Hesperian Health Guides
ការរៀបចំដើម្បីធ្វើឲ្យមានការរំលូតកូនដោយសុវត្ថិភាព
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > ការរៀបចំដើម្បីធ្វើឲ្យមានការរំលូតកូនដោយសុវត្ថិភាព
មនុស្សជាច្រើនចង់បញ្ឈប់គ្រោះថ្នាក់ដែលកើតឡើងការរំលូតកូនគ្មានសុវត្ថិភាព។ របៀបដែលពួកគេរៀបចំសកម្មភាពនេះ ជាទូទៅគឺពឹងផ្អែកលើអ្វីដែលអាចកែប្រែបាននៅក្នុងសហគមន៍របស់ពួកគេ។ ក្រុមការងារខ្លះចាប់ផ្តើមដោយការជួយស្ត្រីឲ្យទទួលបានការថែទាំក្រោយរំលូត។ ក្រុមការងារខ្លះទៀតរៀនសូត្រពីវិធីជួយស្ត្រី ឲ្យទទួលបានការរំលូតកូនដោយសុវត្ថិភាព។ ហើយក្រុមការងារជាច្រើនទៀតធ្វើការងារដើម្បីធានាថាស្ត្រីនិងបុរសដឹងពីរបៀបបង្ការការមានផ្ទៃពោះដែលមិនចង់បាន។
មាតិកា
ខ្សែទូរស័ព្ទសម្រាប់ព័ត៌មានការរំលូតកូនដោយសុវត្ថិភាព
ស្ត្រីវ័យក្មេងដឹកនាំផ្លូវ ៖ មូលនិធិ Maria
នៅឆ្នាំ២០០៧ ទីក្រុងម៉ិចស៊ីកូបានអនុម័តច្បាប់មួយ ដែលធ្វើឲ្យទីក្រុងនេះជាកន្លែងតែមួយគត់នៅទូទាំងប្រទេស ដែលអនុញ្ញាតឲ្យស្ត្រីធ្វើការរំលូតកូនដោយសុវត្ថិភាពនិងស្របច្បាប់ រហូតដល់ផ្ទៃពោះអាយុ ១២សប្តាហ៍។ នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងទិសដៅត្រឹមត្រូវ។ នៅផ្នែកដទៃទៀតនៃប្រទេសម៉ិចស៊ីកូ ស្ត្រីបានស្លាប់ ឬត្រូវបានដាក់ពន្ធនាគាររយៈពេលយូរដោយសារការរំលូតកូនខុសច្បាប់។ ប៉ុន្តែស្ត្រីក្រីក្រនៅទីក្រុងម៉ិចស៊ីកូ នៅតែមិនមានលទ្ធភាពទទួលសេវារំលូតដោយសុវត្ថិភាព ហើយស្ត្រីដែលនៅក្រៅទីក្រុង ត្រូវធ្វើដំណើរមកទីក្រុងម៉ិចស៊ីកូដើម្បីទទួលបានសេវានេះដោយស្របច្បាប់ និងត្រូវចំណាយលើការធ្វើដំណើរ និងតម្លៃព្យាបាល។
ដោយសារភាពអយុត្តិធម៌នេះ នៅឆ្នាំ២០០៩ ស្ត្រីវ័យក្មេង២នាក់បានបង្កើតមូលនិធិ MARIA សម្រាប់យុត្តិធម៌សង្គម ដើម្បីជួយឲ្យមានសេវារំលូតកូនដោយសុវត្ថិភាពដល់ស្ត្រីទាំងអស់។ សេវាដែលមូលនិធិ MARIA ផ្តល់ជូន រួមមាន ៖
- បង់ប្រាក់ខ្លះឬទាំងអស់នៃការរំលូត
- ដឹកជញ្ជូននៅក្នុងទីក្រុងម៉ិចស៊ីកូ
