Hesperian Health Guides
សកម្មភាពសហគមន៍ដើម្បីគាំទ្រអ្នករួចរស់រានពីអំពើហិង្សា
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៦ ៖ ការបញ្ចប់អំពើហិង្សាផ្នែកយេនឌ័រ > សកម្មភាពសហគមន៍ដើម្បីគាំទ្រអ្នករួចរស់រានពីអំពើហិង្សា
មាតិកា
គាំទ្រអ្នករួចរស់រាន ដើម្បីគេចចេញពីអំពើហិង្សាក្នុងគ្រួសារ
ការគាំទ្រស្ត្រីដើម្បីគេចចេញពីទំនាក់ទំនងប្រកបដោយហិង្សា អាចជួយសង្គ្រោះជីវិតពួកគេបាន។ ចូរចែករំលែកជំហានទាំងនេះជាមួយស្ត្រីដទៃទៀត និងស្នើឲ្យពួកគេចែករំលែកបន្តទៅកាន់ស្ត្រីដែលអាចនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់៖
នៅមុនពេលអំពើហិង្សាកើតឡើងម្តងទៀត ចូរប្រាប់នរណាម្នាក់នៅក្បែរឲ្យបានដឹងជាមុន។ ស្នើឲ្យបុគ្គលរូបនោះមកជួយ ឬស្វែងរកជំនួយ ប្រសិនបើគាត់ឮថាអ្នកកំពុងជួបគ្រោះថ្នាក់។ បុគ្គលរូបនោះអាចជាអ្នកជិតខាត សាច់ញាតិប្រុស ឬក្រុមស្ត្រីឬបុរសដែអាចមកជួយអ្នកមុនពេលដែលអ្នកទទួលរងការវាយដំធ្ងន់ធ្ងរ។ ចូរគិតអំពីពាក្យឬសញ្ញាពិសេសណាមួយដែលនឹងប្រាប់កូនៗរបស់អ្នក ឬនរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកឲ្យស្វែងរកជំនួយ។ បង្រៀនកូនៗរបស់អ្នកឲ្យចេះស្វែងរកកន្លែងមានសុវត្ថិភាព។
នៅពេលដែលបុរសប្រើហិង្សា ចូរព្យាយាមរត់ទៅកាន់ ឬបន្តនៅកន្លែងដែលគ្មានអាវុធឬវត្ថុដែលគាត់អាចប្រើដើម្បីវាយធ្វើបាបរូបអ្នកបាន។ ធ្វើអ្វីដើម្បីរម្ងាប់អារម្មណ៍ខឹងសម្បារបស់គាត់ ដើម្បីឲ្យខ្លួនអ្នកនិងកូនៗរបស់អ្នកមានសុវត្ថិភាព។ ប្រសិនបើអ្នកចាំបាច់រត់គេចចេញពីគាត់ ចូរគិតគូរពីរបៀបដែលអ្នកអាចគេចខ្លួនបាន។ តើទីកន្លែងណាដែលមានសុវត្ថិភាពបំផុតសម្រាប់ឲ្យអ្នកទៅ?
ត្រៀមខ្លួនដើម្បីចាកចេញ ៖ សន្សំប្រាក់តាមវិធីដែលអ្នកអាចធ្វើបាន។ ដាក់ប្រាក់នៅកន្លែងដែលមានសុវត្ថិភាពឆ្ងាយពីផ្ទះ។ ប្រសិនបើអាច បើកគណនីធនាគារដោយដាក់ឈ្មោះផ្ទាល់ខ្លួនរបស់អ្នក។ ចូរព្យាយាមធ្វើកិច្ចការផ្សេងទៀតដើម្បីឲ្យអ្នកកាន់តែមានភាពឯករាជ្យ ដូចជាបង្កើតមិត្ត ចូលរួមក្រុម ឬចំណាយពេលវេលាបន្ថែមជាមួយគ្រួសាររបស់អ្នក។
ស្វែងយល់ថាតើមាន “ផ្ទះសុវត្ថិភាព” ឬសេវាផ្សេងទៀតនៅជិតៗសម្រាប់ឲ្យស្ត្រីដែលរងគ្រោះប្រើប្រាស់ដែរឬអត់។ ចូររៀនពីរបៀបដែលសេវាទាំងនេះអាចជួយអ្នកបាន។ សួរមិត្តភ័ក្តិ ឬសាច់ញាតិដែលអ្នកជឿទុកចិត្តថាតើពួកគេអាចអនុញ្ញាតឲ្យអ្នកស្នាក់នៅជាមួយ ឬខ្ចីប្រាក់បានដែរឬយ៉ាងណា។ ចូរប្រាកដថា ពួកគេនឹងមិនប្រាប់អ្នកប្រើហិង្សាលើអ្នកថា អ្នកបានសួរ ឬប្រាប់ពីកន្លែងដែលអ្នកទៅស្នាក់នៅនោះទេ។
