Hesperian Health Guides
ជំពូក ៩ ៖ ការបង្ការមរណភាពដោយសារការរំលូតគ្មានសុវត្ថិភាព
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៩ ៖ ការបង្ការមរណភាពដោយសារការរំលូតគ្មានសុវត្ថិភាព
- មិនអាចមើលថែទាំកូនម្នាក់ទៀតបាន
- ការមានផ្ទៃពោះឬសម្រាលកូនអាចនាំឲ្យគ្រោះថ្នាក់ខ្លាំង
- ករណីរំលោភសេពសន្ថវៈ
- ចង់បន្តការសិក្សា
- គ្មានដៃគូជីវិត
- ចាំបាច់ត្រូវធ្វើការ
នៅជុំវិញពិភពលោក មនុស្សភាគច្រើនបំផុតយល់ស្របថា ស្ត្រីមិនគួរណាស្លាប់ដោយសារការមានផ្ទៃពោះនោះទេ។
ជារឿយៗ បុគ្គលិកសុខាភិបាលបានប្រទះឃើញការលំបាក ឬការអស់សង្ឃឹមរបស់ស្ត្រីនៅពេលដែលនាងមានផ្ទៃពោះ និងមិនចង់បន្តមានផ្ទៃពោះ។ មានស្ត្រីជាច្រើនដែលស្ថិតក្នុងស្ថានភាពនេះបានសម្រចចិត្តបញ្ចប់ការមានផ្ទៃពោះរបស់ពួកគេ។ នៅពេលដែលស្ត្រី ឬនរណាម្នាក់ធ្វើអ្វីមួយដើម្បីបញ្ចប់ការមានផ្ទៃពោះ ឬស្តារឲ្យមានវដ្តរដូវប្រចាំខែរបស់នាងឡើងវិញនោះគេហៅដំណើរការនេះថាជា “ការរំលូត។
ផ្ទៃពោះក៏អាចបញ្ចប់ទៅដោយធម្មជាតិ ឬដោយសារជំងឺធ្ងន់ ឬបញ្ហាផ្សេងៗទៀតផងដែរ ដូចជា ការប៉ះទង្គិច ឬការប៉ះពាល់សារធាតុគីមីពុល។ នៅពេលដែលផ្ទៃពោះបញ្ចប់ទៅដោយសារហេតុផលណាមួយក្នុងចំណោមហេតុផលទាំងនេះ គេហៅថាជា “ការរលូត” ឬ “ការរំលូតដោយឯកឯង។ សញ្ញាគ្រោះថ្នាក់ក្រោយការរំលូត និងការរលូត គឺមានដូចតែគ្នាទេ។
ស្ត្រីតែងតែស្គាល់វិធីផ្សេងៗសម្រាប់បញ្ចប់ការមានផ្ទៃពោះ។ នាពេលបច្ចុប្បន្ន មានស្ត្រីនៅគ្រប់ប្រទេសទាំងអស់លើសកលលោក ទាំងក្មេងទាំងចាស់ ទាំងរៀបការរួចនិងមិនទាន់រៀបការ ទាំងមានកូននិងគ្មានកូន សុទ្ធតែបានរំលូតកូន សូម្បីតែនៅតាមប្រទេសដែលការរំលូតកូនត្រូវបានរិតត្បិត ឬហាមឃាត់ដោយច្បាប់ក៏ដោយ។
ការមានផ្ទៃពោះអាចនឹងមានសុវត្ថិភាពសម្រាប់ស្ត្រី ប៉ុន្តែជារឿយៗ ការរំលូតដែលស្ត្រីភាគច្រើនទទួលបាន គឺមិនមានសុវត្ថិភាពនោះទេ។ លោកស្រីវេជ្ជបណ្ឌិត អារុណ ដែលបានជួយយើងសរសេរជំពូកនេះ បានចំណាយពេលវេលាភាគច្រើននៃជីវិតរបស់គាត់ទៅលើការងារដែលមានបំណងបញ្ចប់ការរំលូតដែលគ្មានសុវត្ថិភាពនៅប្រទេសនេប៉ាល់។ ខាងក្រោមនេះគឺជាផ្នែកមួយនៃរឿងរ៉ាវរបស់គាត់ ៖
មរណភាពរបស់មាតាមួយរូបនៅប្រទេសនេប៉ាល់