- នៅជាមួយស្ត្រីមុនពេល ក្នុងពេល និងក្រោយពេលរំលូត
- ខ្សែទូរស័ព្ទសម្រាប់ជួយឲ្យស្ត្រីថ្លឹងថ្លែងពីជម្រើសរបស់ពួកគាត់
ការការពារស្ត្រី និងបុគ្គលិកសុខាភិបាល
វិធីដ៏ល្អបំផុតដើម្បីការពារទាំងស្ត្រីដែលរំលូតកូន និងបុគ្គលិកសុខាភិបាលដែលគាំទ្រដល់ស្ត្រី គឺត្រូវបង្កើតបណ្តាញការងារមួយជាមួយមនុស្សដែលមានការប្តេជ្ញាចិត្តដូចគ្នា។
ក្រុមការងារដែលរៀបចំដើម្បីជួយស្ត្រីឲ្យទទួលបានការរំលូតដោយសុវត្ថិភាព ជាញឹកញាប់ប្រឈមនឹងជម្រើសមួយរវាងការគោរពតាមច្បាប់ និងធ្វើអ្វីដែលពួកគេគិតថាត្រឹមត្រូវ។ នៅប្រទេសភាគច្រើន មានស្ថានភាពខ្លះដែលការរំលូតកូនជារឿងស្របច្បាប់ រីឯស្ថានភាពមិនស្របច្បាប់ទៅវិញ។ ប្រការសំខាន់គឺត្រូវយល់ដឹងឲ្យច្បាស់ថាតើច្បាប់ចែងដូចម្តេចអំពីការរំលូតកូន និងដឹងពីផលវិបាកនៃការបំពានច្បាប់ ចំពោះស្ត្រីនិងអ្នកដែលជួយដល់គាត់។
នៅផ្នែកដំបូងនៃជំពូកនេះ យើងបានចែករំលែកផ្នែកមួយនៃសាច់រឿងរបស់វេជ្ជបណ្ឌិត អារុណ។ នៅក្នុងប្រទេសណេប៉ាល់ គាត់បានក្លាយជាសកម្មភាពដើម្បីការរំលូតដោយសុវត្ថិភាព នៅពេលដែលគាត់មិនអាចសង្គ្រោះជីវិតរបស់ម្តាយវ័យក្មេងម្នាក់ដែលមានរបួសដោយសារការរំលូតកូនខុសច្បាប់ គ្មានសុវត្ថិភាព។ នេះជាសាច់រឿងបន្តរបស់វេជ្ជបណ្ឌិត អារុណ។
ការតស៊ូដ៏យូរអង្វែងដើម្បីឲ្យមានសេវារំលូតកូនដោយសុវត្ថិភាពនិងស្របច្បាប់ នៅក្នុងប្រទេសណេប៉ាល់
ករណីស្លាប់របស់ម្តាយវ័យក្មេងម្នាក់នោះ ធ្វើឲ្យខ្ញុំយល់ឃើញថា ស្ត្រីក្រីក្រដែលមានផ្ទៃពោះមិនចង់បាន មានជម្រើសតិចតួចបំផុត។ ខ្ញុំបានសម្រេចចិត្តផ្សព្វផ្សាយសាច់រឿងរបស់ស្ត្រីម្នាក់នោះ ព្រមទាំងធ្វើការងារដើម្បី ផ្លាស់ប្តូរច្បាប់ដែលអនុញ្ញាតឲ្យស្ត្រីទទួលបានការរំលូតកូនដោយសុវត្ថិភាពនិងស្របច្បាប់នៅពេលដែលពួកគេត្រូវការ។ ខ្ញុំបានសរសេរអត្ថបទនៅក្នុងកាសែតតួចមួយ ហើយទទួលបានលិខិតឆ្លើយតបជាច្រើនដែលខឹងសម្បារនឹងនាងខ្ញុំ។ ប៉ុន្តែខ្ញុំនៅតែបន្តការសរសេរ ដោយនិទានរឿងរបស់ស្ត្រីដែលបានស្លាប់ ព្រមទាំងប្រឆាំងនឹងភាពអយុត្តិធម៌ដែលស្ត្រីក្រីក្របានប្រឈម។
