Hesperian Health Guides
ដឹកនាំការពិភាក្សាក្នុងសហគមន៍អំពីការរំលូតកូន
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > ដឹកនាំការពិភាក្សាក្នុងសហគមន៍អំពីការរំលូតកូន
ម្យ៉ាងទៀត ការនិយាយអំពីការមានផ្ទៃពោះមិនចង់បាន មានន័យថាជាការនិយាយអំពីមនុស្សរួមភេទនឹងគ្នា ដែលធ្វើឲ្យមនុស្សជាច្រើនមិនមានអារម្មណ៍ល្អ ឬរឹតតែពិបាកទៅទៀតបើពិភាក្សាពីស្ត្រីវ័យក្មេងឬមិនទាន់រៀបការដែលសកម្មក្នុងផ្លូវភេទ។
យើងអាចមើលឃើញយ៉ាងងាយ ថាហេតុអ្វីសហគមន៍ពិបាកនឹងពិភាក្សាអំពីការរំលូតកូន។ ប៉ុន្តែដរាបណានៅតែមានស្ត្រីស្លាប់ដោយសារការរំលូតគ្មានសុវត្ថិភាព យើងចាំបាច់ស្វែងរកវិធីជជែកអំពីបញ្ហានេះ។
មុននឹងដឹកនាំការពិភាក្សាអំពីការរំលូតកូន ជាការសំខាន់គឺត្រូវឆ្លុះបញ្ចាំងលើឥរិយាបថរបស់អ្នក ហើយស្វែងរកការគាំទ្រប្រសិនបើមិនទុកចិត្តក្នុងបញ្ហានេះ។ សូមមើល “ការត្រៀមលក្ខណៈដឹកនាំការពិភាក្សាអំពីការរួមភេទ និងចំណូលចិត្តផ្លូវភេទ” និងសកម្មភាពនានា នៅក្នុងឧបសម្ព័ន្ធ ខ សម្រាប់គំនិតខ្លះៗអំពីរបៀបត្រៀមលក្ខណៈជជែកអំពីប្រធានបទដែលអ្នកមិនសូវទុកចិត្ត។
ចូរប្រើប្រាស់សាច់រឿងដូចនៅក្នុងការដឹកនាំកិច្ចពិភាក្សាក្នុងសហគមន៍អំពីការរំលូតកូន ដើម្បីជួយឲ្យអ្នកចូលរួមពិភាក្សាថាហេតុអ្វីការរំលូតកូនមិនមែនជាសំណួរខុសឬត្រូវនោះទេ។
មាតិកា
រួមបញ្ចូលបុរសទៅក្នុងការពិភាក្សាអំពីការរំលូតកូន
ខណៈដែលស្ត្រីគ្រប់វ័យគួរជជែកអំពីការរំលូតកូនជាមួយគ្នា ប្រការសំខាន់គួរតែរួមបញ្ចូលបុរសផងដែរ ដែលអាចតាមរយៈការប្រជុំក្នុងសហគមន៍ ឬតាមរយៈសកម្មភាពសម្រាប់តែពួកគេ។ បុរសក៏រងការប៉ះពាល់ពីការមានផ្ទៃពោះមិនចង់បានផងដែរ!
ការសន្ទនាគ្រប់យ៉ាងអំពីការរំលូតកូន នឹងនាំឲ្យមានសំណួរពាក់ព័ន្ធនឹងយេនឌ័រ។ លើកទឹកចិត្តបុរសឲ្យស្តាប់សាច់រឿងរបស់ស្ត្រី ដើម្បីយល់ពីអារម្មណ៍របស់ពួកគេ។ ពួកគេក៏អាចរៀនបានរយៈការចែករំលែកសាច់រឿងជាមួយគ្នាអំពីអ្វីដែលបានកើតឡើង ឬអាចនឹងកើតឡើងចំពោះប្រពន្ធ ម្តាយ និងកូនស្រីរបស់ខ្លួន។ បុរសជាច្រើនគាំទ្រឲ្យមានសេវារំលូតកូនដោយសុវត្ថិភាព ហើយពួកគេអាចជាដៃគូដ៏សំខាន់ក្នុងការចូលរួមកិច្ចសន្ទនាក្នុងសហគមន៍ ក៏ដូចជាផ្តល់ជំនួយជាក់ស្តែង ដូចជាការដឹកជញ្ជូនស្ត្រីដែលចាំបាច់ទទួលសេវារំលូតដោយសុវត្ថិភាពជាបន្ទាន់។
