Hesperian Health Guides
ការប្រើប្រាស់ព្រៃឈើប្រកបដោយស្ថិរភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១០. ព្រៃឈើ > ការប្រើប្រាស់ព្រៃឈើប្រកបដោយស្ថិរភាព
ការរៀបចំផែនការគ្រប់គ្រងព្រៃឈើប្រកបដោយស្ថិរភាព អាចជួយសហគមន៍ឲ្យសម្រេចថាអ្វីដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រើប្រាស់ព្រៃឈើរបស់ខ្លួន។ វាក៏ជួយក្នុងការប្រឆាំងនឹងការគំរាមកំហែងពីឧស្សាហកម្មឬអាជ្ញាធរដែលចង់ដណ្តើមព្រៃឈើ។ ជួនកាលអ្នកអាចលក់ផលិតផលព្រៃឈើបានតម្លៃកាន់តែល្អ ប្រសិនបើអ្នកអាចបង្ហាញថាផលិតផលទាំងនេះត្រូវបានបង្កើតឡើងយ៉ាងមានស្ថិរភាព។ ប៉ុន្តែផ្នែកដែលសំខាន់បំផុតនៅក្នុងផែនការគ្រប់គ្រងព្រៃឈើប្រកបដោយស្ថិរភាព គឺថាវាជួយធ្វើឲ្យប្រជាជនក្នុងតំបន់សហការគ្នាក្នុងការប្រើប្រាស់និងការពារព្រៃឈើ។
វិធីមួយចំនួនក្នុងការប្រើប្រាស់និងការពារព្រៃឈើក្នុងពេលតែមួយ មានដូចជា:
- ការកាប់វល្លិ រុក្ខជាតិ និងដើមឈើឲ្យស្តើង ដើម្បីឲ្យពន្លឺថ្ងៃចូលក្នុងព្រៃ ដូច្នេះរុក្ខជាតិដែលអ្នកចង់បានអាចលូតលាស់។
ការកាប់ដើមឈើឲ្យស្តើង មានន័យថាជាការកាប់ដើមឈើជាក់លាក់មួយចំនួនដើម្បីឲ្យដើមឈើដែលនៅសល់អាចលូតលាស់បានកាន់តែធំ និងកាន់តែមានសុខភាពល្អ។ |
- ការដាំឈើបង្កើនគុណភាព មានន័យថាជាការដាំដើមឈើឬរុក្ខជាតិថ្មីៗនៅក្រោមដើមឈើចាស់ៗ ឬនៅកន្លែងកាប់ឆ្ការតូចៗ នៅពេលដែលដើមឈើទាំងនេះមិនដុះឡើងមកវិញដោយខ្លួនឯង។
- ការដាំឡើងវិញក្រោយពេលកាប់រួច គឺជាវិធីមួយដើម្បីធានាថានឹងមានដើមឈើនិងគ្រាប់ពូជថ្មីៗជំនួសដើមឈើចាស់ៗដែលបានកាប់។
- ការដុតភ្លើងដែលមានការគ្រប់គ្រង អាចកាត់បន្ថយគុម្ពោធដែលដុះនៅក្រោមដើមឈើ។ ធ្វើដូច្នេះធ្វើឲ្យវាបញ្ចេញសារធាតុចិញ្ចឹមទៅក្នុងដី និងសម្លាប់សត្វល្អិតដែលអាចបង្កគ្រោះថ្នាក់ដល់ដើមឈើ។ ការដុតភ្លើងដែលមានការគ្រប់គ្រង ត្រូវការការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន ព្រោះភ្លើងអាចឆាបឆេះមិនអាចគ្រប់គ្រងបាន។
- ការកាប់ឈើដោយជ្រើសរើស មានន័យថាជាការកាប់តែដើមឈើខ្លះ ខណៈដែលថែរក្សាដើមឈើក្មេងៗនិងដើមឈើចាស់ៗដែលល្អដើម្បីទប់ដីនិងផ្តល់គ្រាប់ពូជសម្រាប់អនាគត។
ការកាប់ឈើដោយជ្រើសរើស ការពារដើមឈើខ្លះសម្រាប់អនាគត អនុញ្ញាតឲ្យព្រៃឈើបន្តលូតលាស់។ |
