Hesperian Health Guides

ធ្វើឲ្យប្រព័ន្ធយុត្តិធម៌ដំណើរការដើម្បីបញ្ឈប់អំពើហិង្សា

នៅក្នុងជំពូកនេះ ៖

ប្រព័ន្ធយុត្តិធម៌ ពោលគឺច្បាប់ តុលាការ ប៉ូលិស និងអាជ្ញាធរដទៃទៀត មានតួនាទីធ្វើការងារជាមួយគ្នា ដើម្បីគាំទ្រដល់សិទ្ធិរបស់ស្ត្រីនិងរបស់មនុស្សគ្រប់រូប ដើម្បីឲ្យពួកគេរស់នៅដោយសេរីភាព និងមិនរងនូវអំពើហិង្សា។ ប៉ុន្តែសេរីភាពបែបនេះគឺជាការកម្រណាស់ ហើយហិង្សាផ្នែកយេនឌ័រនៅតែជាបញ្ហាដែលកើតឡើងជាញឹកញាប់ដដែល។ នៅប្រទេសខ្លះ ច្បាប់ដែលការពារស្ត្រី គឺមិនត្រូវបានគេយកអនុវត្តទេ ហើយប្រព័ន្ធយុត្តិធម៌បែរជាធ្វើឲ្យជនរងគ្រោះ មានអារម្មណ៍ថាអំពើហិង្សាដែលកើតឡើងមកលើរូបគេ គឺជាកំហុសរបស់ពួកគេខ្លួនឯងទៅវិញ។ នៅប្រទេសខ្លះទៀត ច្បាប់ប្រឆាំងនឹងអំពើហិង្សាផ្នែកយេនឌ័រ គឺមិនមានចែងឡើយ, ឬមានមិនគ្រប់គ្រាន់ ហើយចាំបាច់ត្រូវកែលម្អថែមទៀត។

សិក្សាពីការការពារផ្លូវច្បាប់

ច្បាប់ តុលាការ ប៉ូលិស និងអាជ្ញាធរដទៃទៀត សុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអំពើហិង្សានៅក្នុងសហគមន៍មួយ។ ប៉ុន្តែការអនុវត្តជាក់ស្តែងនៅក្នុងផ្នែកនីមួយៗនៃប្រព័ន្ធយុត្តិធម៌ ច្រើនតែមិនសូវច្បាស់លាស់។ ដើម្បីប្រយុទ្ធនឹងអំពើហិង្សាផ្នែកយេនឌ័រឲ្យកាន់តែមានប្រសិទ្ធភាព យើងត្រូវរៀនសូត្រអំពីច្បាប់ការពារដែលមានស្រាប់ ព្រមទាំងពីចន្លោះប្រហោងរវាងច្បាប់លើក្រដាស និងការអនុវត្តជាក់ស្តែង។ បន្ទាប់មកយើងអាចធ្វើកិច្ចការទៅលើរបៀបកែលម្អច្បាប់ កែលម្អការអនុវត្ត និងកែប្រែឥរិយាបថ។

ក្រុមការងារអាចប្រើប្រាស់សកម្មភាពបន្ទាប់នេះ ដើម្បីរៀនសូត្រពីតួនាទីរបស់អាជ្ញាធរក្នុងការគាំទ្រដល់ជនរងគ្រោះនៃអំពើហិង្សាផ្នែកយេនឌ័រ។

សកម្មភាព ការស៊ើបអង្កេតជាក្រុមអំពីតួនាទីនៃអាជ្ញាធរមូលដ្ឋាន

ត្រៀមលក្ខណៈជាមុន ដោយសិក្សាពីច្បាប់ឲ្យបានច្រើនបំផុត។ ប្រសិនបើអាច ចូរស្វែងរកនរណាម្នាក់ដែលមានចំណេះដឹងផ្នែកប្រព័ន្ធយុត្តិធម៌ ឲ្យផ្តល់ការគាំទ្រដល់អ្នក និងចូលរួមក្នុងការប្រជុំ ធ្វើជាមនុស្សធនធាន។ ដំណើរការនេះមានលទ្ធផលល្អបំផុត ប្រសិនបើអ្នកអាចអញ្ជើញអាជ្ញាធរមកពីមូលដ្ឋានផ្សេងៗគ្នា ដែលពួកគាត់បើកចំហរក្នុងការជជែកជាមួយក្រុមរបស់អ្នក។

