Hesperian Health Guides
ការគ្រប់គ្រងលំហូរទឹក
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៩. ការការពារទីជម្រាល > ការគ្រប់គ្រងលំហូរទឹក
មធ្យោបាយល្អបំផុតក្នុងការកែលម្អការបង្ហូរទឹក គឺការធ្វើឲ្យទឹកលើដី(បន្ទាប់ពីភ្លៀងធ្លាក់) ហូរយឺត, ហូរបាចសាច, និងហូរជ្រាបចូលទៅក្នុងដី, ជាជាងនៅហូរហៀរលើដី។ ដើម្បីធ្វើដូច្នេះគួរ:
- ជៀសវាងការកាប់រុក្ខជាតិនិងដើមឈើ ជាពិសេសនៅតាមចំណោតភ្នំ និងតាមបណ្តោយខ្សែទឹកនិងទន្លេ។
- ធ្វើរៀបចំឲ្យទឹកលើដីហូរតម្រង់ទៅកាន់រុក្ខជាតិ, ប្រឡាយបង្ហូរទឹកចូលស្រែ, និងតំបន់ទំនាប។ អាចដាំបន្លែ ឬធ្វើស្រះចិញ្ចឹមត្រីនៅកន្លែងដែលទឹកប្រមូលផ្តុំ។
- សាងសង់របាំងឃាំង, ជញ្ជាំងទាប, និងមធ្យោបាយការពារសំណឹកដីដទៃទៀត, ដើម្បីត្រងយកទឹកនិងបង្ហូរទឹកទៅកន្លែងណាមួយ។
- កែលម្អដីដោយប្រើមធ្យោបាយកសិកម្មដែលមានស្ថិរភាព ដើម្បីឲ្យទឹកជ្រាបទៅក្នុងដី។
- បង្ហូរទឹកសំណល់ដែលចេញពីបំពង់ឬអណ្តូង ទៅក្នុងលូទឹកឬរណ្តៅជ្រាបទឹក។
- ត្រងទឹកពីលើដំបូលផ្ទះ ចូលក្នុងអាងឬពាង ទុកសម្រាប់ផឹក ឬបង្ហូរវាទៅក្នុងស្រះ ចម្ការ និងសួនដំណាំ។
- ថែរក្សាដើមឈើដែលដុះសងខាងផ្លូវថ្នល់ ឬសង់លូទឹកតាមបណ្តោយផ្លូវ និងស្រង់វត្ថុដែលធ្វើឲ្យស្ទះចេញពីលូ។
ការស្តារសម្អាតលូទឹកជាប្រចាំ ជួយបង្ការជំនន់ និងជំងឺ។ | ប្រែក្លាយទឹកភ្លៀងឲ្យទៅជាធនធានប្រចាំផ្ទះ។ |
ទីជម្រាលនៅក្នុងទីក្រុង
នៅពេលទីក្រុងមួយត្រូវបានសាងសង់ឡើង វាផ្លាស់ប្តូរលំហូរទឹកដែលឆ្លងកាត់ទីជម្រាល។ ការអភិវឌ្ឍក្នុងទីក្រុង ធ្វើឲ្យមានផ្ទៃរឹងជាច្រើន ដូចជាផ្លូវថ្នល់, ចិញ្ចើមផ្លូវ, និងដំបូលអាគារផ្សេងៗ ដែលធ្វើឲ្យទឹកភ្លៀងនៅហៀរហូរលើដី ជាជាងជ្រាបចូលទៅក្នុងដី។ វាអាចបណ្តាលឲ្យមានទឹកដក់ដែលមូសអាចបង្កកំណើតបាន។ វាក៏អាចនាំឲ្យមានជំនន់ផងដែរ។
នៅកន្លែងដែលមានមនុស្សរស់នៅច្រើន និងឧស្សាហកម្មរីកចម្រើន វាធ្វើឲ្យកខ្វក់ដល់ទឹកកាន់តែច្រើនដែរ។ ការរក្សាដីល្បាយខ្សាច់និងច្រាំងទន្លេឲ្យមានសភាពល្អក្នុងទីក្រុង អាចជាការលំបាក ប៉ុន្តែវាជាកិច្ចការសំខាន់ណាស់ ព្រោះដីល្បាយខ្សាច់បង្ការមិនឲ្យដក់ទឹកកខ្វក់, មិនឲ្យចម្លងភាពកខ្វក់ទៅកាន់រុក្ខជាតិ និងសត្វ, និងមិនឲ្យបំផ្លាញសុខភាពមនុស្ស។
ដើម្បីការពារទីជម្រាលតាមទីតាំងរបស់ខ្លួនម្នាក់ៗ ប្រជាជនក្នុងទីក្រុងអាច ៈ
- ចោលកាកសំណល់របស់មនុស្សនិងសារធាតុគីមី ឲ្យមានសុវត្ថិភាព ដើម្បីបង្ការកុំឲ្យវាឆ្លងទៅក្នុងប្រភពទឹក និង។
- សម្អាតនិងកែលម្អច្រាំងទន្លេ, ខ្សែទឹក, និងដីល្បាយខ្សាច់ ធ្វើជាសួនច្បារនៅក្នុងទីក្រុង។ សហគមន៍ខ្លះសាងសង់សួនច្បារតាមបណ្តោយផ្លូវថ្នល់ ដើម្បីជួយឲ្យទឹកជ្រាបចូលទៅក្នុងដី ជាជាងហូរទៅក្នុងលូ។
- ធ្វើយុទ្ធនាការទាមទារឲ្យអាជ្ញាធរក្រុងផ្តល់ផ្ទះសម្បែងដែលមានសុវត្ថិភាពដល់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។
- ដាក់សម្ពាធលើក្រុមហ៊ុនជំនួញ និងឧស្សាហកម្មទាំងឡាយឲ្យទទួលខុសត្រូវលើសំណល់របស់ខ្លួន។
- ចូលរួមជាមួយអាជ្ញាធរក្រុងនិងអង្គការក្នុងក្រុង ក្នុងការរៀបចំផែនការក្នុងតំបន់ និងក្នុងកិច្ចខិតខំអភិវឌ្ឍប្រកបដោយស្ថិរភាព។
ទីជម្រាលនៅក្នុងទីក្រុងងាយនឹងមានភាពកខ្វក់ណាស់ ប៉ុន្តែគេអាចការពារវាបាន! |