Hesperian Health Guides
ព្រៃឈើ និងសុខភាព
មាតិកា
ព្រៃឈើ និងទឹក
មនុស្សមួយចំនួនជឿថា ដើមឈើទាក់ទាញទឹកភ្លៀង និងទប់ទឹកនៅក្បែរដី។ អ្នកខ្លះទៀតជឿថាដើមឈើប្រើប្រាស់ទឹកច្រើនជាងការបញ្ចេញមកវិញ ដូច្នេះវារារាំងដល់ការដាំដំណាំ។ ជំនឿទាំងពីរនេះអាចត្រឹមត្រូវដូចគ្នា អាស្រ័យលើប្រភេទដើមឈើ, កន្លែងដែលដាំវា, និងលក្ខខណ្ឌដទៃទៀត។
ដីដែលសម្បូរព្រៃឈើ និងឫសឈើជ្រៅៗ ដើរតួរជាអ្នកច្រោះទឹក។ នៅពេលដែលថ្នាំសម្លាប់សត្វល្អិត, លោហៈធ្ងន់, និងសារធាតុគីមីពុលដទៃទៀត, ធ្វើឲ្យទឹកលើដី និងក្រោមដីក្លាយជាកខ្វក់ ព្រៃឈើជួយច្រោះសារធាតុទាំងនេះចេញពីទឹក។ ទឹកដែលបានច្រោះរួច ហូរចូលក្នុងអណ្តូងរបស់យើង, ខ្សែទឹក, បឹង, ហើយធ្វើឲ្យទីជម្រាល និងប្រជាជនដែលរស់ក្នុងទីជម្រាល មានសុខភាពល្អ។ បើគ្មានព្រៃឈើសម្រាប់ការពារប្រភពទឹកទេ នោះនឹងមានទឹកតិចតួចសម្រាប់ផឹកនិងងូត។ ដោយមូលហេតុទាំងអស់នេះ ជាការប្រសើរបំផុតគឺត្រូវទុកដើមឈើឲ្យដុះចោល ជាជាងការកាប់រំលំវា ជាពិសេសបើទឹករបស់អ្នកមានច្រើននិងស្អាត។
ប៉ុន្តែដើមឈើប្រភេទខ្លះ ជាពិសេសដើមឈើដែលលូតលាស់ឆាប់រហ័ស និងមិនមែនជាដើមឈើក្នុងតំបន់វាទេ នោះវាអាចស្រូបយកទឹកច្រើន។ សម្រាប់កសិករ និងអ្នកដទៃទៀតដែលចង់ការពារប្រភពទឹក ជាការសំខាន់គួរសង្កេតមើលប្រភេទផ្សេងៗគ្នានៃដើមឈើដែលស្រូបទឹក និងគួរសម្រេចចិត្តដោយប្រុងប្រយ័ត្នថាដើមឈើប្រភេទណាដែលគួរដាំ។
ព្រៃឈើ និងអាកាសធាតុ
ព្រៃឈើមានឥទ្ធិពលយ៉ាងសំខាន់លើអាកាសធាតុ និងបរិយាកាស(អាកាសធាតុនៅទីកន្លែងមួយក្នុងរយៈពេលយូរអង្វែង)។ ព្រៃឈើជួយសម្រួលអាកាសធាតុ ដោយធ្វើឲ្យខ្យល់ក្តៅចុះត្រជាក់ និងមានសំណើមខ្លះ, និងធ្វើឲ្យខ្យល់ត្រជាក់មានកម្តៅ និងស្ងួតខ្លះ។ ដើមឈើការពារផ្ទះសម្បែងនិងដំណាំពីខ្យល់ខ្លាំងនិងថ្ងៃក្តៅ និងផ្តល់ជម្រកការពារពីភ្លៀងធំ។
ក្នុងទ្រង់ទ្រាយធំ ព្រៃឈើប្រឆាំងនឹងរការឡើងកម្តៅផែនដី តាមរយៈស្រូបយកសារធាតុពុល។ ធ្វើដូចនេះជួយរក្សាបរិយាកាសនៃផែនដីទាំងមូលឲ្យមានសភាពសមរម្យ។ នៅពេលយើងបាត់បង់ព្រៃឈើក្នុងទ្រង់ទ្រាយធំ ការគំរាមកំហែងនៃគ្រោះមហន្តរាយធម្មជាតិនឹងកើនឡើង ដូចជាព្យុះហឺរីឃែន, ភាពរាំងស្ងួត, និងរលកក្តៅ។
