស់សម្រាប់ប្រើពេលយប់។ កញ្ចក់ភ្នែកជ័រមានច្រើនប្រភេទខុសៗគ្នា ហើយប្រភេទនីមួយៗត្រូវការទឹករបស់វាសម្រាប់រម្ងាប់មេរោគ រក្សាទុក និងលាងជម្រះ។ មិនត្រូវប្រើទឹកលាងកញ្ចក់ភ្នែកជ័រ ដែលធ្វើដោយខ្លួនឯងនៅផ្ទះនោះទេ។ ទោះបីជាកញ្ចក់ភ្នែកជ័រ មានភាពងាយស្រួលពិតមែន ប៉ុន្តែវាអាចបង្កបញ្ហាធ្ងន់ធ្ងរប្រសិនបើមិនថែទាំនិងប្រើប្រាស់ត្រឹមត្រូវទេ។ ដើម្បីបង្ការការបង្ករោគ ត្រូវលាងសម្អាតដៃរបស់អ្នកជានិច្ចមុននឹងប៉ះកញ្ចក់ភ្នែកជ័រ។ ប្រសិនបើអ្នករមាស់ភ្នែកតិចតួច ឬមានការបង្ករោគក្នុងភ្នែក ចូរឈប់ប្រើវា រហូតទាល់តែភ្នែកប្រសើរឡើងវិញ។ សម្អាតនិងរម្ងាប់មេរោគសិន មុននឹងពាក់វាម្តងទៀត។ ប្រសិនបើកញ្ចក់ភ្នែកជ័រខូចរិចរិលនៅតាមគែម មិនត្រូវប្រើវាទេ។ បើអ្នកមានការឈឺចាប់ រលាក ហូរទឹករងៃ ឡើងក្រហមខុសធម្មតា ឬស្រវ៉ាំងភ្នែក នេះអាចជាសញ្ញាគ្រោះថ្នាក់នៃការដាច់រលាត់ ឬ ដំបៅនៅលើគ័រនេ ឬបញ្ហាធ្ងន់ធ្ងរអ្វីមួយ។ ចូរស្វែងរកជំនួយពីបុគ្គលិកសុខាភិបាលជំនាញ។

សម្រាប់មនុស្សមួយចំនួន គំហើញអន់ខ្សោយអាចជួសជុលបានដោយការវ៉ះកាត់ប្រើកាំរស្មីឡាហ្សែ។ វាជាការវះកាត់ម្យ៉ាងដើម្បីព្យាបាលជំងឺភ្នែកឡើងបាយ ហើយប្រហែលជាត្រូវចំណាយខ្ពស់។ មុននឹងចំណាយប្រាក់ ជាការប្រសើរគួរជជែកជាមួយអ្នកដទៃដែលទទួលការវះកាត់ភ្នែកហើយមានលទ្ធផលល្អ។

ជនពិការភ្នែកឬមានគំហើញអន់ខ្សោយដែលមិនអាចកែលម្អបាន

ជួនកាល កុមារពិការភ្នែកពីកំណើត ឬគំហើញអន់ខ្សោយរបស់មនុស្សម្នាក់ មិនអាចកែលម្អបានដោយវ៉ែនតា ការវ៉ះកាត់ ឬថ្នាំពេទ្យនោះទេ។

គាត់ទាំងនោះត្រូវរៀនរស់នៅជាមួយភាពពិការភ្នែកនិងគំហើញអន់ខ្សោយ។ ដោយមានការគាំទ្រពីក្រុមគ្រួសារនិងសហគមន៍ ជនពិការភ្នែកអាចចូលរៀនបាន រកប្រាក់ចិញ្ចឹម និងមានគ្រួសារផ្ទាល់ខ្លួន។

 កុមារីដើរខាងក្រៅផ្ទះតាមរបងដែលធ្វើពីខ្សែចងនឹងបង្គោល
 ស្លាកមុខផ្ទះដែលសរសេរថា សូមប្រយ័ត្ន មានក្មេងពិការភ្នែក