នៅឆ្នាំ១៩៩០ មានការប្រែប្រួលស្ថានភាពនៅក្នុងប្រទេស។ បន្ទាប់ពីការតវ៉ាជាច្រើន ពួកយើងបានបង្កើតសភានិងរដ្ឋធម្មនុញ្ញថ្មី។ កាលពីមុន កាសែតនិងវិទ្យុត្រូវបានរឹតបន្តឹង។ បច្ចុប្បន្នមានកាសែតនិងកម្មវិធីវិទ្យុជាច្រើន ហើយមានកម្មវិធីខ្លះមានឆន្ទៈក្នុងការនិយាយអំពីបញ្ហារំលូតកូន។ ពេលវេលាក៏សមស្របសម្រាប់ការកែប្រែច្បាប់។
ក្នុងអំឡុងពេលនេះ ខ្ញុំបានជួបជាមួយអ្នកកាសែតម្នាក់ឈ្មោះថា Gujraj ដែលបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្ញុំ។ គាត់មិនត្រឹមតែបោះពុម្ពផ្សាយអត្ថបទរបស់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបញ្ចូនអ្នកយកព័ត៌មានទៅកាន់ភូមិដែលមានឮករណីស្លាប់ដែលពាក់ព័ន្ធនឹងការរំលូតកូនទៀតផង។ បុរសដែលបានបាត់បង់ប្រពន្ធរបស់ខ្លួន ចាប់ផ្តើមនិយាយរឿងរ៉ាវផ្ទាល់ខ្លួននៅទីសាធារណៈ។ សម្ព័ន្ធមិត្តម្នាក់ទៀតគឺជាអ្នកនយោបាយដែលមានឈ្មោះថា Sunil ។ គាត់គាំទ្រដល់សិទ្ធិរបស់ស្ត្រីក្នុងការទទួលបានការរំលូតកូនដោយសុវត្ថិភាព។ ការគាំទ្រពីបុរសបែបនេះ បានជួយឲ្យមនុស្សកាន់តែច្រើនស្វែងយល់ពីការរំលូតកូនដោយគ្មានសុវត្ថិភាព និងមើលឃើញថាវាមិនមែនជាបញ្ហារបស់ស្ត្រីតែម្នាក់ទេ។ បុរសក៏រងទុក្ខពីការបាត់បង់ប្រពន្ធ កូនស្រី បងប្អូនស្រី និងមិត្តភក្តិស្រីរបស់ពួកគេដែរ។
ខ្ញុំក៏បានចាប់ផ្តើមនិយាយនៅក្នុងវិទ្យុ។ ថ្ងៃមួយ បន្ទាប់ពីខ្ញុំនិយាយរឿងរបស់ស្ត្រីម្នាក់ដែលបានស្លាប់ ខ្ញុំក៏បាននិយាយពីរឿងរ៉ាវផ្ទាល់របស់ខ្ញុំ។ ខ្ញុំបានរៀបរាប់ពីការរំលូតដែលខ្ញុំបានធ្វើ បន្ទាប់ពីដឹងថាមានផ្ទៃពោះនៅពេល កូនដំបូងរបស់ខ្ញុំអាយុបាន ៦ខែ។ ហើយខ្ញុំបាននិយាយថា “ប្រសិនបើរដ្ឋាភិបាលហ៊ានចាប់ខ្លួនខ្ញុំ ខ្ញុំនឹងរីករាយឲ្យពួកគេចាប់។ បើពួកគេមិនចាប់ខ្លួនវេជ្ជបណ្ឌិតដែលទទួលឬផ្តល់សេវារំលូតកូនទេ ហេតុអ្វីគេចាប់ខ្លួនស្ត្រីនៅក្នុងភូមិ ហើយធ្វើឲ្យពួកគេខូចអនាគត?”
