Hesperian Health Guides
រៀបចំក្រុមដើម្បីបង្ការអំពើហិង្សា
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៦ ៖ ការបញ្ចប់អំពើហិង្សាផ្នែកយេនឌ័រ > រៀបចំក្រុមដើម្បីបង្ការអំពើហិង្សា
មាតិកា
បង្កើតផែនទីនៃគ្រោះថ្នាក់
សកម្មភាពបង្កើតផែនទី អាចជាមធ្យោបាយដ៏ល្អមួយក្នុងការចាប់ផ្តើមការរៀបចំសហគមន៍ដើម្បីបង្ការអំពើហិង្សា។ អញ្ជើញអ្នកដឹកនាំសហគមន៍ ម្ចាស់ជំនួញ និងដៃគូផ្សេងទៀត ឲ្យចូលរួមនិងដើម្បីជួយបង្កើតផែនការ។ ម្យ៉ាងទៀត ព្យាយាមរួមបញ្ចូលស្ត្រីនិងក្មេងស្រីដែលងាយរងគ្រោះពីអំពើហិង្សាដោយសារតែទីកន្លែងដែលពួកគេរស់នៅ ពេលវេលានិងរបៀបធ្វើដំណើរទៅធ្វើការឬសាលារៀន ឬដោយសារប្រភេទការងាររបស់ពួកគេ។ ត្រូវប្រាកដថាក្រុមស្រឡាញ់ភេទដូចគ្នា-ភេទទាំង២និងអ្នកមានភេទទី៣ បង្ហាញពីទីតាំងក្នុងសហគមន៍ដែលពួកគេគិតថាមានការប្រឈមគ្រោះថ្នាក់បំផុត។ នាំអ្នកចូលរួមទាំងអស់ដើរក្នុងសហគមន៍ រួចកត់សម្គាល់ទីតាំងដែលមានបញ្ហា បន្ទាប់មកបង្កើតផែនទីនៃគ្រោះថ្នាក់។ ក្រុមការងារអាចពិភាក្សា និងស្នើសុំការផ្លាស់ប្តូរ ដូចជាការកែលម្អភ្លើងបំភ្លឺតាមផ្លូវ ឬក្រុមសន្តិសុខសហគមន៍ជាដើម។ សម្រាប់ឧទាហរណ៍អំពីការបង្កើតផែនការសហគមន៍ សូមមើល “ការបង្កើតផែនទីនៃផ្លូវទៅកាន់មាតុភាពគ្មានគ្រោះថ្នាក់”។
កម្មករចលនាដើម្បីទាមទារឲ្យកែលម្អសុវត្ថិភាពដងផ្លូវ
ស្ត្រីភេទទី៣ ប្រយុទ្ធដើម្បីបង្ការអំពើហិង្សាក្នុងប្រទេសកូឡុំប៊ី
នៅប្រទេសជាច្រើន ក្រុមស្រឡាញ់ភេទដូចគ្នា-ភេទទាំង២ ជាពិសេសក្រុមភេទទី៣ មានការពិបាកក្នុងការស្វែងរកការងារ ទទួលការធានារ៉ាប់រងសុខភាព និងបញ្ចប់ការសិក្សា។ សហគមន៍នៃក្រុមមនុស្សទាំងនេះ ក៏ទំនងជាទទួលរងនូវអំពើបំពានផ្លូវភេទ និងហិង្សានៅក្នុងជីវិតរបស់ពួកគេផងដែរ។ (សម្រាប់ព័ត៌មានបន្ថែមអំពីអត្តសញ្ញាណយេនឌ័រ សូមមើលទំព័រ 80)។
នៅប្រទេសកូឡុំប៊ី ការវាយប្រហារលើក្រុមមនុស្សទាំងនេះ កើតឡើងជាញឹកញាប់ ជាពិសេសទៅលើក្រុមស្ត្រីភេទទី។ នៅឆ្នាំ២០០៤ ស្ត្រីភេទទី៣ម្នាក់ឈ្មោះសាន់តាម៉ារីយ៉ា (Maria Paula Santamaría) ត្រូវបានវាយប្រហារជាទម្ងន់ រួចក៏ស្លាប់បន្ទាប់ពីមន្ទីរពេទ្យសាន់ទីអាហ្គោ បដិសេធមិនផ្តល់ការព្យាបាល។ ដើម្បីឧទ្ទិសដល់នាងម៉ារីយ៉ា មិត្តរបស់នាង៤នាក់ បានបង្កើតអង្គការមូលនីធិសាន់តាម៉ារីយ៉ា (Santamaría Fundación) ដើម្បីបង្ការកុំឲ្យរឿងដូចនេះកើតឡើងចំពោះស្ត្រីភេទទី៣ដទៃទៀតក្នុងប្រទេសកូឡុំប៊ី។
