Hesperian Health Guides
តើទីជម្រាលមានដំណើរការយ៉ាងដូចម្តេច
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៩. ការការពារទីជម្រាល > តើទីជម្រាលមានដំណើរការយ៉ាងដូចម្តេច
មាតិកា
វដ្តទឹក
ទឹកតែងតែផ្លាស់ទីកន្លែងជានិច្ច។ ជួនកាលវាផ្លាស់ទីតាមរយៈការហូរតាមខ្សែទឹក ដូចជាទន្លេជាដើម។ ជួនកាលវាផ្លាស់ទីតាមរយៈការប្រែរូបរាងពីទឹក ទៅជាឧស្ម័ន(ចំហាយ ឬទឹករំហួត) ឬទៅជាវត្ថុរឹងង(ទឹកកក ឬព្រិល)។ ប៉ុន្តែបរិមាណទឹកនៅក្នុងពិភពលោក មិនដែលប្រែប្រួលទេ។ ទឹកនៅក្នុងផែនដី ផ្លាស់ទីពីក្នុងលំហរមេឃ ទៅលើដី, ជ្រាបចូលទៅក្នុងដី, ហូរទៅក្នុងទន្លេ បឹង និងសមុទ្រ, រួចហួតទៅលើលំហរមេឃវិញ។ ចលនានៃទឹកនេះ ហៅថា វដ្តទឹក។
តើទីជម្រាលការពារទឹកនិងដីយ៉ាងដូចម្តេច
ទឹកភាគច្រើននៅក្នុងទីជម្រាល គឺមិនស្ថិតនៅក្នុងទន្លេឬបឹងទេ ប៉ុន្តែវានៅក្នុងដីនៃទីជម្រាល។ ទីជម្រាលដែលស្អាត មានប្រភពទឹកស្អាត និងដីសម្បូរជីជាតិ។ ដើមឈើ និងរុក្ខជាតិ ជាពិសេសស្មៅដែលនៅផ្នែកខាងលើនៃទីជម្រាល និងនៅតាមបណ្តោយច្រាំងទន្លេ និងខ្សែទឹក កែលម្អគុណភាពនិងបរិមាណនៃទឹកក្រោមដី។
តាមរយៈការការពារនិងអភិរក្សទឹក រុក្ខជាតិ និងដី គឺយើងការពារទីជម្រាលរបស់យើង។
ការបង្កើតទីជម្រាល
សកម្មភាពនេះជួយប្រជាជនឲ្យយល់អំពីរបៀបធ្វើការរបស់ទីជម្រាល និងអំពីសារសំខាន់នៃវត្ថុទាំងឡាយដែលស្ថិតនៅក្នុងទីជម្រាល ចំពោះសុខភាពមនុស្សគ្រប់គ្នាដែលរស់នៅក្នុងតំបន់ទីជម្រាលនេះ។
ពេលវេលា: ៣០ទៅ៤៥នាទី
សម្ភារៈ សម្រាប់ក្រុមនីមួយៗមានក្រដាសធំមួយផ្ទាំង, បាសាំងទឹក ឬខ្ទះបាយ, ខ្មៅដៃពណ៌ ឬប៊ិចពណ៌, និងទឹក
- ១. បែងចែកប្រជាជនជាក្រុមតូចៗដែលមានគ្នាពី៣ទៅ៥នាក់។
- ២. ក្រុមនីមួយៗយកក្រដាសមួយផ្ទាំងធំ រួចច្របាច់ខ្ញុកខ្ញីវា បន្ទាប់មកលាវាឲ្យត្រង់តាមកន្លែងខ្លះ ដោយទុកកន្លែងខ្លះឲ្យជ្រួញ និងមានកំពូល។
- ៣. ក្រុមនីមួយៗផាត់ពណ៌ផ្សេងៗនៅលើក្រដាសដែលធ្វើជាទីជម្រាល ដោយផាត់ពណ៌ត្នោតលើចង្អូរភ្នំ ពណ៌បៃតងលើជ្រលង និងពណ៌ខៀវលើទន្លេនិងផ្លូវទឹក។ បន្ទាប់មកអ្នកអាចបន្ថែមពណ៌ផ្សេងៗទៀត ដើម្បីបង្ហាញពីពណ៌ដែលប្រជាជនផាត់ថែមទៅលើទីជម្រាល ដូចជាពណ៌ក្រហមសម្រាប់រណ្តៅកាកសំណល់, ពណ៌ខ្មៅសម្រាប់ថ្នាំសម្លាប់សត្វល្អិត ប្រេងសាំង និងសារធាតុគីមីដទៃទៀត ។ល។
