Hesperian Health Guides
ថ្នាំអង់ទីប៊ីយោទិកប្រយុទ្ធនឹងការបង្ករោគ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ការថែទាំសម្រាប់កុមារ > ថ្នាំអង់ទីប៊ីយោទិកប្រយុទ្ធនឹងការបង្ករោគ
- ១. ថ្នាំអង់ទីប៊ីយោទិកដែលមកពីត្រកូលតែមួយ ជាញឹកញាប់អាចព្យាបាលបញ្ហាដូចគ្នាបាន។ មានន័យថា អ្នកអាចប្រើថ្នាំផ្សេងៗគ្នាដែលស្ថិតក្នុងត្រកូលជាមួយគ្នាបាន។
- ២. ប្រសិនបើអ្នកអាល់ឡែស៊ីនឹងអង់ទីប៊ីយោទិកក្នុងត្រកូលណាមួយ នោះអ្នកនឹងអាល់ឡែស៊ីជាមួយសមាជិកដទៃទៀតនៃត្រកូលថ្នាំនោះដែរ។ មានន័យថា អ្នកត្រូវប្រើថ្នាំពីត្រកូលផ្សេងមួយទៀតជំនួសវិញ។
ត្រូវតែផ្តល់ថ្នាំអង់ទីប៊ីយោទិកឲ្យគ្រប់ “វគ្គ” របស់វា។ ការឈប់ប្រើថ្នាំមុនចំនួនថ្ងៃសរុបនៃការព្យាបាល អាចធ្វើឲ្យការបង្ករោគកាន់តែមានសភាពខ្លាំងក្លា។
មាតិកា
ថ្នាំ penicillins
ថ្នាំនៅក្នុងត្រកូល penicillin គឺជាអង់ទីប៊ីយោទិកដ៏មានសារប្រយោជន៍។ Penicillins ប្រយុទ្ធនឹងការបង្ករោគជាក់លាក់មួយចំនួន រួមទាំងប្រភេទដែលបង្កជាខ្ទុះ។
ថ្នាំ penicillin ត្រូវបានវាស់ជាមីលីក្រាម (mg) ឬជា units (U) ។ សម្រាប់ថ្នាំ G, ២៥០ mg = ៤០០.០០០ U ។
សម្រាប់មនុស្សភាគច្រើន, penicillin គឺជាថ្នាំដែលមានសុវត្ថិភាពបំផុតមួយ។ ការប្រើច្រើនជាងដូសដែលបានណែនាំ គឺជាការខ្ជះខ្ជាយប្រាក់ ប៉ុន្តែមិនងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកប្រើទេ។
ភាពស៊ាំនឹងថ្នាំ penicillin
ការបង្ករោគមួយចំនួន បានក្លាយជា “ស៊ាំ” នឹងថ្នាំ penicillin ទៅហើយ។ មានន័យថា កាលពីមុន ថ្នាំ penicillin អាចព្យាបាលនរណាដែលមានការបង្ករោគទាំងនេះឲ្យជាសះស្បើយបាន ប៉ុន្តែបច្ចុប្បន្នវាលែងមានប្រសិទ្ធភាពទៀតហើយ។ បើការបង្ករោគមិនឆ្លើយតបទៅនឹងថ្នាំ penicillin ធម្មតាទេ នោះគេអាចសាកល្បងថ្នាំអង់ទីប៊ីយោទិកដទៃទៀត ឬថ្នាំ penicillin ក្នុងទម្រង់ផ្សេង អាចមានប្រសិទ្ធភាព។ ឧទាហរណ៍ ជំងឺរលាកសួតជួនកាលស៊ាំនឹងថ្នាំ penicillin ។ ប្រើថ្នាំ amoxicillin ជំនួសវិញ
សម្រាប់ថ្នាំ penicillin គ្រប់ប្រភេទ (រួមទាំងថ្នាំ ampicillin និង amoxicillin)
មនុស្សមួយចំនួនអាល់ឡែស៊ីនឹងថ្នាំ penicillin ។ ប្រតិកម្មអាល់ឡែស៊ីកម្រិតស្រាល បណ្តាលឲ្យមានស្នាមក្រហម។ ជាញឹកញាប់ វាកើតឡើងប៉ុន្មានម៉ោងឬថ្ងៃក្រោយពេលប្រើថ្នាំ penicillin ហើយអាចមានរយៈពេលច្រើនថ្ងៃ។ ឈប់ប្រើថ្នាំ penicillin ជាបន្ទាន់។ ថ្នាំ Antihistamines ជួយបន្ថយភាពរមាស់ ។ ការឈឺក្រពះនិងរាកដោយសារថ្នាំ penicillin គឺមិនមែនជាសញ្ញានៃប្រតិកម្មអាល់ឡែស៊ីទេ, ហើយទោះជាវាធ្វើឲ្យពិបាកក៏ដោយ ក៏មិនគួរបញ្ឈប់ថ្នាំនេះដែរ។
