Hesperian Health Guides

ភ្នែកក្រហម និងភ្នែកឈឺ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

 ស្ត្រីម្នាក់មានភ្នែកហើម.លឹប

បញ្ហាផ្សេងៗជាច្រើនអាចបណ្តាលឲ្យភ្នែកឡើងក្រហមនិងឈឺចាប់។ នៅពេលអ្នកស្វែងរកបញ្ហានិងដំណោះស្រាយនានា ចូរសួរអ្នកជំងឺថាតើបានរងរបួសលើភ្នែកដែរឬទេ ឬមានអារម្មណ៍ថាមានអ្វីចូលក្នុងភ្នែកឬទេ។

ប្រភេទនៃការឡើងក្រហម និងភាពឈឺចាប់ មូលហេតុដែលអាច
ជាធម្មតាកើតលើភ្នែកទាំងពីរ ប៉ុន្តែអាចចាប់ផ្តើមលើភ្នែកម្ខាង
ឈឺក្រហាយកម្រិតស្រាល
ជាធម្មតាឡើងក្រហមនៅគែមខាងក្រៅ
បើមានហូរសារធាតុរាវខាប់ពណ៌សឬលឿងផងដែរ នោះអាចជាការបង្ករោគដោយបាក់តេរី ហៅថា ជំងឺរលាកភ្នាសភ្នែក
ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ
ជំងឺកញ្ជ្រឹល
ភ្នែកតែម្ខាងឬទាំងពីរ
ការឡើងក្រហមនិងឈឺចាប់ អាចមានសភាពធ្ងន់ធ្ងរ
របួសលើភ្នែក ដោយសារវត្ថុមុតស្រួច ឬការវាយតប់
ការរលាកដោយសារធាតុគីមី ឬសារធាតុរាវគ្រោះថ្នាក់នៅក្នុងភ្នែក
ជាធម្មតានៅលើភ្នែកតែម្ខាង
ហូរឈាមនៅក្នុងភ្នែក ប៉ះពាល់ដល់ប្រស្រីភ្នែក (ផ្នែកពណ៌)
ហូរឈាមនៅក្នុងផ្នែកពណ៌នៃភ្នែក ជាញឹកញាប់ដោយសាររបួស

នេះជាស្ថានភាពអាសន្ន

ជាធម្មតានៅលើភ្នែកតែម្ខាង
ឡើងក្រហមនិងឈឺចាប់ ជាដំបូងមិនធ្ងន់ធ្ងរទេ ប៉ុន្តែអាចចុះដុនដាប
កម្ទេចដីនៅក្នុងភ្នែក
រលាត់នៅលើផ្ទៃនៃភ្នែក
ជាធម្មតានៅលើភ្នែកតែម្ខាង
ជាញឹកញាប់ឈឺចាប់ធ្ងន់ធ្ងរ

ឡើងក្រហមនៅក្បែរប្រស្រីភ្នែក

ដំបៅនៅលើគ័រនេ
ជំងឺរលាកប្រស្រីភ្នែក
ជំងឺដក់ទឹកក្នុងភ្នែកស្រួចស្រាល់
ទាំងនេះសុទ្ធតែជាស្ថានភាពអាសន្ន
ជាធម្មតានៅលើភ្នែកតែម្ខាង
ឡើងក្រហម និងហើម.លើត្របកភ្នែក (ឈឺចាប់ឬមិន)
ការបង្ករោគជុំវិញរោមភ្នែក ឬក្រោមត្របកភ្នែក
ជាធម្មតានៅលើភ្នែកតែម្ខាង
ស្នាម.ក្រហមភ្លឺនៅលើផ្នែកពណ៌សនៃភ្នែក
ប្រហែលជា ធ្លាយសរសៃឈាម.ល្អិតណាមួយ, មិនមែនជាស្ថានភាពអាសន្ន
ជាធម្មតានៅលើភ្នែកទាំងពីរ