ស្វែងរកឯកសារសំខាន់ៗ ដូចជាឯកសារសម្គាល់ខ្លួនរបស់អ្នក និងកូនៗរបស់អ្នក។ ទុកដាក់ប្រាក់កាស ឯកសាររបស់អ្នក និងសម្លៀកបំពាក់ជាមួយនរណាម្នាក់ដែលអ្នកជឿទុកចិត្ត ដើម្បីឲ្យអ្នកអាចចាកចេញបានឆាប់។ ប្រសិនបើអ្នកអាចធ្វើវាបានដោយសុវត្ថិភាព ចូរសាកល្បងអនុវត្តផែនការរត់គេចខ្លួនរបស់អ្នកជាមួយកូនៗរបស់អ្នក ដើម្បីពិនិត្យមើលថាផែនការនោះនឹងមានប្រសិទ្ធភាពដែរឬយ៉ាងណា។ ចូរប្រាកដថា កូនៗរបស់អ្នកនឹងមិនប្រាប់នរណាម្នាក់ទេ។ (សូមមើលសៀវភៅ សៀវភៅទីណាដែលស្រ្តីគ្មានវេជ្ជបណ្ឌិត)។
បុគ្គលិកសុខាភិបាលគាំទ្រអ្នករួចរស់រានពីអំពើហិង្សាផ្លូវភេទ
បុគ្គលិកសុខាភិបាលអាចរៀបចំ និងចូលរួមសកម្មភាពគ្រប់ប្រភេទដើម្បីបញ្ឈប់អំពើហិង្សា ប៉ុន្តែវាកាន់តែមានសារៈសំខាន់ខ្លាំងថែមទៀតបើពួកគេអាចគាំទ្រជនរងគ្រោះពីអំពើហិង្សាផ្នែកយេនឌ័រដែលបានរងការវាយដំ រំលោភសេពសន្ថវៈ ឬបំពាន។ ទន្ទឹមនឹងការព្យាបាលរបួសស្នាម បុគ្គលិកសុខាភិបាលក៏អាចបញ្ជូនជនរងគ្រោះទៅកាន់ធនធានសហគមន៍ដទៃទៀត ដូចជាក្រុមគាំទ្រ និងជម្រកស្នាក់នៅផងដែរ។
ស្ត្រីដែលចង់ដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកប្រើហិង្សា ឬជនរំលោភសេពសន្ថវៈ ចាំបាច់ត្រូវកត់ត្រារបួសស្នាមឬគ្រោះថ្នាក់ផ្សេងទៀតដែលបណ្តាលមកពីអំពើហិង្សាទុកជាឯកសារ។ បុគ្គលិកសុខាភិបាលគួរចេះរបៀបធ្វើកិច្ចការនេះ រួមជាមួយនឹងការយកចិត្តទុកដាក់ទៅលើតម្រូវការសុខភាពរបស់ស្ត្រីផងដែរ។ (សម្រាប់ព័ត៌មានពិស្តារបន្ថែម សូមមើលសៀវភៅ សៀវភៅទីណាដែលស្រ្តីគ្មានវេជ្ជបណ្ឌិត)។
ដើម្បីផ្តល់ការថែទាំប្រកបដោយការគោរពបំផុត ជូនអ្នករួចរស់រានពីអំពើហិង្សាផ្លូវភេទ ចូរអនុវត្តដូចខាងក្រោម៖
- ប្រសិនបើជនរងគ្រោះជាស្ត្រី ចូរប្រាកដថា បុគ្គលិកសុខាភិបាលស្រីជាអ្នកពិនិត្យរាងកាយរបស់នាង។
- រក្សាឈ្មោះនិងព័ត៌មានផ្សេងទៀតរបស់ជនរងគ្រោះជាការសម្ងាត់ និងប្រាប់ពួកគេថា អ្នកនឹងមិនចែករំលែកព័ត៌មានទាំងនេះទៅដល់អ្នកដទៃទេ។
- ផ្តល់កន្លែងដែលមានផាសុកភាព និងអាចធ្វើដំណើរទៅដល់បាន សម្រាប់ឲ្យជនរងគ្រោះអាចរាយការណ៍ពីអំពើរំលោភសេពសន្ថវៈ ឬការវាយប្រហារ និងប្រុងប្រយ័ត្នដោយមិនត្រូវស្តីបន្ទោសពួកគេចំពោះអំពើហិង្សាដែលបានកើតឡើងលើរូបគេនោះទេ។
- ពន្យល់ពីមធ្យោបាយពន្យារកំណើតបន្ទាន់ និងជួយស្ត្រីឲ្យចេះប្រើប្រាស់វា ប្រសិនបើនាងជ្រើសរើស។ (សូមមើលទំព័រ 194)
- ប្រសិនបើចាំបាច់ ចូរផ្តល់ថ្នាំបង្ការការចម្លងជំងឺកាមរោគ រួមទាំងមេរោគអេដស៍ផងដែរ។
ក្រុមគាំទ្រគ្នាទៅវិញទៅមក
