Hesperian Health Guides

បុរសអាចជួយបញ្ឈប់អំពើហិង្សា

នៅក្នុងជំពូកនេះ ៖

ស្ត្រីតែម្នាក់ឯងមិនអាចបញ្ឈប់អំពើហិង្សាមកលើពួកគេបាននោះទេ។ មិនថាមានស្ត្រីដែលចាកចេញពីទំនាក់ទំនងហិង្សា គាំទ្រគ្នាទៅវិញទៅមក ឬព្យាយាមកែប្រែច្បាប់ច្រើនយ៉ាងណាក៏ដោយ ក៏អំពើហិង្សាផ្នែកយេនឌ័រនឹងអាចបញ្ឈប់បានតែនៅពេលណាដែលបុរសប្រឆាំងនឹងវា និងជួយគ្នាផ្លាស់ប្តូរប៉ុណ្ណោះ។ បុរសចេះបង្រៀនក្មេងប្រុសពីរបៀប “ក្លាយជាបុរស” បានប្រសើរជាងស្ត្រី។ ឪពុកបង្ហាញកូនប្រុសពីរបៀបប្រព្រឹត្តចំពោះស្ត្រីនិងក្មេងស្រី។ ជាធម្មតា អ្នកដែលមានអំណាចនិងឥទ្ធិពល ដូចជាចៅក្រម អ្នកនយោបាយ មន្ត្រីនគរបាល វេជ្ជបណ្ឌិត ច្រើនតែជាបុរស។ នៅពេលដែលពួកគេក្លាយជាសម្ពន្ធមិត្ត យើងពិតជាអាចផ្លាស់ប្តូរវិធីដែលបុរសត្រូវបានរំពឹងថាធ្វើសកម្មភាព និងបង្កើតច្បាប់និងគោលនយោបាយដែលការពារនិងគាំទ្រស្ត្រី។

ជាការពិត បុរសភាគច្រើនមិនឯកភាពជាមួយឥរិយាបថនិងជំនឿដែលគាំទ្រអំពើហិង្សាផ្នែកយេនឌ័រនោះទេ ប៉ុន្តែមានបុរសជាច្រើនបានប្រឹងប្រែងតិចតួចដើម្បីជំទាស់ឬបញ្ឈប់វា។ បុរសមួយចំនួនមិនប្រើប្រាស់អំពើហិង្សានៅក្នុងទំនាក់ទំនងរបស់ពួកគេនោះទេ ហើយបុរសផ្សេងទៀតកំពុងធ្វើការដើម្បីបង្ការហិង្សា ប៉ុន្តែខ្វះការគាំទ្រ។ មានបុរសជាច្រើនទៀតទំនងជាបានចូលរួមតែមិនដឹងពីរបៀបរបប។ ពេលខ្លះ បុរសគឺជាអ្នករស់រានពីអំពើហិង្សា ប៉ុន្តែដូចស្ត្រីផងដែរ បុរសតិចតួចបានទទួលការគាំទ្រដើម្បីជាសះស្បើយពីបទពិសោធន៍ល្វីងជូរចត់របស់ពួកគេ។

បទពិសោធន៍ពីគម្រោងបុរសនៃក្រុងអូកលែន

នៅពេលដែលលោក ផូល ឃីវែល (Paul Kivel) ប្រាប់រឿងរ៉ាវអំពីគម្រោងបុរសនៃក្រុងអូកលែន (Oakland Men’s Project) គាត់តែងតែសរសើរការជំរុញទឹកចិត្តរបស់ពួកគេចំពោះកិច្ចខិតខំរបស់ស្ត្រីក្នុងការលើកកម្ពស់ការយល់ដឹងអំពីការរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារ។ លោកផូល ពណ៌នាអំពីបច្ចេកទេសដែលពួកគេបានសម្រួលពីក្រុមស្ត្រីដូចខាងក្រោម ៖

a group of men discussing printed materials spread on a table.