មិនស្រណុកប៉ុន្តែមិនឈឺចាប់ទេ
ឡើងក្រហមនិងរមាស់, ហូរទឹកភ្នែកនិងកណ្តាស់, ធ្ងន់ធ្ងរនៅក្នុងរដូវជាក់លាក់ណាមួយ

ការរលាកច្រមុះដោយសារអាល់ឡែស៊ី, ម្យ៉ាងទៀតហៅថា ជំងឺរលាកភ្នាសភ្នែកដោយសារអាល់ឡែស៊ី
ជាធម្មតានៅលើភ្នែកទាំងពីរ
ឡើងក្រហម ប៉ុន្តែគ្មានហូរសារធាតុរាវ និងមិនឈឺចាប់ទេ
កន្ទួល ឬគ្រុនក្តៅ
ជំងឺរលាកភ្នាសភ្នែកបង្កដោយវីរុស។
បើតំបន់របស់អ្នកមានមេរោគហ្ស៊ីកា នោះភ្នែកក្រហមអាចជាសញ្ញាមួយ។


បើមានឡើងក្រហម ចូរពិនិត្យមើលថាតើហូរទឹកភ្នែក ឬហូរខ្ទុះឬសារធាតុរាវឬទេ៖

  • ការហូរខ្ទុះឬសារធាតុរាវខាប់ អាចជាជំងឺរលាកភ្នាសភ្នែក (“ភ្នែកពណ៌ផ្កាឈូក” ឬ “ភ្នែកក្រហម”) ដែលជាការបង្ករោគដោយបាក់តេរី ជាពិសេសបើភ្នែកឡើងក្រហមខ្លាំងផងនោះ។
  • ការហូរទឹកភ្នែក ជាមួយការឡើងក្រហមតិចៗ ហើយរមាស់នៅគល់ភ្នែកក្បែរច្រមុះ ជាធម្មតាជាអាល់ឡែស៊ី។
  • ការហូរទឹកភ្នែក ជាមួយការឡើងក្រហមតិចៗ បន្ទាប់ពីមានជំងឺផ្តាសាយ អាចបណ្តាលមកពីវីរុស។ បែបនេះមិនត្រូវការការព្យាបាលពិសេសទេ ហើយថ្នាំពេទ្យមិនអាចជួយបានទេ។
  • ការហូរទឹកភ្នែក ជាមួយការឡើងក្រហម និងគ្រុនក្តៅ ក្អក និងហូរសំបោរ អាចជាសញ្ញានៃជំងឺកញ្ជ្រឹល សូម្បីតែមិនទាន់ចេញកន្ទួលក៏ដោយ។

ជំងឺរលាកភ្នាសភ្នែក (‘ភ្នែកពណ៌ផ្កាឈូក’, ‘ភ្នែកក្រហម’)

ជំងឺរលាកភ្នាសភ្នែក អាចកើតឡើងលើមនុស្សគ្រប់វ័យទាំងអស់ ប៉ុន្តែជាញឹកញាប់វាកើតលើកុមារ។

សញ្ញា
 ភ្នែកឡើងក្រហម និងហូរខ្ទុះនៅចុងភ្នែក
  • ភ្នែកឡើងពណ៌ផ្កាឈូកឬក្រហម
  • ភ្នែកអាចនឹងរមាស់ឬក្រហាយ
  • ចាប់ផ្តើម.លើភ្នែកម្ខាង អាចនឹងឆ្លងទៅភ្នែកទាំងពីរ
  • ការហូរសារធាតុរាវខាប់នៅពេលយប់ អាចធ្វើឲ្យត្របកភ្នែកស្អិតជាប់គ្នា
ការព្យាបាល

ជំងឺរលាកភ្នាសភ្នែកភាគច្រើនបង្កឡើងដោយវីរុសហើយបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃដោយមិនចាំបាច់មានការព្យាបាលពិសេសទេ។

