Hesperian Health Guides

១០. ព្រៃឈើ

នៅក្នុងជំពូកនេ:

A man lifts a child on his shoulder to pick fruit from a tree as a girl gathers branches and a woman cooks outside a house.

ព្រៃឈើផ្តល់ឲ្យយើងនូវធនធានដ៏សំខាន់ៗ ដូចជាអាហារ, ឧស, សម្ភារៈសំណង់, ស្មៅចំណីសត្វ, ឱសថ, និងច្រើនទៀត។ ដើមឈើ និងព្រៃឈើក៏មានតួនាទីសំខាន់ផងដែរក្នុងការរក្សាស្ថិរភាពនៃបរិស្ថានល្អ។ វាធ្វើឲ្យខ្យល់និងទឹកមានសភាពស្អាត, បង្ការសំណឹកដី និងទឹកជំនន់, បង្កើនជីជាតិដី, ផ្តល់ជម្រកសម្រាប់សត្វបក្សា សត្វបក្សី និងរុក្ខជាតិ, ផ្តល់ម្លប់, និងធ្វើឲ្យសហគមន៍យើងស្រស់បំព្រង។

ដើម្បីឲ្យព្រៃឈើបន្តផ្តល់នូវធនធាន និងរក្សាស្ថិរភាពបរិស្ថានល្អ មនុស្សត្រូវតែថែទាំព្រៃឈើឲ្យបានល្អ, ចាត់ចែងយ៉ាងយុត្តិធម៌, និងប្រើប្រាស់ដោយប្រយ័ត្នប្រយែង។ ប៉ុន្តែដោយហេតុថាឧស្សាហកម្មក៏មើលឃើញពីផលប្រយោជន៍នៃធនធានព្រៃឈើដូចសហគមន៍ដែរ និងដោយហេតុថាជួនកាលមនុស្សចង់យកដីក្នុងព្រៃមកប្រើប្រាស់ក្នុងបំណងផ្សេងៗ ទើបព្រៃឈើនៅទូទាំងពិភពលោកកំពុងត្រូវបានកាប់រំលំលឿនជាងពេលវេលាដែលវាអាចដុះមកវិញ។ ជួនកាលក្រុមហ៊ុនឈើ ឬឧស្សាហកម្មដទៃទៀតដែលរកស៊ីកាប់ព្រៃឈើ ដូចជាការជីករ៉ែជាដើម បានផ្តល់ប្រភពចំណូលដល់ប្រជាជនដែលកំពុងត្រូវការវាយ៉ាងខ្លាំង។

ទោះជាយ៉ាងនេះក្តី គេអាចស្វែងរកតុល្យភាពរវាងតម្រូវការប្រើប្រាស់ដីនិងធនធាន និងតម្រូវការនៃការការពារធនធានទាំងនេះសម្រាប់អនាគតបាន។ នៅពេលមានការប្រើប្រាស់ធនធានច្រើនពេក វាបង្កគ្រោះថ្នាក់យ៉ាងធំ និងយូរអង្វែង។ សហគមន៍ជាច្រើនដែលបានរស់នៅអាស្រ័យព្រៃឈើជាច្រើនជំនាន់មកហើយ ដឹងថាពួកគេនឹងរងគ្រោះយ៉ាងធ្ងន់ធ្ងរប្រសិនបើព្រៃឈើត្រូវបានប្រើប្រាស់ ឬកាប់ឆ្ការច្រើនពេក។

ចលនាខ្សែក្រវាត់បៃតង

អ្នកស្រី វ៉ានការីម៉ាថៃ រស់នៅក្នុងប្រទេសកេនយ៉ា ក្នុងភាគខាងកើតនៃទ្វីបអាហ្វ្រិក និយាយថា កាលពីមុនភ្នំកេនយ៉ាធ្លាប់តែមានភាពអៀនខ្មាស់ គឺតែងតែលាក់ខ្លួនពីក្រោយពពកជានិច្ច។ ភ្នំនេះស័ក្តិសិទ្ធិណាស់សម្រាប់ប្រជាជន ព្រោះមានទន្លេជាច្រើនហូរមកពីព្រៃឈើក្រាស់ឃ្មឹកដែលគ្របដណ្តប់ជម្រាលភ្នំ។ សព្វថ្ងៃភ្នំកេនយ៉ាលែងមានភាពអៀនខ្មាស់ទៀតហើយ។ ពពកដែលធ្លាប់តែបាំងបិទភ្នំលែងមានទៀតហើយ ហើយព្រៃឈើក៏ដូចគ្នាដែរ។ ជាមួយនឹងការបាត់បង់ព្រៃឈើនិងពពកដូចនេះ ទន្លេទាំងឡាយក៏ចាប់ផ្តើមរីងស្ងួតដែរ។


