Hesperian Health Guides
ជម្លោះព្រៃឈើ
ល្ខោនសង្គម
ល្ខោនសង្គមគឺជាវិធីមួយដែលប្រើប្រាស់រោងល្ខោនដើម្បីជួយប្រជាជនឲ្យពិចារណាអំពីជម្លោះនិងមូលហេតុនៃជម្លោះទាំងនោះ។ ល្ខោនសង្គមក៏អាចជួយប្រជាជនឲ្យរិះរកលទ្ធភាពផ្សេងៗដើម្បីចាត់វិធានការនិងធ្វើការផ្លាស់ប្តូរ។ (មើល ល្ខោនសង្គម និង ការសម្តែងតួ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលសៀវភៅមួយរបស់អង្គការហេស្ពឺរៀនដែលមានចំណងជើ]]ងថាHelping Health Workers Learn (ការជួយបុគ្គលិកសុខាភិបាលឲ្យរៀន)។
- ១. បែងចែកប្រជាជនជាក្រុមតូចៗដែលមានគ្នាប្រមាណ៥នាក់ រួចផ្តល់ឲ្យក្រុមនីមួយៗនូវសេចក្តីណែនាំខ្លីមួយអំពីស្ថានភាពដែលអាចឈានដល់ជម្លោះធនធានព្រៃឈើ។ បង្កើតស្ថានភាពដោយខ្លួនឯងដែលប្រជាជនអាចជឿបាន ប៉ុន្តែចៀសវាងស្ថានភាពដែលកើតឡើងក្នុងសហគមន៍នេះព្រោះវាអាចធ្វើឲ្យពួកគេអាម៉ាស់ឬខឹងសម្បារ។ ការសម្តែងនេះនឹងកាន់តែដូចការពិត ប្រសិនបើអ្នកចូលរួមតែងខ្លួននិងរៀបឆាកយ៉ាងសាមញ្ញៗនៅពេលសម្តែង។
- ២. ប្រាប់ក្រុមនីមួយៗឲ្យប្រើពេលវេលា១៥ទៅ២០នាទីក្នុងការរៀបចំការសម្តែងល្ខោនសង្គមមួយដែលមានរយៈពេល៥នាទី។ លើកទឹកចិត្តឲ្យមនុស្សគ្រប់គ្នាសម្តែងក្នុងផ្នែកណាមួយ។ ក្រុមនីមួយៗបង្ហាញពីការសម្តែងរបស់ខ្លួនឲ្យអ្នកចូលរួមដទៃទៀតទស្សនា។ បន្ទាប់ពីបញ្ចប់ល្ខោនសង្គមនីមួយៗ អ្នកចូលរួមត្រូវពិភាក្សាគ្នាអំពីជម្លោះក្នុងសហគមន៍ ដែលអាចនាំទៅរកដំណោះស្រាយ។ ឬមួយអ្នកអាចរង់ចាំទាល់តែក្រុមទាំងអស់បានសម្តែងចប់ រួចទើបពិភាក្សារួមគ្នាទាំងអស់តែម្តងក៏បាន។
- ៣. តើអ្នកមានអារម្មណ៍ដូចម្តេចដែរ? បន្ទាប់ពីសម្តែងល្ខោនសង្គម និងមុនពេលចាប់ផ្តើមការពិភាក្សាចូរសួរអ្នកចូលរួមម្នាក់ៗថាពួកគេមានអារម្មណ៍យ៉ាងដូចម្តេចក្នុងការសម្តែងតួរបស់ខ្លួន។ សួរអ្នកទស្សនាថាតើពួកគេមានអារម្មណ៍បែបណាក្នុងអំឡុងពេលសម្តែងនីមួយៗ និងថាតើតួអង្គសម្តែងបានធ្វើឲ្យពួកគេមានអារម្មណ៍បែបណាចំពោះជម្លោះដែលកើតឡើង។