ប្រសិនបើសារធាតុរាវពណ៌លឿងឬពណ៌ក្រហម មានសភាពខាប់ នោះមូលហេតុនេះទំនងជាបណ្តាលមកពីបាក់តេរី ហើយដែលអាចព្យាបាលដោយប្រើ ថ្នាំទឹកឬថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក ។ បើទោះជាភ្នែកហាក់ដូចជាបានធូរស្រាលក៏ដោយ ត្រូវបន្តការព្យាបាលរយៈពេល ៧ថ្ងៃ ដើម្បីកុំឲ្យវាកើតឡើងវិញ។

មុនពេលអនុវត្តការព្យាបាលភ្នែកដោយថ្នាំអង់ទីប៊ីយោទិក សូមសម្អាតភ្នែកនីមួយៗថ្នមៗដោយក្រណាត់សើមផ្សេងពីគ្នា។ ប្តូរក្រណាត់និងលាងសម្អាតដៃរបស់អ្នកនៅចន្លោះការសម្អាតនិងព្យាបាលភ្នែកនីមួយៗដើម្បីជៀសវាងការឆ្លងរាលដាលពីភ្នែកម្ខាងទៅម្ខាងទៀត ឬឆ្លងទៅកាន់រូបអ្នក ឬអ្នកដទៃទៀត។

ការបង្ការ

ជំងឺរលាកភ្នាសភ្នែកឆ្លងរាលដាលយ៉ាងងាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចូរលាងសម្អាតជាញឹកញាប់ និងក្រោយពេលប៉ះពាល់ភ្នែករបស់អ្នកដទៃឬភ្នែករបស់អ្នក។ មិនត្រូវឲ្យកុមារដែលមានជំងឺរលាកភ្នាសភ្នែក ប្រើកន្សែងឬប្រដាប់ប្រដាគេង ជាមួយអ្នកដទៃទេ។ ត្រូវញែកកុមារចេញពីកុមារដទៃទៀតរហូតទាល់តែភ្នែករបស់គាត់បានប្រសើរឡើង។

ជំងឺរលាកភ្នាសភ្នែកលើទារកទើបកើត

ការបង្ករោគលើភ្នែកទារកទើបកើត ត្រូវការការព្យាបាលជាបន្ទាន់។

សញ្ញា
  • ភ្នែកឡើងក្រហមនិងហើម
  • ហូរខ្ទុះពីភ្នែក
  • ត្របកភ្នែកស្អិតជាប់គ្នា ជាពិសេសពេលក្រោកពីគេង
 ទារកដែលមានភ្នែកហើមនិងហូរសារធាតុរាវ

ទារកទើបកើតដែលមានត្របកភ្នែកក្រហម ហើម និងហូរខ្ទុះ អាចនឹងមានការបង្ករោគពីជំងឺប្រមេះទឹកបាយ ឬប្រមេះទឹកថ្លា ដែលឆ្លងក្នុងអំឡុងពេលសម្រាល។ បើភ្នែកហើមនៅពេលទារកអាយុចន្លោះពី ២ទៅ ៤ថ្ងៃ នោះវាទំនងជាជំងឺប្រមេះទឹកបាយ។ ត្រូវព្យាបាលជាបន្ទាន់ដើម្បីបង្ការគ្រោះថ្នាក់លើភ្នែកទារក។ បើវាហើមនៅពេលទារកអាយុចន្លោះពី ៥ទៅ ១២ថ្ងៃ នោះវាទំនងជាជំងឺប្រមេះទឹកថ្លា។ ជំងឺដែលឆ្លងក្នុងពេលរួមភេទទាំងនេះ ប៉ះពាល់ដល់បុរសនិងស្ត្រីជាច្រើន ប៉ុន្តែជាញឹកញាប់វាមិនផ្តល់រោគសញ្ញាអ្វីឡើយ។ ជាការល្អបំផុតគួរធ្វើតេស្តនិងព្យាបាលស្ត្រីមានផ្ទៃពោះគ្រប់រូបដែលមានជំងឺនេះ ដើម្បីបង្ការកុំឲ្យទារកឆ្លងនៅពេលកើត។

