Hesperian Health Guides
សិទ្ធិក្នុងការទទួលបានទឹកស្អាតគ្រប់គ្រាន់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៥. បញ្ហាសុខភាពដែលបង្កឡើងដោយ ទឹកគ្មានសុវត្ថិភាព > សិទ្ធិក្នុងការទទួលបានទឹកស្អាតគ្រប់គ្រាន់
រដ្ឋាភិបាល និងសហគមន៍ ត្រូវធ្វើការរួមគ្នាក្នុងការធ្វើឲ្យប្រសើរនិងពង្រីកប្រព័ន្ធទឹក ដើម្បីអាចផ្តល់នូវទឹកគ្រប់គ្រាន់និងមានសុវត្ថិភាព ជាពិសេសចំពោះអ្នកដែលត្រូវការបំផុត។
ភាពជាដៃគូ ធ្វើឲ្យការផ្គត់ផ្គង់ទឹកមានភាពប្រសើរឡើង
នៅក្នុងប្រទេសហ្កាណា នៅអាហ្វ្រិកខាងលិច ក្រុមសហគមន៍បានគ្រប់គ្រងការផ្គត់ផ្គង់ទឹកដោយខ្លួនឯង។ នៅក្នុងទីក្រុងសាវែលុយហ្គូ(Savelugu), ក្រុមហ៊ុនហ្កាណាវ៉តធ័រ(Ghana Water) ដែលមានរដ្ឋាភិបាលជាម្ចាស់កម្មសិទ្ធិ បានផ្គត់ផ្គង់ទឹកស្អាត, ចំណែកឯសមាជិកសហគមន៍ជាអ្នកទទួលខុសត្រូវលើការកំណត់តម្លៃ ការបែងចែក និងការជួសជុលប្រព័ន្ធទឹក។ នេះគេហៅថា “ភាពជាដៃគូរដ្ឋាភិបាល-សហគមន៍។
ដោយសារតែសហគមន៍ជាអ្នកទទួលខុសត្រូវលើការគ្រប់គ្រងទឹក, សុវត្ថិភាពនិងភាពគ្រប់គ្រាន់ ត្រូវបានធានាដោយការធ្វើសេចក្តីសម្រេចពីប្រជាជន។ ប្រសិនបើមានប្រជាជនខ្លះមិនអាចបង់ថ្លៃទឹកបាន នោះសហគមន៍បង់ជំនួសពួកគេរហូតគេអាចបង់ដោយខ្លួនឯងបាន។ តម្រូវការប្រជាជនត្រូវបានបំពេញគ្រប់គ្រាន់ មិនមែនដោយសារតែគេមានប្រាក់សម្រាប់បង់នោះទេ ប៉ុន្តែគឺដោយសារតែគេជាផ្នែកមួយនៃសហគមន៍។ ក្រុមហ៊ុនហ្កាណាវ៉តធ័របានទទួលផលចំណេញដោយសារតែសហគមន៍តែងតែបានបង់ប្រាក់ដល់គេ។
ប្រព័ន្ធក្នុងសហគមន៍នៅទីក្រុងសាវែលុយហ្គូ កំពុងតែត្រូវបានប្រើប្រាស់ជាគំរូសម្រាប់ទីក្រុងទាំងឡាយនៅប្រទេសហ្កាណា។ តាមរយៈការគ្រប់គ្រងប្រព័ន្ធទឹកដោយខ្លួនឯង ប្រជាជនសាវែលុយហ្គូបានបង្ហាញថា ឯកជនីយកម្ម មិនមែនជាមធ្យោបាយតែមួយគត់សម្រាប់ការផ្គត់ផ្គង់ទឹកនោះទេ។ ចាប់តាំងពីភាពជាដៃគូរដ្ឋាភិបាល-សហគមន៍ បានចាប់ផ្តើមមក, ជំងឺក៏មានការចុះថយ ហើយគ្រប់គ្នាមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់។
ការច្រកដប និងការលក់សិទ្ធិក្នុងការទទួលបានទឹក