ជ្រើសរើសសាច់រឿងខាងក្រោមមួយចំនួនដើម្បីបង្កើតជាល្ខោនសង្គមស្តីអំពីជម្លោះព្រៃឈើ។ ឬមួយបង្កើតល្ខោនសង្គមដោយខ្លួនឯង ដោយផ្អែកលើជម្លោះជាក់ស្តែងនៅក្នុងសហគមន៍របស់អ្នក។
សានភាពទ១។ តួអង្គ៖ បុរស និងសត្វគោ, អ្នកដើររកឱសថរុក្ខជាតិ, អ្នកចូលរួមក្នុងការប្រជុំ។
បន្ទាប់ពីបានចាកចេញពីសហគមន៍ច្រើនឆ្នាំមកហើយ បុរសម្នាក់បានត្រឡប់មកវិញដោយមានសត្វគោ១០ក្បាល រួចក៏ចាប់ផ្តើមឲ្យពួកវាស៊ីស្មៅនៅក្នុងព្រៃសហគមន៍។ នៅពេលប្រជាជនដទៃទៀតទៅដើររកឱសថនិងស្បូវ ពួកគេឃើញថាសត្វគោទាំងនោះស៊ីស្មៅនិងរុក្ខជាតិជាច្រើនដែលធ្វើឲ្យនៅសល់រុក្ខជាតិតិចតួចសម្រាប់ពួកគេ។ ពួកគេបានកោះហៅប្រជុំពិភាក្សាបញ្ហានេះ។ បុរសចិញ្ចឹមគោអះអាងថាគាត់មានសិទ្ធិឲ្យគោស៊ីស្មៅ ទោះជាវាស៊ីអស់ប៉ុន្មានក៏ដោយ។ អ្នកដទៃមិនយល់ស្រប។ តើមានអ្វីកើតឡើងតទៅទៀត?
សានភាពទ២។ តួអង្គ៖ បុរសវ័យក្មេងម្នាក់កាប់ដើមឈើ, មន្ត្រីរាជការ, ស្ត្រីរកឧស។
បុរសវ័យក្មេងប៉ុន្មាននាក់កំពុងកាប់ដើមឈើនៅលើដីមួយក្នុងសង្កាត់ដោយគ្មានការអនុញ្ញាត រួចលក់ឈើអាររួចទៅឲ្យមន្ត្រីរាជការដែលដឹកឈើទាំងនោះចេញដោយប្រើរថយន្តធំ។ ស្ត្រីម្នាក់ធ្វើដំណើរទៅកន្លែងដែលគាត់តែងតែរកឧស ហើយឃើញបុរសវ័យក្មេងទាំងនោះកំពុងកាប់ដើមឈើ។ បុរសម្នាក់ក្នុងនោះគឺជាកូនប្រុសរបស់គាត់។ គាត់ត្រឡប់ទៅសហគមន៍វិញ រួចប្រាប់ម្តាយរបស់បុរសឯទៀត។ ស្អែកឡើងស្ត្រីទាំងនេះទៅក្នុងព្រៃដើម្បីប្រាប់កូនៗរបស់គាត់ឲ្យឈប់កាប់ដើមឈើ។ កូនរបស់ស្ត្រីទី១និយាយថា គាត់ត្រូវការប្រាក់ពីការលក់ឈើនេះដើម្បីទិញថ្នាំឲ្យកូនស្រីរបស់គាត់ដែលត្រូវជាចៅរបស់ស្ត្រីនេះ។ តើមានអ្វីកើតឡើងតទៅទៀត?