ជាដំបូង យើងបង្កើតការបង្ហាញ “ជារូបភាពនិងបាឋកថា” ដោយប្រើប្រាស់រូបភាពពីទស្សនាវដ្តីផ្លូវភេទ គម្របកាសែត សារផ្សាយពាណិជ្ជកម្មក្នុងទស្សនាវដ្តី និងសៀវភៅរឿងកំប្លែង។ រូបភាពភាគច្រើនបានបង្ហាញពីស្ត្រីដែលកំពុងរងគ្រោះពីអំពើបន្តុះបង្អាប់ វាយដំ ឬរំលោភសេពសន្ថវៈ។ យើងចង់ឲ្យបុរសមានអារម្មណ៍ភ្ញាក់ផ្អើល និងខឹងសម្បាចំពោះអំពើហិង្សាក្នុងរូបភាពទាំងនោះ។ បុរសខ្លះភ្ញាក់ផ្អើល ខ្លះទៀតមិនភ្ញាក់ផ្អើលអ្វីទេ។ ការបង្ហាញនោះកម្រនឹងញ៉ាំងឲ្យបុរសធ្វើសកម្មភាពដើម្បីបញ្ចប់ហិង្សាណាស់។ ហើយវាមិនបានជួយឲ្យបុរសយល់ដឹងពីរបៀបដំណើរការនៃប្រព័ន្ធអំពើហិង្សាប្រព្រឹត្តដោយបុរស ឬរបៀបដែលវាអាចនឹងបង្កផលប៉ះពាល់ចំពោះពួកគេដោយផ្ទាល់នោះទេ។

យើងក៏ឃើញមានការខឹងសម្បាពីបុរស ខណៈដែលយើងបាននិយាយចេញផងដែរ។ បុរសមួយចំនួនមានអារម្មណ៍ថាទទួលរងការស្តីបន្ទោសដោយអយុត្តិធម៌។ យើងបានប្រាប់បុរសថា ពួកគេមានអំណាចនិងមានបុព្វសិទ្ធិ និងថាអំពើហិង្សាគឺជាការទទួលខុសត្រូវរបស់ពួកគេ។ បុរសដែលយើងបាននិយាយជាមួយ បានប្រាប់យើងថា ជាការពិត ពួកគេមានអារម្មណ៍ខឹងសម្បា ឈឺចាប់ រងគ្រោះ និងគ្មានអំណាច។

បន្ទាប់មក យើងបានរៀបចំសិក្ខាសាលាជាមួយក្មេងប្រុសអាយុ ១៣ និង១៤ឆ្នាំ ដើម្បីជួយពួកគេឲ្យមើលឃើញថា បុរសជាមនុស្សខ្លាំង និងមានអំណាចនៅក្នុងពិភពលោក ហើយស្ត្រីមិនមានទេ។ ក្មេងប្រុសទាំងនោះនិយាយថា ពួកគេកំពុងព្យាយាមដើម្បីក្លាយខ្លួនជាអ្នកមានអំណាច ប៉ុន្តែពួកគេមិនមានទេ។ ជាទីបញ្ចប់ យើងទទួលសារភាពថា ក្មេងប្រុសមិនមានអំណាចនៅក្នុងសង្គមយើងទេ។ ជារឿយៗ ពួកគេជាជនរងគ្រោះ និងជាអ្នករួចរស់រានពីអំពើហិង្សានៅក្នុងគ្រួសារ សហគមន៍ និងស្ថាប័ន។ យើងបានមើលឃើញថា ទាំងក្មេងប្រុសនិងក្មេងស្រី សុទ្ធតែរងគ្រោះពីអំពើហិង្សា ដែលភាគច្រើនគឺប្រព្រឹត្តឡើងដោយបុរស។ ជារឿយៗ ក្មេងប្រុសត្រូវបានគេបង្រៀនឲ្យប្រព្រឹត្តហិង្សាលើអ្នកដទៃ។ ក្មេងស្រីត្រូវបានបង្រៀនឲ្យរំពឹងទុកថា ខ្លួននឹងក្លាយជាជនរងគ្រោះនៃអំពើហិង្សារបស់បុរសអស់មួយជីវិត។

