Hesperian Health Guides
៥. បញ្ហាសុខភាពដែលបង្កឡើងដោយ ទឹកគ្មានសុវត្ថិភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៥. បញ្ហាសុខភាពដែលបង្កឡើងដោយ ទឹកគ្មានសុវត្ថិភាព
គ្មាននរណាម្នាក់អាចរស់នៅដោយគ្មានទឹកបានទេ។ ដើម្បីឲ្យមានសុខភាពល្អ មនុស្សត្រូវការទឹកគ្រប់គ្រាន់ ហើយគេត្រូវការទឹកដែលមានសុវត្ថិភាព។ ទឹកមិនមានសុវត្ថិភាពទេ នៅពេលដែលបានឆ្លងចូលនូវមេរោគ និងដង្កូវដែលមកពីកាកសំណល់មនុស្ស និងសត្វ(ទឹកនោម និងលាមក)។ មេរោគ និងដង្កូវអាចឆ្លងតាមរយៈទឹក ឬពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងប៉ះពាល់ដល់សហគមន៍ទាំងមូល។
សារធាតុគីមីដែលបានមកពីផ្នែកកសិកម្ម ឧស្សាហកម្ម និងការជីករ៉ែ រួមជាមួយនឹងកាកសំណល់ដែលបានបោះចោល, ក៏ធ្វើឲ្យទឹកគ្មានសុវត្ថិភាព និងបង្កឲ្យមានជំងឺជាច្រើន ដូចជាកន្ទួលក្រហមលើស្បែក មហារីក និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀត។
ការគ្មានទឹកគ្រប់គ្រាន់សម្រាប់ផឹក ដាំស្ល និងលាងសម្អាត អាចនាំឲ្យមានជំងឺ។ ជាពិសេសនៅពេលគ្មានមធ្យោបាយសម្រាប់លាងដៃក្រោយពីចូលក្នុងបន្ទប់ទឹក ជំងឺរាកអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ការខ្វះខាតទឹកសម្រាប់អនាម័យផ្ទាល់ខ្លួន ក៏អាចបណ្តាលឲ្យមានការបង្ករោគ នៅលើភ្នែក និងស្បែកផងដែរ។ ការខ្វះខាតទឹកអាចបណ្តាលឲ្យមានការខ្សោះជាតិទឹក (បាត់បង់ជាតិទឹកយ៉ាងច្រើនពីក្នុងខ្លួន) និងការស្លាប់។
ការគ្មានទឹកគ្រប់គ្រាន់អាចបណ្តាលមកពី ភាពរាំងស្ងួត (អាកាសធាតុស្ងួតក្នុងរយៈពេលយូរ), តម្លៃទឹកខ្ពស់, ឬទឹកមិនត្រូវបានស្តុកទុកយ៉ាងល្អ។
ការចម្លងរោគទៅក្នុងទឹក អាចធ្វើឲ្យបញ្ហាកង្វះទឹកកាន់តែធ្ងន់ធ្ងរ, ដូចគ្នាដែរ កង្វះទឹកធ្វើឲ្យបញ្ហាចម្លងមេរោគទៅក្នុងទឹកកាន់តែធ្ងន់ធ្ងរដែរ។ (ព័ត៌មានអំពីការការពារប្រភពទឹក និងការធ្វើឲ្យទឹកស្អាតនិងមានសុវត្ថិភាព សូមមើលជំពូក៦។ ចំពោះអនាម័យមានសុវត្ថិភាព សូមមើលជំពូក៧ )។