  1. តើអ្នកអាចស្វែងរកនរណា? ដើម្បីចាប់ផ្តើមដំណើរការនេះ ចូរប្រាប់ឲ្យក្រុមធ្វើការពិភាក្សាលើសំណួរមួយនេះ ៖ “តើអ្នកគួរតែទៅរកអ្នកណា ប្រសិនបើមានករណីហិង្សាកើតឡើងលើស្ត្រីក្នុងសហគមន៍របស់អ្នក?" គូសតារាងដូចខាងក្រោមនៅលើផ្ទាំងក្រដាសធំមួយដែលគ្រប់គ្នាអាចមើលឃើញ។ នៅក្នុងជួរឈរទីមួយ សរសេរចូលនូវឈ្មោះអាជ្ញាធរមកពីមូលដ្ឋានផ្សេងៗដែលក្រុមបានលើកឡើង។ សួរមនុស្សធនធានឲ្យបន្ថែមឈ្មោះដទៃទៀតបើក្រុមបានមើលរំលង។
  2. a grid with 4 labeled columns and 5 rows.
    អាជ្ញាធរ
    តួនាទី
    (តើគាត់ធ្វើអ្វីខ្លះ?)
    តើគាត់មិនអាចធ្វើអ្វីខ្លះបាន? ហេតុអ្វី?
    តើគាត់ត្រូវធ្វើអ្វីខ្លះទៀត?
    ប៉ូលិស
    អភិបាលក្រុង អភិបាលខណ្ឌ
    វេជ្ជបណ្ឌិត ឬបុគ្គលិកសុខាភិបាលដទៃទៀត
    ចៅក្រម ឬមន្ត្រីតុលាការ
    មន្ត្រីក្រសួងកិច្ចការនារី
  3. ពន្យល់ថាគោលបំណងនៃការស៊ើបអង្កេតជាក្រុមនេះ គឺដើម្បីសិក្សាថាតើអាជ្ញាធរនីមួយៗមានតួនាទីអ្វីខ្លះក្នុងការបញ្ឈប់ហិង្សាផ្នែកយេនឌ័រ តាមរយៈការឆ្លើយនឹងសំណួរទាំងនេះ ៖
    • តើសព្វថ្ងៃអាជ្ញាធរនីមួយៗធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហាហិង្សាលើស្ត្រី, លើអ្នកស្រឡាញ់ភេទដូចគ្នា-ភេទទាំង២ និងអ្នកមានភេទទី៣?
    • តើអ្វីខ្លះដែលពួកគេមិនធ្វើ? អ្វីខ្លះដែលពួកគេមិនអាចធ្វើ? ហេតុអ្វី?
    • តើពួកគេគួរធ្វើខ្លះផ្សេងទៀតដើម្បីដោះស្រាយបញ្ហាហិង្សាប្រភេទនេះ?
    ឲ្យក្រុមទាំងមូលបំបែកជាក្រុមតូច។ ពន្យល់ថាក្រុមនីមួយៗត្រូវសិក្សាបន្ថែមពីតួនាទីរបស់អាជ្ញាធរម្នាក់ក្នុងចំណោមខាងលើ ហើយត្រូវប្រមូលព័ត៌មានដើម្បីឆ្លើយសំណួរទាំងនេះ។ ពួកគេត្រូវចែករំលែកព័ត៌មានរបស់ខ្លួនទៅកាន់ក្រុមទាំងមូលនៅពេលប្រជុំលើកក្រោយ។
  4. ស៊ើបអង្កេត! ក្រុមនីមួយៗអាចត្រូវការពេលជាច្រើនសប្តាហ៍ ដើម្បីប្រមូលព័ត៌មានដែលត្រូវការ តាមរយៈការធ្វើសម្ភាសន៍ និងការស្រាវជ្រាវផ្សេង។ ឧទាហរណ៍ ពួកគេអាចព្យាយាមធ្វើសម្ភាសន៍ជាមួយមនុស្សមួយចំនួននៅក្នុងស្ថាប័ននីមួយៗដើម្បីទទួលបានគំនិតផ្សេងៗគ្នា។ ពួកគេក៏អាចធ្វើសម្ភាសន៍ជាមួយស្ត្រីដែលធ្លាប់ស្វែងរកជំនួយពីអាជ្ញាធរដើម្បីទាមទារយុត្តិធម៌ផងដែរ។ ព័ត៌មានថ្មីៗ និងកំណត់ត្រារបស់តុលាការ អាចជួយពន្យល់ថាតើអាជ្ញាធរធ្វើអ្វីខ្លះ និងមិនធ្វើអ្វីខ្លះ។
  5. នៅពេលក្រុមបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន អញ្ជើញពួកគេឲ្យចូលរួមការប្រជុំឡើងវិញដើម្បីរាយការណ៍ជូនក្រុមទាំងមូល។ ត្រូវផ្តល់ពេលវេលាឲ្យច្រើនដល់ក្រុមនីមួយៗធ្វើបទបង្ហាញ និងដើម្បីឲ្យមានពេលសម្រាប់សួរសំណួរ។
  6. a woman speaking to 10 other women.
    ក្រុមរបស់ពួកយើងរកឃើញថា មានច្បាប់សម្រាប់ការពារពួកយើងពីអំពើហិង្សាក្នុងគ្រួសារ។ មន្ត្រីនៅក្រសួងកិច្ចការនារីអាចជួយពួកយើងឲ្យរៀបចំបណ្តឹងទៅប៉ូលិស ដូច្នេះស្ត្រីរងគ្រោះមិនចាំបាច់រៀបចំដោយខ្លួនឯងទេ។
  7. ដើម្បីបញ្ចប់ ចូរប្រាប់ក្រុមឲ្យធ្វើការឆ្លុះបញ្ចាំងពីអ្វីដែលពួកគេបានរៀនសូត្រពីដំណើរការនេះ ហើយអ្វីខ្លះដែលជាចំណុចផ្តោតសំខាន់នៅក្នុងជំហានបន្ទាប់ ដើម្បីឈានទៅដល់ការកែលម្អប្រព័ន្ធយុត្តិធម៌។ ឧទាហរណ៍ ពួកគេអាចផ្តោតសំខាន់ទៅលើការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីតួនាទីរបស់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយករណីហិង្សាលើស្ត្រី។ ឬម្យ៉ាងទៀតពួកគេអាចព្យាយាមជួយសម្រួលដល់ក្រុមស្រឡាញ់ភេទដូចគ្នា-ភេទទាំង២និងអ្នកមានភេទទី៣ ឲ្យមានលទ្ធភាពរៀបចំបណ្តឹងទៅប៉ូលិស។ ដើម្បីបង្កើតផែនការ អ្នកអាចបន្តអនុវត្តសកម្មភាព “ធ្វើផែនទីអំណាច” បន្ទាប់ពីនេះ។

