Hesperian Health Guides
បញ្ហាពាក់ព័ន្ធជាមួយភ្នែកនិងគំហើញ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > បញ្ហាពាក់ព័ន្ធជាមួយភ្នែកនិងគំហើញ
មាតិកា
ការថែទាំជាមូលដ្ឋានសម្រាប់ភ្នែក
ការថែរក្សាមុខ និងតំបន់ជុំវិញភ្នែក ឲ្យស្អាត ព្រមទាំងការការពារពីកម្តៅថ្ងៃខ្លាំង ខ្យល់ និងរបួស នឹងអាចបង្ការបាននូវបញ្ហាញឹកញាប់ជាច្រើនដែលបង្កគ្រោះថ្នាក់ដល់ភ្នែក ឬធ្វើឲ្យវារមាស់ ឡើងក្រហម ឬឈឺចាប់។
ការបរិភោគអាហារមានជីវជាតិ ក៏បង្ការបញ្ហាភ្នែកបានយ៉ាងច្រើនផងដែរ។ របួសអាចបំផ្លាញដល់គំហើញ ឬបណ្តាលឲ្យពិការភ្នែក។ ត្រូវធ្វើសកម្មភាពជាប្រញាប់៖ ទៅមន្ទីរពេទ្យឬគ្លីនិកសុខភាពដែលនៅជិតបំផុត ចំពោះ របួសភ្នែកធ្ងន់ធ្ងរ ឬសញ្ញាគ្រោះថ្នាក់។ ពួកគេអាចជួយអ្នកឲ្យស្វែងរកគ្រូពេទ្យជំនាញខាងភ្នែក បើត្រូវការ។
នៅពេលពិបាកមើលឃើញវត្ថុនៅឆ្ងាយឬនៅជិតខ្លាំង គេអាចប្រើវ៉ែនតាប្រភេទត្រឹមត្រូវមួយដើម្បីជួយឲ្យមើលឃើញកាន់តែច្បាស់។
ដោយសារតែគំហើញមានភាពប្រែប្រួលតាមពេលវេលា អ្នកប្រហែលជាត្រូវផ្លាស់ប្តូរវ៉ែនតាជាញឹកញាប់ដែរ។ ចំពោះមនុស្សពេញវ័យ ជំងឺភ្នែកឡើងបាយ និង ជំងឺដក់ទឹកក្នុងភ្នែកគឺជាមូលហេតុញឹកញាប់នៃការធ្លាក់ចុះនៃគំហើញ ហើយដែលអាចបណ្តាលឲ្យពិការភ្នែក។ ការព្យាបាលអាចជួយស្តារគំហើញឡើងវិញ ឬបញ្ឈប់វាមិនឲ្យកាន់តែអាក្រក់។ ការយល់ដឹងអំពីភ្នែកនិងផ្នែកផ្សេងៗរបស់វា អាចជួយអ្នកក្នុងការថែរក្សាភ្នែក និងថែទាំបញ្ហាផ្សេងៗរបស់វា។
ផ្នែកផ្សេងៗនៃភ្នែក
នៅពេលភ្នែកមានសុខភាពល្អ៖
- ត្របកភ្នែកបើកនិងបិទយ៉ាងងាយស្រួល ហើយរោមភ្នែកកោងចេញក្រៅ មិនមែនកោងសំដៅទៅក្នុងភ្នែកទេ។
- ផ្នែកស គឺមានពណ៌សទាំងស្រុង រលោង និងមានសំណើម។
- គ័រនេដែលគ្របដណ្តប់ប្រស្រីភ្នែក និងកូនក្រមុំភ្នែក គឺមានសភាពភ្លឺ រលោង និងថ្លា។
- កូនក្រមុំភ្នែក មានពណ៌ខ្មៅ និងមូល។ ផ្នែកពណ៌ខ្មៅនេះមានប្រតិកម្មទៅនឹងពន្លឺដែលខ្សោយឬខ្លាំង ដោយរួមតូចឬក៏រីកធំ។
រក្សាភ្នែកឱ្យស្អាត
