Hesperian Health Guides

ការសង្គ្រោះជីវិត តាមរយៈការថែទាំក្រោយរំលូត

នៅក្នុងជំពូកនេះ ៖

ការរំលូតដែលធ្វើឡើងដោយអ្នកមានជំនាញ កម្រនឹងបង្កគ្រោះថ្នាក់ណាស់ (មើល ព័ត៌មានបន្ថែមអំពីការធ្វើឲ្យមានសុវត្ថិភាពដល់ការរំលូតកូន)។ ប៉ុន្តែការរំលូតជាច្រើន គឺគ្មានសុវត្ថិភាពទេ ហើយបណ្តាលឲ្យមានរបួស ឆ្លងរោគ និងធ្លាក់ឈាមដ៏គ្រោះថ្នាក់។ ការថែទាំក្រោយរំលូត គឺជាការថែទាំបន្ទាន់សម្រាប់បញ្ហាទាំងនេះ។

a woman speaking as she reads a banner that says, "Abortion may be illegal, but post-abortion care is always legal."
ខ្ញុំមិនដែលដឹងសោះ!

ស្ត្រីត្រូវការការថែទាំបន្ទាន់ ដោយមិនពន្យារពេលឡើយ

មូលហេតុមួយដែលធ្វើឲ្យស្ត្រីស្លាប់បន្ទាប់ពីរំលូតកូនដោយគ្មានសុវត្ថិភាព គឺដោយសារគាត់ឬក្រុមគ្រួសាររង់ចាំយូរពេកមុននឹងស្វែងរកជំនួយ។ មានចំណុចជាច្រើនដែលសហគមន៍អាចធ្វើបានដើម្បីជួយលើកទឹកចិត្តឲ្យប្រជាជនស្វែងរកការថែទាំបន្ទាន់ដោយមិនពន្យារពេល។

ដើម្បីស្វែងយល់ពីមូលហេតុទាំងឡាយថាហេតុអ្វីប្រជាជននៅក្នុងសហគមន៍របស់អ្នក ទទួលបានជំនួយយឺតយ៉ាវបន្ទាប់ពីរំលូតកូនគ្មានសុវត្ថិភាព ចូរព្យាយាមកែសម្រួលការពិភាក្សាអំពីការពន្យារពេល ៤យ៉ាង

សកម្មភាពនិទានរឿងបន្ទាប់នេះ អាចជួយឲ្យក្រុមស្វែងយល់ពីសារសំខាន់នៃការស្វះស្វែងរកការថែទាំឲ្យស្ត្រីយ៉ាងឆាប់រហ័ស ប្រសិនបើគាត់មានសញ្ញាគ្រោះថ្នាក់ណាមួយបន្ទាប់ពីការរំលូតគ្មានសុវត្ថិភាព។ មធ្យោបាយដ៏ល្អមួយទៀត គឺឲ្យក្រុមរៀនសូត្របន្ថែមពីសញ្ញាគ្រោះថ្នាក់ក្រោយពេលរំលូតកូន និងពីរបៀបស្វែងរកជំនួយ។ សកម្មភាពនេះហៅថា “ល្ខោនសម្តែងសារឡើងវិញ” ពីព្រោះសាច់រឿងត្រូវបានសម្តែង២លើក ដើម្បីសួរទស្សនិកជនពីរបៀបជួយសង្គ្រោះស្ត្រី។ សូមមើលសកម្មភាព “ការបញ្ចប់ដោយភាពរីករាយ” ផងដែរដើម្បីពិចារណាពីការផ្លាស់ប្តូរ។

សកម្មភាព ល្ខោនសម្តែងសារឡើងវិញ ៖ ការសង្គ្រោះជីវិតបន្ទាប់ពីការរំលូតកូន

ដើម្បីរៀបចំ៖ បង្កើតស្ថានភាពតានតឹងមួយសម្រាប់សញ្ញាគ្រោះថ្នាក់នីមួយ៖ ធ្លាក់ឈាម សញ្ញានៃការឆ្លងរោគ ស្ហុក និងរបួស។ បង្កើតស្ថានភាពដែលមានភាពជាក់ស្តែងសម្រាប់សហគមន៍របស់អ្នក ប៉ុន្តែកុំប្រើឈ្មោះពិត ឬសាច់រឿងដែលហាក់ដូចជាបង្ហាញមនុស្សពិតណាម្នាក់នៅក្នុងសហគមន៍។