ធ្វើការងារជាមួយតុលាការនិងប៉ូលិស

ប្រព័ន្ធយុត្តិធម៌ជាការគាំទ្រដ៏មានប្រសិទ្ធភាពនៅពេលដែលចៅក្រម មេធាវី មន្ត្រីតុលាការ និងប៉ូលិស ទទួលស្គាល់ថាស្ត្រី និងក្រុមស្រឡាញ់ភេទដូចគ្នា-ភេទទាំង២និងអ្នកមានភេទទី៣ មិនទទួលបានការគោរពសិទ្ធិដូចអ្នកដទៃទេ ហើយអាជ្ញាធរត្រូវតែធ្វើការងារដើម្បីការពារសិទ្ធិរបស់មនុស្សគ្រប់រូប។ ជាញឹកញាប់ ការរួមបញ្ចូលអាជ្ញាធរទាំងនោះទៅក្នុងកិច្ចប្រឹងប្រែងកែលម្អប្រព័ន្ធ គឺត្រូវការពេលវេលា យុទ្ធសាស្ត្រចម្រុះ និងការប្រជុំជាច្រើនលើកច្រើនសារ។ អ្នកគួរតែជជែកជាមួយអ្នកដឹកនាំសហគមន៍ ដើម្បីស្វែងរកមនុស្សនៅក្នុងប្រព័ន្ធយុត្តិធម៌ ដែលពួកគាត់ទំនងជានឹងស្តាប់ហើយគាំទ្រដល់សំណើរបស់អ្នក។

នេះជាឧទាហរណ៍ខ្លះៗអំពីមធ្យោបាយដែលអ្នកអាចកែលម្អប្រព័ន្ធយុត្តិធម៌ ៖

a female police officer meeting with 2 woman in an office.

