Hesperian Health Guides
ព្រៃឈើ និងការចិញ្ចឹមជីវិត
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១០. ព្រៃឈើ > ព្រៃឈើ និងការចិញ្ចឹមជីវិត
នៅពេលប្រជាជនអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់ខ្លួនបាន ពួកគេអាចគិតអំពីអនាគតបានកាន់តែល្អប្រសើរ រួមទាំងការថែទាំបរិស្ថានផងដែរ។ ប្រជាជនដែលរស់នៅក្នុងតំបន់ព្រៃឈើនិងដែលយកចិត្តទុកដាក់នឹងព្រៃឈើ ដឹងថាមានវិធីច្រើនយ៉ាងក្នុងការចិញ្ចឹមជីវិតដោយសារព្រៃឈើដោយមិនបណ្តាលឲ្យមានការបំផ្លាញច្រើនពេកទេ។ ក្នុងករណីជាច្រើន ការបំផ្លាញព្រៃឈើគឺបណ្តាលមកពីតម្រូវការរបស់ឧស្សាហកម្ម និងសម្ពាធនៃភាពក្រីក្រ។
ការកាប់បំផ្លាញព្រៃឈើបណ្តាលឲ្យមានភាពក្រីក្រ ហើយភាពក្រីក្របណ្តាលឲ្យមានការកាប់បំផ្លាញព្រៃឈើ។ |
មាតិកា
ការធ្វើកសិកម្មនៅក្នុងព្រៃ
នៅកន្លែងជាច្រើន កសិករកាប់ព្រៃយកដីមួយក្បាលដើម្បីដាំដំណាំ ដោយមិនប៉ះពាល់ព្រៃឈើដែលនៅវិញទេ។ ពួកគេធ្វើកសិកម្មនៅលើដីនេះរហូតទាល់តែរុក្ខជាតិតូច(ដូចជាស្មៅ)ចាប់ផ្តើមដុះរំខានដំណាំ។ បន្ទាប់មកពួកគេក៏ទៅកាប់ឆ្ការយកដីមួយក្បាលទៀត ហើយដើមឈើក៏ដុះនិងបង្កើនជីជាតិដីឡើងវិញនៅលើក្បាលដីចាស់។ វិធីនេះជួនកាលហៅថា "ការកាប់រួចដុត"។
"ការកាប់រួចដុត" ត្រូវបានអនុវត្តរាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែនៅពេលចំនួនប្រជាជនកើនឡើង ហើយតាំងទីលំនៅនៅកន្លែងថ្មី, ចំនួនព្រៃឈើសម្រាប់ការធ្វើកសិកម្មបែបនេះក៏ត្រូវបានកាត់បន្ថយ។ ហើយដីដែលធ្វើកសិកម្មរួច ក៏មិនមានគ្រប់គ្រាន់ឲ្យដើមឈើដុះឡើងវិញដែរ។ "ការកាប់រួចដុត" បានក្លាយជាគ្មានស្ថិរភាព សម្រាប់ទាំងកសិករនិងព្រៃឈើ។ សហគមន៍ដែលធ្វើកសិកម្មនៅក្នុងតំបន់ព្រៃឈើ អាចទទួលបានលទ្ធផលល្អប្រសើរនិងថែរក្សាទីតាំងនៅលើដីរបស់ខ្លួនបានយូរអង្វែង ប្រសិនបើពួកគេប្រើប្រាស់មធ្យោបាយកសិកម្មដែលមានស្ថិរភាព។
ការការពារព្រៃឈើ និងការចិញ្ចឹមជីវិត
នៅក្នុងតំបន់ព្រៃអានដ្រាប្រ៉ាដេស(Andra Pradesh)នៃប្រទេសឥណ្ឌា អ្នកភូមិកាប់ឆ្ការព្រៃឈើយកដីច្រើនក្បាលតូចៗដើម្បីដាំដំណាំ។ ប៉ុន្តែប៉ុន្មានខែក្រោយមក នៅពេលដីរបស់ពួកគេផ្តល់អាហារតិចតួច ការចិញ្ចឹមជីវិតរបស់អ្នកភូមិ ក៏ពឹងផ្អែកលើអ្វីៗដែលដុះក្នុងព្រៃ។ អ្នកភូមិខ្លះរកឧសសម្រាប់លក់ ឯអ្នកខ្លះទៀតរកឈើធ្វើជាវត្ថុប្រើប្រាស់ផ្សេងៗសម្រាប់លក់។ វិធីដែលអនុញ្ញាតឲ្យអ្នកភូមិប្រើប្រាស់ធនធានព្រៃឈើ គឺត្រូវបានគ្រប់គ្រងដោយក្រុមមួយចំនួន ហៅថា "គណៈកម្មការព្រៃឈើប្រចាំសហគមន៍"។