នៅពេលប្រជាជនគ្មានទំនុកចិត្តលើទឹកម៉ាស៊ីន, អ្នកដែលមានលទ្ធភាព នឹងទិញទឹកដបប្រើជំនួសវិញ។ ប្រសិនបើមានមេរោគនៅក្នុងទឹកម៉ាស៊ីន, ការផឹកទឹកសុវត្ថិភាពក្នុងដប គឺជាមធ្យោបាយដែលអាចជៀសវាងជំងឺ។ ប៉ុន្តែគ្រាន់តែដោយសារទឹកត្រូវបានច្រកដបលក់ មិនមែនមានន័យថាវាមានសុវត្ថិភាពនោះទេ។ ក្នុងករណីជាច្រើន ទឹកដបគ្រាន់តែជាទឹកម៉ាស៊ីនច្រកក្នុងដបហើយលក់ក្នុងតម្លៃខ្ពស់ប៉ុណ្ណោះ។ មធ្យោបាយដ៏ល្អបំផុតក្នុងការទ្រទ្រង់ដល់សុខភាពទាំងប្រជាជននិងបរិស្ថាន គឺត្រូវធ្វើឲ្យគុណភាពទឹកមានភាពល្អប្រសើរ និងគួរឲ្យទុកចិត្តបាន តាមរយៈការធ្វើការកែលម្អការផ្គត់ផ្គង់ទឹកសាធារណៈ។
អ្នកគួរពិចារណាអំពីបញ្ហាសុខភាពដែលបង្កឡើងដោយដបប្លាស្ទិក រួមទាំងការច្រក, ការដឹកជញ្ជូន, និងការបោះចោល, ដែលធ្វើឲ្យតម្លៃទឹកដបខ្ពស់ជាងការផ្តល់ទឹកសុវត្ថិភាពទៅមនុស្សគ្រប់គ្នា។
ក្រុមហ៊ុនបានលក់ទឹកដប ដោយសារតែគេទទួលបានប្រាក់ចំណេញច្រើន។ ជាញឹកញាប់គេបានផ្សាយពាណិជ្ជកម្មទៅលើផលិតផលទឹករបស់គេ ដោយធ្វើឲ្យប្រជាជនគិតថាការផ្គត់ផ្គង់ទឹកសាធារណៈមិនមានសុខភាពល្អ ឬ“មិនល្អគ្រប់គ្រាន់។ ក្រុមហ៊ុនពហុជាតិដែលលក់ទឹក ដូចជា កូកាកូឡា ជាញឹកញាប់ធ្វើឲ្យមានគ្រោះថ្នាក់ដល់សេដ្ឋកិច្ចក្នុងតំបន់ ដោយបានធ្វើឲ្យក្រុមហ៊ុនភេសជ្ជៈនៅក្នុងតំបន់ត្រូវបិទទ្វារ។ ពេលខ្លះគេប្រើប្រាស់ទឹកដ៏ច្រើន គេធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រជាជន ដោយធ្វើឲ្យប្រជាជនខ្វះទឹកសម្រាប់ផឹក, តម្រូវការក្នុងផ្ទះ, ការស្រោចស្របដំណាំ, និងសកម្មភាពក្នុងតំបន់ផ្សេងៗទៀត(អានសាច់រឿង”ឧស្សាហកម្មយកទឹករបស់សហគមន៍”)។
ប្រព័ន្ធទឹកទុយោដែលស្អាតនិងមានសុវត្ថិភាព គឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការកែលម្អសុខភាពមនុស្សគ្រប់គ្នា។ នៅអីរ៉ុបនិងអាមេរិកខាងជើង ប្រព័ន្ធទឹកទុយោគឺជាមូលដ្ឋានដ៏សំខាន់នៃសុខភាពសាធារណៈ។ គ្មានហេតុផលណាដែលប្រជាជននៅប្រទេសក្រីក្រ ត្រូវរងគ្រោះដោយសារកង្វះទឹកស្អាត និងត្រូវបង្ខំឲ្យទិញទឹកដបដែលមានតម្លៃថ្លៃនោះទេ។
ការមានទឹកស្អាតគ្រប់គ្រាន់ដើម្បីរស់នៅក្នុងជីវិតដែលមានសុខភាព គឺជាសិទ្ធិមួយរបស់មនុស្សលោក។ ការការពារនិងការបំពេញសិទ្ធិក្នុងការប្រើប្រាស់ទឹក គឺអាចសម្រេចបានយ៉ាងល្អបំផុត តាមរយៈការគ្រប់គ្រងជាសាធារណៈ ឬសហគមន៍គ្រប់គ្រងប្រព័ន្ធទឹកទុយោ។ ដើម្បីប្រាកដថារដ្ឋាភិបាលផ្តល់នូវសេវាកម្មដ៏ល្អ សមាជិកសហគមន៍ត្រូវបង្កើនការចូលរួមក្នុងការពិនិត្យពិច័យលើការផ្តល់សេវាកម្មទឹក។ វាជួយធ្វើឲ្យប្រាកដថា ទឹកត្រូវបានគ្រប់គ្រងដោយយកសុខភាពប្រជាជនជាអាទិភាពខ្ពស់បំផុត។