អង្គភាពប៉ូលិសស្រី។ ជាញឹកញាប់ ស្ត្រីពិបាកនឹងនិយាយជាមួយប៉ូលិសប្រុស នៅពេលដែលពួកគាត់រាយការណ៍ពីករណីរំលោភផ្លូវភេទ ឬហិង្សាក្នុងគ្រួសារ។ នៅទសវត្សរ៍៨០ អង្គការស្ត្រីទាំងឡាយនៅក្នុងប្រទេសប្រេស៊ីល បានធ្វើការតស៊ូមតិដើម្បីទាមទារឲ្យមានអង្គភាពប៉ូលិសដែលមានតែស្ត្រី។ អង្គភាពប៉ូលិសដែលមានតែស្ត្រី ត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ១៩៨៥ ហើយសព្វថ្ងៃមានប្រទេសជាច្រើនកំពុងប្រើប្រាស់គំរូនេះ។ បុគ្គលិកសង្គមច្រើនតែធ្វើការងារជាមួយប៉ូលិស ដើម្បីជួយស្ត្រីឲ្យយល់ដឹងពីសិទ្ធិរបស់ខ្លួន ធ្វើការសម្រេចចិត្ត ព្រមទាំងទទួលការថែទាំសុខភាពនិងសេវាផ្សេងៗទៀត។

ប៉ូលិសទទួលការបណ្តុះបណ្តាលអំពីហិង្សាផ្នែកយេនឌ័រ។ សកម្មជនក្នុងសហគមន៍ក៏អាចផ្តល់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ផងដែរ អំពីហិង្សាផ្នែកយេនឌ័រ។ មានមន្ត្រីប៉ូលិសខ្លះមិនអនុវត្តច្បាប់ទៅលើអំពើហិង្សាក្នុងគ្រួសារ ឬហិង្សាលើអ្នកស្រឡាញ់ភេទដូចគ្នាទេ។ ពួកគេអាចនឹងបដិសេធថាគ្មានអំពើហិង្សាកើតឡើងទេ។ ដើម្បីផ្លាស់ប្តូរឥរិយាបថចាស់ទាំងនេះ មន្ត្រីប៉ូលិសទាំងនោះត្រូវការឱកាសដើម្បីស្វែងយល់ពីបញ្ហានេះបន្ថែមទៀត។

a courtroom where a trial is taking place.

តុលាការផ្នែកហិង្សាក្នុងគ្រួសារ។ ជាញឹកញាប់ ស្ត្រីមានការភ័យខ្លាច មិនហ៊ានរាយការណ៍ទៅប៉ូលិសអំពីប្តីរបស់គាត់ដែលប្រើអំពើហិង្សានោះទេ ព្រោះពួកគាត់ពឹងផ្អែកលើប្តីដែលជាអ្នករកប្រាក់ចំណូល។ ប្រសិនបើប្តីរបស់គាត់ត្រូវបានចាប់បញ្ចូលគុក ស្ត្រីអាចបាត់បង់ផ្ទះ ឬធនធានផ្សេងៗទៀត។ ប៉ុន្តែបើមិនដូច្នោះទេ ប្តីគាត់អាចនឹងបង្កហិង្សាទៅលើគាត់កាន់តែធ្ងន់ធ្ងរ។ ស្ត្រីដែលជាប់នៅក្នុងស្ថានភាពអំពើហិង្សាក្នុងគ្រួសារ អាចនិយាយពីការបំពានបាន ប៉ុន្តែមិនអាចបែកគ្នាហើយដើរចេញពីប្តីដែលប្រើហិង្សាដោយងាយនោះទេ។ វាអាចបណ្តាលឲ្យមានបណ្តឹងជាច្រើនលើកច្រើនសារ ប៉ុន្តែវាមិនបានបញ្ឈប់អំពើហិង្សានោះទេ។ នៅសហរដ្ឋអាមេរិក ប្រព័ន្ធយុត្តិធម៌តាមរដ្ឋមួយចំនួនបានឆ្លើយតបចំពោះវដ្តនៃអំពើហិង្សានេះ តាមរយៈការបង្កើតជាតុលាការផ្នែកហិង្សាក្នុងគ្រួសារ។

នៅពេលដែលមានបណ្តឹងរបស់ស្ត្រី មកដល់តុលាការភ្លាម តុលាការផ្នែកហិង្សាក្នុងគ្រួសារនេះ នឹងផ្តល់ជូននូវសេវាសង្គមផ្សេងៗដូចជា ផ្ទះស្នាក់អាស្រ័យ និងការបណ្តុះបណ្តាលការងារដល់ស្ត្រីជាដើម។ ស្ត្រីក៏ទទួលបាននូវការបណ្តុះបណ្តាលផងដែរអំពីការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងបង្កើតផែនការរត់គេចពីស្ថានភាពហិង្សា។ (សូមមើល ការជួយជនរស់រានឲ្យគេចចេញពីអំពើហិង្សាក្នុងគ្រួសារ)។ តុលាការទាំងនេះក៏ជួយរក្សាសុវត្ថិភាពដល់ស្ត្រីផងដែរ ក្នុងពេលនិងក្រោយពេលកិច្ចដំណើរការផ្លូវច្បាប់ តាមរយៈការឃ្លាំមើលឥរិយាបថរបស់ជនបំពាន។ យុទ្ធសាស្ត្រនេះធ្វើឲ្យដំណើរការតុលាការប្រព្រឹត្តទៅបានឆាប់រហ័ស ហើយអនុញ្ញាតឲ្យជនរស់រាន មានលទ្ធភាពចាកចេញពីទំនាក់ទំនងហិង្សា ដើម្បីទទួលបានជីវិតល្អប្រសើរ។