ដើម្បីជួយបង្ការបញ្ហាភ្នែកផ្សេងៗ ត្រូវលុបមុខឱ្យបានញឹកញាប់។ វាការពារមិនឲ្យកម្អែលនិងមេរោគចូលទៅក្នុងភ្នែករួចបង្កជាបញ្ហាផ្សេងៗ។
អ្នកមិនត្រូវការទឹកច្រើនទេដើម្បីលុបមុខ។ អ្នកអាចធ្វើ ធុងបង្ហូរទឹក។ មួយពីដបឬធុងប្លាស្ទិកស្អាត។ ទុកឲ្យដៃនិងមុខរបស់អ្នកស្ងួតដោយខ្យល់ ដើម្បីចៀសវាងការបង្ករោគដោយសារការប្រើប្រាស់ក្រណាត់ឬកន្សែងរួមគ្នា។
នៅពេលភ្នែកមានការបង្ករោគ ត្រូវសម្អាតវាជាញឹកញាប់ដោយក្រណាត់និងទឹកស្អាត។ ជូតថ្នមៗចេញពីចុងភ្នែកខាងច្រមុះ ទៅកាន់ចុងភ្នែកខាងត្រចៀក។ ប្រើផ្នែកផ្សេងៗគ្នានៃក្រណាត់ដើម្បីសម្អាតភ្នែកម្ខាងៗ បន្ទាប់មកលាងសម្អាតក្រណាត់ឲ្យល្អ រួចហាលឲ្យស្ងួតមុននឹងប្រើវាម្តងទៀត។
លាងដៃរបស់អ្នកជាមួយសាប៊ូ មុននិងក្រោយពេលសម្អាតភ្នែកដែលមានការបង្ករោគ ដើម្បីបង្ការការឆ្លងរោគ។
របៀបយកដីឬរោមភ្នែកចេញពីភ្នែក
ឱ្យគាត់បិទភ្នែក រួចធ្វើចលនាភ្នែកពីម្ខាងទៅម្ខាង និងឡើងលើចុះក្រោម។ បន្ទាប់មក ក្នុងពេលដែលអ្នកចាប់ទាញត្របកភ្នែករបស់គាត់ ចូរឱ្យគាត់សំឡឹងឡើងលើចុះក្រោមម្តងទៀត។ បែបនេះធ្វើឱ្យភ្នែកបញ្ចេញទឹកភ្នែក ដែលជាញឹកញាប់អាចសម្អាតដីចេញបាន។ វិធីម្យ៉ាងទៀតដែលអាចធ្វើឱ្យមានទឹកភ្នែក គឺការញីភ្នែកដែលល្អ។ បែបនេះធ្វើឱ្យភ្នែកទាំងពីរបញ្ចេញទឹកភ្នែក។ មិនត្រូវញីភ្នែកដែលឈឺទេ។
ម្យ៉ាងទៀត អ្នកអាចសាកល្បងយកកម្ទេចដីឬរោមភ្នែកចេញ ដោយប្រើទឹកស្អាត។ ត្រូវប្រើតែទឹកស្អាតប៉ុណ្ណោះ មិនត្រូវប្រើទឹកអ្វីផ្សេងទៀតឡើយ។ បើកភ្នែកឲ្យជាប់ ខណៈដែលចាក់ទឹកលាងពីកែវមួយ (ឬដោយបាញ់ទឹកថ្នមៗពីសឺរាំងឥតម្ជុល)។ គាត់អាចដេកផ្ងារ ឬងើយក្បាលទៅក្រោយក្នុងពេលដែលអ្នកចាក់ទឹក ដើម្បីឲ្យវាហូរពីខាងក្នុង(ក្បែរច្រមុះ) ចេញទៅខាងក្រៅ(ក្បែរត្រចៀក)នៃភ្នែក។
បើអ្នកអាចមើលឃើញវា អ្នកអាចជូតយកវាចេញថ្នមៗដោយប្រើចុងក្រណាត់សើម ក្រដាសទន់ ឬសំឡី។
នៅពេលកម្ទេចស្ថិតនៅក្រោមត្របកភ្នែកខាងលើ អ្នកអាចមើលឃើញវាដោយពន្លាត់ត្របកភ្នែកខាងលើឡើងពីក្រោយដុំសំឡី។ ប្រាប់ឲ្យគាត់សំឡឹងចុះក្រោមក្នុងពេលអ្នកធ្វើដូចនេះ។