នៅពេលអ្នកស្រីវ៉ានការី ធំដឹងក្តី គាត់បានឃើញពីរបៀបដែលការកាប់បំផ្លាញព្រៃឈើនាំឲ្យមានសំណឹកដី, បាត់បង់ប្រភពទឹក, និងពិបាករកឧសដុត។ គាត់ក៏ចាប់ផ្តើមយល់ថា ការកាប់បំផ្លាញព្រៃឈើបណ្តាលឲ្យមានភាពក្រីក្រ និងភាពរាំងស្ងួត។ ដូច្នេះហើយទើបអ្នកស្រីវ៉ានការី ចាប់ផ្តើមដាំដើមឈើឡើងវិញ។

អ្នកស្រីបានរៀបចំស្ត្រីមួយក្រុមនាំគ្នាដាំដើមឈើនៅជុំវិញផ្ទះ និងចម្ការរបស់ខ្លួន។ ដោយសារពួកគេដាំដើមឈើជាជួរៗ ឬដូច "ខ្សែក្រវាត់" នោះទើបគេស្គាល់ក្រុមគាត់ថា ជាចលនាខ្សែក្រវាត់បៃតង។ ស្ត្រីក្នុងចលនាខ្សែក្រវាត់បៃតង ចាប់ផ្តើមបង្រៀនប្រជាជនដទៃទៀតឲ្យយល់អំពីផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃឈើ និងបង្រៀនឲ្យដាំដើមឈើជាមួយពួកគេ។ ពួកគេបានយកដើមឈើឲ្យកសិករ រួចដាំវានៅលើជាយភ្នំដើម្បីបង្ការសំណឹកដី។ តាមរយៈការដាំដើមឈើទាំងនៅទីក្រុងនិងតាមភូមិដើម្បីបង្កើតកន្លែងបៃតង ផ្តល់ម្លប់ និងផ្តល់ឧសដុត, ពួកគេបានបង្ហាញថា ការដាំដើមឈើអាចដោះស្រាយបញ្ហាជាច្រើន។ ចលនាខ្សែក្រវាត់បៃតងក៏បានធ្វើសួនដំណាំ, សាងសង់ទំនប់តូចៗដើម្បីប្រមូលទឹកភ្លៀង, និងបើកសិក្ខាលាលាដើម្បីជួយប្រជាជនឲ្យយល់ដឹងអំពីតម្រូវការនៃព្រៃឈើល្អ។

ដោយការទទួលខុសត្រូវលើបរិស្ថានរបស់ខ្លួន ចលនាខ្សែក្រវាត់បៃតងបានស្វែងយល់ថាពួកគេត្រូវការគាំទ្រពីរដ្ឋាភិបាលរបស់ខ្លួនក្នុងការថែទាំបរិស្ថានដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកេនយ៉ាគ្រប់រូប។ ការដាំដើមឈើបានក្លាយជាពាក្យស្លោកមួយនៃចលនាដើម្បីសន្តិភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសកេនយ៉ា។ នៅពេលមានជម្លោះកើតឡើងរវាងសហគមន៍ខុសគ្នា ចលនាខ្សែក្រវាត់បៃតងបានប្រើពាក្យស្លោក "ដើមឈើសន្តិភាព" ដើម្បីជួយសម្រុះសម្រួលពួកគេឲ្យស្រឡាញ់រាប់អានគ្នាវិញ។

ពីស្ត្រីម្នាក់ដែលដាំដើមឈើ វ៉ានការីបានក្លាយជាវីរនារីម្នាក់ក្នុងប្រទេសគាត់។ ប៉ុន្តែគាត់ក៏បានប្រឈមនឹងការលំបាកជាច្រើន។ ប្តីរបស់គាត់បានចាកចោលគាត់ ព្រោះតែមិនអាចរស់នៅជាមួយស្ត្រីម្នាក់ដែលពូកែដូច្នេះ។ រដ្ឋាភិបាលបានចាប់ខ្លួនគាត់ ព្រោះតែគាត់បានរៀបចំចលនាជាមួយប្រជាជនក្រីក្រ។ ប៉ុន្តែដោយសារភាពក្លាហានរបស់គាត់ និងការរួមគ្នាពីសំណាក់ប្រជាជនកេនយ៉ារាប់ពាន់នាក់ ចលនាខ្សែក្រវាត់បៃតងបានទទួលជោគជ័យក្នុងការដាំដើមឈើរាប់លានដើម។

នៅឆ្នាំ២០០៤ អ្នកស្រីវ៉ានការីម៉ាថៃ ទទួលបានពានរង្វាន់សន្តិភាពដែលជារង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតមួយនៅក្នុងពិភពលោក។ រង្វាន់នេះបានផ្តល់ឲ្យគាត់ដោយសារការលើកកម្ពស់សន្តិភាពតាមរយៈការអភិវឌ្ឍដែលមានស្ថិរភាព ដែលរួមបញ្ចូលប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពស្ត្រី។ ហើយទាំងអស់នេះចាប់ផ្តើមឡើងដោយការដាំដើមឈើ។

A row of trees around a home.