Hesperian Health Guides
តើអ្វីទៅដែលធ្វើឲ្យការរំលូតមានសុវត្ថិភាព ឬគ្មានសុវត្ថិភាព?
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > តើអ្វីទៅដែលធ្វើឲ្យការរំលូតមានសុវត្ថិភាព ឬគ្មានសុវត្ថិភាព?
ការរំលូតដោយសុវត្ថិភាព
ជាធម្មតា ការរំលូតដោយសុវត្ថិភាពធានានូវសុវត្ថិភាពខ្ពស់ច្រើនជាងការសម្រាលកូន ជាពិសេសសម្រាប់ក្មេងស្រីដែលមិនទាន់ធំធាត់ល្មមគ្រប់គ្រាន់ដើម្បីសម្រាលកូនដោយសុវត្ថិភាព ឬសម្រាប់ស្ត្រីដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា សម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម។ ការរំលូតដោយសុវត្ថិភាពមិនធ្វើឲ្យស្ត្រីបាត់បង់សមត្ថភាពមានផ្ទៃពោះ (មិនអាចមានកូននៅពេលក្រោយ) ហើយមិនបង្កជំងឺមហារីកទេ។ ទាំងនេះគឺជារឿងនិទានតគ្នា មិនមែនជារឿងពិតនោះទេ។
ដើម្បីប្រើប្រាស់មធ្យោបាយរំលូតទាំង 2 ដោយសុវត្ថិភាព ស្ត្រីនិងបុគ្គលិកសុខាភិបាលដែលទទួលបានការ បណ្តុះបណ្តាលត្រឹមត្រូវ ចាំបាច់ត្រូវដឹងពីរយៈពេលដែលស្ត្រីមានផ្ទៃពោះ។ ដើម្បីគណនារយៈពេលនេះ ចូរចាប់ផ្តើមរាប់ក្រោយថ្ងៃទីមួយនៃថ្ងៃមករដូវចុងក្រោយរបស់អ្នក។
ការបូម ៖ នៅពេលដែលការបូមត្រូវបានអនុវត្តដោយដៃ (ការបូមដោយដៃ) អ្វីៗដែលមាននៅក្នុងស្បូនត្រូវបូមចេញដោយសឺរ៉ាំងពិសេសមួយ។ បើមិនប្រើសឺរ៉ាំងទេ គេអាចប្រើម៉ាស៊ីនអគ្គិសនីតូចមួយ។
វិធីសាស្ត្របូមដោយដៃគឺជាវិធីសាមញ្ញ និងមានសុវត្ថិភាពរហូតដល់ទៅ 12 សប្តាហ៍ក្រោយថ្ងៃទី 1 នៃការមករដូវចុងក្រោយ នៅពេលដែលវាត្រូវបានអនុវត្តដោយអ្នកទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានបទពិសោធន៍ដោយប្រើប្រាស់ឧបករណ៍សមស្របក្រោមលក្ខខណ្ឌស្អាតបំផុត។ រាល់វត្ថុដែលដាក់បញ្ចូលក្នុងស្បូនចាំបាច់ត្រូវរម្ងាប់មេរោគដោយស្ទេរីល។ បុគ្គលិកសុខាភិបាលដែលទទួលបានការបណ្តុះបណ្តាលគួរតែដឹងពីរបៀប ឃ្លាំមើលបញ្ហា និងអាចឆ្លើយតបយ៉ាងឆាប់រហ័ស និងសមស្របដោយប្រើថ្នាំពេទ្យ និងការថែទាំល្អ។
ការរំលូតដោយប្រើថ្នាំពេទ្យ ៖ Misoprostol និង mifepristone គឺជាថ្នាំដែលស្ត្រីអាចលេបដោយខ្លួនឯង ប្រសិនបើនាងយល់ពីពេលវេលាដែលត្រូវលេប ដូសដែលត្រូវលេប និងអ្វីជាការរំពឹងទុកក្រោយពីលេបថ្នាំទាំងនេះ។ នាងក៏ត្រូវចេះឃ្លាំមើលសញ្ញាគ្រោះថ្នាក់ ដូចជាការរំលូតមិនអស់ផងដែរ។ ប្រសិនបើអាច នាងគួរជជែកជាមួយបុគ្គលិកសុខាភិបាលមុននឹងលេបថ្នាំទាំងនេះ។