នៅពេលគណៈកម្មការព្រៃឈើមើលឃើញថាមានតំបន់ខ្លះកំពុងត្រូវបានបំផ្លាញដោយការប្រើប្រាស់លើសលុប ពួកគេក៏បង្កើតច្បាប់ថ្មីដើម្បីកាត់បន្ថយបរិមាណឈើដែលផ្តល់ឲ្យអ្នកភូមិ។ ច្បាប់ទាំងនេះតឹងតែងណាស់ ហើយការចិញ្ចឹមជីវិតរបស់ប្រជាជនជាច្រើនបានទទួលការគំរាមកំហែង។ ប្រជាជនដែលចិញ្ចឹមជីវិតដោយការលក់ឧសនិងប្រដាប់ប្រដារឈើ លែងមានប្រាក់ចំណូលនេះទៀតហើយ។ ក្នុងខែដែលខ្វះខាតអាហារ គ្រួសារទាំងនេះរងគ្រោះជាខ្លាំង។
សមាជិកទាំងឡាយនៃគណៈកម្មការព្រៃឈើ គឺចេញមកពីសហគមន៍ដូចគ្នា ដូច្នេះពួកគេមានបំណងស្វែងរកដំណោះស្រាយមួយដែលធានាថានឹងគ្មានសមាជិកសហគមន៍ណាម្នាក់មានភាពអត់ឃ្លាន ប៉ុន្តែនៅតែការពារព្រៃដដែល។ បន្ទាប់ពីការប្រជុំជាច្រើនលើក ដំណោះស្រាយត្រូវបានរកឃើញ។ ជំនួសឲ្យការកែប្រែច្បាប់ព្រៃឈើ គណៈកម្មការព្រៃឈើបានជួយកែលម្អដីកសិកម្មរបស់អ្នកភូមិ ដោយការសាងសង់របាំងវ័ណ្តវង់ ដើម្បីពន្យឺតល្បឿនទឹកហូរ និងបង្ការសំណឹកដី។ របៀបនេះនឹងធ្វើឲ្យដីកាន់តែមានជីជាតិ និងផ្តល់ទឹកកាន់តែច្រើនសម្រាប់ដំណាំ ដូច្នេះកសិដ្ឋាននឹងមានផលិតភាពខ្ពស់ ហើយនឹងមានអាហារបន្ថែមសម្រាប់មនុស្សគ្រប់គ្នាដោយមិនបង្កគ្រោះថ្នាក់ដល់ព្រៃឈើ។
អេកូទេសចរណ៍
អេកូទេសចរណ៍ដែលត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់ អាចការពារព្រៃឈើបាន។ |
អេកូទេសចរណ៍គឺជាវិធីរកប្រាក់ពីភ្ញៀវដែលមកទស្សនាកន្លែងមួយដែលមានទេសភាពធម្មជាតិស្រស់ស្អាត ឬមកស្វែងយល់អំពីរុក្ខជាតិនិងសត្វដែលរស់នៅតំបន់មួយ។ គម្រោងអេកូទេសចរណ៍ខ្លះ គ្រាន់តែនាំភ្ញៀវឲ្យមកទទួលអារម្មណ៍រីករាយជាមួយសម្រស់ធម្មជាតិប៉ុណ្ណោះ។ គម្រោងខ្លះទៀត អញ្ជើញភ្ញៀវឲ្យមករស់នៅជាមួយប្រជាជនក្នុងសហគមន៍ដើម្បីស្វែងយល់អំពីការការពារបរិស្ថាន។ ក៏មានគម្រោងខ្លះទៀត អញ្ជើញពួកទេសចរឲ្យមកបំពេញការងារយ៉ាងសកម្មក្នុងគម្រោងការពារបរិស្ថានតែម្តង។
អេកូទេសចរណ៍គឺជាវិធីល្អមួយដើម្បីឲ្យសហគមន៍តំបន់ព្រៃឈើ អាចរកប្រាក់ចំណូល។ ប៉ុន្តែការចាប់ផ្តើមនិងដំណើរការគម្រោងមួយ ត្រូវការប្រាក់ច្រើន និងត្រូវការការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន។ ពួកទេសចរត្រូវការអាហារ, ផាសុក, ផ្ទះសំណាក់, អ្នកនាំផ្លូវ, និងការអត់ធ្មត់ច្រើនក្នុងការសម្របខ្លួនជាមួយវប្បធម៌ដែលខុសគ្នា។ ពួកគេអាចជួបគ្រោះថ្នាក់ ឬត្រូវការការថែទាំសុខភាព។ ការទាក់ទាញទេសចរឲ្យមកទស្សនាកន្លែងមួយ ត្រូវការការផ្សាយពាណិជ្ជកម្មក្នុងទស្សនាវដ្តី ឬលើអ៊ីនធឺនែត, បោះពុម្ពខិត្តប័ណ្ណ, និងទម្រង់ដទៃទៀតនៃការផ្សព្វផ្សាយ។
