Hesperian Health Guides

បញ្ហាភ្នែកដែលកើតឡើងជាញឹកញាប់

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ជំងឺភ្នែកឡើងបាយ

 កូនក្រមុំភ្នែកគ្របដោយស្រទាប់ពណ៌ស

កញ្ចក់ភ្នែកគឺជាផ្នែកថ្លាមួយស្ថិតនៅក្នុងភ្នែកដែលចាប់ពន្លឺពីខាងក្រៅមកដើម្បីឲ្យភ្នែកឃើញរូបភាពនានា។ នៅពេលមនុស្សកាន់តែចាស់ កញ្ចក់ភ្នែកអាចនឹងឡើងស្រអាប់ ធ្វើឲ្យបាំងពន្លឺមិនឲ្យផ្លាតចូល និងបណ្តាលឲ្យបាត់បង់គំហើញបន្តិចម្តងៗ ហើយចុងក្រោយគឺពិការភ្នែក។ ការឡើងស្រអាប់នេះ ជួនកាលឃើញជាចំណុចពណ៌ប្រផេះនៅលើភ្នែក ហៅថាភ្នែកឡើងបាយ។ ជំងឺភ្នែកឡើងបាយកើតឡើងញឹកញាប់លើមនុស្សចាស់ ប៉ុន្តែក៏អាចកើតលើទារកនិងកុមារផងដែរ។

ដើម្បីពន្យារពេលការវិវឌ្ឍន៍នៃជំងឺភ្នែកឡើងបាយ:

  • កុំជក់បារី
  • ពាក់មួកដែលអាចការពារភ្នែកពីពន្លឺថ្ងៃខ្លាំង
 ស្ត្រី និយាយ
“យើងនិយាយថា ៖ “បើមានសក់ស្កូវ ត្រូវពិនិត្យមើលភ្នែកពណ៌ប្រផេះ”។ យើងលើកទឹកចិត្តមនុស្សចាស់ដែលមានជំងឺភ្នែកឡើងបាយ ឲ្យទទួលការវះកាត់ដើម្បីស្តារគំហើញឡើងវិញ។

បុគ្គលិកសុខាភិបាលអាចសម្គាល់អ្នកជំងឺភ្នែកឡើងបាយ និងណែនាំប្រាប់ពីកម្មវិធីនិងមន្ទីរពេទ្យនានាដែលផ្តល់ជូនការវះកាត់ដើម្បីស្តារគំហើញឡើងវិញ។ ស្ត្រីទំនងជាមិនសូវទទួលបានការព្យាបាលភ្នែកឡើងបាយ បានច្រើនដូចនឹងបុរសទេ។ ចូរចុះជួបស្ត្រីចំណាស់នៅតាមផ្ទះ និងសួរអំពីគំហើញរបស់ពួកគាត់។ ការពិនិត្យមនុស្សចាស់ អាចជួយពួកគេឱ្យទទួលបានការព្យាបាលមុនពេលវាបាំងគំហើញរបស់គាត់។ ប៉ុន្តែទោះបីជាពួកគាត់អាចមើលឃើញតិចៗក៏ដោយ ក៏មិនយឺតពេលដែរក្នុងការនាំគាត់ទៅរកជំនួយពីគ្រូពេទ្យ។

ការព្យាបាល

ថ្នាំពេទ្យមិនអាចជួយឱ្យជំងឺភ្នែកឡើងបាយជាបាត់ទៅវិញទេ។ ការវះកាត់ធ្វើឡើងដើម្បីយកកញ្ចក់ភ្នែកស្រអាប់ចេញ រួចដាក់កញ្ចក់ថ្លាចូល ដើម្បីអាចមើលឃើញឡើងវិញ។

បន្ទាប់ពីវះកាត់ អ្នកជំងឺត្រូវការថ្នាំបន្តក់ភ្នែកអង់ទីប៊ីយោទិកនិងប្រឆាំងរលាក ដើម្បីជួយឱ្យភ្នែកសះស្បើយ ដែលជាធម្មតាក្នុងរយៈពេលប្រហែល ៤សប្តាហ៍។ ភ្នែកអាចនឹងមិនសូវស្រួល ហើយរូបភាពដែលមើលឃើញមានសភាពស្រវ៉ាំងនៅលើកដំបូង ប៉ុន្តែវាគួរតែប្រសើរបន្តិចម្តងៗរៀងរាល់ថ្ងៃ។ ប្រសិនបើមានការឈឺចាប់កើតឡើងក្នុងអំឡុង ២ សប្តាហ៍ដំបូង នោះវាគឺជាសញ្ញាគ្រោះថ្នាក់។ ត្រូវរកជំនួយពីគ្រូពេទ្យភ្នែកក្នុងរយៈពេល ២៤ម៉ោង។ ក្រោយការវ៉ះកាត់ អ្នកជំងឺប្រហែលជាត្រូវប្រើវ៉ែនតាពង្រីកដើម្បីមើលវត្ថុនៅជិតៗ។