យើងបានស្វែងយល់ថា បុរសអាចផ្លាស់ប្តូរនៅពេលដែលពួកគេយល់ដឹងពីរបៀបដែលយើងត្រូវបានចិញ្ចឹមឲ្យក្លាយជាបរុស និងការឈឺចាប់ដែលយើងបានទទួលនៅក្នុងដំណើរការនោះ។ នេះសំដៅដល់ការយល់ដឹងពីទំនាក់ទំនងរវាងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ និងរបៀបដែលយើងជាបុរសបានរងឥទ្ធិពលពីការរំពឹងទុកអំពីភាពជាបុរស។

តើបុរសអាចខ្លាំងដោយគ្មានហិង្សាយ៉ាងដូចម្តេចទៅ?

ក្រុមគាំទ្រមួយដែលជួបប្រជុំជាប្រចាំ អាចជួយបុរសឲ្យពិភាក្សា ថាតើពួកគេចង់ក្លាយជាបុរស មិត្តប្រុស ប្តី និងឪពុកប្រភេទណា រួមទាំងការរៀនសូត្រពីរបៀបបដិសេធនិងចៀសវាងអំពើហិង្សាផងដែរ។

ក្រុមបុរសមួយឈ្មោះ Diversidades ដែលមានមូលដ្ឋាននៅទីក្រុងអូហ្សាកា ប្រទេសមិកស៊ិក ប្រើប្រាស់សំណួរខាងក្រោមដើម្បីពិភាក្សា ៖

  • តើអំពើហិង្សាប៉ះពាល់ដល់ជីវិតរបស់អ្នកយ៉ាងដូចម្តេចខ្លះ? តើអ្នកជួបប្រទះអំពើហិង្សាបែបណា កាលនៅជាក្មេងប្រុស និងកាលនៅជាក្មេងជំទង់?
  • តើអ្នកប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារនិងក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកតាមរបៀបណាខ្លះ? តើជាប្រភេទអំពើហិង្សាអ្វីខ្លះ? សួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកប្រើហិង្សា? តើមានជម្រើសផ្សេងដែរឬទេ?
  • តើអំពើហិង្សា ប៉ះពាល់ទំនាក់ទំនងរបស់អ្នក ជាមួយដៃគូរបស់អ្នក ឬជាមួយកូនៗរបស់អ្នកយ៉ាងដូចម្តេច? តើអ្វីៗនឹងអាចប្រសើរឡើងដោយរបៀបណាប្រសិនជាគ្មានអំពើហិង្សា?
  • តើក្មេងប្រុសនិងបុរសមានឥទ្ធិពលចំពោះគ្នារបៀបណាក្នុងការប្រើប្រាស់ឬចៀសវាងអំពើហិង្សា? តើអ្នកអាចមានឥទ្ធិពលបែបណា ទៅលើបុរសនិងក្មេងប្រុសដទៃទៀត ដើម្បីបញ្ចៀសអំពើហិង្សា?

ការជួយក្មេងប្រុសឲ្យសួរសំណួរអំពីអំពើហិង្សាផ្នែកយេនឌ័រ

ក្មេងប្រុសជំទង់កំពុងសកម្មក្នុងការបង្កើតគំនិតរបស់ពួកគេអំពីការក្លាយខ្លួនជាបុរស ដូច្នេះវាអាចជាពេលវេលាដ៏សំខាន់មួយដើម្បីចាក់គ្រឹះក្នុងការបង្កើតទំនាក់ទំនងប្រកបដោយសុខភាពល្អជាមួយក្មេងស្រីនិងស្ត្រី។ ខាងក្រោមនេះជារឿងរ៉ាវរបស់គម្រោងមួយដែលបានធ្វើការជាមួយក្មេងប្រុសជំទង់ជាក្រុមតូចៗក្នុងរយៈពេលពេញមួយឆ្នាំ ហើយពេលខ្លះអូសបន្លាយពេលយូរជាងនេះ។ គម្រោងនេះមានគោលដៅជំរុញឲ្យក្មេងប្រុសធ្វើការវិភាគលើពិភពជុំវិញខ្លួន និងបង្កើតទស្សនៈផ្ទាល់ខ្លួនអំពីតួនាទីយេនឌ័រ។