ក្នុងករណីកម្រ ថ្នាំ penicillin អាចបណ្តាលឲ្យមានអាល់ឡែស៊ីធ្ងន់ធ្ងរ ហៅថាស្ហុកអាល់ឡែស៊ី។ ក្នុងរយៈពេលពីរបីនាទីឬម៉ោងបន្ទាប់ពីប្រើថ្នាំ penicillin, មុខរបស់គាត់ឡើងក្រហម, ហើមបំពង់កនិងបបូរមាត់, ពិបាកដកដង្ហើម, ចង់សន្លប់, រួចចូលក្នុងស្ថានភាពស្ហុក។ បញ្ហានេះគ្រោះថ្នាក់ខ្លាំងណាស់។ ត្រូវតែចាក់ថ្នាំ Epinephrine (adrenalin) ជាបន្ទាន់។ ត្រូវត្រៀមថ្នាំ epinephrine ជានិច្ចនៅពេលអ្នកផ្តល់ថ្នាំ penicillin ។ មើលជំពូក សង្គ្រោះបឋម ៖ ថ្នាំពេទ្យ (កំពុងផលិត)។
មិនគួរផ្តល់ថ្នាំ penicillin គ្រប់ប្រភេទ (ampicillin, amoxicillin, ឬផ្សេងទៀត) ដល់នរណាម្នាក់ដែលធ្លាប់មានប្រតិកម្មអាល់ ឡែស៊ីនឹងថ្នាំ penicillin ទៀតឡើយ, ទាំងថ្នាំលេប ឬថ្នាំចាក់។ ពីព្រោះថាប្រតិកម្មលើកក្រោយ អាចមានកម្រិតកាន់តែធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់។ អ្នកដែលអាល់ឡែស៊ីនឹងថ្នាំ penicillin អាចប្រើថ្នាំ erythromycin ឬអង់ទីប៊ីយោទិកដទៃទៀតជំនួស។
ថ្នាំចាក់
ជាធម្មតា ថ្នាំ Penicillin មានប្រសិទ្ធភាពល្អនៅពេលផ្តល់តាមមាត់។ ថ្នាំ penicillin ចាក់ អាចមានគ្រោះថ្នាក់។ វាកាន់តែងាយបង្កប្រតិកម្មអាល់ឡែស៊ីធ្ងន់ធ្ងរ និងបញ្ហាដទៃទៀត, ហើយគួរប្រើវាដោយប្រុងប្រយ័ត្ន។ ចូរប្រើថ្នាំ penicillin ចាក់ តែចំពោះការបង្ករោគដ៏គ្រោះថ្នាក់ឬធ្ងន់ធ្ងរប៉ុណ្ណោះ។
Ampicillin និង Amoxicillin
Ampicillin និង amoxicillin គឺជាពពួកថ្នាំ penicillins ដែលមានប្រសិទ្ធភាពទូលាយ, មានន័យថាវាអាចសម្លាប់បាក់តេរីជាច្រើនប្រភេទ។ ជារឿយៗ ថ្នាំពីរនេះអាចផ្លាស់ប្តូរគ្នាបាន។ នៅពេលណាអ្នកឃើញមានការណែនាំឲ្យប្រើថ្នាំ ampicillin នៅក្នុងសៀវភៅនេះ, ជាញឹកញាប់អ្នកអាចប្រើ amoxicillin ជំនួសបាន, ក្នុងកម្រិតដូសត្រឹមត្រូវ។
Ampicillin និង amoxicillin មានសុវត្ថិភាពជាខ្លាំង ហើយវាមានប្រយោជន៍ពិសេសសម្រាប់ទារកនិងកុមារតូច។ វាទាំងពីរមានប្រយោជន៍ក្នុងការព្យាបាលការបង្ករោគក្នុងត្រចៀក។ ថ្នាំ ampicillin មានប្រយោជន៍ក្នុងការព្យាបាលជំងឺរលាកស្រោមខួរ និងការបង្ករោគធ្ងន់ធ្ងរដទៃទៀតលើទារក, ហើយថ្នាំ amoxicillin ត្រូវបានប្រើសម្រាប់ជំងឺរលាកសួត។
ថ្នាំទាំងពីរនេះច្រើនតែបណ្តាលឲ្យមានចង្អោរនិងរាក ជាពិសេសថ្នាំ ampicillin ។ ចៀសវាងផ្តល់ថ្នាំទាំងពីរនេះឲ្យកុមារដែលមានជំងឺរាកស្រាប់ ប្រសិនបើអ្នកអាចផ្តល់ថ្នាំអង់ទីប៊ីយោទិកដទៃទៀតជំនួសបាន។