យុត្តិធម៌បែបសម្របសម្រួល។ នៅពេលដែលក្រុមមនុស្សក្នុងសហគមន៍ ជួយជនដែលរស់រានពីអំពើហិង្សាក្នុងគ្រួសារឬការវាយដំជនស្រឡាញ់ភេទដូចគ្នា, ឲ្យប្រឈម និងចរចារជាមួយជនបំពាន នោះគេហៅថា យុត្តិធម៌បែបសម្របសម្រួល។ ដើម្បីឲ្យសហគមន៍មួយចូលរួមទទួលខុសត្រូវលើបញ្ហានេះ គេត្រូវការពេលវេលា និងការបណ្តុះបណ្តាលជាច្រើន។ វាមានប្រសិទ្ធភាពបំផុតនៅពេលដែលមានការគាំទ្រយ៉ាងខ្លាំងក្លាពីសហគមន៍។

a woman speaking.
ការរំលោភផ្លូវភេទគឺជាបទឧក្រិដ្ឋមួយដែលជនរងគ្រោះអាចក្លាយទៅជាជនជាប់ចោទទៅវិញ។
Freda Adler,
Criminologist

ប្រព័ន្ធយុត្តិធម៌ឯករាជ្យ។ នៅទីក្រុងផ្សេងៗគ្នានៃប្រទេសឥណ្ឌា មានក្រុមមួយឈ្មោះថា ប៊ីអឹមអឹមអេ (Bharatiya Muslim Mahila Andolan (BMMA)) បានបង្កើតជាប្រព័ន្ធយុត្តិធម៌របស់ខ្លួនមួយសម្រាប់ដោះស្រាយបញ្ហាផ្លូវច្បាប់របស់ស្ត្រី។ កាលពីមុន ករណីលែងលះនិងចិញ្ចឹមកូន ត្រូវបានដោះស្រាយតាមរយៈប្រព័ន្ធរបស់រដ្ឋ ឬតាមរយៈតុលាការ Sharia (ប្រើច្បាប់អ៊ីស្លាម) ដែលដំណើរការដោយបុរសទាំងស្រុង។ តុលាការនេះកម្រកាត់សេចក្តីឲ្យស្ត្រីជាអ្នកឈ្នះណាស់ ហើយជាញឹកញាប់ស្ត្រីបានបាត់បង់ការគាំទ្រហិរញ្ញវត្ថុសម្រាប់ខ្លួនគាត់និងកូន។ ក្រុមប៊ីអឹមអឹមអេ ធ្វើកិច្ចការដើម្បីបង្កើតជាច្បាប់ថ្នាក់ជាតិដែលពង្រឹងដល់ប្រព័ន្ធការពារស្ត្រីដែលមានស្រាប់ដែលប្រព័ន្ធនេះប្រើច្បាប់អ៊ីស្លាម, ក៏ដូចជាផ្តល់ការគាំទ្រផ្លូវច្បាប់ដល់ស្ត្រីដែលសម្រេចចិត្តប្រើប្រាស់ប្រព័ន្ធតុលការរបស់រដ្ឋផងដែរ។

ច្បាប់សិទ្ធិមនុស្សអាចជួយបាន

នៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ អំពើហិង្សាផ្លូវភេទដែលធ្វើឡើងជាផ្នែកមួយនៃការវាយប្រហារទៅលើជនស៊ីវិលមួយក្រុម ត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ មានន័យថា ការខូចខាតដែលធ្វើឡើងចំពោះមនុស្សមួយក្រុម គឺជាភាពអយុត្តិធម៌សម្រាប់មនុស្សទាំងអស់។ មានក្រុមការងារជាច្រើន ប្រើប្រាស់ច្បាប់សិទ្ធិមនុស្សនៅពេលពួកគេទាមទារយុត្តិធម៌ពីតុលាការឬរដ្ឋាភិបាលក្នុងស្រុក។ (សម្រាប់ព័ត៌មានបន្ថែម សូមមើលឧបសម្ព័ន្ធ ក ៖ ការតស៊ូមតិដើម្បីសិទ្ធិស្ត្រី ដោយប្រើប្រាស់ច្បាប់អន្តរជាតិ)។