ការត្រិះរិះ ជួយឲ្យក្មេងប្រុសចោទសួរអំពីភាពអយុត្តិធម៌ក្នុងយេនឌ័រ

នៅចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១០ កម្មវិធីបណ្តុះមនសិការក្មេងប្រុសជំទង់ (CMA) បានបណ្តុះបណ្តាលក្មេងប្រុសជាង ២០០០នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ា ដើម្បីពិចារណាពីឫសគល់នៃវិសមភាពយេនឌ័រ និងគ្រោះថ្នាក់ដែលវាបង្កឡើង។ ការយកចិត្តទុកដាក់ ផ្តោតសំខាន់លើអំពើហិង្សាលើស្ត្រី ពីព្រោះវាជារឿងកើតឡើងទូទៅនៅក្នុងសង្គមនីហ្សេរីយ៉ា។

វិធីសាស្ត្រសំណួរ-ចម្លើយរបស់កម្មវិធី CMA បានជួយឲ្យក្មេងប្រុសទាំងនោះ អភិវឌ្ឍជំនាញទំនាក់ទំនង និងត្រិះរិះ។ ខាងក្រោមនេះជាឧទាហរណ៍មួយបង្ហាញពីការពិភាក្សាជាក្រុមអំពីអំពើរំលោភសេពសន្ថវៈ។

អ្នកដឹកនាំការពិភាក្សា ចាប់ផ្តើមដោយសួរទៅកាន់ក្មេងប្រុសថា តើមិត្តស្រីរបស់ពួកគេនិយាយអ្វីនៅក្នុងអំឡុងពេលរ៉ូមែនទិក។ ក្មេងប្រុសលើកដៃឆ្លើយ៖

the group leader asking questions that the boys answer in turn.
សំណួរ៖ តើមិត្តស្រីរបស់អ្នកនិយាយអ្វីខ្លះនៅក្នុងអំឡុងពេលរ៉ូមែនទិក?
ចម្លើយ៖ “បងសំឡាញ់ អូននឹងស្រឡាញ់បងជារៀងរហូត!”
“សូមបងអោបអូនឲ្យជាប់ កុំលែងឲ្យសោះ”
សំណួរ៖ ហើយតើក្មេងស្រីនិយាយអ្វីនៅពេលដែលពួកគេមិនចង់រួមភេទ ឬចំណាយពេលជាមួយក្មេងប្រុស?
ចម្លើយ៖ “សូមបងចេញទៅ”
“ខ្ញុំគ្មានអារម្មណ៍ទេ”
“ស្នេហាមិនពាក់ព័ន្ធនឹងការរួមភេទទេ”
សំណួរ៖ ចុះហេតុអ្វីបានជាក្មេងប្រុសគិតថាក្មេងស្រីចង់មានន័យថា “ព្រម” នៅពេលដែលនាងនិយាយថា “ទេ”?
ចម្លើយ៖ “ក្មេងស្រីមិនអាចនិយាយថាព្រមបានទេ ដូច្នេះពួកគេនឹងនិយាយថាទេជានិច្ច”
“នោះមិនត្រឹមត្រូវទេ ក្មេងស្រីក៏អាចនិយាយថាព្រមបានដែរ។ ខ្ញុំដឹងរឿងនេះ។
នោះមិនត្រឹមត្រូវទេ ក្មេងស្រីក៏អាចនិយាយថាព្រមបានដែរ។ ខ្ញុំដឹងរឿងនេះ។"
សំណួរ៖ ចុះបើអ្នកជិតខាងខ្ញុំមកផ្ទះខ្ញុំដើម្បីជជែកជាមួយខ្ញុំ តើនេះមិនមែនមានន័យថានាងបានត្រៀមខ្លួនរួចរាល់ហើយដែរមែនទេ?
ចម្លើយ៖ “ទេ។
“សកម្មភាពមានន័យជ្រៅជាងពាក្យសម្តីទៅទៀត។"
សំណួរ៖ តើសកម្មភាពទាំងនោះមានអ្វីខ្លះ?
ចម្លើយ៖ “ស្លៀកសំពត់ខ្លី... អង្គុយជិតខ្ញុំ...។
សំណួរ៖ ហើយចុះនៅពេលដែលខ្ញុំកំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវដោយស្លៀកខោខ្លី ព្រលះឡេវអាវ តើនេះមានន័យថាខ្ញុំបានត្រៀមខ្លួនរួមភេទហើយមែនទេ?
ចម្លើយ៖ “ទេ!”