គម្រោងអេកូទេសចរណ៍ត្រូវតែមានការរៀបចំចាត់ចែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យប្រាក់ចំណូលអាចផ្តល់ផលប្រយោជន៍ដល់សហគមន៍ មិនមែនសម្រាប់តែទីភ្នាក់ងារឬពាណិជ្ជកម្មខាងក្រៅ ឬគ្រួសារក្នុងតំបន់មួយភាគតួចប៉ុណ្ណោះទេ។ ជាញឹកញាប់គម្រោងអេកូទេសចរណ៍ដែលមានជោគជ័យ តែងតែកំណត់ចំនួនទេសចរដែលមកទស្សនា ដើម្បីកុំឲ្យមានសម្ពាធខ្លាំងទៅលើសហគមន៍ និងការបំផ្លាញច្រើនទៅលើបរិស្ថាន។
ផលិតផលមិនមែនឈើ
ផលិតផលមិនមែនឈើ គឺជាអ្វីៗទាំងអស់ក្រៅពីឈើ ដែលអាចយកនិងលក់បានដោយមិនបំផ្លាញព្រៃឈើ។ ផលិតផលនេះមានដូចជា គ្រាប់ផ្លែឈើ, ផ្លែឈើ, រុក្ខជាតិឱសថ, និងវល្លិ។ សហគមន៍ទាំងឡាយដែលមានជោគជ័យក្នុងការលក់ផលិតផលមិនមែនឈើ បានរកឃើញថាជាការសំខាន់គឺត្រូវធ្វើតាមការណែនាំទាំងនេះ
- បង្កើតច្បាប់ច្បាស់លាស់ថាតើអ្នកណាអាចប្រមូលផលនិងលក់ផលិតផលបាន និងថាតើគួរប្រមូលផលឲ្យបានល្អបំផុតក្នុងវិធីដែលមានស្ថិរភាពយ៉ាងដូចម្តេច។ នៅពេលផលិតផលមួយទទួលជោគជ័យ វាមានគ្រោះថ្នាក់ពីការប្រមូលផលច្រើនពេក។ ត្រូវប្រមូលផលល្មមតែគ្រប់គ្រាន់អាចឲ្យវាបន្តដុះឡើងមកវិញបាន។
- ស្វែងរកឬបង្កើតទីផ្សារសម្រាប់ផលិតផល។ គ្មានហេតុផលណាដែលត្រូវប្រមូលផលឡើយ បើមិនអាចលក់ដាច់ ឬគ្មានគេប្រើ។
ការប្រមូលឱសថពីព្រៃឈើ
នៅតំបន់ក្បែរឆ្នេរបិនហ្កល(Bengal)នៃប្រទេសឥណ្ឌា ប្រជាជនជាច្រើនតែងតែទៅរកគ្រូព្យាបាលបែបបុរាណនៅពេលមានជំងឺ។ គ្រូព្យាបាលទាំងនេះផលិតឱសថពីរុក្ខជាតិដែលប្រមូលពីក្នុងព្រៃ។ ថ្ងៃមួយ មនុស្សមួយក្រុមពីអង្គការមិនមែនរដ្ឋាភិបាលមួយ បានមកដល់ភូមិនេះដើម្បីជួយប្រជាជនឲ្យរកប្រាក់តាមរយៈការប្រមូលឱសថរុក្ខជាតិទាំងនេះ រួចលក់វានៅទីក្រុង។ តាមរយៈការប្រើប្រាស់អង្គការរបស់ខ្លួនដើម្បីលក់ឱសថទាំងនេះ ពួកគេបានជួយសហគមន៍ឲ្យរកប្រាក់ចំណូលពីព្រៃឈើដោយមិនចាំបាច់កាប់ដើមឈើ។
អ្នកភូមិសប្បាយរីករាយណាស់នៅពេលមានវិធីថ្មីក្នុងការរកប្រាក់ ហើយប្រជាជនជាច្រើនចាប់ផ្តើមប្រមូលនិងលក់រុក្ខជាតិឱសថ។ ប៉ុន្តែពួកគេមិនបានសួរនាំគ្រូបុរាណថាគួរប្រមូលរុក្ខជាតិទាំងនេះដោយរបៀបណាដែលមិនបំផ្លាញវា ហើយពួកគេក៏មិនបានយកចិត្តទុកដាក់ថាខ្លួនបានប្រមូលឱសថច្រើនប៉ុនណាដែរ។
ដោយក្តីត្រេកអរនឹងការរកប្រាក់ អ្នកភូមិខ្លះបានបង្កគ្រោះថ្នាក់ដល់ដើមឈើដែលពួកគេប្រមូល។ ជំនួសឲ្យការជីកយកឫសឈើតិចតួចនៅជុំវិញដើមឈើ ប្រជាជនបែរជាកាប់រំលំដើមឈើទាំងមូលតែម្តង។ ក្នុងរយៈពេលដ៏ខ្លី រុក្ខជាតិឱសថបានបាត់បង់ពីព្រៃឈើស្ទើរតែទាំងស្រុង។ កត្តានេះធ្វើឲ្យគ្រូបុរាណលែងមានឱសថសម្រាប់ព្យាបាលទៀត។ ដូច្នេះអ្នកភូមិត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញថ្នាំពីឱសថស្ថាននៅពេលឈឺ។ នៅចុងបញ្ចប់ ទាំងសុខភាពមនុស្សទាំងសុខភាពព្រៃឈើ បានរងគ្រោះដោយសារការប្រមូលរុក្ខជាតិដែលមិនបានគិតពីអនាគត។