ផលរំខានញឹកញាប់ដទៃទៀត គឺស្នាមក្រហម។ ប៉ុន្តែកន្ទួលរមាស់ដែលកើតរួចបាត់ទៅវិញក្នុងរយៈពេលពីរបីម៉ោង អាចជាសញ្ញានៃអាល់ឡែស៊ីនឹងថ្នាំ penicillin ។ ត្រូវឈប់ផ្តល់ថ្នាំនេះជាបន្ទាន់ ហើយមិនត្រូវផ្តល់ថ្នាំ penicillin ឲ្យកុមារម្តងទៀតឡើយ។ ប្រតិកម្មអាល់ឡែស៊ីលើកក្រោយ អាចមានសភាពកាន់តែធ្ងន់ធ្ងរ និងគំរាមកំហែងដល់ជីវិតទៀតផង។ ចំពោះជំងឺខ្លះ អ្នកអាចប្រើថ្នាំ [[#Erythromycin|erythromycin}} ជំនួសបាន។ ស្នាមក្រហមរាបស្មើដែលមើលទៅដូចជាជំងឺកញ្ជ្រឹល ហើយជាទូទៅបាត់ទៅវិញក្នុងមួយសប្តាហ៍បន្ទាប់ពីចាប់ផ្តើមប្រើថ្នាំនេះ រួចក៏បាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃ, គឺមិនមែនជាអាល់ឡែស៊ីទេ។ ប៉ុន្តែយើងមិនអាចដឹងច្បាស់ថាតើស្នាមក្រហម កើតឡើងដោយសារអាល់ឡែស៊ីឬក៏មិនមែននោះទេ, ដូច្នេះជាការប្រសើរគួរតែឈប់ផ្តល់ថ្នាំនេះ។
ភាពស៊ាំនឹងថ្នាំនេះ កើតឡើងកាន់តែញឹកញាប់។ អាស្រ័យលើតំបន់ដែលអ្នករស់នោះ ថ្នាំនេះអាចនឹងលែងមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី staphylococcus, បាក់តេរី shigella, ឬការបង្ករោគដទៃទៀតហើយ។
Ampicillin និង amoxicillin មានប្រសិទ្ធភាពល្អនៅពេលប្រើតាមមាត់។ Ampicillin អាចត្រូវបានផ្តល់ជាថ្នាំចាក់ផងដែរ ប៉ុន្តែគួរតែចាក់សម្រាប់ជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ដូចជារលាកស្រោមខួរ, ឬនៅពេលដែលកុមារក្អួត ឬមិនអាចលេបបាន។
ដូចថ្នាំអង់ទីប៊ីយោទិកដទៃទៀតដែរ ចូរផ្តល់ថ្នាំទាំងនេះសម្រាប់រយៈពេលយ៉ាងហោចណាស់ក៏ចំនួនថ្ងៃតិចបំផុតដែលបង្ហាញនៅទីនេះ។ បើកុមារមានសញ្ញានៃការបង្ករោគ ចូរឲ្យគាត់បន្តប្រើថ្នាំនូវបរិមាណដដែលរៀងរាល់ថ្ងៃ រហូតទាល់តែសញ្ញាទាំងអស់នៃការបង្ករោគ បានបាត់ទៅវិញរយៈពេលយ៉ាងតិច ២៤ម៉ោង។ បើគាត់បានប្រើថ្នាំរយៈពេលយូរបំផុតរួចហើយ តែនៅតែឈឺ ចូរឈប់ផ្តល់ថ្នាំអង់ទីប៊ីយោទិក រួចស្វែងរកជំនួយវេជ្ជសាស្ត្រ។ សម្រាប់អ្នកមានមេរោគអេដស៍ ត្រូវផ្តល់ថ្នាំសម្រាប់រយៈពេលយូរបំផុតដែលបង្ហាញនៅទីនេះ។
ដូចគ្នាដែរ បរិមាណនៃអង់ទីប៊ីយោទិកដែលត្រូវប្រើ គឺអាស្រ័យលើអាយុឬទម្ងន់របស់អ្នកជំងឺ និងភាពធ្ងន់ធ្ងរនៃការបង្ករោគ។ ជាទូទៅ ចូរផ្តល់បរិមាណតិច ចំពោះកុមារស្គម ឬការបង្ករោគមិនសូវធ្ងន់ធ្ងរ, និងបរិមាណច្រើនចំពោះកុមារធ្ងន់ ឬការបង្ករោគធ្ងន់ធ្ងរជាង។
AMOXICILLIN (ថ្នាំលេប)សម្រាប់ការបង្ករោគភាគច្រើនលើកុមារ
