Hesperian Health Guides

ការកាប់បំផ្លាញព្រៃឈើ

នៅក្នុងជំពូកនេ:

ព្រៃឈើភាគច្រើនត្រូវបានបំផ្លាញដោយក្រុមហ៊ុនកាប់ឈើ និងសាជីវកម្មដទៃទៀតដែលរកប្រាក់ចំណូលពីការប្រើប្រាស់ធនធានដោយគ្មានស្ថិរភាព។ នៅពេលបំផ្លាញព្រៃឈើមួយកន្លែងហើយ ក្រុមហ៊ុនធំៗគ្រាន់តែប្តូរទៅកាប់ព្រៃឈើនៅកន្លែងមួយទៀតយ៉ាងងាយ។ ប៉ុន្តែប្រជាជនដែលរស់នៅក្បែរឬនៅក្នុងតំបន់ព្រៃឈើដែលបានបំផ្លញនេះ ជាទូទៅគ្មានកន្លែងដទៃដែលត្រូវផ្លាស់ទីលំនៅទេ។

ប្រជាជនដែលមិនរស់នៅក្នុងតំបន់ព្រៃឈើដោយផ្ទាល់ ក៏នៅតែត្រូវការប្រើប្រាស់ផលិតផលព្រៃឈើយ៉ាងច្រើនដែរ ដូចជាសៀវភៅនិងកាសែត, សម្ភារៈសំណង់, អាហារ ដូចជាសាច់គោ សណ្តែកសៀង និងប្រេងដូងដែលយកពីព្រៃ, និងជាតិរ៉ែដែលជីកពីក្រោមដើមឈើ។ កម្រមានប្រជាជនណាពិចារណាអំពីតម្រូវការនៃការដាំដើមឈើឡើងវិញនៅពេលកាប់ប្រើរួចហើយទេ។


តើព្រៃឈើត្រូវបានកាប់បន្ថយនិងកាប់បំផ្លាញដោយរបៀបណា

ប្រសិនបើធនធានព្រៃឈើមិនត្រូវបានប្រើប្រាស់និងចាត់ចែងក្នុងវិធីមួយដែលអនុញ្ញាតឲ្យវាដុះឡើងវិញទេ ព្រៃឈើទាំងអស់របស់យើងនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ។ មូលហេតុនៃការបំផ្លាញព្រៃឈើក្នុងទ្រង់ទ្រាយធំ រួមមាន:

  • ការកាប់បោសសម្អាត (នៅពេលដើមឈើស្ទើរតែទាំងអស់នៅក្នុងតំបន់មួយត្រូវបានកាប់ធ្វើជាឈើអារ) ធ្វើឲ្យមានសំណឹកដី, បំផ្លាញសត្វព្រៃ, និងចាក់បំពេញផ្លូវទឹកដោយល្បាប់។
  • ការធ្វើកសិកម្មទំនើប កសិដ្ឋានចិញ្ចឹមគោ និងចម្ការបណ្តុះកូនឈើ ច្រើនតែពាក់ព័ន្ធនឹងការកាប់ឆ្ការព្រៃឈើ។
  • កសិដ្ឋានចិញ្ចឹមបង្កងត្រូវបានសាងសង់ដោយការកាប់ដើមកោងកាងនៅព្រៃលិចទឹក និងនៅព្រៃនៅតំបន់ឆ្នេរ ដែលជាញឹកញាប់ធ្វើឲ្យអ្នករកត្រីតូចតាចបាត់បង់មុខរបរ, ធ្វើឲ្យកខ្វក់ទឹក, និងនាំឲ្យមានជំងឺ ភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភកាន់តែច្រើន។
  • រោងម៉ាស៊ីនផលិតក្រដាស បន្សល់កាកសំណល់ពុលដែលធ្វើឲ្យដី ទឹក និងខ្យល់ ក្លាយជាកខ្វក់។
  • ក្រុមហ៊ុនរុករករ៉ែ ប្រេង និងឧស្ម័ន កាប់ព្រៃឈើ និងបន្យល់កាកសំណល់ពុលដែលធ្វើឲ្យដី ទឹក និងខ្យល់ ក្លាយជាកខ្វក់។
  • គម្រោងទំនប់ធំៗធ្វើឲ្យលិចតំបន់ព្រៃឈើយ៉ាងធំ។ ប្រជាជនដែលត្រូវបានជម្លៀសចេញពីកន្លែងសង់ទំនប់ ក៏ទៅកាប់ព្រៃឈើបន្ថែមទៀតដើម្បីធ្វើផ្ទះនិងចម្ការថ្មី។
A fat man with a money sign on his pocket stands in a landscape of tree stumps in front of piles of timber and a smoky factory.
នៅពេលព្រៃឈើក្លាយទៅជាផលិតផលដែលអាចលក់និងទិញបាន សាជីវកម្ម និងរដ្ឋាភិបាលកម្រគិតពិចារណាលើផលប៉ះពាល់ដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនណាស់។