  1. ណែនាំសកម្មភាព រួចរំឮកឡើងវិញជាមួយក្រុម អំពីសញ្ញាគ្រោះថ្នាក់ក្រោយពេលរំលូត និងថាត្រូវធ្វើដូចម្តេច (មើលទំព័របន្ទាប់ពីព័ត៌មាននេះ)។
  2. បង្កើតក្រុមតូចៗដែលមានគ្នា ៣ ឬ៤នាក់ ហើយផ្តល់ឲ្យក្រុមនីមួយៗនូវស្ថានភាពមួយ។ ពន្យល់ថាពួកគេនឹងសម្តែងពីសាច់រឿងនោះ ២លើក។ លើកទីមួយ ស្ត្រីមិនទទួលបានជំនួយ ហើយស្លាប់។ លើកទីពីរ ទស្សនិកជននឹងចូលធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះស្ត្រី។ រំឮកគ្រប់គ្នាឲ្យបង្ហាញភាពអាណិតអាសូរដល់ស្ត្រីនៅក្នុងសាច់រឿង និងកុំស្តីបន្ទោស ឬប្រើសម្តីអសុរោះ។
  3. បន្ទាប់ពីសម្តែងពីស្ថានភាពនីមួយៗរួច តួសម្តែងឈប់ រួចសួរទស្សនិកជនថា “តើយើងគួរបានធ្វើអ្វីដើម្បីសង្គ្រោះជីវិតស្ត្រី?”
  4. សម្តែងសាច់រឿងលើកទីពីរ ប៉ុន្តែធ្វើតាមការណែនាំរបស់ក្រុមដើម្បីសង្គ្រោះជីវិតស្ត្រី។ ទស្សនិកជនដែលមានយោបល់ច្រើន អាចធ្វើជាតួសម្តែងដែលជួយសង្គ្រោះស្ត្រី។
  5. សម្តែងសាច់រឿងលើកទីពីរ ប៉ុន្តែធ្វើតាមការណែនាំរបស់ក្រុមដើម្បីសង្គ្រោះជីវិតស្ត្រី។ ទស្សនិកជនដែលមានយោបល់ច្រើន អាចធ្វើជាតួសម្តែងដែលជួយសង្គ្រោះស្ត្រី។

a woman speaking.
ក្រុមអ្នកលើកកម្ពស់សុខភាពរបស់ពួកគេ ធ្វើការសម្តែងសាច់រឿងសម្រាប់ក្រុមបុរស ពីព្រោះថានៅពេលដែលស្ត្រីមានបញ្ហាអាសន្ន គឺជាញឹកញាប់មានតែបុរសនៅក្នុងគ្រួសារទេដែលមានប្រាក់ ឬអាចធ្វើការសម្រេចចិត្តដើម្បីនាំនាងទៅកាន់មន្ទីរពេទ្យ។
a group of people putting a woman in the bed of a pickup truck.
នាំស្ត្រីដែលមានសញ្ញាគ្រោះថ្នាក់ទាំងនេះណាមួយ ទៅកាន់គ្លីនិកឬមន្ទីរពេទ្យជាបន្ទាន់!

សញ្ញាគ្រោះថ្នាក់ក្រោយរំលូត ឬរលូត

បញ្ហាគ្រោះថ្នាក់ធំបំផុត២យ៉ាង ដែលស្ត្រីប្រឈមបន្ទាប់ពីរំលូតឬរលូតកូន គឺការធ្លាក់ឈាមធ្ងន់ធ្ងរ ឬការបង្ករោគ។ បញ្ហាទាំង២នេះអាចកើតឡើងនៅពេលដែលជាលិកាផ្ទៃពោះនៅមានសេសសល់ក្នុងស្បួន ឬនៅពេលដែលស្បែនរហែកឬធ្លាយដោយវត្ថុមុតស្រួច។ ការបង្ករោគនៅក្នុងស្បូន ក៏អាចកើតឡើងនៅពេលដែលដាក់វត្ថុអ្វីមួយទៅក្នុងទ្វារមាសរបស់ស្ត្រី ហើយវត្ថុនោះមិនស្អាត(មិនស្ទេរីល)។ ស្ត្រីដែលមានសញ្ញាទាំងនេះ អាចស្លាប់យ៉ាងឆាប់រហ័ស ប្រសិនបើមិនទទួលបានជំនួយវេជ្ជសាស្ត្រភ្លាម។ នៅពេលប្រជានជនស្គាល់ពីសញ្ញាគ្រោះថ្នាក់ ពួកគេនឹងអាចត្រៀមលក្ខណៈជួយស្ត្រីនៅពេលត្រូវការ។

អ្វីដែលត្រូវធ្វើ

នៅពេលដែលអ្នកដឹងពីសញ្ញាគ្រោះថ្នាក់នៃបញ្ហានីមួយៗ មានចំណុចខ្លះដែលអ្នកអាចធ្វើខណៈពេលដឹកជញ្ជូនស្ត្រីទៅទទួលការថែទាំវេជ្ជសាស្ត្រ។