ខ្ញុំគិតថា ប្រជាជនត្រូវតែមើលឃើញនូវមុខមាត់របស់ស្ត្រីដែលបានស្លាប់ ឬដែលបានចូលពន្ធនាគារ ហើយខ្ញុំបានចាប់ផ្តើមប្រមូលរូបថតរបស់ស្ត្រី និងរឿងរ៉ាវរបស់ពួកគេ។ ខ្ញុំបានសុំការអនុញ្ញាតពីពួកគេ ឬក្រុមគ្រួសាររបស់គេជាមុន។ សកម្មជនដទៃទៀតបានដឹងពីចំនួនស្ត្រីដែលបានស្លាប់ ហើយខ្លះទៀតបានធ្វើការស្ទង់មតិពីការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនចំពោះបញ្ហារំលូតកូន។ យើងបានធ្វើបទបង្ហាញពីព័ត៌មានទាំងនេះនៅក្នុងជំនួបប្រជុំរវាងអ្នកនយោបាយ និងអ្នកជំនាញផ្នែកសុខភាព ដោយបាននិយាយថា ប្រសិនបើពួកគេយកចិត្តទុកដាក់លើការបញ្ឈប់មរណភាពរបស់ស្ត្រីពីការសម្រាលកូន អ៊ីចឹងពួកគេក៏ត្រូវតែបញ្ឈប់ការរំលូតកូនដោយគ្មានសុវត្ថិភាពនិងខុសច្បាប់ផងដែរ។ គំនិតយោបល់របស់ពួកគេក៏ចាប់ផ្តើមផ្លាស់ប្តូរ ប៉ុន្តែច្បាប់មិនបានផ្លាស់ប្តូរទេ។
អស់រយៈពេលជាយូរ ខ្ញុំបានធ្វើការងារជាមួយក្រុមការងារដើម្បីព្រាងច្បាប់ដែលធ្វើឲ្យការរំលូតកូនមានភាពស្របច្បាប់។ លើកទីមួយដែលយើងបានដាក់ស្នើច្បាប់ថ្មី វាមិនត្រូវបានអនុម័តទេ។ នៅឆ្នាំ១៩៩៩ យើងបានព្យាយាមម្តងទៀត។ យើងបានស្នើសុំថា ស្ត្រីគ្រប់រូបអាចទទួលបានការរំលូតដោយសុវត្ថិភាព រហូតផ្ទៃពោះបាន ១២សប្តាហ៍។ ប្រសិនបើស្ត្រីត្រូវបានចាប់រំលោភ ឬមានមូលហេតុផ្លូវចិត្តឬផ្លូវកាយដែលធ្វើឲ្យផ្ទៃពោះមានគ្រោះថ្នាក់ នោះគាត់អាចទទួលបានការរំលូតរហូតដល់ផ្ទៃពោះ ១៨សប្តាហ៍។ បន្ទាប់ពីសមាជិកសភាដ៏មានឥទ្ធិពលម្នាក់ បានផ្លាស់ប្តូរជំហររបស់គាត់ ច្បាប់នេះក៏ត្រូវបានអនុម័ត។
មធ្យោបាយតស៊ូមតិដើម្បីការរំលូតស្របច្បាប់និងមានសុវត្ថិភាព
ជាទូទៅមិនមានមធ្យោបាយតែមួយដែលធានាថានឹងរៀបចំឲ្យមានជោគជ័យនោះទេ។ ទាំងនេះជាកិច្ចប្រឹងប្រែងចម្រុះដែលក្រុមការងារបានប្រើប្រាស់នៅក្នុងការតស៊ូរបស់ពួកគេដើម្បីធ្វើឲ្យការរំលូតកូនមានសុវត្ថិភាពនិងភាពស្របច្បាប់៖
និយាយអំពីមរណភាពមាតា (ស្ត្រីស្លាប់ដោយសារផ្ទៃពោះ) គឺមិនមែនអំពីការរំលូតទេ។
និយាយរឿងរ៉ាវរបស់ស្ត្រីពិតដែលបានស្លាប់ ឬជាប់ពន្ធនាគារដោយសារទទួលការរំលូតកូន។
