Hesperian Health Guides
ការអភិរក្សព្រៃឈើ
សហគមន៍ខ្លះនៅតែប្រើប្រាស់ធនធាននៅក្នុងព្រៃអភិរក្សដដែល ដោយធ្វើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនិងសហគមន៍ក្នុងតំបន់ដទៃទៀតក្នុងការគ្រប់គ្រងធនធានទាំងនេះរួមគ្នា។ នេះហៅថា "គម្រោងគ្រប់គ្រងរួមគ្នា"។
ការគ្រប់គ្រងរួមគ្នា អនុញ្ញាតឲ្យប្រជាជនបន្តប្រើប្រាស់ព្រៃឈើនិងផលិតផលព្រៃឈើតាមរបៀបបុរាណនិងប្រកបដោយស្ថិរភាព។ សហគមន៍ដែលគ្រប់គ្រងព្រៃអភិរក្ស ក៏អាចអប់រំសហគមន៍ដទៃអំពីសារសំខាន់នៃការការពារព្រៃឈើផងដែរ។
រុក្ខសាស្ត្រដែលថែរក្សាទាំងមនុស្សនិងដើមឈើ
នៅព្រៃទឹកភ្លៀងអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីល ជម្លោះច្រើនតែកើតឡើងរវាងក្រុមហ៊ុនកាប់ឈើ អ្នកចិញ្ចឹមគោ និងអ្នកដទៃទៀតដែលរកចំណូលពីការកាប់ដើមឈើ, ជាមួយប្រជាជនរស់នៅក្នុងព្រៃដែលធ្វើកសិកម្ម រកជ័រឈើ និងធ្វើសិប្បកម្ម។ បន្ទាប់ពីព្រៃទឹកភ្លៀងនេះត្រូវបានបំផ្លាញមួយផ្នែកធំ កម្មករនិងពួកកុលសម្ព័ន្ធក៏បានបញ្ចុះបញ្ចូលរដ្ឋាភិបាលបានសម្រេចក្នុងការបង្កើត "ព្រៃឈើបម្រុងដែលអាចប្រើខ្លះ" (ព្រៃឈើមួយផ្នែកធំដែលការពារពីការកាប់បំផ្លាញ ប៉ុន្តែបើកឲ្យមានការប្រើប្រាស់ដោយដាក់កម្រិត)។
ប៉ុន្តែបើកឲ្យមានការប្រើប្រាស់ដោយដាក់កម្រិត)។
ជាអកុសល សូម្បីតែប្រជាជនដែលរស់នៅក្នុងព្រៃជាច្រើនឆ្នាំមកហើយ ក៏ត្រូវបានបដិសេធមិនឲ្យប្រើប្រាស់ "ព្រៃឈើបម្រុងដែលអាចប្រើខ្លះ" ដែរ។ ព្រៃឈើដែលពួកគេបានប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីការពារវា នឹងលែងការពារការចិញ្ចឹមជីវិតរបស់ពួកគេទៀតហើយ។
ប្រជាជននៅក្នុងព្រៃអភិរក្សរបស់សហគមន៍តាប៉ាចុស(Tapajos) ចិញ្ចឹមជីវិតតាមរបៀបបុរាណដោយការធ្វើកសិកម្ម បរបាញ់សត្វ និងប្រើប្រាស់ផលិតផលព្រៃឈើធ្វើជាកន្ត្រក ទូកចែវ និងសិប្បកម្មដទៃទៀត។ ប៉ុន្តែពួកគេក៏ត្រូវការឱសថ ប្រដាប់ប្រដា ឧស អគ្គិសនី និងអ្វីផ្សេងទៀតដែរ ដែលតម្រូវឲ្យពួកគេត្រូវរកប្រាក់ចំណូល។ ដោយមានជំនួយថវិកាខ្លះៗ ពួកគេបានបង្កើតរោងជាងសិប្បកម្មឈើមួយ ដោយឲ្យឈ្មោះថា រោងជាងខាបូខ្លូ(Caboclo) សម្រាប់ប្រជាជនខាបូខ្លូដែលរួមមានពពួកជនជាតិដើម ជនជាតិអាហ្វ្រិក និងពួកដើមកំណើតអឺរ៉ុប។ ពួកគេផលិតគ្រឿងសង្ហារឹមដើម្បីលក់ក្នុងទីផ្សារក្នុងស្រុក និងក្នុងហាងនានាទូទាំងប្រទេសប្រេស៊ីល ដោយប្រើប្រាស់តែដើមឈើដែលកាប់រួចនៅលើដីឆ្ការធ្វើកសិកម្មប៉ុណ្ណោះ។