ធ្លាក់ឈាមធ្ងន់ធ្ងរពីទ្វារមាស ៖ ធ្លាក់ឈាមជោគទ្រនាប់២ ក្នុងរយៈពេល១ម៉ោង, ហើយមានរយៈពេល២ម៉ោង។ ការហូរជ្រាបតិចៗប៉ុន្តែជាប់ជានិច្ច នៃឈាមពណ៌ស្រស់ ក៏ជាសញ្ញាគ្រោះថ្នាក់ផងដែរ។

អ្វីដែលត្រូវធ្វើ ៖ ជួយឲ្យស្ត្រីអង្គុយច្រហោងដូចបន្ទោរបង់លាមក។ វាអាចជួយឲ្យសំណល់ធ្លាក់ចេញពីស្បូន។ ខណៈពេលដឹកជញ្ជូនស្ត្រី សង្កត់ឲ្យខ្លាំងលើពោះផ្នែកខាងក្រោម លើឆ្អឹងថ្ងាសបន្តិច ពេលស្ត្រីដេកផ្ងារ ឬអង្គុយច្រហោង។ បែបនេះអាចជួយឲ្យស្បូនកន្ត្រាក់ និងមិនសូវធ្លាក់ឈាម។ មើលទំព័រ 251 នៃសៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត


សញ្ញានៃការបង្ករោគ ៖ គ្រុនក្តៅលើស 38°C (100.4°F), ញាក់, ឈឺចាប់ក្នុងពោះ, ធ្លាក់សក្លិនអាក្រក់ពីទ្វារមាស, ឬខ្សោយ។

អ្វីដែលត្រូវធ្វើ ៖ ផ្តល់ថ្នាំពេទ្យសម្រាប់ការបង្ករោគក្នុងស្បូន។ មើល សៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត


HAW Ch9 Page 266-2.png
ការរលូតកូន និងការរំលូតកូនដោយសុវត្ថិភាព ជាទូទៅមិនបណ្តាលឲ្យមានបញ្ហាសុខភាពទេ ប៉ុន្តែបន្ទាប់ពីផ្ទៃពោះបញ្ចប់ ទោះបីដោយមូលហេតុអ្វីក៏ដោយ សញ្ញាគ្រោះថ្នាក់គឺដូចគ្នា។


សញ្ញានៃស្ហុក ៖ ត្រជាក់ ស្លេកស្លាំង ឬស្បែកសើម, ដកដង្ហើមញាប់ (ច្រើនជាង ៣០ដងក្នុងមួយនាទី), ចង្វាក់បេះដូងញាប់ខ្លាំង (ច្រើនជាង ១០០ដងក្នុងមួយនាទី), ខ្សោយខុសពីធម្មតា, វិលមុខ ឬធេងធោង, ហើយសូម្បីតែសន្លប់។

អ្វីដែលត្រូវធ្វើ ៖ ឲ្យស្ត្រីដេកផ្ងារ ជើងខ្ពស់ជាងក្បាល, ដណ្តប់ភួយ, ហើយជួយឲ្យគាត់ស្ងប់ស្ងៀម។ បើគាត់អាចផឹកទឹកបាន ឲ្យគាត់ផឹកទឹកឬទឹកអូរ៉ាលីត្រមួយចឹប។ បើគាត់សន្លប់ ដាក់គាត់ឲ្យដេកផ្អៀង ក្បាលទាប។ ប្រាកដថាជើងរបស់គាត់ នៅខ្ពស់ជាងក្បាល។


សញ្ញានៃរបួសនៅក្នុងរាងកាយ ៖ ឈឺចាប់ជាខ្លាំងនៅក្នុងពោះ ជាពិសេសពេលមានចលនា, រឹងពោះ, គ្មានសំឡេងនៅក្នុងពោះ, គ្រុនក្តៅ ចង្អោរ និងក្អួត, ឈឺចាប់នៅស្មាតែម្ខាងឬពីរខាង។

អ្វីដែលត្រូវធ្វើ ៖ មិនត្រូវផ្តល់អ្វីតាមមាត់ឡើយ (មិនផ្តល់អាហារ ឬទឹក) បើគាត់នឹងទៅដល់មណ្ឌលសុខភាពមុនរយៈពេល ២ម៉ោង។ គាត់អាចនឹងត្រូវការការវះកាត់។ បើត្រូវការពេលច្រើនជាង ២ម៉ោងដើម្បីទៅដល់មណ្ឌលសុខភាព ចូរផ្តល់ទឹកឲ្យស្ត្រី ប៉ុន្តែមិនត្រូវផ្តល់អាហាររឹងទេ ព្រោះអាហារនៅក្នុងក្រពះធ្វើឲ្យការវះកាត់កាន់តែមានគ្រោះថ្នាក់។

