Hesperian Health Guides
ការញែកឲ្យដាច់ពីគ្នារវាងការណ៍ពិត និងព័ត៌មានយល់ច្រឡំ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៨ ៖ ផ្ទៃពោះប្រកបដោយសុខភាព និងការសម្រាលកូនដោយសុវត្ថិភាព > ការញែកឲ្យដាច់ពីគ្នារវាងការណ៍ពិត និងព័ត៌មានយល់ច្រឡំ
មនុស្សជាច្រើនគិតថា សាសនាទាំងអស់ប្រឆាំងនឹងការរំលូតកូន ព្រោះអ្នកដឹកនាំសាសនាខ្លះបង្រៀនថាការរំលូតកូនគឺជាទង្វើខុសឆ្គង។ ប៉ុន្តែវាមិនពិតទេ។ អ្នកកាន់សាសនាផ្សេងៗជាច្រើន ជឿថាស្ត្រីមានសិទ្ធិទទួលបានការរំលូតកូនដោយសុវត្ថិភាព។
មាតិកា
សកម្មភាព
ទស្សនៈជាច្រើន!
សកម្មភាពនេះអាចជួយឲ្យក្រុមរិះរកគំនិតផ្សេងៗជាច្រើនអំពីប្រធានបទលំបាក និងពិនិត្យមើលយ៉ាងល្អិតល្អន់ពីរបៀបផ្សេងៗក្នុងការបង្ហាញព័ត៌មាន។
ដើម្បីរៀបចំ៖ ប្រមូលព័ត៌មានពីកាសែត ខិត្តប័ណ្ណ និងសម្រង់សម្តីពីមនុស្សដែលជឿថាការំលូតកូនជាទង្វើខុសឆ្គង ឬពីអ្នកដែលគិតថាស្ត្រីគួរអាចសម្រេចចិត្តដោយខ្លួនឯង។
- អានខ្លាំងៗនូវសម្ភារៈទាំងឡាយដែលប្រមូលបាន។
- ចំពោះព័ត៌មាននីមួយៗ ចូរសួរក្រុមឲ្យចែករំលែកពីអារម្មណ៍ និងការយល់ឃើញរបស់ខ្លួន។ ឧទាហរណ៍ តើព័ត៌មាននេះព្យាយាមធ្វើឲ្យមនុស្សព្រួយបារម្ភ ភ័យខ្លួន ឬអាម៉ាស់ដែរឬទេ? តើអត្ថបទនោះប្រើប្រាស់ពាក្យពេជន៍ ឬរូបភាពដែលវាយប្រហារអារម្មណ៍របស់អ្នកអានដែរឬទេ?
- ប្រៀបធៀបទស្សនៈទាំងឡាយដែលបានលើកឡើង ហើយពិនិត្យមើលលើប្រភពនៃព័ត៌មានដែលប្រើក្នុងការដេញដោលនេះ។
- ដើម្បីបញ្ចប់ អ្នកអាចសុំឲ្យក្រុមធ្វើការប្រៀបធៀបពីទស្សនៈផ្សេងៗគ្នាចំពោះការរំលូតកូន។ សួរថា៖ តើទស្សនៈទាំងនេះមានឮជាញឹកញាប់ឬទេ? តើទស្សនៈខ្លះឮញឹកញាប់ជាងទស្សនៈខ្លះទៀតដែរទេ? តើព័ត៌មានដែលមាន មានឥទ្ធិពលដូចម្តេចខ្លះទៅលើទស្សនៈក្នុងចំណោមមិត្តភក្តិ គ្រួសារ និងសហគមន៍របស់យើង? តើប្រភពព័ត៌មានណាខ្លះដែលហាក់ដូចជាគួរឲ្យទុកចិត្តបំផុត?