ភ្លាមនោះក្មេងប្រុសក៏ទទួលស្គាល់ថា ក្មេងស្រីចង់មានន័យថាទេ នៅពេលដែលពួកគេនិយាយពាក្យថាទេ។

សកម្មភាពបន្ទាប់ អាចប្រើប្រាស់ជាមួយក្រុមណាមួយក៏បាន ប៉ុន្តែវាអាចជួយដល់បុរសជាពិសេស ឲ្យគិតអំពីវិធីជំទាស់យ៉ាងសកម្មទៅនឹងអំពើហិង្សាផ្នែកយេនឌ័រ និងបង្ការវានៅក្នុងស្ថានភាពជីវិតជាក់ស្តែង។ នៅក្នុងសកម្មភាពនេះ អ្នកចូលរួមនឹងស្រមៃថា កំពុងប្រទះឃើញបុរសម្នាក់ប្រើអំពើហិង្សាលើស្ត្រី ឬមានវត្តមាននៅក្នុងពេលដែលអាចកើតមានអំពើហិង្សា ឬអំពើរំលោភសេពសន្ថវៈ។ បន្ទាប់មក ពួកគេត្រូវបានស្នើឲ្យគិតគូរអំពីវិធីដែលពួកគេអាចនឹងប្រើប្រាស់ដើម្បីធ្វើអន្តរាគមន៍នៅមុន ក្នុងអំឡុងពេល និងក្រោយពេលកើតមានអំពើហិង្សានោះ តាមរយៈការប្រឈមមុខជាមួយនឹងបុរសនោះ ឬក៏ជួយស្ត្រីរងគ្រោះ។

