Hesperian Health Guides
ការប្រឆាំងនឹងរបៀបដែលមនុស្សវិនិច្ឆ័យលើការរំលូតកូន
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > ការប្រឆាំងនឹងរបៀបដែលមនុស្សវិនិច្ឆ័យលើការរំលូតកូន
សកម្មភាព
និយាយថាទេ ចំពោះការស្តីបន្ទោស និងធ្វើឲ្យអាម៉ាស់
ដើម្បីរៀបចំ៖ មុននឹងអនុវត្តសកម្មភាព ចូររៀបចំមតិគ្រោះថ្នាក់មួយចំនួនដែលឮជាញឹកញាប់នៅក្នុងសហគមន៍របស់អ្នក។ មតិញឹកញាប់មួយចំនួនដែលស្តីបន្ទោសឬធ្វើឲ្យស្ត្រីអាម៉ាស់ មានដូចជា ៖
"មានតែស្ត្រីដែលគ្មានសីលធម៌ប៉ុណ្ណោះដែលរំលូតកូន។"
"ស្ត្រីដែលមានផ្ទៃពោះមុនរៀបការ គួរតែរស់នៅជាមួយនឹងផលវិបាកទាំងនោះទៅ។"
"ការរំលូតកូនជាឃាតកម្ម។"
- ពន្យល់សកម្មភាពឲ្យក្រុមយល់ថា មូលហេតុតែមួយគត់ដែលអ្នកលើកឡើងនូវមតិដែលស្តីបន្ទោសនិងធ្វើឲ្យស្ត្រីឈឺចាប់ព្រោះតែការរំលូតកូននេះ គឺដើម្បីរៀនពីរបៀបឆ្លើយតបចំពោះមតិទាំងនោះតាមរយៈការបង្ហាញពីភាពយោគយល់ បើកចិត្តទូលាយ និងសណ្តោសប្រណីតែប៉ុណ្ណោះ។
-
ជ្រើសរើសមតិណាមួយដែលអ្នកបានរៀបចំ រួចសុំឲ្យក្រុមពិភាក្សាពីមតិនោះ។ សួរថា៖
- តើនរណាអាចនឹងនិយាយពាក្យទាំងនេះ?
- តើមតិនេះធ្វើឲ្យស្ត្រីមានភាពអាម៉ាស់ ភ័យខ្លាច ឬសោកសង្រេងដូចម្តេចខ្លះ?
-
សួរសំណួរដូចខាងក្រោមនេះ ដើម្បីឲ្យក្រុមគិតពីអ្វីដែលពួកគេអាចនិយាយដោយភាពអាណិតអាសូរ យកចិត្តទុកដាក់ ឬបើកចិត្តទូលាយ៖
- តើការពិចារណាពីមូលហេតុដែលរុញច្រានឲ្យស្ត្រីស្ថិតក្នុងស្ថានភាពនេះ បានជួយអ្វីខ្លះដល់អ្នក?
- តើយើងអាចជួយឲ្យអ្នកដទៃទៀតមើលឃើញពីស្ថានភាពរបស់ស្ត្រីមានផ្ទៃពោះ តាមរបៀបណា?
-
បន្ទាប់មក សុំឲ្យក្រុមពិចារណាពីវិធីនិយាយជាមួយអ្នកដទៃនៅក្នុងសហគមន៍ ដើម្បីឲ្យពួកគេផ្តល់ការគោរពនិងអាណិតអាសូរចំពោះស្ត្រីដែលបានរំលូតកូន។ តើពួកគេអាចធ្វើអ្វីខ្លះដើម្បីលើកកម្ពស់ភាពយោគយល់និងសណ្តោសប្រណីនៅពេលដែលប្រជាជនគិតនិងនិយាយអំពីការរំលូតកូន?
សម្រាប់ស្ត្រីខ្លះ វាមានន័យថាពួកគេគួរចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនដោយបើកចំហរ ដើម្បីឲ្យស្ត្រីដទៃទៀតបានដឹង។ ក្រុមការងារខ្លះបានផលិតជាកម្មវិធីវិទ្យុឬទូរទស្សន៍ ដែលនិទានប្រាប់ពីរឿងរ៉ាវពិតរបស់ស្ត្រីដែលបានជ្រើសរើសការរំលូតកូន។ (សូមមើលសាច់រឿងរបស់វេជ្ជបណ្ឌិត អារុណ)។
សម្រាប់អ្នកខ្លះទៀត អាចនឹងឈានទៅរកសកម្មភាពនយោបាយ ដូចជាចូលរួមដង្ហែរក្បួន ឬស្វែងរកការគាំទ្រពីរដ្ឋាភិបាល។ អ្នកខ្លះទៀត ប្រើប្រាស់សិល្បៈដូចជា គូររូប ឬតែងកំណាព្យអំពីសិទ្ធិស្ត្រីក្នុងការទទួលបានការរំលូតកូនដោយសុវត្ថិភាព។ វាក៏អាចមានន័យផងដែរថា អ្នកគួរតែបញ្ចេញយោបល់នៅពេលដែលឮមតិអាក្រក់ឬមតិបង្កភាពឈឺចាប់ដល់ស្ត្រីដែលស្ថិតក្នុងស្ថានភាពទាំងនេះ។
ចុះបើខ្ញុំនិយាយថា “ស្ត្រីដែលបានរំលូតកូន គឺគ្រាន់តែចង់គេចពីការទទួលខុសត្រូវប៉ុណ្ណោះ?”
ប្រហែលជានាងត្រូវគេចាប់រំលោភទេ ឬនាងចង់រៀនឲ្យចប់សិន។
ខ្ញុំគិតថាស្ត្រីជាច្រើនដែលបានរំលូតកូន គឺដោយសារគាត់មានការបន្ទុកធ្ងន់ធ្ងរពេកលើកូនៗដែលមានស្រាប់ទៅហើយ។
ខ្ញុំគិតថាខ្ញុំមិនត្រូវស្តីបន្ទោសឲ្យស្ត្រីដែលបានរំលូតកូនទេ ព្រោះខ្ញុំមិនដឹងពីមូលហេតុឬភាពលំបាករបស់គាត់ទេ។
ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