សានភាពទ៣។ តួអង្គ៖ ពួកអ្នកភូមិមានពូថៅ និងសត្វគោ, ពួកអាជ្ញាធរខេត្តមានម៉ាស៊ីនអារឈើ និងរថយន្តដឹក, មន្ត្រីប្រឹក្សាភូមិ។
ជាច្រើនជំនាន់មកហើយ អ្នកភូមិតែងតែកាប់ឈើដោយប្រើពូថៅ រួចប្រើគោឲ្យទាញឈើកាប់រួច។ ឥឡូវនេះមានបុរសមួយក្រុមមកពីអាជ្ញាធរខេត្តប្រដាប់ដោយម៉ាស៊ីនអារឈើ កំពុងកាប់ឈើក្នុងព្រៃ ហើយនិយាយថាព្រៃឈើគឺជាទ្រព្យសម្បត្តិរដ្ឋ។ ថ្ងៃមួយបុរសទាំងនេះបានយកម៉ាស៊ីនឈូសដី និងឧបរកណ៍ធ្ងន់។ ពួកគេចង់ធ្វើផ្លូវទៅក្នុងព្រៃដើម្បីអាចដឹកឈើធំៗបាន។ បុរសក្នុងភូមិមួយក្រុមបានទៅក្នុងព្រៃដើម្បីប្រឈមមុខនឹងពួកគេ។ តើមានអ្វីកើតឡើងតទៅទៀត?- ៤. ពិភាក្សាអំពីល្ខោនសង្គមនីមួយៗ
ប្រាប់ឲ្យអ្នកសម្តែងប្រមូលប្រដាប់តុបតែងឆាកទុកនៅមួយដុំនៅខាងមុខបន្ទប់ រួចត្រឡប់ចូលរួមក្នុងក្រុមវិញ។ បន្ទាប់មកសួរសំណួរមួយចំនួនដល់ពួកគេដើម្បីជួយក្រុមទាំងមូលឲ្យ៖
- និយាយប្រាប់ថាអ្វីខ្លះបានកើតឡើងនៅក្នុងល្ខោនសង្គម។
- កំណត់រកតួអង្គណាខ្លះដែលជាអ្នកបង្កជម្លោះ។
- កំណត់រកតម្រូវការខុសៗគ្នាដែលជាមូលហេតុឫសគល់នៃជម្លោះ។
- ផ្តល់យោបល់អំពីវិធីដោះស្រាយជម្លោះឲ្យបានយូរអង្វែង។
ធ្វើឡើងវិញនូវដំណើរការនេះចំពោះល្ខោនសង្គមនីមួយ។ អ្នកសម្របសម្រួលអាចសរសេរពីគំនិតសំខាន់ៗនៅលើក្រដាសធំៗឬក្តារខៀន។
សំណួរ៖ តើអ្វីជាមូលហេតុនៃជម្លោះ? | ចម្លើយ៖ បុរសម្នាក់ចង់ចិញ្ចឹមគោ ប៉ុន្តែវាបំផ្លាញព្រៃ។ |
សំណួរ៖ ហេតុអ្វីបានជាបុរសនេះគិតថាគាត់មានសិទ្ធិចិញ្ចឹមគោនៅក្នុងព្រៃ? | ចម្លើយ៖ គ្មានកិច្ចព្រមព្រៀងថាអ្នកណាអាចប្រើប្រាស់ព្រៃឈើ និងប្រើក្នុងបំណងអ្វីទេ។ |
សំណួរ៖ តើការបំផ្លាញព្រៃឈើប៉ះពាល់សហគមន៍យ៉ាងដូចម្តេចខ្លះ? | ចម្លើយ៖ លែងមានឱសថនិងស្បូវ។ |
ចម្លើយ៖ដូច្នេះតើតម្រូវការអ្វីខ្លះដែលមាននៅក្នុងជម្លោះ? | ចម្លើយ៖ តម្រូវការប្រើប្រាស់ផលិតផលព្រៃឈើ និងតម្រូវការចិញ្ចឹមគោ។ |
សំណួរ៖ តើមានវិធីណាដែលអាចបំពេញតម្រូវការទាំងពីរនេះដែរឬទេ? |
ចម្លើយ៖ គាត់អាចចិញ្ចឹមគោឲ្យស៊ីស្មៅនៅកន្លែងដែលគ្មានរុក្ខជាតិដែលសហគមន៍ត្រូវការ។
ចម្លើយ៖ ម្ចាស់គោអាចសង់របង។
ចម្លើយ៖ ម្ចាស់គោអាចបោះបង់សិទ្ធិប្រមូលផលិតផលព្រៃឈើរបស់ខ្លួន ដើម្បីប្តូរយកសិទ្ធិក្នុងការចិញ្ចឹមគោ បន្ទាប់មកគាត់អាចទិញផលិតផលទាំងនោះពីប្រជាជនវិញ។ |
ប្រសិនបើការពិភាក្សាបង្កើតឲ្យមានការខ្វែងគំនិតគ្នាយ៉ាងច្រើន នោះជាការសំខាន់គឺត្រូវបញ្ចប់សកម្មភាពក្នុងវិធីមួយដែលធ្វើឲ្យពួកគេរួមគ្នា។ ឧទាហរណ៍ ការច្រៀងចម្រៀងរួមគ្នា ឬធ្វើសកម្មភាពដែលសហការគ្នា អាចជួយប្រជាជនឲ្យបញ្ចប់សកម្មភាពជាមួយអារម្មណ៍ប្រសើរ។ |