បើអ្នកមិនអាចសម្អាតកម្ទេចចេញយ៉ាងងាយស្រួលទេ ចូរដាក់ថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិកបន្តិចត្រង់កន្លែងដែលរមាស់, ការពារភ្នែក រួចបញ្ជូនគាត់ទៅរកជំនួយពីគ្រូពេទ្យ។
គ្រោះថ្នាក់នៅកន្លែងការងារ, ការបំពុល, និងកម្តៅថ្ងៃ បង្កគ្រោះថ្នាក់ដល់ភ្នែក
សារធាតុគីមី ភាពពុលនៃខ្យល់និងទឹក និងកាំរស្មីខ្លាំងពីពន្លឺថ្ងៃ (កាំរស្មីអ៊ុលត្រាវីយូឡេ ឬកាំរស្មី UV) អាចធ្វើឱ្យភ្នែករលាក និងបណ្តាលឱ្យមានបញ្ហាផ្សេងៗ។ នៅផ្ទះឬនៅកន្លែងការងារ ភ្នែកអាចរងរបួសដោយវត្ថុជាច្រើន ឬត្រូវបានរលាកដោយសារធាតុគីមី។
- ការចម្អិនអាហារ: ផ្សែងចេញពីភ្លើងចង្ក្រានធ្វើអោយរលាកភ្នែកនិងស្ងួត។ បញ្ហានេះភាគច្រើនប៉ះពាល់ដល់ស្ត្រីនិងកុមារ។
- ខ្យល់ពុល: ធូលីនិងសារធាតុគីមីនៅក្នុងខ្យល់ ប៉ះពាល់ដល់មនុស្សគ្រប់គ្នាដែលធ្វើការឬលេងនៅខាងក្រៅ ជាពិសេសកុមារ។
- ទឹកពុល: សារធាតុគីមីពីរោងចក្រឬកន្លែងជីករ៉ែ ថ្នាំសំលាប់សត្វល្អិត និងទឹកស្អុយ ត្រូវបានបញ្ចេញទៅក្នុងទន្លេឬបឹង ហើយធ្វើឲ្យរលាកភ្នែកនិងស្បែករបស់មនុស្សដែលងូតទឹក ឬបោកគក់នៅទីនោះ។
- កសិកម្ម: ឧបករណ៍ ធូលី ដុំថ្ម ដើមឈើ រុក្ខជាតិពុល ជីគីមី និងថ្នាំសម្លាប់សត្វល្អិត សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់ភ្នែក។
- នៅខាងក្រៅ: កម្តៅថ្ងៃ ធូលី និងខ្យល់ អាចធ្វើឲ្យរលាកភ្នែក។
- ការជិះម៉ូតូដោយគ្មានការការពារភ្នែក អាចបណ្តាលឱ្យមានរបួសភ្នែក។
- សារធាតុគីមី: កម្មកររោងចក្រ កសិករ កម្មកររ៉ែ អ្នកបោសសម្អាត កម្មករតាមផ្ទះ និងអ្នកដទៃទៀត តែងតែប្រើប្រាស់សារធាតុគីមី។ ប្រសិនបើសារធាតុគីមីប៉ះនឹងភ្នែក វាអាច ធ្វើឲ្យរលាកយ៉ាងឆាប់រហ័ស ព័រ ។
- គ្រឿងម៉ាស៊ីនឬឧបករណ៍ផ្សេងៗ: កម្ទេចដែកឬឈើអាចខ្ទាត ហើយធ្វើរបួសដល់ភ្នែក ដូចគ្នានឹងកម្តៅភ្លើងខ្លាំង អំបែងភ្លើង ឬអណ្តាតភ្លើងដែរ។
- បុគ្គលិកការិយាល័យនិងកម្មកររោងចក្រ: ការផ្តោតភ្នែកទៅលើការងារមួយ រយៈពេលច្រើនម៉ោង ធ្វើឲ្យរោយភ្នែក។
វ៉ែនតាសុវត្ថិភាព និងវ៉ែនតាការពារភ្នែក អាចបង្ការរបួសដល់ភ្នែក