វាជាសិទ្ធិរបស់អ្នកក្នុងការសម្រេចថាតើអ្នកត្រូវការការរំលូតកូនឬអត់។ |
ល្បែងកំសាន្តដើម្បីពិភាក្សាពីការណ៍ពិតនិងជំនឿមិនពិតអំពីការរំលូតកូន
នៅពេលដែលមនុស្សមានជំនឿមិនពិត លើចំណុចខ្លះនៃការរំលូតកូន នោះវាធ្វើឲ្យការពិភាក្សាពីការរំលូតកូន កាន់តែពិបាក។ ហើយការសម្រេចចិត្តផ្នែកសុខភាព ដោយផ្អែកលើព័ត៌មានមិនពិត គឺជាបញ្ហាគ្រោះថ្នាក់។ ល្បែងកំសាន្តអាចជួយឲ្យពួកគេរៀនសូត្រពីភាពខុសគ្នានៃការណ៍ពិតនិងជំនឿមិនពិតពាក់ព័ន្ធនឹងការរំលូតកូន។
នេះជាឧទាហរណ៍មួយពីរបៀបកែសម្រួលសកម្មភាពល្បែងក្តារបន្ទះ ដើម្បីជួយឲ្យក្រុមតូចមួយរៀនសូត្រនិងពិភាក្សាពីការណ៍ពិតពាក់ព័ន្ធនឹងការរំលូតកូន។ នេះជាភាពចម្រុះនៃល្បែងកំសាន្តអំពីជំងឺកាមរោគ និងជំពូកទី៧។
សកម្មភាព
ល្បែងក្តារបន្ទះអំពីការរំលូតកូនដោយសុវត្ថិភាព
ដើម្បីរៀបចំ៖ បង្កើត “សំណួរការណ៍ពិត” សម្រាប់ល្បែងកំសាន្ត។ បញ្ចូលការយល់ច្រឡំអំពីការរំលូតកូន ដែលកើតឡើងញឹកញាប់នៅក្នុងសហគមន៍របស់អ្នក ហើយបញ្ចូលការណ៍ពិតផងដែរ! សម្រាប់ការណ៍ពិតបន្ថែមទៀតពាក់ព័ន្ធនឹងការរំលូតកូន សូមមើលសៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត។ ព្យាយាមស្វែងរកចម្លើយចំពោះ៖
- នៅក្នុងសហគមន៍របស់អ្នក តើពេលណាទើបស្ត្រីអាចទទួលការរំលូតកូនយ៉ាងស្របច្បាប់?
- តើនរណាខ្លះអាចសម្រេចថាតើស្ត្រីអាចទទួលការរំលូតកូនស្របច្បាប់ប្រកបដោយសុវត្ថិភាព?
- តើច្បាប់ស្តីពីការរំលូតកូន ដូចគ្នាសម្រាប់ស្ត្រីរៀបការ មិនទាន់រៀបការ និងក្មេងស្រីជំទង់ដែរឬទេ?
- តើទីណាដែលស្ត្រីអាចទទួលការរំលូតដោយសុវត្ថិភាព ឬព័ត៌មានត្រឹមត្រូវអំពីការរំលូតកូន?
- តើទីណាដែលស្ត្រីអាចទទួលការថែទាំបន្ទាន់ ប្រសិនបើមានបញ្ហាណាមួយកើតឡើងក្រោយពេលរំលូត?
បង្កើត “សំណួរពិភាក្សា។ អ្នកអាចប្រើប្រាស់សាច់រឿងនៅផ្នែកមុន រួចសួរក្រុមថាតើស្ត្រីម្នាក់ៗគួរធ្វើអ្វី, ហេតុអ្វី? នេះជាឧទាហរណ៍ខ្លះៗអំពីសំណួរដែលអ្នកអាចប្រើ៖
- នៅពេលព្យាយាមសម្រេចចិត្តថាគួរបន្តទុកផ្ទៃពោះដែលមិនចង់បានទៀតឬអត់ តើស្ត្រីគិតពីចំណុចអ្វីខ្លះ?
- តើបុរសអាចមានឥទ្ធិពលដូចម្តេចលើការសម្រេចចិត្តរបស់ស្ត្រីអំពីការរំលូតកូន? តើវាមានភាពខុសគ្នាដូចម្តេច បើសម្ព័ន្ធមេត្រីភាពរបស់ពួកគេមានភាពស្មើគ្នា ឬបើបុរសមានអំណាចច្រើនជាង?
- តើអ្វីដែលធ្វើឲ្យក្មេងស្រីជំទង់ពិបាកនឹងទទួលបានការរំលូតកូន?