អាយុក្រោម ៣ខែ ៖ ផ្តល់ចំនួន ១២៥ mg, មួយថ្ងៃ ២ដង រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុ ៣ ខែទៅ ៣ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ mg, មួយថ្ងៃ ២ដង រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុ ៤ ឆ្នាំទៅ ៧ឆ្នាំ ៖ ផ្តល់ចំនួន ៣៧៥ mg, មួយថ្ងៃ ២ដង រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុ ៨ ទៅ ១២ឆ្នាំ ៖ ផ្តល់ចំនួន ៥០០ mg, មួយថ្ងៃ ២ដង រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ចំនួន ៥០០ ទៅ ៨៧៥ mg, មួយថ្ងៃ ២ដង រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុ ២ ទៅ ១២ខែ ៖ ផ្តល់ចំនួន ២៥០ mg, មួយថ្ងៃ ២ដង រយៈពេល ៣ ទៅ ៥ថ្ងៃ។
អាយុ ១២ ខែទៅ ៣ឆ្នាំ ៖ ផ្តល់ចំនួន ៥០០ mg, មួយថ្ងៃ ២ដង រយៈពេល ៣ ទៅ ៥ថ្ងៃ។
អាយុ ៣ ទៅ ៥ឆ្នាំ ៖ ផ្តល់ចំនួន ៧៥0 mg, មួយថ្ងៃ ២ដង រយៈពេល ៣ ទៅ ៥ថ្ងៃ។
អាយុក្រោម ១ឆ្នាំ ៖ ផ្តល់ចំនួន ១០០ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
អាយុ ១ ទៅ ៣ឆ្នាំ ៖ ផ្តល់ចំនួន ១២៥ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
អាយុ ៤ឆ្នាំ ទៅ ៧ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
អាយុ ៨ទៅ ១២ឆ្នាំ ៖ ផ្តល់ចំនួន ៣៧៥ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ចំនួន ៥០០ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
ថ្នាំ Ampicillin ចាក់ គឺសម្រាប់ជំងឺធ្ងន់ធ្ងរ ឬនៅពេលដែលនរណាម្នាក់ក្អួត ឬមិនអាចលេបបាន។ ចាក់ចំនួន ១០០ ទៅ ២០០ mg ក្នុងមួយគីឡូក្រាម រៀងរាល់ថ្ងៃ ដោយចែកជា ៤ដូសក្នុងមួយថ្ងៃ។ បើអ្នកមិនអាចថ្លឹងទម្ងន់ទេ ចូរកំណត់ដូសទៅតាមអាយុ ៖
អាយុ ១ ទៅ ៥ឆ្នាំ ៖ ចាក់ចំនួន ៣០០ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
អាយុ ៦ ទៅ ១២ឆ្នាំ ៖ ចាក់ចំនួន ៦២៥ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
អាយុលើស ១២ឆ្នាំ ៖ ចាក់ចំនួន ៨៧៥ mg, មួយថ្ងៃ ៤ដង រយៈពេល ៧ថ្ងៃ។
ដើម្បីព្យាបាលជំងឺរលាកស្រោមខួរ ខណៈពេលនាំកុមារទៅកាន់មន្ទីរពេទ្យ ចូរចាក់ថ្នាំផ្សំណាមួយក្នុងចំណោមខាងក្រោម ទៅក្នុងសាច់ដុំឬសរសៃវ៉ែន។ ចាក់សរសៃវ៉ែនតែប្រសិនបើអ្នកបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវប៉ុណ្ណោះ, បើមិនដូច្នោះទេ ចូរចាក់តាមសាច់ដុំ។ មើលជំពូក ថ្នាំពេទ្យ ការធ្វើតេស្ត៍ និងការព្យាបាល (កំពុងផលិត) អំពីរបៀបចាក់ថ្នាំ។