សាច់រឿងដែលអាចជួយឲ្យការពិភាក្សាចាប់ផ្តើម
សាច់រឿងអាចជាមធ្យោបាយដ៏ល្អដើម្បីចាប់ផ្តើមការពិភាក្សាអំពីផ្ទៃពោះមិនចង់បាន អំពីមូលហេតុដែលស្ត្រីជ្រើសរើសការបញ្ចប់ផ្ទៃពោះ និងអំពីគ្រោះថ្នាក់ដែលពួកគេប្រឈមនៅពេលដែលគ្មានសេវារំលូតកូនដោយសុវត្ថិភាព។ ការនិទានរឿងអាចជួយឲ្យប្រជាជនស្រមៃពីស្ត្រីដែលពួកគេស្គាល់ ដូចជាបងឬប្អូនស្រី មិត្តភក្តិ ឬកូនស្រី ដែលប្រឈមនឹងស្ថានភាពដូចគ្នាក្នុងសាច់រឿង។ សាច់រឿងក៏អាចជួយឲ្យប្រជាជនមើលឃើញកាន់តែច្បាស់ថាការរំលូតកូនគឺជាបញ្ហាសុខភាពមួយរបស់ស្ត្រី។
សកម្មភាព
ការស្រមៃពីស្ថានភាពរបស់គាត់
- និទានរឿងអំពីស្ត្រីដែលមានផ្ទៃពោះ ហើយមិនចង់បានទេ។ អ្នកអាចប្រើប្រាស់សាច់រឿងមួយនៅទំព័របន្ទាប់ ឬរៀបចំសាច់រឿងមួយដែលអាចនឹងកើតឡើងលើស្ត្រីក្នុងសហគមន៍របស់អ្នក។ ឲ្យអ្នកចូលរួមទាំងអស់បិទភ្នែក រួចស្រមៃថាពួកគាត់ជាស្ត្រីនៅក្នុងសាច់រឿង។
-
ដើម្បីជួយពួកគេឲ្យស្រមៃពីស្ថានភាពរបស់ស្ត្រី ចូរសួរសំណួរដូចនេះ ៖
បើអ្នកជាស្ត្រីនៅក្នុងសាច់រឿង ៖
- តើអ្នកនឹងមានអារម្មណ៍បែបណាប្រសិនបើដឹងថាខ្លួនមានផ្ទៃពោះ?
- តើអ្នកនឹងប្រាប់នរណាទេ? តើជាអ្នកណា? តើនរណាដែលអ្នកនឹងមិនប្រាប់ជាដាច់ខាត? ហេតុអ្វីអ្នកប្រាប់ ឬហេតុអ្វីមិនប្រាប់?
- តើអ្នកនឹងភ័យខ្លាចឬបារម្ភពីអ្វីខ្លះ?
- តើអ្នកអាចនឹងធ្វើដូចម្តេចចំពោះផ្ទៃពោះនេះ?
- ផ្តល់ពេលពីរបីនាទីដើម្បីឲ្យពួកគេចែករំលែកជាមួយគ្នាអំពីអារម្មណ៍របស់ខ្លួនក្នុងពេលធ្វើលំហាត់នេះ។ រំឭកក្រុមថាឲ្យផ្តល់ឱកាសគ្នានិយាយម្តងម្នាក់ដោយការគោរព។ គ្រប់គ្នាគួរតែស្តាប់ឲ្យបានច្រើនជាងនិយាយ។
ដំបូន្មានសម្រាប់ការបង្កើតសាច់រឿងសម្រាប់ការពិភាក្សាអំពីផ្ទៃពោះមិនចង់បាន៖
- ព្យាយាមបង្កើតសាច់រឿងដែលទាមទារដំណោះស្រាយស្មុគស្មាញ។ បង្ហាញពីភាពលំបាកជាក់ស្តែងនៃផ្ទៃពោះមិនចង់បាន។ បញ្ចូលក្តីសង្ឃឹមនិងផែនការអនាគតសម្រាប់ស្ត្រី អ្នកដែលជួយគាំទ្រស្ត្រី និងអ្នកដែលដាក់សម្ពាធឲ្យស្ត្រីធ្វើការសម្រេចចិត្តបែបណាមួយ។
- កុំប្រើឈ្មោះមនុស្សពិត ឬឧទាហរណ៍ណាមួយដែលហាក់ដូចជារឿងរ៉ាវពិតរបស់នរណាម្នាក់នៅក្នុងសហគមន៍។ វាអាចនាំឲ្យមានការនិយាយដើមនិងយល់ច្រឡំដែលគួរឲ្យឈឺចាប់ដល់ស្ត្រីនោះ។
- មនុស្សជាច្រើនគិតថា មានតែស្ត្រីប្រភេទខ្លះប៉ុណ្ណោះដែលធ្វើការរំលូតកូន ឬមានផ្ទៃពោះមិនចង់បាន។ ដូច្នេះត្រូវនិទានរឿងអំពីស្ត្រីក្នុងវ័យផ្សេងៗ មានប្រវត្តិផ្សេងៗ និងមានវណ្ណៈសង្គមផ្សេងៗគ្នាដែរ។