- ៤. ដាក់ក្រដាសទៅក្នុងខ្ទះបាយឬបាសាំងទឹក រួចសម្រួលទ្រង់ទ្រាយរបស់វាបន្ថែមទៀតដើម្បីឲ្យវាមើលទៅដូចជាទីជម្រាល ដោយមានខ្សែផ្នត់ក្រដាសបង្ហាញពីចង្អូរភ្នំ និងកន្លែងទំនាបបង្ហាញពីជ្រលង។
- ៥.ប្រជាជនក្នុងក្រុមជ្រលក់ម្រាមដៃចូលក្នុងទឹក រួចផ្ទាត់ទឹកទៅលើទីជម្រាល រហូតទាល់តែពណ៌ចាប់ផ្តើមហូរលើក្រដាស។ ក្នុងក្រុមនីមួយៗ ពិភាក្សាអំពីអ្វីដែលកើតឡើងនៅពេលពណ៌ហូរចុះទៅផ្នែកខាងក្រោមនៃទីជម្រាល។
- ៦.នាំក្រុមទាំងអស់ចូលរួមគ្នាវិញដើម្បីពិភាក្សាថាតើពួកគេឃើញមានអ្វីនៅលើក្រដាស, ប្រាប់ពីអ្វីខ្លះដែលកើតឡើងនៅក្នុងទីជម្រាលពិតប្រាកដ។ សង្កេតមើលចម្ងាយដែលពណ៌អាចហូរបាន និងមើលអំពីវត្ថុធាតុផ្សេងៗដែលលាយឡំគ្នានៅក្នុងទីជម្រាល។
សំនួរសម្រាប់ពិភាក្សា៖
- តើទឹកហូរពីរណ្តៅសំរាម(ពណ៌ក្រហម) និងថ្នាំសម្លាប់សត្វល្អិត(ពណ៌ខ្មៅ) អាចបណ្តាលឲ្យមានបញ្ហាសុខភាពអ្វីខ្លះចំពោះប្រជាជនដែលរស់នៅផ្នែកខាងក្រោមនៃទីជម្រាល?
- តើអ្នកគិតថានឹងមានការផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសហគមន៍ ប្រសិនបើទីជម្រាលត្រូវបានបំផ្លាញ?
- តើសហគមន៍របស់អ្នកអាចធ្វើសកម្មភាពអ្វីខ្លះដើម្បីការពារ ឬស្ថាបនាទីជម្រាលឡើងវិញ?
ការបំផ្លាញទីជម្រាលនៅក្នុងជ្រលងទន្លេអាហ្គួន
កាលពី៤០ឆ្នាំមុន កូនភ្នំទាំងឡាយដែលនៅខាងលើទន្លេអាហ្គួន(Aguan River) សុទ្ធតែសម្បូរទៅដោយព្រៃឈើ។ ជ្រលងគឺជាតំបន់ដែលសម្បូរជីជាតិបំផុតមួយក្នុងប្រទេសហុងឌូរ៉ាស និងផ្តល់ការចិញ្ចឹមជីវិតដល់កសិដ្ឋាននិងប្រជាជនក្នុងភូមិជាច្រើន។ មានខ្សែទឹកតូចៗថ្លាយង់ជាច្រើន ហូរចុះពីលើភ្នំទៅទន្លេអាហ្គួនដ៏ខៀវស្រងាត់។ ទន្លេហូរតាមជ្រលង រួចទៅក្នុងសមុទ្រខារីប៊ីន(Caribbean Sea)។
បន្ទាប់មកប្រជាជនក៏ចាប់ផ្តើមកាប់ដើមឈើដើម្បីយកដីធ្លីប្រើប្រាស់បន្ថែមក្នុងការធ្វើកសិកម្ម និងចិញ្ចឹមគោក្របី។ ក្រុមហ៊ុនផ្លែឈើដ៏ធំមួយបានមកដល់ រួចកាប់ដើមឈើបន្ថែមទៀតដើម្បីយកដីធ្វើចម្ការចេក។
ប្រជាជនខ្លះចាប់ផ្តើមផ្លាស់ទីលំនៅទៅជាយភ្នំ ព្រោះដីជ្រលងដ៏ល្អបំផុត ត្រូវបានរឹបអូសដោយម្ចាស់ដី។ ចុងក្រោយ ដើមឈើស្ទើរតែទាំងអស់ត្រូវបានកាប់រំលំ ហើយមានប្រជាជនកាន់តែច្រើនបានផ្លាស់ទៅរស់នៅឯជាយភ្នំ។ មានទឹកកាន់តែតិចនៅក្នុងទន្លេនិងខ្សែទឹក ហើយទឹកលែងស្រស់ថ្លាទៀតហើយ។