AMPICILLIN និង CEFTRIAXONE
លាយម្សៅថ្នាំ ampicillin នៃដបចំណុះ ៥០០ mg ជាមួយទឹកស្ទេរីល ២,១ ml សម្រាប់ចាក់។ ល្បាយនេះបង្កើតជាកំហាប់ ៥០០ mg ក្នុង ២,៥ ml ។
លាយម្សៅថ្នាំ ceftriaxone នៃដបចំណុះ ១ gram ជាមួយទឹកស្ទេរីល ៣,៥ ml សម្រាប់ចាក់។ ល្បាយនេះបង្កើតជាកំហាប់ ១ g ក្នុង ៤ ml ។
CEFTRIAXONE ចាក់ចំនួន ១០០ mg ក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួន, មួយថ្ងៃម្តង រយៈពេលយ៉ាងតិច ៥ថ្ងៃ។
បើអ្នកមិនអាចថ្លឹងកុមារទេ ចូរកំណត់ដូសទៅតាមអាយុ ៖
ceftriaxone ចំនួន ២ ml មួយថ្ងៃម្តង, រយៈពេលយ៉ាងតិច ៥ថ្ងៃ។
អាយុ ១ ទៅ ៣ឆ្នាំ ៖ ចាក់ ampicillin ចំនួន ៣ ml មួយថ្ងៃ ៤ដង, និង
ceftriaxone ចំនួន ៤ ml មួយថ្ងៃម្តង, រយៈពេលយ៉ាងតិច ៥ថ្ងៃ។
អាយុ ៤ ទៅ ៥ឆ្នាំ ៖ ចាក់ ampicillin ចំនួន ៥ ml មួយថ្ងៃ ៤ដង, និង
ceftriaxone ចំនួន ៦ ml មួយថ្ងៃម្តង, រយៈពេលយ៉ាងតិច ៥ថ្ងៃ។
ឬ
AMPICILLIN និង GENTAMICIN
លាយថ្នាំ ampicillin នៃដបចំណុះ ៥០០ mg ជាមួយទឹកស្ទេរីល ២,១ ml សម្រាប់ចាក់។ ល្បាយនេះបង្កើតជាកំហាប់ ៥០០ mg ក្នុង ២,៥ ml ។
ប្រើដបថ្នាំ gentamicin ចំណុះ ២ ml ដែលមិនទាន់លាយ, ចំនួន ៤០ mg ក្នុងមួយ ml ។
Gentamicin គឺជាថ្នាំអង់ទីប៊ីយោទិកដ៏ខ្លាំងក្លានៃត្រកូល aminoglycoside ។ វាអាចត្រូវបានផ្តល់តែតាមរយៈការចាក់ ឬដាក់សេរ៉ូមក្នុងសរសៃប៉ុណ្ណោះ។ ថ្នាំនេះអាចបំផ្លាញគ្រលៀន និងសមត្ថភាពស្តាប់, ដូច្នេះហើយគួរត្រូវបានប្រើតែក្នុងស្ថានភាពអាសន្ន នៅតាមផ្លូវទៅកាន់ជំនួយវេជ្ជសាស្ត្រប៉ុណ្ណោះ។ ត្រូវតែផ្តល់ថ្នាំ gentamicin ក្នុងកម្រិតដូសយ៉ាងសុក្រិត។
បើកុមារខ្សោះជាតិទឹក (មាត់ស្ងួតខ្លាំង ឬមិននោម) ចូរផ្តល់ទឹកអូរ៉ាលីត្ររហូតទាល់តែការខ្សោះជាតិទឹក បានប្រសើរឡើង មុននឹងផ្តល់ថ្នាំ gentamicin ។ មើល របៀបធ្វើនិងផ្តល់ទឹកអូរ៉ាលីត្រ
សម្រាប់ទារកអាយុតិចជាង ១សប្តាហ៍
AMPICILLIN: ចាក់ចំនួន ៥០ mg ក្នុងមួយគីឡូក្រាម, មួយថ្ងៃ ២ដង រយៈពេលយ៉ាងតិច ៥ថ្ងៃ,
និង
GENTAMICIN: ចាក់ចំនួន ៥ mg ក្នុងមួយគីឡូក្រាម, មួយថ្ងៃម្តង រយៈពេលយ៉ាងតិច ៥ថ្ងៃ។ មិនត្រូវផ្តល់លើស ១០ថ្ងៃឡើយ។
សម្រាប់ទារកអាយុ ១សប្តាហ៍ទៅ ១ខែ
AMPICILLIN: ចាក់ចំនួន ៥០ mg ក្នុងមួយគីឡូក្រាម, មួយថ្ងៃ ៣ដង រយៈពេលយ៉ាងតិច ៥ថ្ងៃ,
និង
GENTAMICIN: ចាក់ចំនួន ៧,៥ mg ក្នុងមួយគីឡូក្រាម, មួយថ្ងៃម្តង រយៈពេលយ៉ាងតិច ៥ថ្ងៃ។ មិនត្រូវផ្តល់លើស ១០ថ្ងៃឡើយ។