ព្រៃឈើបង្ការសំណឹកដី និងកាត់បន្ថយជំនន់
ដើមឈើបង្ការសំណឹកដី និងកាត់បន្ថយជំនន់ តាមរយៈការបន្ថែមស្លឹកឈើទៅលើដី, ផ្តល់ម្លប់ដល់រុក្ខជាតិដែលដុះក្រោមដើមឈើ, និងទប់ដីដោយឫសរបស់វា។ ព្រៃឈើបន្ថយល្បឿនទឹកភ្លៀងហូរ និងបំបែកខ្សែទឹកពាសពេញដី ដូច្នេះវានឹងជ្រាបទៅក្នុងដីជាជាងហូរហៀរលើដី។
នៅពេលព្រៃឈើត្រូវបានកាប់បំផ្លាញ ដីត្រូវបានហូរដាច់ទៅក្នុងទន្លេ និងខ្សែទឹក។ នៅពេលមានព្យុះមកដល់ ដីមិនអាចស្រូបយក និងរក្សាទុកទឹកភ្លៀងទៀតទេ។ ផ្ទុយទៅវិញ ទឹកភ្លៀងនឹងហូរកាន់តែលឿនឆ្លងកាត់ផ្ទៃដី រួចបង្កជាជំនន់។ ការថែរក្សាដើមឈើនិងព្រៃឈើ គឺជាការសំខាន់ក្នុងការការពារលំហូរធម្មជាតិនៃទឹកឆ្លងកាត់ទីជម្រាល។ (សម្រាប់ព័ត៌មានអំពីសកម្មភាពសូមមើល តើទឹកភ្លៀងធ្វើអ្វីខ្លះមកលើដីវាល។
ព្រៃឈើចម្រុះ និងសុខភាព
នៅក្នុងព្រៃ យើងអាចមើលឃើញពីសំណាញ់នៃជីវិត បានយ៉ាងងាយ ព្រោះព្រៃឈើមានរុក្ខជាតិ និងសត្វជាច្រើនប្រភេទខុសប្លែកពីគ្នា។ ភាពចម្រុះនៃជីវិតបែបនេះ ការពារសុខភាពមនុស្សតាមវិធីច្រើនយ៉ាង។ សត្វឃ្មុំនិងសត្វល្អិតដទៃទៀតដែលរស់នៅលើដើមឈើ រោយលម្អងលើដំណាំ ដូច្នេះដំណាំនឹងចេញផ្កានិងផ្លែ។ សត្វឪម៉ាល់និងស្រមោច ស៊ីសត្វល្អិតទាំងឡាយដែលស៊ីដំណាំ។ សត្វប្រចៀវនិងសត្វស្លាប ស៊ីសត្វមូសដែលចម្លងជំងឺគ្រុនចាញ់, ជំងឺគ្រុនលឿង, និងជំងឺដទៃទៀត។ សត្វព្រៃដទៃទៀត គ្រប់គ្រងកណ្តុរ, ចៃ, សត្វ, និងរុយ ដោយការចាប់ស៊ី និងដេញវាចេញឲ្យឆ្ងាយ និងបង្ការវាមិនឲ្យចម្លងជំងឺ។
នៅពេលសាងសង់ផ្ទះសម្បែងនៅក្នុងឬនៅក្បែរព្រៃឈើដែលមានការកាប់បំផ្លាញ ចំនួននិងភាពចម្រុះនៃសត្វ មានការថយចុះ ព្រោះប្រភពជម្រកនិងអាហាររបស់ពួកវា លែងសូវសម្បូរនិងលែងសូវមានភាពចម្រុះ។ ម្យ៉ាងទៀតសត្វដែលនៅសល់ក្នុងព្រៃ ត្រូវបានបង្ខំឲ្យរស់នៅក្បែរប្រជាជន។ ធ្វើដូចនេះនាំឲ្យមានឱកាសខ្ពស់នៃការចម្លងជំងឺសត្វទៅកាន់មនុស្ស។ តាមរយៈការថែរក្សាព្រៃឲ្យបានគ្រប់គ្រាន់ដើម្បីជួយទ្រទ្រង់ភាពចម្រុះនៃរុក្ខជាតិនិងសត្វ គឺយើងការពារសុខភាពមនុស្សដែរ។
