Hesperian Health Guides
ការដាំដើមឈើឡើងវិញ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១០. ព្រៃឈើ > ការដាំដើមឈើឡើងវិញ
ព្រៃឈើដែលមានសុខភាពល្អ ត្រូវការពេលយូរក្នុងការលូតលាស់ឡើងវិញ ប៉ុន្តែអ្នកធ្វើរឿងខ្លះដើម្បីជួយព្រៃឈើនេះបាន។ ការការពារសំណឹកដី ការរៀបចំដី និងការដាំដើមឈើក្នុងតំបន់ឬដើមឈើដែលសមស្របក្នុងតំបន់របស់អ្នក នឹងជួយធ្វើឲ្យព្រៃឈើលូតលាស់បានល្អ។ ការធ្វើតាមលំដាប់លំដោយធម្មជាតិនៃព្រៃឈើដែលដុះក្នុងព្រៃ គឺជាវិធីមួយទៀតក្នុងការជួយបង្កើតព្រៃឈើដែលមានសុភាពល្អ(មើលជំពូក១១)។
តើការដាំដើមឈើតែងតែមានប្រយោជន៍ឬ?
មុននឹងចាប់ផ្តើមគម្រោងដាំដើមឈើឡើងវិញនៅក្នុងសហគមន៍ ត្រូវប្រាកដថាវានឹងបំពេញតាមតម្រូវការរបស់សហគមន៍អ្នកនិងបរិស្ថានក្នុងតំបន់របស់អ្នក។ ជួនកាលដើមឈើខ្លះអាចប្រឆាំងនឹងដំណាំរបស់អ្នកព្រោះវាផ្តល់ទឹកនិងដីតិចតួច។ ជួនកាលវាគឺជាការងារច្រើនហួសពីសមត្ថភាពក្នុងការថែទាំដើមឈើតូចៗនៅក្នុងបរិស្ថានអាក្រក់។ ការដាំដើមឈើដែលយើងមិនអាចមើលថែបាន ឬដែលយើងនឹងមិនមើលថែ បណ្តាលឲ្យទទួលបរាជ័យនិងដើមឈើងាប់។
ប្រសិនបើសហគមន៍របស់អ្នកពឹងផ្អែកលើផលិតផលព្រៃឈើ, ដូចជាឈើឬផ្លែឈើ, ការដាំដើមឈើអាចជាវិធីដ៏ល្អមួយក្នុងការបង្កើតឡើងវិញនូវធនធានព្រៃឈើយ៉ាងឆាប់រហ័ស។ ប្រសិនបើសហគមន៍របស់អ្នកពឹងផ្អែកជាចម្បងទៅលើព្រៃឈើសម្រាប់ផ្តល់កន្លែងបរបាញ់សត្វ ឬសម្រាប់ការពារដី ខ្យល់ និងទឹក ដូច្នេះអ្នកអាចទទួលផលប្រយោជន៍បន្ថែមពីព្រៃដោយការការពារដីមួយផ្នែកនោះមិនឲ្យនរណាប្រើប្រាស់ក្នុងពេលដើមឈើកំពុងលូតលាស់ឡើងវិញដោយខ្លួនឯង។
ព្រៃឈើមិនមែនសុទ្ធតែត្រឹមត្រូវគ្រប់ទីកន្លែងនោះទេ។ ដើមឈើមួយចំនួនតួចដុះជាធម្មជាតិនៅលើវាលខ្សាច់ វាលភក់ ឬវាលស្មៅ។ ប្រសិនបើមនុស្សព្យាយាមដាំដើមឈើនៅលើតំបន់ទាំងនេះ វាអាចនឹងបង្អាក់តុល្យភាពរវាងដើមឈើនិងសត្វ។ ប៉ុន្តែនៅកន្លែងដទៃទៀតដែលមានដើមឈើតិចតួច, ដូចជានៅទីក្រុង, ការដាំដើមឈើតាមសងខាងផ្លូវថ្នល់ ក្បែររោងចក្រ និងក្នុងសួនច្បារ អាចកែលម្អសុខភាពនិងសុខុមាលភាពរបស់សហគមន៍បានយ៉ាងច្រើន។
តើអ្នកណាជាម្ចាស់ដី ហើយច្បាប់ចែងដូចម្តេចខ្លះ?
ប្រសិនបើអ្នកចង់ដាំដើមឈើឡើងវិញនៅលើដីមួយ និងចង់ប្រើប្រាស់ផលិតផលវានៅពេលក្រោយ ត្រូវប្រាកដថាអ្នកនឹងត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ព្រៃឈើនេះនៅពេលវាបានដុះឡើងវិញហើយ។ ការស្គាល់ម្ចាស់កម្មសិទ្ធិស្របច្បាប់ និងការសុំការអនុញ្ញាតមុនពេលដាំដើមឈើ អាចជួយបង្ករបញ្ហាទាំងនេះនៅថ្ងៃក្រោយ។ ដីដែលធ្លាប់តែសោះកក្រោះគ្មានជីជាតិ នឹងក្លាយជាមានប្រយោជន៍ឡើងវិញនៅពេលវាត្រូវបានគ្របដណ្តប់ដោយព្រៃឈើដែលមានសុខភាពល្អ។ ម្យ៉ាងវិញទៀត នៅកន្លែងខ្លះមានច្បាប់ហាមឃាត់ប្រជាជនមិនឲ្យកាប់ឬប្រើប្រាស់ដើមឈើជាក់លាក់មួយចំនួន បើទោះជាពួកគេជាអ្នកដាំដើមឈើទាំងនេះក៏ដោយ។ ត្រូវស្វែងយល់ថាតើច្បាប់បែបនេះមាននៅក្នុងតំបន់របស់អ្នកឬទេ។
ដើមឈើខុសៗគ្នាបំពេញតម្រូវការផ្សេងៗគ្នា
ប្រភេទដើមឈើដែលនឹងដាំឡើងវិញ ត្រូវសម្រេចចិត្តដោយផ្អែកលើតម្រូវការរបស់ប្រជាជនក្នុងសហគមន៍។