ដើម្បីការពារភ្នែកពីការខូចខាតជាអចិន្រ្តៃយ៍ និងពិការភាព ចូរប្រើ ថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក។ ធ្វើតេស្តទារកនិងម្តាយដើម្បីឲ្យដឹងថាតើពួកគេមានជំងឺអ្វីខ្លះ។ ពួកគេទាំងពីរនឹងត្រូវការការព្យាបាលបន្ថែមទៀតដោយថ្នាំអង់ទីប៊ីយោទិក គឺ មិនមែនត្រឹមតែ ថ្នាំដាក់ភ្នែក ទេ។

ការថែទាំភ្នែករបស់ទារកទើបកើត ដើម្បីបង្ការបញ្ហាផ្សេងៗ
នៅពេលកើតភ្លាម សូមសម្អាតភ្នែកទារកថ្នមៗដោយដុំសំឡីថ្មី។ បន្ទាប់មកដាក់ ថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក ក្នុងភ្នែកទារកទើបកើតដើម្បីបង្ការការបង្ករោគលើភ្នែក។ ប្រើថ្នាំក្រមួន tetracycline ១% ឬ erythromycin ០,៥% ទៅ ១%។ ដាក់ថ្នាំក្រមួនមួយសរសៃស្តើងនៅក្នុងភ្នែកនីមួយៗ តែមួយដងប៉ុណ្ណោះ។ ត្រូវដាក់ភ្លាមៗក្នុងអំឡុង ២ម៉ោងក្រោយពេលកើត ។

ប្រសិនបើទារកមានទឹកភ្នែកគ្រប់ពេល ជាពិសេសបើមានហូរទឹកភ្នែកសូម្បីតែពេលមិនយំ នោះប្រហែលជាបំពង់តូចៗដែលបង្ហូរទឹកភ្នែក ត្រូវបានស្ទះ។ ជារឿយៗ បញ្ហានេះនឹងបាត់ទៅវិញដោយខ្លួនវា ប៉ុន្តែបុគ្គលិកសុខាភិបាលអាចបង្ហាញអ្នកពីរបៀបម៉ាស្សាមុខរបស់ទារកថ្នមៗត្រង់ចំហៀងនៃច្រមុះ (ម៉ាស្សាថង់ទឹកភ្នែក) ដើម្បីជួយបើកបំពង់បង្ហូរទឹកភ្នែក។

ការរលាកច្រមុះដោយសារអាល់ឡែស៊ី (ជំងឺរលាកភ្នាសភ្នែកដោយសារអាល់ឡែស៊ី) និងអាល់ឡែស៊ីដែលរំខានដល់ភ្នែក

ធូលី លំអង ឬភាគល្អិតក្នុងខ្យល់ អាចបណ្តាលឲ្យកណ្តាស រួមជាមួយការឡើងក្រហម រមាស់ និងហូរទឹកភ្នែក។ នៅពេលដែលរាងកាយមនុស្សមានប្រតិកម្មដដែលៗទៅនឹងវត្ថុតែមួយគ្រប់ពេល នោះគេហៅថា អាល់ឡែស៊ី។ ប្រសិនបើវាកើតឡើងក្នុងពេលជាក់លាក់ក្នុងឆ្នាំនីមួយ នោះគាត់ប្រហែលជាមានអាល់ឡែស៊ីជាមួយនឹងលំអងដែលបញ្ចេញដោយដើមឈើនិងរុក្ខជាតិ (ម្យ៉ាងទៀតហៅថា ការរលាកច្រមុះដោយសារអាល់ឡែស៊ី)។ ប្រសិនបើវាកើតឡើងគ្រប់ពេល នោះវាអាចបណ្តាលមកពីធូលី ផ្សិត ផលិតផលគីមី ឬសត្វនានា។ អាល់ឡែស៊ីកើតឡើងលើភ្នែកទាំងពីរ។

ការព្យាបាល

ប្រសិនបើអ្នកដឹងពីអ្វីដែលបណ្តាលឱ្យភ្នែកមានប្រតិកម្ម ការព្យាបាលដែលល្អបំផុតគឺជៀសវាងឬដកចេញប្រភពនៃបញ្ហា។ ឧទាហរណ៍:

  • ព្យាយាមរក្សាកន្លែងដេកនិងពូកខ្នើយ កុំឲ្យមានធូលី។ បើមានសត្វដែលបង្កអាល់ឡែស៊ី ត្រូវនៅឆ្ងាយពីវា និងទីកន្លែងដែលវាដេក។
  • បិទឬបាំងបង្អួចនៅពេលយប់។
  • ពាក់ម៉ាសឬរុំក្រណាត់គ្របមាត់និងច្រមុះ


ដើម្បីការពារខ្លួនពីការដកដង្ហើមចូលនូវលំអងនិងធូលីនៅពេលធ្វើការឬដើរនៅខាងក្រៅផ្ទះ។ អ្វីទាំងឡាយដែលស្ថិតនៅក្បែរភ្នែក ដូចជាប្រដាប់គូសភ្នែក ឬអ្វីដែលអ្នកមានក្លិន ដូចជាសំលៀកបំពាក់បោកគក់ជាមួយសាប៊ូក្រអូប ក៏ដែលបណ្តាលឲ្យមានអាល់ឡែស៊ីដែលប៉ះពាល់ដល់ភ្នែកផងដែរ។ ប្រសិនបើអ្នកឈប់ប្រើផលិតផលដែលធ្វើឲ្យរមាស់ភ្នែក នោះអាល់ឡែស៊ីនឹងមិនសូវបង្កការរំខានទៀតទេ។

ចូរស្អំភ្នែកដោយក្រណាត់សើម (ទឹកត្រជាក់មានអារម្មណ៍ល្អបំផុត)។ បើមាន ថ្នាំបន្តក់ភ្នែកអង់ទីហ៊ីស្តាមីន វាអាចជួយឲ្យភ្នែកបានធូរស្រាល ប្រសិនបើការរលាកច្រមុះដោយសារអាល់ឡែស៊ី មានសភាពធ្ងន់ធ្ងរ។

ដំបៅនៅលើគ័រនេ (ខូចខាតផ្ទៃខាងក្រៅនៃភ្នែក)

សញ្ញា
 ភ្នែកដែលមានចំណុចៗគ្របពីលើកូនក្រមុំភ្នែក

នៅពេលដែលផ្ទៃដ៏ស្តើងនៃភ្នែក ត្រូវបានធ្វើឲ្យខូចខាតដោយសារការបង្ករោគ ឬដាច់រលាត់ នោះវាអាចបណ្តាលឲ្យមានដំបៅដ៏ឈឺចាប់នៅលើគ័រនេ។ មិនត្រូវញីភ្នែកឡើយ វាធ្វើឲ្យកាន់តែធ្ងន់ធ្ងរ។ ជាញឹកញាប់ គំហើញរបស់គាត់នឹងថយចុះ និងមានការឈឺចាប់ធ្ងន់ធ្ងរ។ វាអាចនឹងមានហូរខ្ទុះរាវឬខាប់។

ភ្នែកឡើងក្រហម ហើយបើអ្នកមើលទៅគ័រនេក្រោមពន្លឺខ្លាំង អ្នកអាចនឹងឃើញមានស្នាមពណ៌ប្រផេះ-ស។ ស្នាមនេះអាចមានសភាពមិនសូវរលោងថ្លាដូចផ្នែកផ្សេងៗនៃភ្នែក។

ការព្យាបាល

នេះគឺជាភាពអាសន្ន។ ប្រសិនបើមិនថែទាំដំបៅនៅលើគ័រនេនេះត្រឹមត្រូវទេ វាអាចបណ្តាលឱ្យខ្វាក់ភ្នែក។ ត្រូវរកជំនួយពីគ្រូពេទ្យ។ ដាក់ ថ្នាំទឹកឬថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក ក្នុងភ្នែកដែលប៉ះពាល់ រៀងរាល់ម៉ោងក្នុងពេលធ្វើដំណើរទៅជួបគ្រូពេទ្យឯកទេសខាងភ្នែក ។