ការរៀបចំដើម្បីទាមទារយុត្តិធម៌សម្រាប់ជនដែលរួចរស់រាន

ទោះបីជាអ្នកខិតខំប្រឹងប្រែងពន្យល់ណែនាំដល់ប៉ូលិស ឬបង្កើតប្រព័ន្ធយុត្តិធម៌បែបសម្របសម្រួលយ៉ាងណាក៏ដោយ ក៏អ្នកនៅតែត្រូវកៀរគរការគាំទ្រក្នុងសហគមន៍ជានិច្ច។ ប្រសិនបើអ្នកអាចចលនាសហគមន៍ឲ្យស្វែងយល់ និងចាត់វិធានលើបញ្ហាហិង្សាផ្នែកយេនឌ័រ នោះអ្នកនឹងទទួលបាននូវឧបករណ៍ដ៏ខ្លាំងក្លាមួយសម្រាប់នាំយកយុត្តិធម៌ជូនជនដែលនៅរស់រានទាំងឡាយ។ ឧទាហរណ៍ ប្រសិនបើមានការគាំទ្រក្នុងមូលដ្ឋានយ៉ាងរឹងមាំ អ្នកអាចធ្វើយុទ្ធនាការប្រឆាំងនឹងចៅក្រមដែលតែងតែរើសអើងចំពោះស្ត្រី និងជនស្រឡាញ់ភេទដូចគ្នា-ភេទទាំង២និងជនមានភេទទី៣ ដោយបង្ខំឲ្យចៅក្រមនោះកែប្រែផ្នត់គំនិត ឬចុះចេញពីតំណែង។ អ្នកក៏អាចចលនាសហគមន៍របស់អ្នកឲ្យដាក់សម្ពាធលើមណ្ឌលសុខភាពមួយ ឲ្យពួកគេកែលម្អពិធីសារកត់ត្រាព័ត៌មានចំពោះករណីរំលោភបំពានលើស្ត្រី។

many women and girls dancing. នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ត្រីនៅក្រុងហុងកុងបានចូលរួមជាមួយមនុស្ស១កោដិនាក់ មកពីប្រទេសចំនួន២០៧ ក្រោកឈរនិងរាំដើម្បីទាមទារឲ្យមានការបញ្ចប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី។ សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង “ក្រោកឈរ១កោដិនាក់ដើម្បីយុត្តិធម៌” សូមចូលទៅវិបសាយ ៖ www.onebillionrising.org

តាមរយៈការភ្ជាប់ជាមួយនឹងចលនាជាសកលប្រឆាំងនឹងអំពើហិង្សា អ្នកអាចពង្រឹងការរៀបចំរបស់អ្នក និងទទួលបានចំណាប់អារម្មណ៍កាន់តែច្រើនពីប្រព័ន្ធព័ត៌មាន។ គម្រោង V-Day ដែលជាកិច្ចប្រឹងប្រែងជាសកលដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី ធ្វើការបង្កើនការយល់ដឹងនិងប្រមូលមូលនីធិដើម្បីជួយដល់សកម្មភាពប្រឆាំងនឹងអំពើហិង្សា។ ទិវាអន្តរជាតិប្រឆាំងនឹងការស្អប់ជនស្រឡាញ់ភេទដូចគ្នា គឺជាឱកាសមួយទៀតដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំដែលមានចំណាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅថ្ងៃទី១៧ ខែឧសភា ដើម្បីជាការអបអរដល់ថ្ងៃដែលអង្គការសុខភាពពិភពលោកបានលុបការស្រឡាញ់ភេទដូចគ្នា ចេញពីបញ្ជីជំងឺផ្លូវចិត្ត។ ព្រឹត្តិការណ៍នេះជួយលើកកម្ពស់ការយល់ដឹងអំពីបញ្ហារបស់មនុស្សស្រឡាញ់ភេទដូចគ្នា-ភេទទាំង២និងមនុស្សភេទទី៣ នៅក្នុងសហគមន៍ កន្លែងការងារ និងក្នុងគ្រួសាររបស់ពួកគេ។