ប្រជាជននៃជ្រលងអាហ្គួន ដឹងថាមានការផ្លាស់ប្តូរ ប៉ុន្តែទាល់តែព្យុះហឺរីឃែន មកដល់ ទើបពួកគេយល់ថាទីជម្រាលរបស់ខ្លួនត្រូវបានបំផ្លាញអស់ប៉ុន្មាន។ ភ្លៀងធំៗធ្វើឲ្យបាក់ដីនៅតាមជាយភ្នំ។ ផ្ទះជាច្រើននិងភូមិទាំងមូលត្រូវបានបំផ្លាញខ្ទេចខ្ទី។ មនុស្សបានស្លាប់ និងរបួសជាច្រើន។
អ្នកភូមិចាប់ផ្តើមយល់ថា ដើម្បីកែលម្អសុខភាពរបស់ខ្លួន ពួកគេត្រូវការពារទីជម្រាលរបស់ខ្លួន។
បន្ទាប់ពីការពិភាក្សាអំពី "ការប៉ះពាល់ផ្នែកសុខភាពពីការខូចខាតទីជម្រាល" សាច់រឿងនៃជ្រលងទន្លេអាហ្គួន បន្តនៅទំព័រសាច់រឿងនៃជ្រលងទន្លេអាហ្គួនបន្ត។
ផលប៉ះពាល់ផ្នែកសុខភាពពីការខូចខាតទីជម្រាល
នៅពេលមានការកាប់បំផ្លាញព្រៃឈើ ដីស្តុកទឹកកាន់តែតិច ធ្វើឲ្យរីងអណ្តូងនិងកន្លែងទឹកចេញ។ រយៈពេលរាំងស្ងួតមានកាន់តែយូរ ឬមានកាន់តែញឹកញាប់ ធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗដែលបណ្តាលមកពីការខ្វះខាតទឹក។ ការបំផ្លាញព្រៃឈើក៏បណ្តាលឲ្យបាត់បង់ដី(សំណឹកដី)ផងដែរ នាំឲ្យមានភាពអត់ឃ្លាន និងការហូរច្រោះដី។
នៅពេលដីល្បាយខ្សាច់ត្រូវបានបំផ្លាញ វាមិនអាចច្រោះសារធាតុពុលចេញពីទឹកទេ នាំឲ្យមានភាពកខ្វក់កាន់តែខ្លាំង។ ទាំងការបំផ្លាញដីល្បាយខ្សាច់ និងការបំផ្លាញព្រៃឈើ សុទ្ធតែបង្កឲ្យមានទឹកជំនន់ ដែលនាំឲ្យមនុស្សមានរបួស, ស្លាប់, និងការកើនឡើងនៃជំងឺរាក។
ការផ្លាស់ប្តូរលើទីជម្រាល បង្កើនជំងឺដែលបង្កដោយសត្វមូស
សត្វមូសបន្តពូជក្នុងទឹកហូរយឺតៗ និងទឹកនឹងឬទឹកដក់។ នៅពេលមានការផ្លាស់ប្តូរទ្រង់ទ្រាយធំឬផ្លាស់ប្តូរភ្លាមៗ លើការប្រើប្រាស់ដី និងលើលំហូរទឹកដែលឆ្លងកាត់ទីជម្រាល, ភាគច្រើនវាបង្កើតលក្ខខណ្ឌដែលអាចឲ្យសត្វមូសបន្តពូជបាន។ ការផ្លាស់ប្តូរទាំងនេះមានដូចជា ៈ
- ការជីកយកគ្រួសនិងខ្សាច់ក្នុងបាតទន្លេ សម្រាប់ជាសម្ភារៈសាងសង់, និងរ៉ែប្រណិត ដូចជាមាសជាដើម, ច្រើនតែបន្សល់នូវថ្លុកទឹកជាច្រើនដែលមានទឹកនៅនឹង(ទឹកដក់)។
- ការលើក ទំនប់ទន្លេក៏បង្កឲ្យមានទឹកនៅនឹងដែរ ហើយវាផ្លាស់ប្តូរលំហូរទឹកទៀតផង។
- ការសាងសង់ផ្លូវថ្នល់អាចរាំងខ្ទប់លំហូរទឹក និងបង្កើតថ្លុកទឹកជាច្រើនដែលមានទឹកនៅនឹង។
ប្រសិនបើអ្នកអាចធ្វើឲ្យទឹកនៅតែបន្តហូរជានិច្ច នោះការផ្លាស់ប្តូរលើទីជម្រាលនឹងមិនបណ្តាលឲ្យមានជំងឺឆ្លងតាមមូសកាន់តែច្រើនទេ ដូចជាជំងឺគ្រុនឈាម, គ្រុនចាញ់, និងគ្រុនលឿង។ សម្រាប់ព័ត៌មានបន្ថែមអំពីការបង្ការបញ្ហាដែលកើតឡើងពីសត្វមូស សូមមើលជំពូក៨។