ដើម្បីជួយសម្រាលនិងផ្តល់សុវត្ថិភាពដល់ជនពិការភ្នែកឬមានគំហើញអន់ខ្សោយ៖

  • ប្រាប់ថាអ្នកជានរណានៅពេលនិយាយជាមួយគាត់, និយាយចំៗជាមួយគាត់, ហើយឲ្យគាត់ដឹងនៅពេលដែលអ្នកដើរចេញពីគាត់។
  • ឲ្យគាត់ថ្ពក់កែងដៃជាមួយអ្នកនៅពេលដើរជាមួយគ្នា។ អ្នកអាចផ្តល់សញ្ញាឲ្យគាត់ដឹង និងទាញគាត់ចេញពីគ្រោះថ្នាក់ណាមួយ។ ធ្វើបែបនេះបង្ហាញការគោរពល្អជាងការចាប់ទាញដៃឬខ្លួនរបស់គាត់។
  • ធ្វើបង្កាន់ដៃឬខ្សែរបងទៅកាន់បង្គន់ ឬកន្លែងផ្សេងៗដែលគាត់ទៅមកជារៀងរាល់ថ្ងៃ។
  • នៅផ្ទះ សាលារៀន ឬកន្លែងធ្វើការ ចូរកុំរំកិលគ្រឿងសង្ហារឹម ឬវត្ថុផ្សេងៗខុសពីកន្លែងដើម។ ប្រាប់ឲ្យគាត់ដឹងច្បាស់បើចាំបាច់ត្រូវរំកិលអ្វីមួយ។
  • បើកបរដោយប្រុងប្រយ័ត្ននៅក្នុងតំបន់ដែលមានជនពិការភ្នែករស់នៅ។ ការពាក់កណ្តឹងឲ្យគោឬសត្វផ្សេងៗ អាចផ្តល់សញ្ញាព្រមានឲ្យជនពិការភ្នែកបានដឹង។


កុមារដែលមានពិការភាព រួមទាំងភាពពិការភ្នែកជាដើម អាចប្រឈមខ្ពស់នឹងការបំពានផ្សេងៗ ដូចជាការបំពានផ្លូវភេទ ជាងកុមារដែលអាចមើលឃើញ។ ពួកគេត្រូវការការពារពីក្រុមគ្រួសារនិងសហគមន៍ដើម្បីរក្សាសុវត្ថិភាពដល់ពួកគេ ជាពិសេសនៅវ័យក្មេង។ សូមមើលសៀវភៅរបស់អង្គការ Hesperian ចំណងជើង [hesperian.org/books-and-resources/resources-in-khmer សៀវភៅការជួយកុមារពិការភែ្នក] ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលកុមារតូចដែលមានបញ្ហាគំហើញ អាចរៀនថែទាំខ្លួនឯង ទៅសាលារៀន និងរស់នៅយ៉ាងត្រឹមត្រូវ។ ជាការសំខាន់ណាស់គឺត្រូវជួយកុមារឲ្យដើរទៅនេះទៅនោះ ស្វែងយល់ពីពិភពលោកនៅជុំវិញខ្លួន និងរៀនពីជំនាញផ្សេងៗដែលចាំបាច់សម្រាប់ពួកគេ។ សូមមើល សៀវភៅណែនាំអំពីសុខភាពសម្រាប់ស្រ្តីដែលមានពិការភាព ដើម្បីស្វែងយល់ពីគំនិតផ្សេងៗដែលបុគ្គលិកសុខាភិបាល ក្រុមគ្រួសារ និងសហគមន៍ អាចជួយគាំទ្រដល់មនុស្សគ្រប់គ្នាដែលមានពិការភាព ឲ្យទទួលបានជីវិតនិងសុខភាពល្អប្រសើរ។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៧ សីហា ២០១៨