ជំងឺរលាកប្រស្រីភ្នែក

ភ្នែកធម្មតា ភ្នែកមានជំងឺរលាកប្រស្រី
 one normal eye
ភ្នែកធម្មតាមួយ និងភ្នែកមួយទៀតមានហើមប្រស្រី ហើយភាពហើមគ្របដណ្តប់ផ្នែកខ្លះនៃកូនក្រមុំភ្នែក
កូនក្រមុំតូច ជាញឹកញាប់មិនមានរាងមូល
ឡើងក្រហមជុំវិញប្រស្រីភ្នែក
ឈឺចាប់

ជាធម្មតាគេមិនដឹងពីមូលហេតុនៃជំងឺរលាកប្រស្រីភ្នែកទេ។

សញ្ញា
  • ជាទូទៅកើតឡើងលើភ្នែកតែម្ខាង
  • ឈឺចាប់និងរមាស់ខ្លាំងនៅក្នុងភ្នែក
  • កូនក្រមុំភ្នែក (ភ្នែកពណ៌ខ្មៅនៅចំកណ្តាលភ្នែក) អាចនឹងមានរាងខុសប្រក្រតី ពោលគឺមិនមូល
  • ឡើងក្រហមនៅលើផ្នែកពណ៌សនៃភ្នែក ដែលនៅជិតប្រស្រីភ្នែកបំផុត
  • ភ្នែកកាន់តែឈឺនៅក្រោមពន្លឺខ្លាំង
  • ជាទូទៅគំហើញមានសភាពស្រវ៉ាំង
ការព្យាបាល

ជំងឺរលាកប្រស្រីភ្នែក គឺជាបញ្ហាភ្នែកដ៏ធ្ងន់ធ្ងរនិងឈឺចាប់។ ត្រូវស្វែងរកជំនួយពីគ្រូពេទ្យក្នុងរយៈពេលពី ១ ទៅ ២ថ្ងៃ។

ថ្នាំអង់ទីប៊ីយោទិកមិនមានប្រយោជន៍ទេ។

បុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍ អាចនឹងប្រើថ្នាំបន្តក់ភ្នែកដើម្បីពង្រីកទំហំកូនក្រមុំភ្នែក ហើយប្រើថ្នាំបន្តក់ភ្នែកផ្សេងទៀតដើម្បីបន្ថយការរលាក។

ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ (Trachoma)

ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ គឺជាការបង្ករោគលើភ្នែកដែលឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដៃ សត្វរុយ និងក្រណាត់ដែលបានប៉ះពាល់នឹងភ្នែកដែលកើតរោគ។ ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ កើតឡើងញឹកញាប់បំផុតលើកុមារនិងម្តាយរបស់គេ។ ប្រសិនបើអ្នកជំងឺត្រូវបានឆ្លងជាច្រើនដង ច្រើនឆ្នាំក្រោយមកវាអាចរោមភ្នែកកោងចូលក្នុង រួចកកិតនឹងផ្ទៃនៃភ្នែក ដែលធ្វើឲ្យឈឺចាប់ព្រមទាំងបាត់បង់គំហើញ។ ដោយសារតែវាមានអារម្មណ៍កកិត ជួនកាលគេនិយាយថា “សក់នៅក្នុងភ្នែក”។

បច្ចុប្បន្ន ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ បានក្លាយជាករណីមិនសូវញឹកញាប់ទេក្នុងពិភពលោកនេះ ប៉ុន្តែវានៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសមួយចំនួន ជាពិសេសនៅ Sub-Saharan Africa។ វាភាគច្រើនកើតឡើងលើប្រជាជនដែលរស់នៅក្នុងស្ថានភាពក្រីក្រនិងកកកុញ និងនៅកន្លែងដែលមានសត្វរុយច្រើននិងទឹកតិចតួច។ ការកែលម្អទឹកនិងអនាម័យ គឺជាចំណុចសំខាន់ក្នុងការបង្ការជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ។