ការរំលូតដោយប្រើថ្នាំពេទ្យមានសុវត្ថិភាពរហូតដល់ទៅ 9 សប្តាហ៍ (63ថ្ងៃ) ក្រោយថ្ងៃទី 1 នៃការមករដូវចុងក្រោយ។
សូមអានសៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត ដើម្បីទទួលបានព័ត៌មានបន្ថែមអំពី ថ្នាំពេទ្យសម្រាប់រំលូត និង ការរម្ងាប់មេរោគលើឧបករណ៍ និងសម្ភារ។
ការរំលូតដោយគ្មានសុវត្ថិភាព
ការរំលូតគឺនឹងគ្មានសុវត្ថិភាពទេនៅពេលដែលធ្វើឡើងក្នុងលក្ខខណ្ឌមិនស្អាតដោយនរណាម្នាក់ដែលមិនមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការរំលូតមានគ្រោះថ្នាក់ខ្ពស់នៅពេលដែលបញ្ចូលឧបករណ៍មិនស្ទេរីលទៅក្នុងស្បូនស្ត្រី។ មធ្យោបាយខាងក្រោមសុទ្ធតែគ្មានសុវត្ថិភាព និងមិនត្រូវប្រើប្រាស់ជាដាច់ខាត។
- មិនត្រូវដាក់បញ្ចូលវត្ថុមុតស្រួច ដូចជា ឈើ លួស ឬបំពង់ប្លាស្ទិករឹងចូលទៅក្នុងទ្វារមាស ឬស្បូនឡើយ។ វត្ថុទាំងនេះអាចធ្វើឲ្យរហែកស្បូន និងបង្កគ្រោះថ្នាក់ធ្លាក់ឈាម និងឆ្លងរោគបាន។
- មិនត្រូវដាក់ថ្នាំបុរាណ រុក្ខជាតិ ឬសារធាតុគីមីពុលទៅក្នុងទ្វារមាសឬស្បូនស្ត្រីឡើយ។ អ្វីទាំងអស់នេះអាចធ្វើឲ្យរលាក ឬក្រហល់ក្រហាយដែលបង្កឲ្យខូចខាត ឆ្លងរោគ និងហូរឈាមបាន។
- មិនត្រូវដាក់សារធាតុដូចជាទឹកអូសាវែល ទឹកក្បុង ផេះ សាប៊ូដុសខ្លួន ប្រេងកាត ឬសារធាតុរំលាយចូលទៅស្បូនឡើយ។ ហើយក៏មិនត្រូវផឹកពួកវាដែរ។
- មិនត្រូវទទួលទានថ្នាំពេទ្យ chloroquine (សម្រាប់ព្យាបាលជំងឺគ្រុនចាញ់) និងថ្នាំ ergometrine (ដើម្បីបញ្ឈប់ការធ្លាក់ឈាមក្រោយពេលសម្រាលកូន) ឡើយ។ ពួកវាអាចធ្វើឲ្យអ្នកស្លាប់មុននឹងបង្កការរំលូតទៅទៀត។ ចូរប្រើប្រាស់តែថ្នាំ Misoprostol និង mifepristone សូមមើលចំណុចការរំលូតដោយប្រើថ្នាំពេទ្យ។
- មិនត្រូវវាយពោះ (ក្បាលពោះ) ឬរុញស្ត្រីឲ្យធ្លាក់ពីកាំជណ្តើរឡើយ។ នេះអាចបង្ករបួសស្នាម និងហូរឈាមក្រៅរាងកាយ ប៉ុន្តែអាចនឹងមិនបង្កការរំលូតទេ។
មធ្យោបាយគ្មានសុវត្ថិភាពទាំងនេះ អាចសម្លាប់ស្ត្រី ឬបណ្តាលឲ្យមានរបួសឬជំងឺធ្ងន់ធ្ងរ ទម្រាំតែកូនរលូត។ ប្រសិនបើស្ត្រីរស់រានពីរបួសទាំងនេះ គាត់អាចនឹងមានការខូចខាតយូរអង្វែងឬអចិន្ត្រៃយ៍ដល់រូបរាងកាយរបស់គាត់ ដូចជារបួសប្រដាប់ភេទ លែងមានកូន និងបញ្ហាផ្លូវទឹកនោមនិងពោះវៀន ជាដើម។