សម្រាប់កុមារ និងសម្រាប់ទារកអាយុលើស ១ខែ
AMPICILLIN ចាក់ចំនួន ៥០ mg ក្នុងមួយគីឡូក្រាម, មួយថ្ងៃ ៤ដង រយៈពេលយ៉ាងតិច ៥ថ្ងៃ,
និង
GENTAMICIN ចាក់ចំនួន ៧,៥ mg ក្នុងមួយគីឡូក្រាម, មួយថ្ងៃម្តង រយៈពេលយ៉ាងតិច ៥ថ្ងៃ។ មិនត្រូវផ្តល់លើស ១០ថ្ងៃឡើយ។
ដើម្បីសុវត្ថិភាពប្រសើរ អ្នកគួរផ្តល់ថ្នាំ gentamicin ឲ្យត្រឹមត្រូវតាមដូសជាក់ស្តែង អាស្រ័យលើទម្ងន់កុមារ ប៉ុន្តែបើអ្នកមិនអាចថ្លឹងកុមារទេ ចូរកំណត់ដូសទៅតាមអាយុ ៖
អាយុ ១ ទៅ ៤ខែ៖ ចាក់ថ្នាំ ampicillin ចំនួន ១,៥ ml មួយថ្ងៃ ៤ដង, និង
gentamicin ចំនួន ១ ml មួយថ្ងៃម្តង, រយៈពេលយ៉ាងតិច ៥ថ្ងៃ។
អាយុ ៤ ទៅ ១២ខែ៖ ចាក់ថ្នាំ ampicillin ចំនួន ២ ml មួយថ្ងៃ ៤ដង, និង
gentamicin ចំនួន ១,៥ ml មួយថ្ងៃម្តង, រយៈពេលយ៉ាងតិច ៥ថ្ងៃ។
អាយុ ១ ទៅ ៣ឆ្នាំ ៖ ;;;ចាក់ថ្នាំ ampicillin ចំនួន ៣ ml មួយថ្ងៃ ៤ដង, និង
gentamicin ចំនួន ២ ml មួយថ្ងៃម្តង, រយៈពេលយ៉ាងតិច ៥ថ្ងៃ។
អាយុ ៤ ទៅ ៥ឆ្នាំ ៖ ចាក់ថ្នាំ ampicillin ចំនួន ៥ ml មួយថ្ងៃ ៤ដង, និង
gentamicin ចំនួន ៣ ml មួយថ្ងៃម្តង, រយៈពេលយ៉ាងតិច ៥ថ្ងៃ។
មិនត្រូវផ្តល់លើស ១០ថ្ងៃឡើយ។
Penicillin តាមមាត់, penicillin V, penicillin VK
ថ្នាំ penicillin តាមមាត់ (ជាជាងតាមការចាក់) អាចត្រូវបានប្រើសម្រាប់ការបង្ករោគកម្រិតស្រាលនិងមធ្យម រួមទាំង ៖
- ឈឺបំពង់ក ដោយមានគ្រុនក្តៅខ្ពស់ភ្លាមៗ (ដោយបាក់តេរី Streptococcus)
- ការបង្ករោគក្នុងត្រចៀក
- រលាករន្ធច្រមុះ
- ជំងឺគ្រុនរលាកសន្លាក់
- ជំងឺរលាកសួត
បើទោះជាអ្នកបានចាប់ផ្តើមដោយផ្តល់ថ្នាំ penicillin ចាក់ សម្រាប់ការបង្ករោគធ្ងន់ធ្ងរក៏ដោយ, ជាទូទៅអ្នកអាចប្តូរមកប្រើថ្នាំ penicillin លេបវិញ នៅពេលអ្នកជំងឺចាប់ផ្តើមមានភាពប្រសើរឡើង។ ប្រសិនបើមិនចាប់ផ្តើមមានភាពប្រសើរឡើងក្នុងរយៈពេល ២ឬ៣ថ្ងៃទេ ចូរពិចារណាប្តូរទៅប្រើអង់ទីប៊ីយោទិកដទៃទៀត និងស្វែងរកដំបូន្មានវេជ្ជសាស្ត្រ។
ដើម្បីជួយឲ្យរាងកាយប្រើប្រាស់ថ្នាំបានប្រសើរ ចូរលេបថ្នាំ penicillin នៅពេលពោះទទេរ, យ៉ាងតិច ១ម៉ោងមុន ឬ២ម៉ោងក្រោយពេលបរិភោគអាហារ។
អាយុក្រោម ១ឆ្នាំ ៖ ផ្តល់ចំនួន ៦២,៥ mg, មួយថ្ងៃ ៤ដង រយៈពេល ១០ថ្ងៃ។
អាយុ ១ ទៅ ៥ឆ្នាំ ៖ ផ្តល់ចំនួន ១២៥ mg, មួយថ្ងៃ ៤ដង រយៈពេល ១០ថ្ងៃ។
អាយុ ៦ ទៅ ១២ឆ្នាំ៖ ផ្តល់ចំនួន ១២៥ ទៅ ២៥០ mg, មួយថ្ងៃ ៤ដង រយៈពេល ១០ថ្ងៃ។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ ទៅ ៥០០ mg, មួយថ្ងៃ ៤ដង រយៈពេល ១០ថ្ងៃ។