សកម្មភាព ការសំដែងតួជាអ្នកឃើញហេតុការណ៍

  1. ដើម្បីរៀបចំត្រៀមលក្ខណៈ ចូរបំផុសគំនិតបង្កើតតារាងមួយ រាយឈ្មោះស្ថានភាពដែលមនុស្សអាចនឹងប្រទះឃើញ។ អ្នកអាចប្រើប្រាស់ស្ថានភាពដូចជាស្ថានភាពក្នុងការរៀបចំសំដែងតួ និងបន្ថែមចំណុចដូចខាងក្រោម ៖
    • នៅខាងក្រៅពិធីជប់លៀងមួយ អ្នកបានឃើញក្មេងស្រីម្នាក់កំពុងស្រវឹងស្រា។ ក្មេងប្រុសម្នាក់កំពុងជំរុញឲ្យនាងទៅជាមួយគាត់ ប៉ុន្តែនាងហាក់ដូចជាមិនប្រាកដក្នុងចិត្តទេ។
    • ក្មេងស្រីម្នាក់កំពុងដើរតាមដងផ្លូវងងឹតតែម្នាក់ឯង។ ក្មេងប្រុសមួយក្រុមក៏បានហៅ ហួច និងស្រែកពាក្យអសុរសដាក់នាង និងចាប់ផ្តើមដើរតាមពីក្រោយនាង។
    • អ្នកឮមិត្តភ័ក្តិម្នាក់និយាយកំប្លែងអំពីការរំលោភសេពសន្ថវៈ។
  2. អ្នកចូលរួម ចាប់ដៃគូ រួចផ្តល់ស្ថានភាពមួយទៅដល់គូនីមួយ។ សួរពួកគេថាតើនឹងមានរឿងអ្វីអាចកើតឡើង រួចឲ្យពួកគេបង្កើតបញ្ជីមួយដែលមានវិធីយ៉ាងតិច៤ ដែលពួកគេអាចនឹងប្រើសម្រាប់ប្រតិកម្មតប។ ចូរលើកជាយោបល់ថា ពួកគេគួរគិតគូរអំពីសកម្មភាព ឬវិធីដែលពួកគេអាចប្រើ ដើម្បីនិយាយជាមួយបុរស ឬស្ត្រីរូបនោះដើម្បីបង្ការ ឬបញ្ឈប់អំពើហិង្សា។ លើកជាយោបល់ផងដែរថា ពួកគេគួរស្រមៃថាតើពួកគេអាចនឹងធ្វើអ្វីនៅមុន នៅក្នុងអំឡុង និងនៅក្រោយពេលព្រឹត្តិការណ៍កន្លងផុតទៅ។ តើអ្វីទាំងអស់នោះអាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងដូចម្តេច?
  3. ស្នើឲ្យដៃគូនីមួយៗចែករំលែកនូវស្ថានភាពរបស់ក្រុមពួកគេ និងបញ្ជីសកម្មភាពរបស់ពួកគេ ដោយពន្យល់ថាតើប្រតិកម្មមួយណាដែលនឹងមានភាពជាក់លាក់បំផុតសម្រាប់ពួកគេ ហើយពន្យល់ពីហេតុផលផងដែរ។ ជួយឲ្យពួកគេមានអារម្មណ៍បើកទូលាយក្នុងការចែករំលែកនូវអ្វីដែលពិបាកបំផុតសម្រាប់ពួកគេអនុវត្ត និងប្រាប់ហេតុផលផង។
  4. ផ្តល់ឱកាសឲ្យក្រុមទាំងមូលពិភាក្សាពីគំនិតផ្សេងៗ និងសម្រេចថាតើការឆ្លើយតបមួយណាដែលអាចផ្តល់ភាពជោគជ័យធំបំផុតក្នុងការបញ្ឈប់អំពើហិង្សា។
អ្នកអាចបញ្ចប់សកម្មភាពនេះដោយការពិចារណាជាមួយក្រុម អំពីគំនិតដែលបង្កភាពងាយស្រួលដល់មិត្តភក្តិ អ្នកជិតខាង និងអ្នកឃើញហេតុការណ៍ ក្នុងការធ្វើសកម្មភាពបង្ការ ឬបញ្ឈប់អំពើហិង្សាដែលពួកគេជួបប្រទះ។

a woman speaking.
ជាពិសេសនៅពេលកំពុងធ្វើការជាមួយក្រុមបុរសនិងស្ត្រីរួមគ្នា ចូរកុំព្យាយាមស្តីបន្ទោសតែលើបុរស។ យើងត្រូវស្វែងរកវិធីប្រកបដោយការស្រឡាញ់និងការទទួលយកបុរស ខណៈដែលបដិសេធនិងជំទាស់អំពើហិង្សាដែលបុរសប្រព្រឹត្ត។ ជួយឲ្យបុរសមើលឃើញថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី ផ្តល់ផលប្រយោជន៍ដល់គ្រប់គ្នា។