នៅពេលដែលខ្ញុំបានក្លាយជាវេជ្ជបណ្ឌិតដំបូង ខ្ញុំធ្វើការនៅមន្ទីរពេទ្យសម្ភពមួយកន្លែងក្នុងប្រទេសនេប៉ាល់។ នៅថ្ងៃមួយ មានស្ត្រីឈឺធ្ងន់ម្នាក់កំពុងដេកនៅលើតុពិនិត្យជំងឺនៅចំពោះមុខខ្ញុំ។ នាងនិងស្វាមីបានដើររយៈពេល ៣ម៉ោងពីភូមិមកកាន់មន្ទីរពេទ្យ។ ជីពចររបស់នាងខ្សោយ ហើយនាងមានសភាពស្លេកស្លាំងជាខ្លាំង។ ក្នុងនាមជាវេជ្ជបណ្ឌិតថ្មីថ្មោងមួយរូបដែលទើបតែបញ្ចប់ការសិក្សាពីសាលាពេទ្យ ខ្ញុំមិនប្រាកដក្នុងចិត្តទេថាខ្ញុំអាចជួយសង្គ្រោះនាងបានដែរឬយ៉ាងណា។ ជាអកុសល្យ នាងក៏បានស្លាប់នៅចំពោះមុខខ្ញុំ។ ក្រោយមក ស្វាមីរបស់នាងក៏បាននិយាយរឿងរ៉ាវរបស់ពួកគេឲ្យខ្ញុំស្តាប់ ដែលមានសេចក្តីដូចតទៅ ៖
ពួកគេមានកូន ៥នាក់រួចមកហើយ ហើយពួកគេទាំងពីរមិនចង់មានកូនថែមទៀតទេ។ នៅពេលដែលនាងមានផ្ទៃពោះម្តងទៀត ពួកគេក៏បានទៅជួបគ្រូពេទ្យបុរាណម្នាក់នៅភូមិក្បែរខាង។ មនុស្សម្នាបាននិយាយថា គ្រូពេទ្យនោះអាចបញ្ឈប់ការមានផ្ទៃពោះដោយយកប្រាក់កាសបន្តិចបន្តួច។ គ្រូពេទ្យនោះបានដាក់ថ្នាំបុរាណទៅក្នុងទ្វារមាសប្រពន្ធរបស់គាត់ជាមួយនឹងដុំឈើតូចមួយ។ នៅថ្ងៃបន្ទាប់ នាងក៏រលូតកូន ប៉ុន្តែនាងបានបន្តធ្លាក់ឈាម និងមានអាការៈគ្រុនក្តៅ។ បីថ្ងៃក្រោយមក ស្វាមីរបស់នាងបានសម្រេចចិត្តនាំនាងមកមន្ទីរពេទ្យ។
ខ្ញុំមិនអាចឈប់គិតអំពីរឿងរ៉ាវរបស់ស្ត្រីម្នាក់នេះទេ។ នៅក្នុងការបណ្តុះបណ្តាលរបស់ខ្ញុំពុំមានមេរៀនណាដែលអាចឲ្យខ្ញុំត្រៀមខ្លួនសម្រាប់ស្ថានភាពបែបនេះទេ។ ការរំលូតកូនគឺជារឿងខុសច្បាប់នៅក្នុងប្រទេសនេប៉ាល់ ហើយស្ត្រីដែលរំលូតកូនអាចនឹងកាត់ទោសឲ្យជាប់ពន្ធនាគារទៀតផង។ នៅយប់នោះ ខ្ញុំបានស្កាត់ជួបគ្រូពេទ្យជើងចាស់មួយរូបដើម្បីសាកសួរសុំដំបូន្មានពីគាត់។ គាត់បាននិយាយថា “អារុណ នេះមិនមែជារឿងចម្លែកនោះទេ។ យើងជួបករណីដូចនេះ ៣-៤ ករណីជារៀងរាល់ខែ។ គាត់បានពន្យល់ថា ស្ត្រីភាគច្រើនដែលបានឆ្លងរោគដោយសារការរំលូតដែលគ្មានសុវត្ថិភាពអាចជាសះស្បើយនៅមន្ទីរពេទ្យ ប៉ុន្តែ “ក្នុងករណីខ្លះទៀត យើងអាចជួយបានតិចតួចប៉ុណ្ណោះ។ ពេលខ្លះពួកគេបានស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយការរំលូត។ ពេលខ្លះពួកគេមកដល់មន្ទីរពេទ្យទាំងស្លាប់បាត់ទៅហើយ។