អ្នកដែលរួចរស់រានពីអំពើហិង្សាឬអំពើរំលោភសេពសន្ថវៈត្រូវការការគាំទ្រពីគ្រួសារ និងសហគមន៍របស់ពួកគេ។ ជាអកុសល្យ អ្នករួចរស់រានពីអំពើហិង្សា ជាពិសេសអ្នករួចរស់រានពីអំពើរំលោភសេពសន្ថវៈ ជារឿយៗត្រូវបានគេបដិសេធ និងរើសអើង។ ការបង្កើតសាមគ្គីភាពជាមួយអ្នកដែលរងគ្រោះពីអំពើហិង្សា គឺជាវិធីដ៏មានប្រសិទ្ធភាពដើម្បីកាត់បន្ថយផលប៉ះពាល់ ជាពិសេសឥទ្ធិពលរយៈពេលយូរអង្វែង។
គ្មាននរណាម្នាក់យល់ពីការតស៊ូដែលស្ត្រីរងគ្រោះជួបប្រទះ ច្បាស់ជាងអ្នករួចរស់រានពីអំពើហិង្សាដទៃទៀតនោះទេ។ នៅពេលដែលស្ត្រីសាមគ្គីគ្នានៅក្នុងក្រុម គាំទ្រគ្នាទៅវិញទៅមក នោះពួកគេមានអារម្មណ៍ថាខ្លួនមិនឯកាទៀតទេ។ ពួកគេអាចប្រាប់រឿងរ៉ាវរបស់ពួកគេដោយគ្មានការភ័យខ្លាចពីការវិនិច្ឆ័យ។ ពួកគេក៏អាចចែករំលែកយុទ្ធសាស្ត្រដោះស្រាយបញ្ហា និងព័ត៌មានអំពីទីកន្លែងស្វែងរកជំនួយផងដែរ។
រឿងដូចគ្នានេះក៏ត្រឹមត្រូវផងដែរសម្រាប់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា-ភេទទាំងពីរ និងមនុស្សភេទទីបីដែលទទួលរងការវាយធ្វើបាប រំលោភសេពសន្ថវៈ ឬបំពានដោយសារតែចំណង់ផ្លូវភេទ ឬអត្តសញ្ញាណភេទរបស់ពួកគេ។ តាមរយៈការជួបជាមួយអ្នកដែលមានបទពិសោធន៍ប្រហាក់ប្រហែល មនុស្សដែលរងគ្រោះពីអំពើហិង្សាអាចយល់ថា ពួកគេមិនមែនមានតែម្នាក់នោះទេ ពួកគេអាចរៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែងរកចំណុចខ្លាំងនិងអំណាចដែលពួកគេត្រូវការដើម្បីជាសះស្បើយ។
គាំទ្រអ្នករួចរស់រានពីជម្លោះប្រដាប់អាវុធ
នៅក្នុងសង្គ្រាមនិងជម្លោះហិង្សាដទៃទៀត នៅពេលដែលក្រុមបុរសប្រជែងគ្នាដើម្បីគ្រប់គ្រងអំណាចលើដែនដី ធនធាន និងទ្រព្យសម្បត្តិក្នុងទម្រង់ផ្សេងៗទៀត ស្ត្រីនិងកុមារក្លាយជាគោលដៅសម្រាប់ការវាយប្រហារផ្លូវភេទ។ បុរសកាន់តែប្រើប្រាស់អំពើរំលោភសេពសន្ថវៈ និងអំពើរំលោភផ្លូវភេទក្នុងទម្រង់ផ្សេងៗទៀតជាអាវុធដើម្បីបង្កភាពតក់ស្លុត បន្ទាបបន្ថោក និងយកប្រៀបលើក្រុមជាសត្រូវរបស់ខ្លួន។
នៅតាមសហគមន៍ដែលខ្ទេចខ្ទាំដោយជម្លោះប្រដាប់អាវុធ ជារឿយៗស្ត្រីត្រូវបានគេមិនបញ្ចូលក្នុងក្រុមអ្នកធ្វើសេចក្តីសម្រេចចិត្ត និងរៀបចំផែនការសម្រាប់ស្តារ និងកសាងសហគមន៍ឡើងវិញទេ ជាពិសេសប្រសិនបើប្រជាជនដឹងថា ពួកគេត្រូវបានរំលោភផ្លូវភេទនៅក្នុងអំឡុងពេលកើតមានជម្លោះ។ អ្នកអាចជួយស្ត្រីរៀបចំក្រុមដោយផ្តល់ឱកាសឲ្យពួកគាត់ជួបជុំគ្នា ប្រាប់រឿងរ៉ាវរបស់ខ្លួន ទទួលសេវាថែទាំសុខភាព និងសហការគ្នារៀបចំផែនការសម្រាប់ពេលអនាគត។ នៅពេលដែលអ្នករួចរស់រានក្លាយខ្លួនជាមេដឹកនាំសហគមន៍ បទពិសោធន៍របស់ពួកគេអាចជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការកុំឲ្យមានអំពើហិង្សាបន្តទៀតទៅថ្ងៃខាងមុខ។