ជំងឺដក់ទឹកក្នុងភ្នែក

ជួនកាលមានសម្ពាធកើនឡើងនៅក្នុងភ្នែក ហើយវាបំផ្លាញសរសៃប្រសាទនៅក្នុងភ្នែកដែលបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ហៅថាជំងឺដក់ទឹកក្នុងភ្នែក។ អ្នកដែលមានដក់ទឹកក្នុងភ្នែកជំងឺ បាត់បង់គំហើញខាងចំហៀង ហើយបន្តិចម្តងអាចក្លាយជាពិការភ្នែក។ ភ្នែកអាចឈឺចាប់ និងឡើងរឹងដូចថ្មម៉ាប។

ជំងឺដក់ទឹកក្នុងភ្នែកអាចបណ្តាលមកពីការរងរបួស ប៉ុន្តែភាគច្រើនគេមិនដឹងពីមូលហេតុរបស់វាទេ។ អ្នកដែលមានជំងឺដក់ទឹកក្នុងភ្នែក ត្រូវការការព្យាបាលដើម្បីបន្ថយសម្ពាធ។ អាចនឹងត្រូវប្រើថ្នាំបន្តក់ភ្នែកជារៀងរាល់ថ្ងៃ អស់មួយជីវិត ឬជួនកាលគេព្យាបាលដោយឡាស៊ែរ ឬការវះកាត់ដើម្បីបន្ថយសម្ពាធភ្នែក។

ជំងឺដក់ទឹកក្នុងភ្នែក ភាគច្រើនប៉ះពាល់លើមនុស្សដែលមានអាយុលើ ៤០ឆ្នាំ ជាពិសេសអ្នកដែលមានសមាជិកគ្រួសារមានជំងឺនេះ។ ចូរជួយមនុស្សដែលមានអាយុលើ ៤០ឆ្នាំឲ្យទទួលបានការពិនិត្យរកមើលជំងឺដក់ទឹកក្នុងភ្នែក រាល់ពីរបីឆ្នាំម្តង។

ជំងឺដក់ទឹកក្នុងភ្នែក មានទម្រង់ផ្សេងៗគ្នា។ ទម្រង់ញឹកញាប់បំផុតគឺជំងឺដក់ទឹកក្នុងភ្នែកស្រួចស្រាល់ និងជំងឺដក់ទឹកក្នុងភ្នែករ៉ាំរ៉ៃ។

ជំងឺដក់ទឹកក្នុងភ្នែកស្រួចស្រាល់ (angle-closure)

វាចុះអាក្រក់យ៉ាងឆាប់រហ័ស។ វាបណ្តាលឱ្យភ្នែកឡើងក្រហមនិងឈឺចាប់ខ្លាំង រួមជាមួយការបាត់បង់គំហើញ។ អ្នកជំងឺអាចមានអារម្មណ៍ចង្អោរ ឈឺក្បាល ហើយភ្នែកកាន់តែឈឺចាប់នៅក្រោមពន្លឺខ្លាំង។ ភ្នែកអាចមានសភាពរឹង បើធៀបនឹងភ្នែកធម្មតា។ ប្រសិនបើមិនព្យាបាលទេ ជំងឺដក់ទឹកក្នុងភ្នែកស្រួចស្រាល់ នឹងបណ្តាលឱ្យពិការភ្នែកក្នុងរយៈពេលពីរបីថ្ងៃ។ ចូរបញ្ជូនអ្នកជំងឺទៅរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់។ ជាដំបូងពួកគេនឹងត្រូវការថ្នាំបន្តក់ភ្នែកដើម្បីបន្ថយសម្ពាធនៅក្នុងភ្នែក។ បន្ទាប់មកពួកគេនឹងត្រូវការការព្យាបាលដោយឡាស៊ែរ ឬការវះកាត់។