វ៉ែនតាទាំងអស់សុទ្ធតែជួយការពារភ្នែក។ ចូរប្រើវ៉ែនតាសុវត្ថិភាព ឬវ៉ែនតាការពារភ្នែក នៅពេលប្រើប្រាស់គ្រឿងម៉ាស៊ីន ឬឧបករណ៍ផ្សេងៗ ជិះម៉ូតូ ឬប្រសិនបើអ្នកកំពុងធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិតឬសារធាតុគីមីផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែមអំពីការការពារភ្នែកនៅកន្លែងការងារ សូមអានសៀវភៅ Workers' Guide to Health and Safety របស់អង្គការ Hesperian។ . |
មួកនិងវ៉ែនតាជួយការពារភ្នែកពីកម្តៅថ្ងៃ
មនុស្សដែលនៅក្រៅក្រោមកម្តៅថ្ងៃខ្លាំង អាចការពារភ្នែករបស់ខ្លួនដោយការពាក់មួក ហើយបើអាច គឺវ៉ែនតាខ្មៅ។ ល្អបំផុតគឺកញ្ចក់វ៉ែនតាដែលអាចទប់ស្កាត់កាំរស្មី UV (អ៊ុលត្រាវីយ៉ូឡែត)បាន។ ការការពារពីពន្លឺថ្ងៃ អាចពន្យឺតការលូតលាស់នៃ ជំងឺភ្នែកឡើងបាយ ប្រភេទខ្លះបាន។ សូម្បីតែធ្លាប់ស្ថិតនៅក្រោមពន្លឺថ្ងៃជាច្រើនឆ្នាំក៏ដោយ ការពាក់មួកនិងវ៉ែនតា អាចបង្ការបញ្ហាភ្នែកមិនឲ្យធ្លាក់ចុះដុនដាបថែមទៀត។
ចៀសវាងការរោយភ្នែក
ការធ្វើការនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់ ការសំឡឹងមើលអេក្រង់កុំព្យូទ័រឬទូរស័ព្ទគ្រប់ពេល ឬការផ្ដោតភ្នែកលើវត្ថុដែលនៅជិតជាច្រើនម៉ោង គឺធ្វើឲ្យលំបាកដល់ភ្នែក។ កាត់បន្ថយការរោយភ្នែកដោយកែលម្អពន្លឺ និងសំឡឹងទៅឆ្ងាយក្រៅបន្ទប់ជាញឹកញាប់។ បុគ្គលិកវ័យចំណាស់ប្រហែលជាត្រូវការ វ៉ែនតាពង្រីក សម្រាប់ការងារដែលមើលជិត។
ដំបូង សំឡឹងមើលអ្វីដែលនៅជិតអ្នក។ |
បន្ទាប់មក សំឡឹងទៅអ្វីដែលនៅចម្ងាយប្រហែល ៣ទៅ៤ម៉ែត្រ រយៈពេល ២០វិនាទី។ |
ធ្វើបែបនេះពីរបីដងក្នុងមួយម៉ោង។ ម្យ៉ាងទៀត ការបង្វិលភ្នែកជុំវិញក៏អាចជួយផងដែរ៖ មិនងាកក្បាល រួចបង្វិលភ្នែកសំឡឹងទៅជញ្ជាំងមួយ ជុំវិញពិដាន រួចចុះទៅជញ្ជាំងមួយទៀត |
ការថែទាំភ្នែកដោយការបរិភោគអាហារល្អ
អាហារជាច្រើនដែលជួយឱ្យរាងកាយមានសុខភាពល្អ ក៏ជួយឲ្យមានគំហើញល្អផងដែរ។ អាហារដែលល្អសម្រាប់សុខភាពភ្នែករួមមានដូចជា៖