សាច់រឿងគំរូចំនួន៤ អំពីផ្ទៃពោះមិនចង់បាន
ម្តាយរបស់អាមីណា ស្លាប់នៅពេលនាងមានអាយុ ៨ឆ្នាំ។ ឪពុករបស់នាងបញ្ជូននាងទៅរស់នៅភូមិជនបទមួយ ជាមួយមីងនិងពូរបស់នាង។ ពូរបស់នាងបានរំលោភនាងអស់រយៈពេល៥ឆ្នាំ ហើយគំរាមមិនឲ្យប្រាប់នរណាទាំងអស់។ អាមីណាមិនដែលបានទៅរៀនឡើយ។ នាងលក់ផ្កានៅផ្សារ ហើយត្រូវឲ្យប្រាក់ទាំងអស់ទៅពូរបស់នាង។ នៅអាយុ១៣ឆ្នាំ អាមីណាដឹងថានាងមានផ្ទៃពោះ។ នាងមិនចង់មានកូនរបស់ពូនាងឡើយ ប៉ុន្តែនាងភ័យខ្លាចមិនហ៊ានប្រាប់អ្នកណាពីការរំលោភឬមានផ្ទៃពោះ ព្រោះនាងគាត់ថាពូរបស់នាងនឹងបណ្តេញចេញពីផ្ទះ។
សាន់សាឡា មានកូនតូច២នាក់។ ប្តីរបស់គាត់បានចាកចេញពីគាត់២ខែមុន បន្ទាប់ពីធ្វើតេស្ត៍ឃើញថានាងមានមេរោគអេដស៍វិជ្ជមាន។ ប្តីបានចោទនាងថាមានសាហាយ ប៉ុន្តែមិនព្រមធ្វើតេស្ត៍ខ្លួនឯងទេ។ សាន់សាឡាមិនទាន់ប្រាប់នរណាម្នាក់ថាមានមេរោគអេដស៍ទេ ព្រោះខ្លាចអ្នកភូមិធ្វើអាក្រក់ជាមួយអ្នកផ្ទុកមេរោគអេដស៍។ នាងទើបដឹងថាមានផ្ទៃពោះ ១០សប្តាហ៍។ នាងដឹងថាគ្មានលទ្ធភាពចិញ្ចឹមកូនម្នាក់ទៀតទេ ហើយនាងមានអារម្មណ៍ឯកោនិងភ័យខ្លាច។
រ៉ានីយ៉ាមានអាយុ ១៦នៅពេលមានផ្ទៃពោះ។ ស្រោមអនាម័យដែលមិត្តប្រុសរបស់នាងប្រើពេលនោះ បានធ្លាយ។ ពួកគេស្រឡាញ់គ្នា ហើយគិតថានឹងរៀបការជាមួយគ្នា ប៉ុន្តែពួកគេទាំងពីរនាក់ចង់រៀនឲ្យចប់វិទ្យាល័យសិន។ ពួកគេមិនទាន់ត្រៀមខ្លួននឹងមានកូនឡើយ។ ឪពុកម្តាយរបស់រ៉ានីយ៉ា ខឹងខ្លាំងណាស់នៅពេលដឹងដំបូង ប៉ុន្តែឥឡូវពួកគេបានអភ័យទោសឲ្យនាងហើយ ព្រមទាំងប្រាប់ថានឹងជួយនាងអំឡុងពេលមានផ្ទៃពោះ។ ពួកគេធ្វើការទាំងពីរនាក់ ហើយនឹងមិនអាចជួយមើលចៅបានទេ។
មូលហេតុ និងផលលំបាកនៃផ្ទៃពោះមិនចង់បាន
មុននឹងក្រុមចាប់ផ្តើមពិភាក្សាពីសកម្មភាពដើម្បីបង្ការការរំលូតកូនគ្មានសុវត្ថិភាព គួរត្រិះរិះឲ្យកាន់តែស៊ីជម្រៅអំពីមូលហេតុនៃផ្ទៃពោះមិនចង់បាន ជម្រើសនានាដែលស្ត្រីមានផ្ទៃពោះមាន និងថាតើជម្រើសនីមួយៗមានន័យដូចម្តេចសម្រាប់ស្ត្រី។ សកម្មភាពជាច្រើននៅក្នុងសៀវភៅនេះ អាចមានប្រយោជន៍ក្នុងការត្រិះរិះនេះ។ នេះជាឧទាហរណ៍មួយនៃការកែសម្រួលសកម្មភាព #tree|“ដើមឈើនៃបញ្ហា” ដើម្បីដឹកនាំការពិភាក្សាលើបញ្ហាទាំងនេះ។
សកម្មភាព