ជំងឺដក់ទឹកក្នុងភ្នែករ៉ាំរ៉ៃ (open-angle)

ចំពោះជំងឺដក់ទឹកក្នុងភ្នែករ៉ាំរ៉ៃ សម្ពាធនៅក្នុងភ្នែកទាំងពីរ កើនឡើងយឺតៗក្នុងអំឡុងពេលច្រើនខែច្រើនឆ្នាំ។ វាមិនមានការឈឺចាប់ទេ។ គំហើញខាងចំហៀង បាត់បង់មុន។ នៅពេលជំងឺដក់ទឹកក្នុងភ្នែក ចុះធ្ងន់ធ្ងរ នោះវាហាក់ដូចជាសំឡឹងមើលតាមផ្លូវរូងក្រោមដីដែរ។ ជាញឹកញាប់ អ្នកជំងឺមិនបានចាប់អារម្មណ៍ទេ រហូតដល់ការបាត់បង់គំហើញមានសភាពធ្ងន់ធ្ងរទៅហើយ។ ភ្នែកអាចធ្វើតេស្តមើលផ្នែកចំហៀង និងពិនិត្យមើលក្នុងភ្នែកដើម្បីរកមើលជំងឺដក់ទឹកក្នុងភ្នែកទម្រង់នេះ។ កាលណាឆាប់ព្យាបាល គឺកាន់តែប្រសើរ។ ការព្យាបាលដោយថ្នាំបន្តក់ភ្នែក ឡាស៊ែរ ឬការវះកាត់ អាចបញ្ឈប់មិនឲ្យគំហើញកាន់តែចុះធ្ងន់ធ្ងរ។

កន្ទុយថ្លែន

 = សាច់មួយបន្ទះចេញពីចុងភ្នែកខាងក្នុង គ្របពីលើផ្នែកពណ៌សនៃភ្នែកនិងប្រស្រីភ្នែក

កន្ទុយថ្លែន គឺជាសាច់ដែលដុះពីលើផ្ទៃភ្នែក ដែលដុះយឺតៗចេញពីផ្នែកពណ៌សនៃភ្នែកក្បែរច្រមុះ រួចសំដៅទៅចំណុចកណ្តាល។ វាជាបញ្ហាកើតឡើងញឹកញាប់ ហើយជាធម្មតាមិនធ្ងន់ធ្ងរទេ។ អ្នកដែលធ្វើការច្រើនឆ្នាំនៅខាងក្រៅក្រោមពន្លឺថ្ងៃខ្លាំង ឬកន្លែងដែលមានខ្យល់ឬធូលី ទំនងជានឹងមានកន្ទុយថ្លែននេះ។

ការពាក់វ៉ែនតាខ្មៅនិងមួក ជួយបាំងពន្លឺថ្ងៃ ខ្យល់ និងធូលី ចេញពីភ្នែក ដែលបញ្ឈប់ឬបន្ថយការលូតលាស់នៃកន្ទុយថ្លែន។

ជាញឹកញាប់ វាមិនត្រូវការការព្យាបាលទេ។ បើវាស្ថិតនៅក្បែរផ្នែកដែលមានពណ៌ ឬធ្វើឱ្យពិបាកខ្លាំងក្នុងភ្នែក គ្រូពេទ្យវះកាត់អាចយកវាចេញបានមុននឹងវាប៉ះពាល់ដល់គំហើញរបស់អ្នកជំងឺ។

ឈាមនៅក្នុងផ្នែកសនៃភ្នែក

 ឈាមគ្របពីលើផ្នែកក្រោមនៃភ្នែក
ស្នាមឈាមនៅក្នុងផ្នែកសនៃភ្នែក ជាទូទៅមិនមានគ្រោះថ្នាក់ទេ។

ម្តងម្កាល ឈាមនៅក្នុងផ្នែកសនៃភ្នែក កើតឡើងបន្ទាប់ពីលើករបស់ធ្ងន់ ក្អកខ្លាំងៗ ឬរបួសតូចតាចលើភ្នែក។ វាបណ្តាលមកពីការបែកសរសៃឈាមតូចណាមួយ។ វាមិនមានគ្រោះថ្នាក់ទេ គឺដូចនឹងការរលាត់ដែរ ហើយវានឹងបាត់ទៅវិញបន្តិចម្តងដោយខ្លួនឯងក្នុងអំឡុង ២សប្តាហ៍។ វាមិនត្រូវការការព្យាបាលទេ។