- ការប្រមូលនិងលក់ផលិតផលមិនមែនឈើ ជាជាងការលក់ឈើ គឺជាវិធីមួយក្នុងការថែរក្សាព្រៃឈើ ខណៈដែលរកប្រាក់ចំណូលផងដែរ។
- ការផ្តល់ប្រាក់ដល់អ្នកចិញ្ចឹមសត្វឲ្យដាក់សត្វឲ្យនៅក្រៅព្រៃ និងការផ្តល់ប្រាក់ដល់កសិករកុំឲ្យកាប់ដើមឈើនៅលើដីរបស់ខ្លួន អាចជួយគាំទ្រដល់ព្រៃឈើ និងបង្ការជម្លោះ។
- ថែរក្សាផ្លូវដើររបស់សត្វព្រៃ ធ្វើឲ្យសត្វព្រៃរស់នៅក្នុងព្រៃ និងធ្វើដំណើរក្នុងនោះ។
- សាងសង់ចន្លោះពណ៌បៃតង ដើមឈើលើផ្ទៃដីតូចៗ នៅក្នុងកន្លែងដែលបានកាប់ឈើស្ទើរតែអស់ទាំងស្រុងឬអស់ទាំងស្រុង គឺជាវិធីមួយជួយកែលម្អដី ទឹក និងខ្យល់ ទោះបីក្នុងទីក្រុងដែលមានមនុស្សកុះករក៏ដោយ។
- ការជួយគាំទ្រដល់ការដុះលូតលាស់ឡើងវិញនៃព្រៃឈើ តាមរយៈការដាក់កម្រិតលើការប្រើប្រាស់ព្រៃឈើក្នុងតំបន់ដែលបានកាប់ឈើយ៉ាងច្រើន អាចជួយព្រៃឈើឲ្យប្រសើរឡើងវិញបាន។
- ការប្រើសត្វឲ្យទាញឈើ ធ្វើឲ្យមានការបំផ្លាញតិចជាងម៉ាស៊ីនឈូសដីឬម៉ាស៊ីនធ្ងន់ៗដទៃទៀត។
សត្វធ្វើឲ្យប៉ះពាល់ដីក្នុងព្រៃតិចជាងម៉ាស៊ីនទេ។ |
- ការកាត់តម្រឹមសំបកឈើនិងមែកឈើនៃដើមឈើដែលរលំ មុននឹងអូសវាចេញពីព្រៃ ធ្វើឲ្យមិនសូវមានការបំផ្លាញដល់រុក្ខជាតិដទៃទៀត។ សំបកនិងមែកឈើក្លាយជារលួស ហើយធ្វើឲ្យដីមានជីជាតិ។
- អេកូទេសចរណ៍អាចរកប្រាក់ចំណូលតាមរយៈការនាំភ្ញៀវឲ្យទស្សនាសម្រស់ធម្មជាតិនៃព្រៃឈើ ដោយមិនចាំបាច់កាប់ដើមឈើឬបំផ្លាញបរិស្ថាន។
មានវិធីច្រើនយ៉ាងក្នុងការប្រើប្រាស់ព្រៃឈើដោយរក្សាវាឲ្យមានសុខភាពល្អជានិច្ចសម្រាប់អនាគត។ |
មាតិកា
ប្រើប្រាស់ចំណេះដឹងរបស់មនុស្សគ្រប់គ្នា ពិចារណាពីតម្រូវការរបស់មនុស្សគ្រប់គ្នា
សកម្មភាពនេះជួយសហគមន៍ឲ្យពិចារណាពីរបៀបប្រើប្រាស់និងថែរក្សាធនធានព្រៃឈើក្នុងវិធីដែលផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ សកម្មភាពនេះអាចធ្វើឡើងជាមួយមនុស្សរហូតដល់២៥នាក់ ដោយបែងចែកជាបីក្រុមតូច។ ជាការសំខាន់គឺត្រូវរាប់បញ្ចូលមនុស្សគ្រប់គ្នាដែលនឹងរងផលប៉ះពាល់ពីការសម្រេចចិត្តប្រើប្រាស់ព្រៃឈើ។
ពេលវេលា: ៣ទៅ៦ម៉ោង(ឬច្រើនវគ្គ ដរាបណាអ្នករក្សាទុកផែនទី)
សម្ភារៈ ប៊ិច, ខ្មៅដៃ, ក្រដាសសៀវភៅ, ក្រដាសធំ៣ផ្ទាំងដែលមានផែនទីនៃតំបន់របស់អ្នក, និងបង់ស្អិត។ ផែនទីអាចត្រូវបានគូរប្រហែលៗ ដរាបណាប្រជាជនអាចស្គាល់ថាវាបង្ហាញពីអ្វី។