ការតវ៉ានៅប្រទេសឥណ្ឌា ទាមទារឲ្យបញ្ចប់អំពើហិង្សាលើស្ត្រី

នៅខែធ្នូ ឆ្នាំ២០១២ នៅទីក្រុងញូឌេលី នៃប្រទេសឥណ្ឌា មាននារីម្នាក់អាយុ២៣ឆ្នាំ ត្រូវបានបុរស៦ម្នាក់វាយប្រហារ និងចាប់រំលោភនៅលើរថយន្តក្រុងមួយ។ បុរសម្នាក់ជាមិត្តភក្តិរបស់នាង ដែលបានព្យាយាមការពារនាង ត្រូវក្រុមអន្ធពាលវាយឲ្យរងរបួសជាទម្ងន់ ហើយបន្ទាប់មកពួកគេក៏បោះទម្លាក់នាងនិងមិត្តភក្តិចេញពីរថយន្តក្រុងនោះ។ អ្នកដំណើរបានឃើញពួកគេនៅលើដងផ្លូវ រួចក៏យកពួកគេទៅមន្ទីរពេទ្យ។ ២សប្តាហ៍ក្រោយ នារីនោះក៏ស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។ ព័ត៌មានអំពីការវាយប្រហារនេះ បានផ្សព្វផ្សាយពាសពេញទីក្រុង និងទូទាំងប្រទេស។ ពីរបីថ្ងៃបន្ទាប់មក អ្នកតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូឌេលី និងក្រុងដទៃទៀត ដើម្បីតវ៉ាប្រឆាំងនឹងដំណើរការដ៏យឺតយាវរបស់រដ្ឋាភិបាលទៅលើអំពើរំលោភផ្លូវភេទ និងដើម្បីទាមទារឲ្យបញ្ចប់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសឥណ្ឌាទាំងមូល។

ក្រុមស្ត្រីនិងអង្គការដទៃទៀតនៅប្រទេសឥណ្ឌា បាននិយាយជាសាធារណៈប្រឆាំងនឹងការរំលោភផ្លូវភេទ និងរាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើស្ត្រី។ ប៉ុន្តែការតវ៉ាជាទ្រង់ទ្រាយធំ និងការគាបសង្កត់ពីប៉ូលិស បានទាញចំណាប់អារម្មណ៍កាន់តែច្រើនពីប្រព័ន្ធផ្សព្វផ្សាយ។ មានអ្នកតវ៉ាជាច្រើនបានរាយការណ៍ពីបទពិសោធន៍ផ្ទាល់ខ្លួននិងរបស់គ្រួសារ អំពីការបំពានផ្លូវភេទ និងការរំលោភនានា។ ពួកគេខឹងសម្បារនឹងប៉ូលិសនិងតុលាការដែលបានច្រានចោលពាក្យបណ្តឹងរបស់គាត់ ហើយមិនអាចដាក់ទោសជនល្មើសបាន ប៉ុន្តែពួកគេមិនដែលគិតថាអាចនិយាយជាសាធារណៈ ឬទាមទាររកយុត្តិធម៌បាននោះទេ។

a camerman filming protesters while a policeman threatens them; they carry signs reading: "Stop rape," "We want justice," and "No violence against women."

ក្រុមស្ត្រីនិងអង្គការដទៃទៀតនៅប្រទេសឥណ្ឌា បាននិយាយជាសាធារណៈប្រឆាំងនឹងការរំលោភផ្លូវភេទ និងរាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើស្ត្រី។ ប៉ុន្តែការតវ៉ាជាទ្រង់ទ្រាយធំ និងការគាបសង្កត់ពីប៉ូលិស បានទាញចំណាប់អារម្មណ៍កាន់តែច្រើនពីប្រព័ន្ធផ្សព្វផ្សាយ។ មានអ្នកតវ៉ាជាច្រើនបានរាយការណ៍ពីបទពិសោធន៍ផ្ទាល់ខ្លួននិងរបស់គ្រួសារ អំពីការបំពានផ្លូវភេទ និងការរំលោភនានា។ ពួកគេខឹងសម្បារនឹងប៉ូលិសនិងតុលាការដែលបានច្រានចោលពាក្យបណ្តឹងរបស់គាត់ ហើយមិនអាចដាក់ទោសជនល្មើសបាន ប៉ុន្តែពួកគេមិនដែលគិតថាអាចនិយាយជាសាធារណៈ ឬទាមទាររកយុត្តិធម៌បាននោះទេ។

មនុស្សនៅទូទាំងពិភពលោកបានទទួលសារពីអ្នកតវ៉ា។ ពួកគេទាមទារឲ្យមានការចាប់ខ្លួនជាបន្ទាន់ និងកាត់ទោសលើករណីរំលោភនិងហិង្សា, រឹតបន្តឹងច្បាប់ និងអនុវត្តច្បាប់លើបទឧក្រិដ្ឋដែលពាក់ព័ន្ធនឹងយេនឌ័រ, ព្រមទាំងផ្តល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់ស្ត្រីគ្រប់រូប។