ទោះជាយ៉ាងនេះក្តី ឈាមនៅក្នុងផ្នែកពណ៌នៃភ្នែក គឺជាបញ្ហាធ្ងន់ធ្ងរ។

ភ្នែកស្ងួត និងត្របកភ្នែករឹង

ភ្នែកស្ងួតបណ្តាលមកពីអាកាសធាតុស្ងួត មានវ័យចំណាស់ ផ្សែងក្នុងខ្យល់ និងការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន។

ត្របកភ្នែករឹង អាចកើតឡើងនៅពេលដែលកម្អែលឬសារធាតុរាវ បិទស្ទះដល់សំណើមនិងទឹកភ្នែក ធ្វើឲ្យភ្នែកស្ងួតនិងរមាស់។ គាត់អាចនឹងមានការបង្ករោគនៅត្របកភ្នែក (មើលខាងក្រោម) ឬកម្ទេចរឹងៗ ឬបន្ទះស្តើងៗដូចអង្គែ នៅជាប់តាមត្របកភ្នែក។ ត្របកភ្នែកនិងមុខនៅជុំវិញភ្នែក អាចមានសុខភាពល្អ នៅពេលយើងសម្អាតវាបានត្រឹមត្រូវ ដោយសារវាអនុញ្ញាតឲ្យមានទឹកភ្នែក និងសំណើមធម្មជាតិកើតឡើង។

ការព្យាបាល

ចំពោះភ្នែកស្ងួត ចូរសម្រាកភ្នែករបស់អ្នកដោយឧស្សាហ៍ធ្មេចវា។ បើភ្នែករបស់អ្នកនៅតែស្ងួត អ្នកអាចព្យាយាមស្អំក្រណាត់ក្តៅឧណ្ហៗ ១ទៅ២ដងក្នុងមួយថ្ងៃ រយៈពេល ៥ទៅ១០នាទី ដើម្បីបង្កើនសំណើមធម្មជាតិនៅក្នុងភ្នែក។ ទឹករំអិលបន្តក់ភ្នែក ក៏អាចជួយបានដែរ។

ចំពោះស្រទាប់រឹងជាប់នឹងត្របកភ្នែក ចូរស្អំក្រណាត់ក្តៅឧណ្ហៗ ២ទៅ៤ដងក្នុងមួយថ្ងៃ រួចលាងត្របកភ្នែកថ្នមៗ។ បើមិនបានធូរស្រាលទេ វាប្រហែលជាមានការបង្ករោគដោយបាក់តេរី ហើយអ្នកអាចសាកល្បងប្រើ ថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក erythromycin ២ដងក្នុងមួយថ្ងៃ រយៈពេល ៧ថ្ងៃ។

ដុំឬហើមនៅលើត្របកភ្នែក

ដុំហើមពណ៌ក្រហមនៅលើត្របកភ្នែក ជាធម្មតាអាចជា៖

  • ពពែភ្នែកដែលជាដុំឈឺចាប់បណ្តាលមកពីការបង្ករោគនៅជុំវិញរោមភ្នែកមួយ, ឬមួយជា
  • បូសត្របកភ្នែក ជាដុំដែលអាចមិនឈឺចាប់ បណ្តាលមកពីការរាំងស្ទះនៅក្នុងត្របកភ្នែក។


ជួនកាល ការបង្ករោគដែលចាប់ផ្តើមនៅជុំវិញរោមភ្នែកណាមួយ អាចរាលដាលទៅក្នុងត្របកភ្នែក។

បញ្ហាទាំងពីរនេះអាចព្យាបាលបានដោយស្អំក្រណាត់ឧណ្ហៗ ៤ដងក្នុងមួយថ្ងៃ ម្តងៗរយៈពេល ១៥ ឬ២០នាទី។ ជ្រលក់ក្រណាត់នឹងទឹកក្តៅឡើងវិញជាច្រើនដង ដើម្បីឲ្យវាក្តៅបំផុតដែលអាចទ្រាំបានដោយមិនរលាក។ មិនត្រូវច្របាច់ឬចោះទម្លាយដុំនេះទេ ព្រោះវាធ្វើឲ្យកាន់តែធ្ងន់ធ្ងរ។