ព្រៃឈើ អាហារ ឧសដុត និងឱសថ
ព្រៃឈើមានផ្លែឈើ, គ្រាប់ផ្លែឈើ, គ្រាប់ពូជ, ឫសឈើ, សត្វល្អិត, និងសត្វព្រៃដ៏ច្រើនសម្បូរបែប សម្រាប់ជាតម្រូវការរបស់មនុស្ស។ នៅពេលព្រៃឈើនៅសល់តិច វាច្រើនតែបណ្តាលឲ្យមានភាពអត់ឃ្លាន, កង្វះអាហារូបត្ថម្ភ, និងជំងឺ។ ប្រជាជនដែលពឹងផ្អែកលើធនធានទាំងនេះ ត្រូវរកវិធីផ្សេងៗដើម្បីរស់។ នៅពេលអាហារនិងឱសថពីព្រៃឈើបានបាត់បង់ ចំណេះវិជ្ជាក្នុងការរៀបចំ និងប្រើប្រាស់វា ក៏បាត់បង់ដែរ។ បែបនេះមានន័យថា ការបាត់បង់ព្រៃឈើ នាំឲ្យបាត់បង់ចំណេះវិជ្ជា និងទំនៀមទម្លាប់សំខាន់ៗផងដែរ។
នៅកន្លែងដែលខ្វះខាតធនធាន មនុស្សជួនកាលមានអារម្មណ៍ថាត្រូវបានបង្ខំឲ្យជ្រើសរើសរវាងការទុកដើមឈើ និងការកាប់ដើមឈើដើម្បីដាំដំណាំ។ ប៉ុន្តែការទុកដើមឈើខ្លះៗគឺជាការសំខាន់ ទោះបីកសិករត្រូវកាប់ឆ្ការព្រៃយកដីដាំដំណាំក៏ដោយ។ ក្នុងតំបន់ដែលកសិករត្រូវការដីក្នុងព្រៃ ជាការសំខាន់គឺត្រូវរក្សាតុល្យភាពរវាងព្រៃឈើ និងកសិកម្ម។
ការលីសែងវត្ថុធ្ងន់ៗទៅមកទីឆ្ងាយៗ ធ្វើឲ្យមានឈឺក្បាល ឈឺខ្នង និងជាពិសេសចំពោះកុមារ គឺខូចខាតឆ្អឹងកងខ្នង។ |
បន្ទុករបស់ស្ត្រី
ភាគច្រើនគឺស្ត្រីនិងកុមារដែលជាអ្នកធ្វើការងារដ៏លំបាកក្នុងការស្វែងរកនិងលីសែងឧសយកមកដុត។ បន្ទុកការងារនេះក្នុងរយៈពេលច្រើនឆ្នាំ នឹងបណ្តាលឲ្យមានបញ្ហាសុខភាព។ នៅពេលមានការបំផ្លាញព្រៃឈើ មនុស្សត្រូវធ្វើដំណើរទៅទីឆ្ងាយៗដើម្បីស្វែងរកឧស។ បែបនេះធ្វើឲ្យពួកគេមានពេលវេលាតិចតួចសម្រាប់ធ្វើការងារសំខាន់ៗដទៃទៀតនៅឯផ្ទះ និងទៅសាលារៀន។
ស្ត្រីនិងកុមារក៏អាចប្រឈមនឹងអំពើហឹង្សាផ្លូវកាយនិងផ្លូវភេទផងដែរ នៅពេលពួកគេធ្វើដំណើរទៅស្វែងរកឧស។ ដោយមូលហេតុនេះហើយ ទើបនៅតំបន់ខ្លះស្ត្រីនិងក្មេងស្រីធ្វើដំណើរជាក្រុមទៅស្វែងរកឧសក្នុងពេលថ្ងៃ។ តាមរយៈការដាំនិងថែរក្សាដើមឈើឧសល្អៗនៅក្បែរផ្ទះ អ្នកទទួលបន្ទុករកឧស អាចមានសុវត្ថិភាពនិងសុខភាពល្អ។