ធ្វើការងារជាមួយអ្នកដទៃដែលមានទស្សនៈវិស័យដូចអ្នក។ អ្នកនឹងផ្តល់ការលើកទឹកចិត្តនិងគាំទ្រទៅវិញទៅមក ហើយអ្នកអាចបង្កើតជាចលនារួមមួយ។
រួមបញ្ចូលបុរស។ ពួកគេដើរតួនាទីដ៏សំខាន់ក្នុងការបើកការសន្ទនាអំពីការរំលូតកូន។
ប្រើប្រាស់ភាសាដែលធ្វើឲ្យប្រជាជនរួមសាមគ្គីគ្នា គឺមិនមែនញុះញង់ឲ្យឈ្លោះប្រកែកគ្នាទេ។ នៅប្រទេសណេប៉ាល់ ប្រជាជនហាក់ដូចជាអាចទទួលយក “ការបញ្ឈប់ការរំលូតខុសច្បាប់និងគ្មានសុវត្ថិភាព” ប៉ុន្តែមិនទាន់អាចទទួលយក “ការធ្វើឲ្យសេវារំលូតមានភាពស្របច្បាប់” នៅឡើយទេ។ នៅប្រទេសខ្លះ អ្នកដែលប្រឆាំងនឹងពាក្យ “រំលូតកូន” គឺមិនប្រឆាំងនឹង “ការពន្យារកំណើត” ទេ។ នៅពេលដែលស្ត្រីបាត់រដូវ គាត់អាចទៅជួបគ្រូពេទ្យដើម្បី “ធ្វើឲ្យមានរដូវឡើងវិញ។
ពេលវេលាជាអ្វីៗទាំងអស់។ ក្នុងស្ថានភាពនយោបាយខ្លះ ដូចជាចលនាគាំទ្រប្រជាធិបតេយ្យជាដើម កិច្ចប្រឹងប្រែងនេះអាចចម្រើនទៅមុខយ៉ាងឆាប់រហ័ស។
បន្ទាប់ពីការរំលូតកូនត្រូវបានដាក់ឲ្យមានភាពស្របច្បាប់ហើយ ត្រូវធ្វើឲ្យវាមានទៅដល់ស្ត្រីគ្រប់កន្លែង។ វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលដទៃទៀត ត្រូវទទួលការបណ្តុះបណ្តាល, ត្រូវមានមូលនិធិ, ហើយស្ត្រីត្រូវដឹងថាស្វែងរកសេវារំលូតដោយសុវត្ថិភាពនៅទីណា។
នៅពេលសេវាផែនការគ្រួសារ មានទៅដល់ស្ត្រីកាន់តែច្រើន នោះស្ត្រីកាន់តែតិចដែលត្រូវការការរំលូតកូន។ ធ្វើការងារដើម្បីផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍ដែលបដិសេធនូវសិទ្ធិរបស់ស្ត្រីក្នុងការសម្រេចចិត្តលើបញ្ហាសុខភាពរបស់ខ្លួន។
ប្រើប្រាស់ថ្នាំពេទ្យសម្រាប់ការរំលូត និងសម្រាប់ការថែទាំបន្ទាន់ក្រោយរំលូត។ រៀនពីរបៀបប្រើប្រាស់ថ្នាំទាំងនេះ និងថាតើអាចរកវាបាននៅទីណាខ្លះ។ តស៊ូមតិដើម្បីធ្វើឲ្យព័ត៌មានទាំងនេះ មានសម្រាប់ស្ត្រីនិងសម្រាប់បុគ្គលិសុខាភិបាលក្នុងសហគមន៍។
ធ្វើការងារដើម្បីឲ្យព័ត៌មានអំពីសុខភាពផ្លូវភេទ មានទៅដល់បុរសនិងស្ត្រីវ័យក្មេង ដើម្បីឲ្យពួកគេសម្រេចចិត្តបានត្រឹមត្រូវក្នុងនាមជាមនុស្សពេញវ័យ។ | |
កុំបោះបង់ឲ្យសោះ! បើការព្យាយាមលើកដំបូងបរាជ័យ ចូរសាកល្បងមធ្យោបាយផ្សេងទៀត។ ចុងក្រោយអ្នកនឹងឈ្នះ! |