ចំពោះការបង្ករោគកាន់តែធ្ងន់ធ្ងរ ចូរបង្កើនដូសខាងលើទ្វេរដង។
មនុស្សធំ ៖ ផ្តល់ចំនួន ៥០០ mg, មួយថ្ងៃ ២ដង រយៈពេល ១០ថ្ងៃ។
ថ្នាំ penicillin ចាក់, penicillin G
គួរផ្តល់ថ្នាំ penicillin ចាក់ សម្រាប់ការបង្ករោគធ្ងន់ធ្ងរជាក់លាក់ ដូចជា ៖
- ជំងឺតេតាណូស
- ជំងឺរលាកសួតធ្ងន់ធ្ងរ
- របួសក្លាយយ៉ាងធ្ងន់ធ្ងរ
- នៅពេលឆ្អឹងចាក់ទម្លុះស្បែក
- ជំងឺស្វាយ
ថ្នាំ penicillin ចាក់ មានច្រើនទម្រង់ខុសៗគ្នា។ ចំណុចខុសគ្នាជាចម្បងនោះគឺ រយៈពេលដែលជាតិថ្នាំស្ថិតនៅក្នុងរាងកាយ ៖ សកម្មភាពខ្លី, សកម្មភាពមធ្យម, ឬសកម្មភាពយូរ។
PROCAINE PENICILLIN, PROCAINE BENZYLPENICILLIN (សកម្មភាពមធ្យម) ចាក់តែតាមសាច់ដុំប៉ុណ្ណោះ (IM), គឺមិនចាក់តាមសរសៃឡើយ (IV)។
អាយុ ២ខែ ទៅ ៣ឆ្នាំ ៖ ចាក់ចំនួន ១៥០.០០០ units, មួយថ្ងៃម្តង រយៈពេល ១០ ទៅ ១៥ថ្ងៃ។
អាយុ ៤ ទៅ ៧ឆ្នាំ ៖ ចាក់ចំនួន ៣០០.០០០units, មួយថ្ងៃម្តង រយៈពេល ១០ ទៅ ១៥ថ្ងៃ។
អាយុ ៨ ទៅ ១២ឆ្នាំ ៖ ចាក់ចំនួន ៦០០.០០០ units, មួយថ្ងៃម្តង រយៈពេល ១០ ទៅ ១៥ថ្ងៃ។
អាយុលើស ១២ឆ្នាំ ៖ ចាក់ចំនួន ៦០០.០០០ ទៅ ៤.៨០០.០០០ units, មួយថ្ងៃម្តង រយៈពេល ១០ ទៅ ១៥ថ្ងៃ។
មិនត្រូវប្រើលើទារកអាយុក្រោម ២ខែទេ លុះត្រាតែមិនមានថ្នាំ penicillin ឬ ampicillin ផ្សេងទៀត។ ប្រសិនបើវាជម្រើសតែមួយគត់របស់អ្នក ចូរចាក់ចំនួន ៥០.០០០ units, មួយថ្ងៃម្តង រយៈពេល ១០ទៅ១៥ថ្ងៃ។
សម្រាប់ការបង្ករោគធ្ងន់ធ្ងរខ្លាំងនៅអាយុប៉ុន្មានក៏ដោយ ចូរបង្កើនដូសខាងលើទ្វេរដង។ មិនត្រូវផ្តល់លើស ៤.៨០០.០០០ units ក្នុងមួយថ្ងៃឡើយ។
BENZATHINE BENZYLPENICILLIN, BENZATHINE PENICILLIN (សកម្មភាពយូរ)
ចាក់តែតាមសាច់ដុំប៉ុណ្ណោះ (IM), គឺមិនចាក់តាមសរសៃឡើយ (IV)។
មនុស្សធំ និងកុមារលើស ៣០ kg, ឬអាយុលើស ៨ឆ្នាំ ៖ ចាក់ចំនួន ១,២លាន units។ សម្រាប់ការបង្ករោគកម្រិតស្រាល ១ម្ជុលប្រហែលជាគ្រប់គ្រាន់ហើយ។
សម្រាប់ឈឺបំពង់កដោយបាក់តេរី Streptococcus, ចូរផ្តល់តាមដូសខាងលើ ១ម្ជុល។
សម្រាប់អ្នកដែលធ្លាប់កើតជំងឺគ្រុនរលាកសន្លាក់, ចូរចាក់តាមដូសខាងលើរៀងរាល់ ៤សប្តាហ៍ម្តង។ បន្តការព្យាបាលនេះរយៈពេល ៥ ទៅ ១០ឆ្នាំ ដើម្បីបង្ការជំងឺបេះដូងដោយសារប្រគ្រីវ។
សម្រាប់ជំងឺស្វាយលើទារកទើបកើត ចាក់ចំនួន ៥០.០០០ units ក្នុងមួយគីឡូក្រាម, តែមួយដងគត់។
ថ្នាំអង់ទីប៊ីយោទិកដទៃទៀត
Erythromycin