ដើមឈើនៃបញ្ហាដើម្បីពិភាក្សាពីផ្ទៃពោះមិនចង់បាន
ត្រៀមរៀបចំសាច់រឿងអំពីស្ត្រីដែលមានផ្ទៃពោះដោយមិនចង់បាន ដូចនៅក្នុងទំព័រមុន។ រៀបចំ “ដើមឈើនៃបញ្ហា” រួចសរសេរ “ផ្ទៃពោះមិនចង់បាន” នៅលើគល់ និង “ការរំលូតកូនគ្មានសុវត្ថិភាព” “ការរំលូតកូនមានសុវត្ថិភាព” និង “មិនរំលូត” នៅលើមែក។
- ណែនាំសកម្មភាព រួចនិទានរឿងដែលអ្នកបានរៀបចំ។
- . បន្ទាប់មកសួរក្រុមថា “ហេតុអ្វីបានជាស្ត្រី មានផ្ទៃពោះដោយមិនចង់បាន?” នៅពេលពួកគេនិយាយពីមូលហេតុផ្សេងៗ ចូរសរសេរវាលើក្រដាសមួយសន្លឹក រួចបិតវានៅជាប់នឹងឫស។ ជួយឲ្យក្រុមគិតពីគំនិតទាំងឡាយដែលពាក់ព័ន្ធនឹងមូលហេតុឫសគល់ផ្សេង។ (បើចាំបាច់ គួរនិទានរឿងច្រើន)។ ចូរចងចាំ៖ បិតក្រដាស “មូលហេតុ” ដែលស្រដៀងគ្នា នៅលើឫសតែមួយដើម្បីឲ្យងាយមើលឃើញពីមូលហេតុផ្សេងៗនៃការមានផ្ទៃពោះដែលមិនចង់បាន។
- នៅពេលពួកគេនិយាយពីមូលហេតុផ្សេងៗ ចូរសរសេរវាលើក្រដាសមួយសន្លឹក រួចបិតវានៅជាប់នឹងឫស។ ជួយឲ្យក្រុមគិតពីគំនិតទាំងឡាយដែលពាក់ព័ន្ធនឹងមូលហេតុឫសគល់ផ្សេង។ (បើចាំបាច់ គួរនិទានរឿងច្រើន)។ ចូរចងចាំ៖ បិតក្រដាស “មូលហេតុ” ដែលស្រដៀងគ្នា នៅលើឫសតែមួយដើម្បីឲ្យងាយមើលឃើញពីមូលហេតុផ្សេងៗនៃការមានផ្ទៃពោះដែលមិនចង់បាន។
-
ប្រាប់ក្រុមឲ្យពិភាក្សាពីអ្វីដែលអាចកើតឡើងលើស្ត្រី ចំពោះជម្រើសនីមួយ។ សំណួរមួយចំនួនដែលអាចសួរ៖
- តើអ្នកគិតថាជីវិតស្ត្រីនឹងផ្លាស់ប្តូរដូចម្តេចខ្លះ ប្រសិនបើគាត់មិនរំលូតកូន ហើយកើតទារកមក?
- តើអាចនឹងមានអ្វីកើតឡើងចំពោះស្ត្រី ប្រសិនបើគាត់ធ្វើការរំលូតកូនដោយគ្មានសុវត្ថិភាព?
- តើអាចនឹងមានអ្វីកើតឡើងចំពោះស្ត្រី ប្រសិនបើគាត់ធ្វើការរំលូតកូនដោយសុវត្ថិភាព?
សរសេរចម្លើយនៅលើក្រដាស រួចបិត “ស្លឹកឈើ” ទាំងនេះនៅលើមែកនៃជម្រើស។
អ្នកចូលរួមអាចនឹងរៀបរាប់ពីចំណុចល្អនិងអាក្រក់ដែលអាចកើតឡើងពីជម្រើសនីមួយ។ ប្រសិនបើមាន ពណ៌ផ្សេងគ្នា អ្នកអាចធ្វើជាស្លឹកឈើ២ប្រភេទ គឺមួយពណ៌សម្រាប់ចំណុចល្អ ហើយមួយពណ៌ទៀតសម្រាប់ចំណុចអាក្រក់។
- ដើម្បីបញ្ចប់ ចូរប្រាប់ក្រុមឲ្យគិតអំពីវិធីដែលអាចធ្វើការផ្លាស់ប្តូរបាន។ ឧទាហរណ៍ អ្នកអាចសួរថា “តើយើងអាចធ្វើអ្វីខ្លះដើម្បីឲ្យដើមឈើមានស្លឹកកាន់តែល្អ កាន់តែវិជ្ជមាន នៅលើមែកទាំងអស់?” ឬសួរក្រុមថាតើគួរដោះស្រាយបញ្ហាឫសគល់នៃផ្ទៃពោះមិនចង់បានតាមរបៀបណាខ្លះ?