ប្រាក់ចំណូលទាំងនេះបាននាំឲ្យពួកគេពិចារណាអំពីការបង្កើនផលិតផលឈើបន្ថែមទៀតដើម្បីរកប្រាក់។ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យកាប់ដើមឈើដែលនៅដុះធម្មតាទេ លុះត្រាតែមាន "បញ្ជីសារពើភ័ណ្ឌព្រៃឈើ" និង "ផែនការគ្រប់គ្រងប្រកបដោយស្ថិរភាព" ដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន។
ដើម្បីបំពេញឲ្យគ្រប់តាមតម្រូវការរបស់រដ្ឋាភិបាល ពួកគេត្រូវប្រមូលព័ត៌មានអំពីចំនួនឈើដែលមាននៅក្នុងព្រៃ និងចំនួនឈើថ្មីៗដែលដុះជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលមិនជឿថាអ្នកភូមិទាំងនោះអាចធ្វើរឿងនេះបានទេ ព្រោះពួកគេភាគច្រើនមិនចេះអក្សរ។ ប៉ុន្តែអ្នកភូមិគឺជាអ្នកជំនាញព្រៃឈើពិតប្រាកដ។ ពួកគេបាននាំផ្លូវអ្នកវិទ្យាសាស្ត្រផ្នែកបរិស្ថានឲ្យឆ្លងកាត់ព្រៃជាច្រើនឆ្នាំមកហើយ និងបង្រៀនអំពីរុក្ខជាតិនិងសត្វនៅក្នុងព្រៃទៀតផង។ ឥឡូវនេះអ្នកវិទ្យាសាស្ត្រទាំងនោះបានបង្រៀនពួកគាត់ឲ្យប្រើប្រាស់ឧបករណ៍សាមញ្ញមួយដើម្បីវាស់ស្ទង់ពីការលូតលាស់របស់ដើមឈើ និងគណនាថាដើមឈើដុះថ្មីមានចំនួនប៉ុន្មានក្នុងមួយឆ្នាំ។ ដោយការដាក់កម្រិតលើការប្រើប្រាស់ឈើមិនឲ្យខ្ពស់ជាងចំនួនដែលវាអាចដុះឡើងវិញក្នុងមួយឆ្នាំៗ អ្នកភូមិបានរៀបចំផែនការមួយដើម្បីបង្កើតផលិតផលដែលមានទំហំតូចៗប៉ុន្តែមានតម្លៃខ្ពស់ ដូចជាជ្រុញនិងកៅអីសម្រាប់អ្នកលក់សាច់ជាដើម។
ក្រសួងបរិស្ថានក៏បានទទួលស្គាល់ផែនការរបស់ពួកគេ ហើយសព្វថ្ងៃរោងជាងខាបូខ្លូអនុញ្ញាតឲ្យពួកគេរកប្រាក់ចំណូលដោយមិនឲ្យប្រើប្រាស់ធនធានព្រៃឈើហួសកម្រិតឡើយ។
អ្នករស់នៅព្រៃនៃរោងជាងខាបូខ្លូ បានសម្រេចនូវកិច្ចការមួយដែលអ្នកវិទ្យាសាស្ត្រ អ្នកសេដ្ឋកិច្ច និងបុគ្គលិកអភិវឌ្ឍន៍ជាច្រើនបានព្យាយាមអស់ពេលជាយូរដើម្បីសម្រេចបាន នោះគឺការបង្កើតផែនការគ្រប់គ្រងព្រៃឈើដែលមានស្ថិរភាពសម្រាប់ទាំងសហគមន៍និងព្រៃឈើរបស់ពួកគេ។