សម្រាប់រឿងរ៉ាវលម្អិតរបស់វេជ្ជបណ្ឌិតអារុណ សូមអានរឿង “ដំណើរតស៊ូដ៏វែងឆ្ងាយដើម្បីទាមទារសេវារំលូតដែលស្របច្បាប់ និងមានសុវត្ថិភាពនៅប្រទេសនេប៉ាល់”។
មានបុគ្គលិកសុខាភិបាលជាច្រើន ដូចជាលោកស្រីអារុណ ជាដើម បានក្លាយជាអ្នកគាំទ្រការរំលូតដោយសុវត្ថិភាព និងស្របច្បាប់ ពីព្រោះពួកគេមិនអាចជួយសង្គ្រោះជីវិត ឬសុខភាពរបស់ស្ត្រីនៅក្នុងការថែទាំព្យាបាលរបស់ពួកគេដែលរងគ្រោះដោយសារការរំលូតដោយគ្មានសុវត្ថិភាពនោះទេ។
ការទទួលបានសេវាពន្យារកំណើតបង្ការការរំលូតដោយគ្មានសុវត្ថិភាព
ប្រសិនបើស្ត្រីទាំងអស់ទទួលបានមធ្យោបាយពន្យារកំណើតដែលមានប្រសិទ្ធភាពសម្រាប់ពួកគេ នោះចំនួនស្ត្រីដែលនឹងមានផ្ទៃពោះដោយមិនចង់បាន ឬការរំលូតដោយគ្មានសុវត្ថិភាពនឹងថយចុះជាមិនខាន។ ការរំលូតនឹងថយចុះប្រសិនបើ ៖
- មធ្យោបាយពន្យារកំណើតត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃចំពោះអ្នកដែលចង់បាន។
- ស្ត្រីគ្រប់រូបអាចជ្រើសរើសមធ្យោបាយពន្យារកំណើតដែលខ្លួនចង់បាន។
- ទាំងបុរសនិងស្ត្រីទទួលខុសត្រូវក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើត។
ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេងមិនទាន់រៀបការប្រឈមខ្ពស់នឹងការមានផ្ទៃពោះដែលមិនចង់បាន និងការរំលូតដោយគ្មានសុវត្ថិភាព។ ពួកគេអាចនឹងមានការលំបាកច្រើនក្នុងការទទួលបានសេវាពន្យារកំណើត ឬមិនព្យាយាមទទួលសេវានេះ ពីព្រោះពួកគេមិនចង់ឲ្យនរណាម្នាក់ដឹងថាពួកគេរួមភេទនោះទេ។ ឬក៏ពួកគេអាចនឹងមិនមានអំណាចក្នុងការជំរុញឲ្យបុរសជាដៃគូរបស់ពួកគេប្រើប្រាស់ស្រោមអនាម័យ។ ប្រសិនបើពួកគេមានផ្ទៃពោះ ពួកគេអាចនឹងរង់ចាំរយៈពេលយូរពេកទើបសម្រេចចិត្តស្នើសុំជំនួយ ពីព្រោះពួកគេភ័យខ្លាចក្នុងការប្រាប់រឿងមានផ្ទៃពោះដល់នរណាម្នាក់ ឬពីព្រោះពួកគេមិនបានដឹងពីសញ្ញានៃការមានផ្ទៃពោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដោះស្រាយបញ្ហាទាំងនេះ និងបង្កលក្ខណៈឲ្យមធ្យោបាយពន្យារកំណើតបានទៅដល់ស្ត្រីទាំងឡាយដែលមានបំណងប្រើប្រាស់ សូមមើលជំពូក៤ ៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ និងជំពូក៧ ៖ ការការពារសុខភាពស្ត្រីជាមួយនឹងការពន្យារកំណើត។