- បន្លែ៖ បន្លែស្លឹកបៃតង, ម្រេច, សណ្តែក, ដំឡូងផ្អែម, ការ៉ុត, និងល្ពៅ
- ផ្លែឈើ៖ ស្វាយ, ល្ហុង, ក្រូច និងផ្លែបឺរ
- ត្រី គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
ការទទួលទានអាហារដែលមានជីវជាតិក្នុងអំឡុងពេលមានផ្ទៃពោះ ជួយដល់ភ្នែករបស់គភ៌ដែលកំពុងលូតលាស់។ ការបំបៅកូនដោយទឹកដោះម្តាយ និងការធានាថាកុមារតូចៗទទួលទានបន្លែនិងផ្លែឈើពណ៌ទឹកក្រូចនិងពណ៌បៃតង អាចបង្ការបញ្ហា កង្វះវីតាមីនអា។
បុគ្គលិកសុខាភិបាល និងសុខភាពភ្នែកក្នុងសហគមន៍
ការព្យាបាលបញ្ហាអាសន្នពាក់ព័ន្ធនឹងភ្នែក គឺជារឿងកើតឡើងញឹកញាប់សម្រាប់បុគ្គលិកសុខាភិបាល និងអ្នកលើកកម្ពស់សុខភាព ប៉ុន្តែបញ្ហាភ្នែកនិងគំហើញដែលកើតឡើងរៀងរាល់ថ្ងៃ មិនសូវឃើញមានការព្យាបាលជាញឹកញាប់នោះទេ។ នៅពេលដែលបុគ្គលិកសុខាភិបាលរៀនសម្គាល់ពីសញ្ញាដំបូងៗនៃបញ្ហាភ្នែក នោះពួកគេអាចជួយមនុស្សក្នុងការកែលម្អគំហើញរបស់ខ្លួន និងបង្ការភាពពិការភ្នែក។
- នៅពេលជួបអ្នកជំងឺ ចូររៀនសង្កេតមើលស្នាមក្រហម ហើម រមាស់ ឬអុចៗពណ៌ប្រផេះនៅក្នុងភ្នែក និងថាតើសញ្ញានីមួយៗមានន័យដូចម្តេច ហើយត្រូវព្យាបាលយ៉ាងណា។
- បង្កលក្ខណៈងាយស្រួលសម្រាប់ឲ្យស្ត្រីទទួលការពិនិត្យនិងព្យាបាលភ្នែក។ ការងារនិងតួនាទីក្នុងគ្រួសារ ធ្វើឱ្យពួកគេងាយនឹងមានបញ្ហាភ្នែក។
- ប្រាប់ប្រជាជនឱ្យដឹងថាការព្យាបាលនៅផ្ទះនិងផលិតផលពាណិជ្ជកម្មខ្លះ អាចបង្កគ្រោះថ្នាក់ដល់ភ្នែក ហើយមិនត្រូវចំណាយប្រាក់ទៅលើការព្យាបាលក្លែងក្លាយនោះទេ។
- រៀបចំការត្រួតពិនិត្យគំហើញរៀងរាល់ឆ្នាំសម្រាប់កុមារនៅសាលារៀន ព្រមទាំងបណ្តុះបណ្តាលគ្រូបង្រៀនអំពីការសម្គាល់សញ្ញានៃបញ្ហាភ្នែក ជាពិសេសការខ្សោយគំហើញ។
- បញ្ជូនមនុស្សចាស់ទៅព្យាបាល បើពួកគាត់មានជំងឺភ្នែកឡើងបាយ។
- ជួយមនុស្សដែលមានអាយុលើ៤០ ឱ្យទទួលបានវ៉ែនតាពង្រីក បើត្រូវការ។
- ធ្វើឱ្យសហគមន៍មានសុវត្ថិភាពសម្រាប់ ជនពិការភ្នែក។