- ១. ផ្តល់ផែនទីមួយទៅក្រុមនីមួយ។ ប្រាប់មនុស្សគ្រប់គ្នាឲ្យគូររូបអំពីសកម្មភាពរបស់ខ្លួននៅក្នុងព្រៃ(កាប់ឧស ឲ្យគោស៊ីស្មៅ រកផ្លែឈើនិងរុក្ខជាតិ បរបាញ់សត្វ ។ល) នៅលើក្រដាសសៀវភៅ។
- ២. នៅក្នុងក្រុមនីមួយៗ មនុស្សគ្រប់គ្នានិយាយអំពីគំនូររបស់ខ្លួន ថាតើវាន័យដូចម្តេច។ បន្ទាប់មកមនុស្ស១ឬ២នាក់ គូររូបទាំងនេះនៅលើផែនទីដើម្បីបង្ហាញពីទីកន្លែងនិងរបៀបនៃការប្រើប្រាស់ព្រៃឈើ។
- ៣. បញ្ចូលក្រុមទាំងអស់ចូលគ្នាវិញដើម្បីឲ្យពិភាក្សាអំពីការបង្ហាញរបស់ផែនទីទាំងនោះ។ តើផ្នែកខ្លះនៃព្រៃឈើត្រូវបានប្រើប្រាស់ច្រើនជាងផ្នែកដទៃទៀតដែរឬទេ? តើបុរស ស្ត្រី កុមារ និងមនុស្សចាស់ ប្រើប្រាស់ព្រៃឈើតាមរបៀបខុសៗគ្នាដែរឬទេ? តើមានភាពចម្លែកខ្លះទេចំពោះវិធីដែលព្រៃឈើត្រូវបានប្រើប្រាស់?
- ៤. អ្នកសម្របសម្រួលដឹកនាំការពិភាក្សាអំពីសុខភាពព្រៃឈើដោយសួរសំណួរដូចនេះ ៈ តើសព្វថ្ងៃព្រៃឈើផ្តល់ធនធានដូចកាលពីមុនដែរឬទេ? តើសត្វស្លាប សត្វព្រៃ និងរុក្ខជាតិ មានតិចជាងកាលពីមុនឬទេ? តើមានកន្លែងណាដែលបានកាប់ដើមឈើអស់ទាំងស្រុងឬទេ? តើមានអ្វីកើតឡើងនៅទីនោះ?
- ៥. ឲ្យមនុស្ស១ឬ២នាក់ពីក្រុមនីមួយៗ គូរសម្គាល់លើផែនទីរបស់ខ្លួនដោយប្រើពណ៌ឬនិមិត្តសញ្ញាខុសៗគ្នាដើម្បីបង្ហាញពីទីកន្លែងដែលមានព្រៃឈើល្អ មានព្រៃឈើថយចុះ ឬបាត់បង់ទាំងស្រុង។
- ៦. គិតអំពីតំបន់ខុសៗគ្នានៅក្នុងព្រៃ ហើយពិភាក្សាថាតើប្រជាជនចង់ឃើញមានការផ្លាស់ប្តូរអ្វីខ្លះ។ គូរឬសរសេរការផ្លាស់ប្តូរទាំងនោះនៅលើផែនទី។នៅទំព័របន្ទាប់គឺជាសំណួរខ្លះៗដែលអាចជួយអ្នកឲ្យណែនាំការពិភាក្សា។
រៀបចំផែនការគ្រប់គ្រងព្រៃឈើ
បន្ទាប់ពីធ្វើសកម្មភាពនៅខាងលើទំព័រ គួរពិចារណាលើសំណួរទាំងនេះ:
- តើផលប្រយោជន៍និងធនធានអ្វីខ្លះដែលព្រៃឈើផ្តល់ឲ្យយើង? តើដើមឈើ រុក្ខជាតិ និងសត្វអ្វីខ្លះដែលត្រូវបានប្រើប្រាស់? តើក្នុងរដូវនីមួយៗត្រូវចំណាយប្រាក់អស់ប៉ុន្មាន? តើមានតំបន់ដែលធនធានទាំងនេះលូតលាស់តិចតួចឬបានបាត់បង់ទាំងស្រុងឬទេ?
- តើយើងជួយគាំទ្រព្រៃឈើដោយរបៀបណា? តើសហគមន៍ដាំដើមឈើ ការពារតំបន់ជាក់លាក់ ឬមានវិធីដទៃដើម្បីធានាថាព្រៃឈើនៅមានសុខភាពល្អជានិច្ចដែរឬទេ?