កាលណាស្ត្រីទទួលបានជំនួយកាន់តែឆាប់ នោះកាន់តែមានឱកាសច្រើនក្នុងការជួយសង្គ្រោះជីវិតគាត់។ ដើម្បីស្វែងយល់បន្ថែមអំពីផលវិបាកនៃការរំលូតកូន និងពីអ្វីដែលត្រូវធ្វើ សូមមើលសៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិតសៀវភៅសម្រាប់ឆ្មប។ អ្នកក៏អាចមើល ផ្នែក “ព័ត៌មានបន្ថែម” ផងដែរ។



a young woman speaking.
ស្ត្រីវ័យក្មេងទំនងជាមានបញ្ហាធ្ងន់ធ្ងរច្រើនជាងនៅក្រោយពេលរំលូត ប៉ុន្តែពួកយើងមិនសូវជាដឹងពីការថែទាំក្រោយពេលរំលូតនោះទេ។ យើងត្រូវការព័ត៌មាននិងការគាំទ្រ ហើយនិងការអាណិតអាសូរ និងមិនមើលងាយ។


a man speaking.
នៅក្នុងការប្រជុំសហគមន៍ដើម្បីកៀរគររកការគាំទ្រសម្រាប់ការថែទាំក្រោយរំលូត យើងបានពិភាក្សាពីគ្រោះថ្នាក់នៃការរំលូតកូនគ្មានសុវត្ថិភាព និងថាតើការថែទាំនេះខុសគ្នាពីការរំលូតដូចម្តេច។ យើងបានធ្វើការ ប្រជុំនិងពិភាក្សាជាច្រើនលើកច្រើនសារ ទើបទទួលបានភាពជឿជាក់ពីថ្នាក់ដឹកនាំសាសនាក្នុងសហគមន៍។ យើងចាប់ផ្តើមដោយការពិភាក្សាគ្នាពីផលប្រយោជន៍នៃផែនការគ្រួសារសម្រាប់ប្តីប្រពន្ធ បន្ទាប់មកការពន្យារកំណើតនៅក្រៅអាពាហ៍ពិពាហ៍។ វាក៏នាំទៅដល់ការពិភាក្សាពីផ្ទៃពោះមិនចង់បាន និងតម្រូវការការថែទាំបន្ទាន់។

ការគាំទ្រស្ត្រីបន្ទាប់ពីរំលូត

HAW Ch9 Page 268-1.png

ស្ត្រីអាចនឹងមានអារម្មណ៍ឆេវឆាវបន្ទាប់ការរំលូតកូន បើទោះជានាងដឹងថាបានសម្រេចចិត្តត្រឹមត្រូវដើម្បីខ្លួនឯងនិងក្រុមគ្រួសារក៏ដោយ។ ស្ត្រីខ្លះមានអារម្មណ៍ច្របូកច្របល់ ហាក់ដូចជាធូរស្រាល ទុក្ខព្រួយ សោកសង្រេង ខុសឆ្គង និងអាម៉ាស់។ ជាញឹកញាប់ស្ត្រីក៏មានអារម្មណ៍ទុក្ខព្រួយនិងសោកសង្រេងផងដែរ នៅពេលដែលផ្ទៃពោះបានបញ្ចប់ដោយការរលូត។ អារម្មណ៍ទាំងនេះគឺជារឿងធម្មតាទេ ប៉ុន្តែការដែលត្រូវលាក់អារម្មណ៍ និងធ្វើជាមិនមានអ្វីកើតឡើង អាចធ្វើឲ្យស្ត្រីមានអារម្មណ៍កាន់តែដុនដាប។ ស្ត្រីជាច្រើនបានធូរស្រាលនៅពេលនិយាយជាមួយស្ត្រីដែលធ្លាប់មានបទពិសោធន៍ដូចគ្នា។

ការធ្វើពិធីសាសនាក៏អាចជួយឲ្យស្ត្រីបំភ្លេចចោលនូវបទពិសោធន៍អាក្រក់ និងបន្តជីវិតទៅមុខទៀតផងដែរ។ ឧទាហរណ៍ ការកប់ឬដុតវត្ថុដែលពាក់ព័ន្ធនឹងការរំលូតកូន អាចតំណាងឲ្យការបិទបញ្ចប់។ នៅក្នុងសហគមន៍ខ្លះ ស្ត្រីអាចនឹងដាំដើមឈើ ឬធ្វើពិធីនៅទីសក្តិសិទ្ធិ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