សញ្ញា
 នៅខាងក្នុងត្របកភ្នែកមានដុំតូចៗជាច្រើន
ត្របកភ្នែកខាងក្នុងដាច់រលាត់ដោយសាររោមភ្នែកកោងចូលក្នុង
  • ជាញឹកញាប់ ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃចាប់ផ្តើម.លើកុមារតូចៗ ដូចជាជំងឺរលាកភ្នាសភ្នែកកម្រិតស្រាល ដែលពិបាកសង្កេតឃើញនៅពេលដំបូងៗ។
  • ការបង្ករោគឡើងវិញជាញឹកញាប់លើកុមារតូច បណ្តាលឲ្យមានហើមតូចៗពណ៌ស-ប្រផេះនៅក្នុងត្របកភ្នែកខាងលើ។ ដើម្បីមើលឃើញ ត្រូវ ពន្លាត់ត្របកភ្នែកទៅក្រោយ
  • បន្ទាប់ពីមានការបង្ករោគឡើងវិញបន្តបន្ទាប់ជាច្រើនឆ្នាំ ដុំឬហើមទាំងនេះក្លាយទៅជាស្នាមៗពណ៌សនៅក្រោមត្របកភ្នែក។ ស្នាមទាំងនេះទាញរោមភ្នែកចូល ហើយវាកោសទៅនឹងផ្នែកថ្លានៃភ្នែក ធ្វើឲ្យមានការឈឺចាប់ និងបាត់បង់គំហើញ។
ការព្យាបាល

ការព្យាបាលដ៏ល្អបំផុតចំពោះជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ គឺការប្រើថ្នាំ azithromycin តែមួយដូស តាមមាត់។ ប្រសិនបើគ្មានថ្នាំ azithromycin ទេ អាចដាក់ថ្នាំក្រមួនភ្នែក tetracycline ១% មួយថ្ងៃពីរដង រយៈពេល ៦សប្តាហ៍។

ចំពោះអ្នកដែលមានជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃកម្រិតចុងក្រោយ ការវះកាត់ដ៏សាមញ្ញអាចធ្វើឱ្យរោគភ្នែកដែលកោងចូល កោងទៅក្រៅវិញបាន។ ប្រសិនបើគ្មានការវះកាត់ទេ បុគ្គលិកសុខាភិបាលឯកទេសភ្នែកប្រហែលជាអាចដករោមភ្នែកដែលធ្វើឲ្យរមាស់ទាំងនោះបាន។

ការបង្ការ

ការព្យាបាលជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ ទាន់ពេលនិងពេញលេញ បង្ការមិនឲ្យវាឆ្លងទៅមនុស្សដទៃទៀត។ ចូរលុបលាងមុខឲ្យកុមាររៀងរាល់ថ្ងៃ ព្រមទាំងលាងសម្អាតដៃរបស់អ្នកបន្ទាប់ពីប៉ះពាល់ភ្នែករបស់អ្នកដទៃ។ បោកគក់កន្សែង សម្លៀកបំពាក់ និងប្រដាប់ប្រដាគេង ជាញឹកកញាប់ដើម្បីឱ្យប្រាកដថាមនុស្ស ២ នាក់មិនដែលប្រើខ្នើយរួមគ្នា ឬប្រើកន្សែងតែមួយសម្រាប់ជូតមុខ។

បង្ការមិនឲ្យរុយរោមដោយការគ្របអាហារ គ្របបង្គន់ និងធ្វើជីកំប៉ុសឲ្យឆ្ងាយពីផ្ទះ។ សូមមើលជំពូក ទឹក និងអនាម័យ ៖ គន្លឹះក្នុងការថែរក្សាសុខភាព

ប្រសិនបើមានករណីជំងឺនេះច្រើននៅក្នុងសហគមន៍ បុគ្គលិកសុខាភិបាលអាចនឹងផ្តល់ថ្នាំ azithromycin ឲ្យមនុស្សគ្រប់គ្នាដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ។

NWTND eye Page 18-3.png

ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ ឆ្លងរាលដាលតាមរយៈសត្វរុយ ម្រាមដៃ និងក្រណាត់។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ១៤ មិថុនា ២០១៨