- តើផ្នែកខ្លះនៃព្រៃឈើគួរតែបានការពារមិនឲ្យប្រើប្រាស់ឬទេ? តើការធ្វើដូចនេះនឹងប៉ះពាល់ដល់ប្រជាជនដែលប្រើប្រាស់ព្រៃក្នុងផ្នែកទាំងនោះយ៉ាងដូចម្តេច?
- តើគួរអនុវត្តមធ្យោបាយស្ថិរភាពនៅក្នុងផ្នែកខ្លះដែរឬទេ? តើសហគមន៍មានចំណេះដឹងអ្វីខ្លះអំពីការថែរក្សាព្រៃឈើ ដើម្បីជួយធ្វើការផ្លាស់ប្តូរទាំងនេះ?
- តើជំនាញអ្វីខ្លះដែលយើងត្រូវការដើម្បីធ្វើឲ្យការគ្រប់គ្រងព្រៃឈើប្រកបដោយស្ថិរភាព ទទួលជោគជ័យ? ប្រសិនបើយើងមិនមានជំនាញទាំងនោះ តើយើងអាចរៀនសូត្រវាបានទេ? តើយើងចាំបាច់ត្រូវពឹងផ្អែកលើអង្គការដទៃទៀតដែរឬទេ? តើយើងអាចបង្កើតសម្ព័ន្ធភាពរឹងមាំជាមួយអង្គការដែលទុកចិត្តយ៉ាងដូចម្តេច ដើម្បីជួយយើងឲ្យទទួលបានជំនាញនិងចំណេះដឹង?
- តើសហគមន៍របស់យើងអាចគ្រប់គ្រងគម្រោងព្រៃឈើរបស់យើងបានយ៉ាងដូចម្តេច? សហគមន៍ដែលមានការរៀបចំល្អ ដែលបង្ហាញពីសារច្បាស់លាស់និងខ្លាំងក្លាដល់អ្នកនៅខាងក្រៅអំពីអ្វីដែលពួកគេចង់បាន ជាទូទៅទទួលបានផលប្រយោជន៍យ៉ាងច្រើនពីគម្រោងព្រៃឈើប្រកបដោយស្ថិរភាព។
- តើយើងនឹងនាំយកផលិតផលរបស់យើងទៅកាន់ទីផ្សារយ៉ាងដូចម្តេច? ជាញឹកញាប់ការនាំផលិតផលទៅទីផ្សារជាតិនិងអន្តរជាតិ ត្រូវការការចំណាយប្រាក់ច្រើនជាងការលក់ផលិតផលនៅក្នុងតំបន់។ តម្លៃក្នុងតំបន់មានកម្រិតទាប ប៉ុន្តែតម្លៃលក់ក៏មានកម្រិតទាបដែរ។
- តើផលិតផលព្រៃឈើរបស់យើងនឹងមានតម្លៃប៉ុន្មាន? ប្រសិនបើអ្នកមិនដឹងថាអ្នកទទួលបានតម្លៃសមរម្យពីផលិតផលព្រៃឈើទេ អ្នកអាចទាក់ទងអង្គការពាណិជ្ជកម្មយុត្តិធម៌បាន។
- តើផែនការថ្មីនេះនឹងផ្តល់ការផ្លាស់ប្តូរអ្វីខ្លះ? តើផែនការគ្រប់គ្រងថ្មីនេះនឹងដាក់កម្រិតលើលទ្ធភាពប្រជាជនក្នុងការប្រើប្រាស់ព្រៃឈើដែរឬទេ? តើសហគមន៍នឹងជួយពួកគេវិញដោយរបៀបណា?