បើការហើមមិនបានធូរស្រាលក្នុងពេលពីរបីថ្ងៃទេ ចូររកជំនួយពីគ្រូពេទ្យ។


 ភ្នែកដែលមានដុំនៅកណ្តាលនៃត្របកភ្នែកក្រោម
 ភ្នែកដែលមានដុំនៅក្រោមនៃត្របកភ្នែកលើ
ពពែភ្នែកជាការបង្ករោគដ៏ឈឺចាប់នៅជុំវិញរោមភ្នែក។ ដុំនៅក្រោមត្របកភ្នែកដែលមិនឈឺចាប់ អាចជាបូសត្របកភ្នែក។

កម្ទេចអណ្តែត (ឃើញចំណុចតូចៗ)

ជួនកាលយើងឃើញកម្ទេចអណ្តែត ឬចំណុចហោះតូចៗ នៅពេលសំឡឹងមើលផ្ទៃភ្លឺ (ដូចជាជញ្ជាំង ឬមេឃ)។ ចំណុចទាំងនោះផ្លាស់ទីនៅពេលភ្នែកមានចលនា ហើយមានរាងស្រដៀងនឹងសត្វរុយតូចៗ។ ចំណុចទាំងនេះជាបញ្ហាទូទៅ ហើយជាធម្មតាមិនមានគ្រោះថ្នាក់ទេ។

ប្រសិនបើមានកម្ទេចអណ្តែតកើតឡើងយ៉ាងច្រើនភ្លាមៗ ហើយគំហើញចាប់ផ្តើមបាត់បង់នៅភ្នែកម្ខាង ឬអ្នកថែមទាំងឃើញពន្លឺព្រៀកៗជាបន្តបន្ទាប់ផងដែរ នោះវាអាចជាសញ្ញានៃស្ថានភាពមួយហៅថា ការរបូតបាតភ្នែក។ ការវះកាត់នៅមន្ទីរពេទ្យភ្នែក គឺត្រូវធ្វើឡើងជាបន្ទាន់ដើម្បីភ្ជាប់បាតភ្នែកឡើងវិញ។

កង្វះវីតាមីនអា (ខ្វាក់មាន់, ភាពស្ងួតក្រពេញទឹកភ្នែក)

NWTND eye Page 23-1.png

កង្វះវីតាមីនអា គឺជាប្រភេទមួយនៃកង្វះអាហារូបត្ថម្ភដែលអាចបំផ្លាញដល់ភ្នែករបស់កុមារ បណ្តាលឲ្យខ្វាក់ភ្នែក។ វាជាស្ថានភាពដែលអាចបង្ការបាន។

ចូរការពារភ្នែករបស់កុមារតូចៗដោយធានាថាពួកគេបរិភោគអាហារដែលសំបូរទៅដោយវីតាមីនអារួមមានអាហារពណ៌ទឹកក្រូច ដូចជាការ៉ុត ស្វាយ និងល្ហុង, និងបន្លែស្លឹកបៃតង ត្រី និងស៊ុត។ ការបំបៅកូនដោយទឹកដោះម្តាយ ជួយការពារភ្នែករបស់ទារកពីកង្វះវីតាមីនអា រួមជាមួយអត្ថប្រយោជន៍ជាច្រើនទៀតដល់សុខភាពរបស់ទារក។

នៅតំបន់ដែលបញ្ហាកង្វះអាហារូបត្ថម្ភប្រភេទនេះ ជាបញ្ហាញឹកញាប់ ជួនកាលគេផ្តល់ វីតាមីនអាជំនួយ ដល់កុមារ រៀងរាល់ ៦ខែម្តង]។ vitamin A supplement]] every 6 months.

សញ្ញា

ដំបូង ភ្នែកក្លាយទៅជាស្ងួត ហើយផលិតទឹកភ្នែកបានតិច។ បន្ទាប់មកក៏មានការលំបាកក្នុងការសំឡឹងមើលក្នុងទីដែលមានពន្លឺតិច។ ផ្នែកពណ៌សនៃភ្នែក បាត់បង់ភាពភ្លឺថ្លា ហើយចាប់ផ្តើមជ្រួញ។ នៅទីបំផុត ភ្នែកកាន់តែខូចខាត ហើយកុមារអាចក្លាយជាខ្វាក់ភ្នែក។

ការព្យាបាល

ប្រសិនបើកុមារមើលមិនច្បាស់នៅពេលល្ងាច ឬបើកុមារមានជំងឺកញ្ជ្រឹល ចូរព្យាបាលកុមារដោយប្រើ វីតាមីនអា