ចំណាប់អារម្មណ៍ជាអន្តរជាតិ រួមផ្សំជាមួយនឹងកិច្ចប្រឹងប្រែងក្នុងប្រទេស បានបង្កើតជាសម្ពាធដើម្បីការផ្លាស់ប្តូរ។ ក្រុងមួយចំនួនបានរឹតបន្តឹងច្បាប់ស្តីពីការរំលោភផ្លូវភេទ ព្រមទាំងសន្យាផ្តល់ជូនសេវាថ្មី។ រដ្ឋាភិបាលបានតែងតាំងគណៈកម្មាធិការជាន់ខ្ពស់ដើម្បីផ្តល់អនុសាសន៍អំពីការកែប្រែច្បាប់។ ក្រុមស្ត្រីមានក្តីសង្ឃឹមនៅពេលដែលមតិណែនាំជាច្រើនរបស់ពួកគេដែលបានដាក់ជូនគណៈកម្មាធិការ ត្រូវបានបញ្ចូលក្នុងរបាយការណ៍ចុងក្រោយ។ ប៉ុន្តែក្រោយមកពួកគេក៏អស់សង្ឃឹមជាថ្មីនៅពេលដែលរដ្ឋាភិបាលបានចេញបទបញ្ញត្តិមួយដែលមិនអើពើនឹងរបាយការណ៍នោះ ហើយមិនបានថ្កោលទោសចំពោះអំពើហិង្សាផ្នែកយេនឌ័រគ្រប់ទម្រង់នោះទេ។ បទបញ្ញត្តិនោះធ្វើឡើងក្នុងចេតនាបន្ថយកម្តៅការតវ៉ា ប៉ុន្តែផ្ទុយទៅវិញវាបានជំរុញឲ្យផ្ទុះការតវ៉ាសារជាថ្មីឡើងវិញ។

ប្រជាជននៅប្រទេសឥណ្ឌាបន្តការនិយាយជាសាធារណៈអំពីអំពើហិង្សាផ្នែកយេនឌ័រ។ បច្ចុប្បន្នប្រព័ន្ធព័ត៌មានជាតិនិងអន្តរជាតិ រាយការណ៍អំពីករណីរំលោភបំពានផ្សេងៗទៀត។ ក្រុមតស៊ូមតិ បន្តដាក់សម្ពាធលើរដ្ឋាភិបាលឲ្យរឹតបន្តឹងច្បាប់ប្រឆាំងនឹងការរំលោភផ្លូវភេទ ព្រមទាំងបង្កើនការអនុវត្តច្បាប់បន្ថែមទៀត។ កិច្ចប្រឹងប្រែងទាំងនេះបានផ្លាស់ប្តូរពីវប្បធម៌នៃភាពស្ងាត់ស្ងៀមចំពោះហិង្សាផ្នែកយេនឌ័រ ទៅជាវប្បធម៌នៃសំឡេងទាមទារការផ្លាស់ប្តូរ។

ការទាញចំណាប់អារម្មណ៍មហាជនមកលើបញ្ហាហិង្សាផ្នែកយេនឌ័រ អាចជាកិច្ចការដ៏លំបាកមួយ ជាពិសេសនៅទីកន្លែងដែលបញ្ហានេះត្រូវបានគេព្រងើយកន្តើយជាយូរមកហើយ។ ប៉ុន្តែនៅពេលដែលមានមនុស្សរាប់ពាន់នាក់ដង្ហែរក្បួនថ្កោលទោសអំពើរំលោភនិងហិង្សាផ្លូវភេទ នោះវាក្លាយជាបញ្ហារបស់ពិភពលោកទាំងមូល ដោយមានការជួយផ្សព្វផ្សាយតាមទូរទស្សន៍ អ៊ីនធើនែត និងទូរស័ព្ទដៃ។ សូម្បីតែពេលខ្លះព័ត៌មានត្រូវបានរាយការណ៍មិនពេញលេញ ឬតែជ្រុងម្ខាងក៏ដោយ ក៏ពួកគេអាចលើកកម្ពស់ការយល់ដឹងពីបញ្ហានេះផងដែរ ព្រមទាំងបង្កើតឱកាសដើម្បីពិភាក្សានិងដេញដោលពីដំណោះស្រាយផ្សេងៗលើបញ្ហាហិង្សាផ្នែកយេនឌ័រ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