បុគ្គលិកសុខាភិបាលក៏អាចចែករំលែកព័ត៌មានអំពីកម្មវិធីនិងមន្ទីរពេទ្យព្យាបាលភ្នែកដែលផ្តល់ជូនការថែទាំតម្លៃទាបឬឥតគិតថ្លៃសម្រាប់បញ្ហានិងភាពអាសន្នពាក់ព័ន្ធនឹងភ្នែក។ ធ្វើការរៀបចំដើម្បីឲ្យសមាជិកសហគមន៍ទទួលបានការធ្វើតេស្ត៍គំហើញ វ៉ែនតា និងការវះកាត់ភ្នែកឡើងបាយ នៅក្នុង យុទ្ធនាការរបស់អង្គការមិនរកប្រាក់ចំណេញ និងរបស់រដ្ឋាភិបាល។
បញ្ហាភ្នែកញឹកញាប់ទៅតាមវ័យៈ
ការបង្ករោគនៅភ្នែករបស់ទារក ចាំបាច់ត្រូវព្យាបាល។ ការបង្ករោគទាំងនេះមួយចំនួនអាចត្រូវបង្ការបានដោយការសម្អាតភ្នែកទារក និង ដាក់ថ្នាំភ្នែកនៅពេលកើត។
បញ្ហាគំហើញរបស់កុមារតូចៗ អាចនឹងពិបាកកត់សម្គាល់។ ចាប់ផ្តើមពីអាយុ ៦ខែ សង្កេតមើលថាតើភ្នែករបស់កុមារធ្វើចលនាតាមពន្លឺ ឬប្រដាប់លេងដែរឬទេ នៅពេលអ្នករំកិលទីវា។ កុមារដែលមានភ្នែក ស្រលៀង ឬភ្នែកកែក អាចត្រូវជួយបាន ហើយវ៉ែនតាអាចជួយក្នុងការមើលមិនសូវឃើញ។ ចំពោះកុមារដែលមើលឃើញតិចតួច ឬមិនឃើញ សៀវភៅ សៀវភៅការជួយកុមារពិការភែ្នក របស់អង្គការ Hesperian មានបង្ហាញមធ្យោបាយជាច្រើនដែលអាចជួយកុមារពិការភ្នែកឲ្យអភិវឌ្ឍជំនាញរបស់ខ្លួន។
កុមារក្នុងអាយុចូលរៀន ដែលមើលឃើញមិនច្បាស់ មិនអាចប្រាប់អ្នកថាពួកគេត្រូវការវ៉ែនតានោះទេ ព្រោះពួកគេមិនដឹងថាគំហើញល្អមានរូបភាពយ៉ាងណានោះទេ។ កុមារដែលមានការឈឺក្បាលច្រើន ធ្វើភ្នែកព្រឹមៗ ឬមានការពិបាកក្នុងការសិក្សា ឬលេងហ្កេម អាចនឹងមានបញ្ហាភ្នែក ហើយត្រូវការវ៉ែនតា។ វាក៏ជាគំនិតល្អផងដែរ បើយើងរៀនពីអ្វីដែលត្រូវធ្វើ បើមានរបួសភ្នែកពីការលេងកីឡា ឬការវាយតប់គ្នានៅក្នុងសាលារៀន។
កុមារទាំងឡាយ អាចទទួលរងរបួសភ្នែក។ ទុកដាក់សារធាតុគីមីនិងវត្ថុមុតស្រួច ដោយចាក់សោរ និងនៅឆ្ងាយផុតដៃកុមារ។ គំហើញរបស់មនុស្សពេញវ័យ អាចប្រែប្រួលគ្រប់វ័យ ហើយជួនកាលវ៉ែនតាអាចជួយបាន។ ប្រសិនបើគាត់មានជំងឺទឹកនោមផ្អែម ឬលើសឈាម នោះការព្យាបាលជំងឺទាំងនេះអាចជួយបង្ការកុំឲ្យមានគ្រោះថ្នាក់បន្ថែមទៀតដល់ភ្នែក។
ប្រភេទការងារផ្សេងៗ អាចធ្វើឱ្យងាយមានបញ្ហាឬរងរបួសភ្នែក។
មនុស្សវ័យចំណាស់ ងាយនឹងមាន ជំងឺភ្នែកឡើងបាយ និងត្រូវការ វ៉ែនតាពង្រីក ។