Erythromycin មានប្រសិទ្ធភាពប្រឆាំងនឹងការបង្ករោគយ៉ាងច្រើនដូចគ្នានឹង penicillin ដែរ, ហើយអាចត្រូវបានប្រើចំពោះអ្នកដែលអាល់ឡែស៊ីនឹងថ្នាំ penicillins ។ សម្រាប់ការបង្ករោគជាច្រើន វាអាចត្រូវបានប្រើជំនួស tetracycline ផងដែរ។ វាក៏អាចត្រូវបានប្រើសម្រាប់ជំងឺខាន់ស្លាក់ និងក្អកមាន់ផងដែរ។
ជាញឹកញាប់ ថ្នាំ erythromycin បណ្តាលឲ្យចង្អោរ និងរាក, ជាពិសេសចំពោះកុមារ។ មិនត្រូវប្រើយូរជាង ២សប្តាហ៍ទេ ព្រោះវាអាចបណ្តាលឲ្យកើតជំងឺខាន់លឿង។
ទើបកើត រហូតដល់ ១ខែ ៖ ផ្តល់ចំនួន ៦២ mg, មួយថ្ងៃ ៣ដង, រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុ ១ខែទៅ ២ឆ្នាំ ៖ ផ្តល់ចំនួន ១២៥ mg, មួយថ្ងៃ ៣ដង, រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុ ២ ទៅ ៨ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ mg, មួយថ្ងៃ ៣ដង, រយៈពេល ៧ ទៅ ១០ថ្ងៃ។
អាយុលើស ៨ឆ្នាំ ៖ ផ្តល់ចំនួន ២៥០ ទៅ ៥០០ mg, មួយថ្ងៃ ៤ដង, រយៈពេល ៧ ទៅ ១០ថ្ងៃ។
សម្រាប់ការបង្ករោគធ្ងន់ធ្ងរ ចូរបង្កើនដូសខាងលើទ្វេរដង។
Cotrimoxazole, sulfamethoxazole ជាមួយនឹង trimethoprim, TMP-SMX
បន្សំរវាងថ្នាំអង់ទីប៊ីយោទិក ២មុខបែបនេះ គឺមិនមានតម្លៃខ្ពស់ទេ ហើយវាប្រយុទ្ធនឹងការបង្ករោគយ៉ាងច្រើន។ វាជាថ្នាំដ៏សំខាន់មួយសម្រាប់អ្នកមានមេរោគអេដស៍ ហើយអាចបង្ការការបង្ករោគជាច្រើនដែលកើតឡើងដោយសារមេរោគអេដស៍។ មើលជំពូក មេរោគអេដស៍ និងជំងឺអេដស៍ (កំពុងផលិត)។
ចៀសវាងផ្តល់ថ្នាំ cotrimoxazole ឲ្យទារកអាយុក្រោម ៦សប្តាហ៍ និងស្ត្រីស្ថិតក្នុង ៣ខែចុងក្រោយនៃផ្ទៃពោះ។ អាល់ឡែស៊ីនឹងថ្នាំនេះកើតឡើងជាញឹកញាប់។ សញ្ញានៃប្រតិកម្មអាល់ឡែស៊ីមាន គ្រុនក្តៅ ពិបាកដកដង្ហើម ឬឡើងស្នាមក្រហម។ ឈប់ផ្តល់ថ្នាំ cotrimoxazole បើកុមារឡើងស្នាមក្រហម ឬបើអ្នកគិតថាប្រហែលជាមានអាល់ឡែស៊ី។
ថ្នាំ cotrimoxazole មានផ្ទុកជាតិថ្នាំ ២មុខដែលមានកម្លាំងផ្សេងៗគ្នា។ ដូច្នេះវាអាចមានជា ២០០/៤០ (មានន័យថា sulfamethoxazole ២០០ mg និង trimethoprim ៤០mg) ឬ ៤០០/៨០ ឬ ៨០០/១៦០ ។ ជួនកាល គេរៀបរាប់ដូសថ្នាំសំដៅលើតែបរិមាណនៃ trimethoprim ប៉ុណ្ណោះ (លេខទី២)។
សម្រាប់ការបង្ករោគភាគច្រើនអាយុ ៦ខែ ទៅ ៥ឆ្នាំ ៖ ផ្តល់ sulfamethoxazole ២០០ mg + trimethoprim ៤០ mg, មួយថ្ងៃ ២ដង រយៈពេល ៥ថ្ងៃ។
អាយុ ៦ទៅ ១២ឆ្នាំ ៖ ផ្តល់ sulfamethoxazole ៤០០ mg + trimethoprim ៨០ mg, មួយថ្ងៃ ២ដង រយៈពេល ៥ថ្ងៃ។
អាយុលើស ១២ឆ្នាំ ៖ ផ្តល់ sulfamethoxazole ៨០០ mg + trimethoprim ១៦០ mg, មួយថ្ងៃ ២ដង រយៈពេល ៥ថ្ងៃ។