បន្ទាប់ពីល្បែងកំសាន្ត ៖ តើសំណួរណាខ្លះដែលពិបាកឆ្លើយ។ តើវាដោយសារការណ៍ពិតនោះ មិនច្បាស់ ឬដោយសារក្រុមមានទស្សនៈខុសៗគ្នា? កត់សម្គាល់ប្រធានបទនិងការបារម្ភនានាដែលអាចពិភាក្សានៅក្នុងការប្រជុំថ្ងៃមុខ។
ជួនកាល ការដែលគ្រាន់តែសុំឲ្យពួកគេបញ្ចេញយោបល់ ក៏ពិបាកណាស់ទៅហើយ, សូម្បីតែសួរសំណួរពាក់ព័ន្ធនឹងប្រធានបទរំលូតកូនដ៏ចម្រូងចម្រះនេះ ក៏ពិបាកផងដែរ! វាក៏អាចជាការពិបាកផងដែរ ចំពោះអ្នកចូលរួមខ្លះដែលគ្រាន់តែអង្គុយស្តាប់ពីទស្សនៈផ្សេងៗរបស់ក្រុម។ ដូច្នេះវាត្រូវការរចនាសម្ព័ន្ធនិងការជួយគាំទ្រពីអ្នកសម្របសម្រួល។
សកម្មភាពបន្ទាប់នេះ ជួយក្រុមឲ្យចាប់ផ្តើមបញ្ចេញយោបល់ គំនិត និងសំណួររបស់ខ្លួន។ បន្ទាប់មកវាអាចបង្កើតឱកាសឲ្យអ្នកដើម្បីចែករំលែកព័ត៌មាន និងដើម្បីបំភ្លឺលើទស្សនៈទាំងឡាយដែលផ្អែកលើព័ត៌មានខុស។
សកម្មភាព
ការប្រកាន់យកជំហរមួយ
ដើម្បីរៀបចំ៖ សរសេរនូវមតិញឹកញាប់នានាដែលឆ្លុះបញ្ចាំងពីគំនិត ជំនឿមិនពិត និងឥរិយាបថដែលគាំទ្រ និងប្រឆាំងនឹងការរំលូតកូន។ ចំនួននៃមតិប្រឆាំងនិងស្រប គួរមានស្មើគ្នា។ សរសេរលើផ្ទាំងក្រដាសធំ ៣សន្លឹក៖ យល់ស្រប, មិនយល់ស្រប, និងជំហរកណ្តាល។ អ្នកក៏អាចគូររូបមុខញញឹម ជ្រួញចិញ្ចើម ឬមិនច្បាស់ នៅលើក្រដាសផងដែរសម្រាប់អ្នកដែលមិនចេះអក្សរ។ ដាក់ក្រដាសធំ ៣ផ្ទាំងនេះនៅកន្លែងផ្សេងៗគ្នាក្នុងបន្ទប់។
- ពន្យល់ក្រុមថា បន្ទាប់ពីអ្នកអានមតិនីមួយៗរួចហើយ ពួកគេត្រូវដើរទៅកាន់ផ្ទាំងក្រដាសណាមួយដែលត្រូវនឹងគំនិតរបស់ខ្លួន។ អានមតិទីមួយ រួចប្រាប់ឲ្យពួកគេឈរក្បែរផ្ទាំងក្រដាសដែលឆ្លុះបញ្ចាំងគំនិតយោបល់របស់ពួកគេ។
- បន្ទាប់ពីក្រុមឡើងឈរក្បែរផ្ទាំងក្រដាសនីមួយៗរួចហើយ ចូរឲ្យពួកគេចែករំលែកគំនិតរបស់ខ្លួន និងជួយឲ្យពួកគេពិភាក្សាពីគំនិតខុសគ្នាទាំង។ ប្រាប់ពួកគេថា អាចប្តូរទៅផ្ទាំងក្រដាសផ្សេងបាន ប្រសិនបើប្តូរគំនិតនៅពេលស្តាប់អ្នកដទៃរួច។
- បន្តអនុវត្តសកម្មភាពនេះរហូតទាល់តែបញ្ចប់មតិទាំងអស់។
- ដើម្បីបញ្ចប់ ចូរសួរក្រុមថាតើមានសំណួរអ្វីដែលចង់បានព័ត៌មានបន្ថែមទៀតដែរឬទេ ឬថាតើពួកគេបានរៀនពីអ្វីខ្លះតាមរយៈការស្តាប់មតិរបស់អ្នកដទៃ។ (អ្នកអាចអញ្ជើញបុគ្គលិកសុខាភិបាលដែលមានចំណេះដឹងផ្នែករំលូតកូន ឲ្យចូលរួម ដើម្បីជួយឆ្លើយសំណួរនៅពេលបញ្ចប់សកម្មភាពនេះ)។