ភ្នែកស្រលៀង ភ្នែកកែក ភ្នែកព្រឹមៗ

ប្រសិនបើភ្នែកម្ខាងឬទាំងពីររបស់ទារកឬកុមារ មិនមើលត្រង់ទេ នោះស្ថានភាពនេះអាចបណ្តាលឲ្យបាត់បង់គំហើញចំពោះភ្នែកដែលមិនត្រង់នោះ។ ចូរនាំកុមារទៅជួបគ្រូពេទ្យភ្នែក។ វាមិនមែនជាបញ្ហាអាសន្នទេ ប៉ុន្តែកុមារគួរទៅជួបពេទ្យនៅក្នុងវ័យក្មេងបំផុត ដើម្បីមានឱកាសខ្ពស់បំផុតក្នុងការកែតម្រូវគំហើញរបស់គាត់។

ការព្យាបាល

គ្រូពេទ្យភ្នែកអាចនឹងប្រើក្រណាត់បាំងភ្នែកដែលល្អ ដើម្បីឲ្យភ្នែកដែលមិនត្រង់ ដំណើរការល្អប្រសើរ ឬអាចបញ្ជាឲ្យប្រើវ៉ែនតាពិសេសដើម្បីជាជំនួយ។ ជាទូទៅ ការវះកាត់អាចជួយកែភ្នែកឲ្យត្រង់បាន ប៉ុន្តែជារឿយៗគឺវាមិនចាំបាច់ទេ។

NWTND eye Page 24-1.png
ជួនកាល ការបាំងភ្នែកដែលល្អ នឹងជួយឲ្យភ្នែកដែលមិនត្រង់ ក្លាយជាត្រង់វិញ ព្រមទាំងមើលឃើញល្អប្រសើរផងដែរ។ កុមារមួយចំនួនត្រូវការពាក់ក្រណាត់បាំងភ្នែកពីរបីម៉ោងក្នុងមួយថ្ងៃ ឯកុមារខ្លះទៀតត្រូវការពាក់ពេញមួយថ្ងៃ។

ផ្ទៃពោះ និងគំហើញ

ការប្រែប្រួលអ័រម៉ូនអាចបណ្តាលឲ្យគំហើញរបស់ស្ត្រីប្រែប្រួលក្នុងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែជាធម្មតាបន្ទាប់ពីទារកកើតរួច គំហើញរបស់គាត់នឹងត្រឡប់ទៅធម្មតាវិញ។

ស្ត្រីមានផ្ទៃពោះដែលព្រឹលភ្នែកភ្លាមៗ, ឃើញចំណុចៗ, បាត់បង់គំហើញនៅភ្នែកម្ខាង, ឬស្រវ៉ាំងភ្នែក ប្រហែលជាកំពុងមានសញ្ញាគ្រោះថ្នាក់នៃស្ថានភាពដ៏ធ្ងន់ធ្ងរមួយ ហៅថា បម្រុងក្រឡាភ្លើង។ បម្រុងក្រឡាភ្លើង ក៏ធ្វើឲ្យឈឺក្បាល និងឡើងឈាមផងដែរ (១៤០/៩០ ឬលើសហ្នឹង)។ ចូរផ្តល់ជំនួយជាបន្ទាន់។

ចូរជួយស្ត្រីមានផ្ទៃពោះឲ្យទទួលការធ្វើតេស្ត៍រកជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា រួចទទួលការព្យាបាលបើត្រូវការ។ ស្ត្រីអាចមានជំងឺណាមួយក្នុងចំណោមនេះ ដែលឆ្លងក្នុងអំឡុងពេលរួមភេទ ប៉ុន្តែមិនដឹងខ្លួន។

ប្រសិនបើមេរោគឆ្លងទៅកាន់ភ្នែករបស់ទារកក្នុងអំឡុងពេលសម្រាលកូន នោះទារកអាចនឹងបាត់បង់គំហើញ។ ចូរការពារស្ត្រីមានផ្ទៃពោះពីជំងឺស្អូច និងជំងឺហ្ស៊ីកា ដែលជាជំងឺអាចបណ្តាលឲ្យមានបញ្ហាភ្នែកដ៏ធ្ងន់ធ្ងរដល់ទារក។ ជំងឺស្អូច អាចបង្ការបានដោយប្រើវ៉ាក់សាំង។ សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺហ្ស៊ីកា និងវិធីបង្ការវា, សូមមើលជំពូក ជំងឺពីសត្វមូស


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៦ ឧសភា ២០១៩