ភាពជាដៃគូការពារព្រៃឈើ
ការបង្កើតដៃគូយ៉ាងច្រើនជាមួយក្រុមផ្សេងៗដែលទទួលផលប្រយោជន៍ពីព្រៃឈើ ជួយធ្វើឲ្យប្រាកដថាព្រៃឈើត្រូវបានប្រើប្រាស់ក្នុងវិធីដែលបំពេញតម្រូវការមនុស្សគ្រប់គ្នា។ ការបង្កើតដៃគូជាមួយប្រជាជននៅក្នុងក្រៅសហគមន៍របស់អ្នក ក៏ជួយការពារសិទ្ធិរបស់អ្នកដែរ។
ការធ្វើការរួមគ្នាដើម្បីការពារព្រៃទឹកភ្លៀងអាម៉ាហ្សូន
ប្រជាជនអាម៉ាហ្សានហ្កា(Amazanga) មិនមែនធ្លាប់តែរស់នៅដូចរបៀបសព្វថ្ងៃទេ។ ការកំពប់ប្រេងបានបង្ខំឲ្យពួកកុលសម្ព័ន្ធខ្វីឈូអា(Quichua) រើទីលំនៅពីដីដូនតារបស់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូន។ នៅពេលដែលផ្ទះថ្មីៗរបស់ពួកគេទទួលការគំរាមកំហែងពីការកាប់បំផ្លាញព្រៃឈើនិងកសិកម្មទំនើប អ្នកភូមិក៏បានសម្រេចចិត្តថា ការគ្រប់គ្រងដីរបស់ខ្លួនតាមវិធីបុរាណ ដូចជាការបរបាញ់សត្វ ការរកត្រី និងការរករុក្ខជាតិដើម្បីអាហារនិងឱសថ គឺជាវិធីល្អបំផុតក្នុងការការពារដីរបស់ខ្លួន។
ប៉ុន្តែធ្វើបែបនេះទាមទារដីច្រើនជាងដីដែលពួកគេមានសត្វថ្ងៃ។ ប្រជាជនអាម៉ាហ្សានហ្កាទាមទារឲ្យរដ្ឋាភិបាលផ្តល់ដីដល់ខ្លួនដើម្បីរស់នៅដូចកាលពីបុព្វបុរសគេធ្លាប់រស់នៅ។ ពួកគេនិយាយថា "យើងមិនអាចរស់នៅលើដីមួយដុំតូចដូចនំបុ័ងមួយចំណិតនោះទេ។ យើងចង់បានដីនិងសិទ្ធិក្នុងការរស់នៅយ៉ាងសុខស្រួលពីព្រៃឈើ" នៅពេលរដ្ឋាភិបាលមិនខ្វល់នឹងការទាមទាររបស់ខ្លួន ពួកគេបានសុំឲ្យក្រុមបរិស្ថានអន្តរជាតិជួយទិញដីបុព្វបុរសរបស់ខ្លួនមកឲ្យពួកគេវិញ។
អ្នកភូមិបានអញ្ជើញដៃគូអន្តរជាតិឲ្យមកថតរូបនិងថតវីដេអូពីសកម្មភាពប្រើប្រាស់ព្រៃឈើតាមវិធីបុរាណ រួចយករូបថតនិងវីដេអូទាំងនេះទៅផ្សព្វផ្សាយក្នុងប្រទេសរបស់អង្គការអន្តរជាតិទាំងនោះ។ ប៉ុន្មានឆ្នាំក្រោយមក អ្នកភូមិអាម៉ាហ្សានហ្កាបានទទួលមូលនីធិគ្រប់គ្រាន់អាចទិញដីជិត២០០០ហិកតានៅក្នុងព្រៃ។
ប៉ុន្តែការទិញដីច្រើនបែបនេះបានធ្វើឲ្យកុលសម្ព័ន្ធស៊ូអា(Shuar)ដែលរស់នៅក្បែរគ្នា មានការសង្ស័យ។ នៅពេលដែលប្រជាជនស៊ូអាទាមទារកម្មសិទ្ធិដីដែលទិញនេះ ប្រជាជនអាម៉ាហ្សានហ្កាបានយល់ថាពួកគេមានកំហុស។ ពួកគេបានបង្កើតដៃគូជាមួយអង្គការអន្តរជាតិ ប៉ុន្តែមិនបានធ្វើកិច្ចព្រមព្រៀងជាមួយអ្នកជិតខាងរបស់ខ្លួនទេ! ពួកប្រជាជនស៊ូអាមានការខឹងសម្បារយ៉ាងខ្លាំង និងគំរាមធ្វើអំពើហឹង្សា។ បន្ទាប់ពីជួបប្រជុំគ្នាច្រើនលើករួចមក ប្រជាជនអាម៉ាហ្សានហ្កា និងស៊ូអា ក៏បានយល់ព្រមចែករំលែកព្រៃឈើគ្នាដោយផ្អែកលើច្បាប់នៃការចែករំលែក។ ដោយសារពួកខ្វីឈូអានិងពួកស៊ូអា មានការយល់ដឹងប្រហាក់ប្រហែលគ្នាអំពីរបៀបប្រើប្រាស់ព្រៃឈើឲ្យបានល្អបំផុត ទើបពួកគេអាចបង្កើតសម្ព័ន្ធមិត្តជាមួយគ្នាបាន។