យុទ្ធនាការបូពណ៌ស

យុទ្ធនាការសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិមនុស្សគ្រប់រូបក្នុងការរស់នៅដោយគ្មានអំពើហិង្សានិងការបង្ខិតបង្ខំដោយអ្នកដទៃ គឺជារឿងថ្មី។ ទើបតែ ៤០ឆ្នាំកន្លងទៅប៉ុណ្ណោះ ដែលស្ត្រីនៅជុំវិញពិភពលោកបានចលនាអំពាវនាវឲ្យមានការយកចិត្តទុកដាក់ទៅលើអំពើហិង្សាផ្នែកយេនឌ័រ ថាជាបញ្ហាសិទ្ធិមនុស្ស និងសុខភាពស្ត្រីមួយដែរ។ ជាលទ្ធផល មានយុទ្ធនាការជាតិនិងអន្តរជាតិជាច្រើនដែលមានគោលបំណងបង្ហាញពីភាពអយុត្តិធម៌នៃអំពើហិង្សាផ្នែកយេនឌ័រ និងប្រមូលការគាំទ្រដើម្បីធ្វើការផ្លាស់ប្តូរច្បាប់ ទំនៀមទម្លាប់ និងប្រពៃណីដែលអនុញ្ញាតឲ្យមានអំពើហិង្សា។

2 men talking.
ហេតុអ្វីបានឯងពាក់បូពណ៌ស?
វាមានន័យថា ខ្ញុំសន្យាថានឹងមិនប្រើអំពើហិង្សាលើស្ត្រី ឬមិននៅស្ងៀមពេលឃើញអំពើហិង្សាកើតឡើងទេ។

បុរសមួយចំនួនក៏បានដើរតាមការដឹកនាំរបស់ស្ត្រីផងដែរ ហើយពួកគេកំពុងរៀបចំសហការជាមួយបុរសនៅក្នុងសហគមន៍របស់ខ្លួនដើម្បីជួយបំបែកលំនាំនៃអំពើហិង្សានេះ។ បុរសទាំងនេះយល់ឃើញថា វាជាការសំខាន់ដែលត្រូវចាប់ផ្តើមកិច្ចពិភាក្សាដែលស្នើឲ្យប្រជាជនគិតគូរអំពីសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការរស់នៅដោយគ្មានអំពើហិង្សា ហើយស្នើឲ្យពួកគេសាកសួរពីមូលហេតុដែលនាំឲ្យសិទ្ធិនោះគួរតែខុសប្លែកសម្រាប់បុរសជាងសម្រាប់ស្ត្រី។

នៅឆ្នាំ១៩៩១ យុទ្ធនាការបូពណ៌សត្រូវបានបង្កើតឡើងដោយបុរសមួយក្រុមនៅក្នុងប្រទេសកាណាដា ក្រោយពីនិស្សិតស្រី ១៤នាក់ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់នៅឯសាកលវិទ្យាល័យ ម៉ុងត្រេអាល់ ។ ចាប់តាំងពីពេលនោះមក យុទ្ធនាការនេះបានសាយភាយទៅដល់ប្រទេសជាង៦០ នៅជុំវិញពិភពលោក។ បច្ចុប្បន្ន វាគឺជាកិច្ចខិតខំប្រឹងប្រែងពីបុរស ដែលវាធំជាងគេបង្អស់នៅលើពិភពលោក ដែលស្វះស្វែងឲ្យមានការបញ្ចប់អំពើហិង្សាលើស្ត្រី។ ជារៀងរាល់ឆ្នាំនៅក្នុងខែវិច្ឆិកា និងខែធ្នូ បុរសនៅជុំវិញពិភពលោក ពាក់បូពណ៌សជានិម្មិតរូបនៃការសន្យាផ្ទាល់ខ្លួនរបស់ពួកគេប្រឆាំងនឹងអំពើហិង្សា។ ពួកគេក៏បានរៀបចំព្រឹត្តិការណ៍អប់រំនិងក្រុមគាំទ្រ និងប្រើប្រាស់បណ្តាញសារព័ត៌មានគ្រប់ប្រភេទ ដើម្បីផ្សព្វផ្សាយទៅដល់មនុស្សឲ្យបានច្រើនបំផុត។ ប្រសិនបើក្រុមមួយអាចហៅមនុស្សជាច្រើននៅក្នុងសហគមន៍ មកចូលរួមក្នុងយុទ្ធនាការនេះ នោះវាអាចនាំឲ្យមានការពិភាក្សាជាច្រើន។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