ក្នុងគម្រោងនេះ ពួកគេចាប់ផ្តើមដោយធ្វើការផ្សព្វផ្សាយព័ត៌មានអំពីរបៀបការពារខ្លួនប្រសិនបើមានវាយប្រហារ និងពីរបៀបរាយការណ៍ពីករណីបំពានណាមួយ។ ក្រុមការងារក៏បានផ្តល់នូវគន្លឹះសំខាន់ៗអំពីរបៀបរក្សាសុវត្ថិភាព និងផ្តល់ដំបូន្មានឲ្យស្ត្រីធ្វើដំណើរជាក្រុម ព្រមទាំងមានទូរស័ព្ទដែលអាចហៅចេញបានជានិច្ច ដើម្បីទាក់ទងអង្គការភ្លាមបើគិតថាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ដោយយល់ឃើញថាមន្ត្រីប៉ូលិសមួយចំនួន បំពាននិងវាយដំមនុស្សភេទទីជារឿយៗ នោះពួកគេក៏បានចាប់ផ្តើមអនុវត្ត “កម្មវិធីឃ្លាំមើលសហគមន៍” ផងដែរ ដើម្បីកត់ត្រានិងផ្សព្វផ្សាយព័ត៌មានអំពីអំពើហិង្សារបស់ប៉ូលិស រួមទាំងព័ត៌មានអំពីទីកន្លែងនិងពេលវេលាដែលការវាយដំកើតឡើងផងដែរ។
ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហានេះ អង្គការ Santamaría Fundación ក៏បានចាប់ផ្តើមសាងសង់ រូបសំណាកឧទ្ទិសដល់ស្ត្រីដែលត្រូវបានសម្លាប់។ ចម្លងតាមកម្មវិធីដែលក្រសួងចរាចណ៍បានចាប់ផ្តើមអនុវត្តរួចហើយ ដែលកត់ត្រាការស្លាប់ពីគ្រោះថ្នាក់ចរាចរណ៍ ដោយការសង់រូបសំណាកផ្កាយពណ៌ខ្មៅនៅលើផ្លូវ, ក្រុមការងារអង្គការបានសង់ជារូបសំណាកផ្កាយពណ៌ផ្កាឈូក ដាក់នៅទីកន្លែងដែលមនុស្សភេទទី៣ត្រូវបានសម្លាប់វិញ។
ផ្សារភ្ជាប់ជាមួយចលនាដើម្បីយុត្តិធម៌សេដ្ឋកិច្ច
មធ្យោបាយមួយទៀតដែលសហគមន៍អាចបង្ការអំពើហិង្សាផ្នែកយេនឌ័របាន គឺតាមរយៈការចូលរួមជាមួយកិច្ចប្រឹងប្រែងដទៃទៀតដែលទាមទារប្រាក់កម្រៃស្មើភាពសម្រាប់ស្ត្រី, និងធានាថាមនុស្សគ្រប់គ្នាទទួលបានកម្រៃសមរម្យ ការគោរព និងសេចក្តីថ្លៃថ្នូរក្នុងការងាររបស់ខ្លួន។ នៅពេលដែលស្ត្រីមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុក្នុងកម្រិតមួយ ពួកគេអាចសម្រេចចិត្តដោយខ្លួនឯងពាក់ព័ន្ធនឹងការថែទាំសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួន។
ការប្រឆាំងនឹងហិង្សាផ្នែកយេនឌ័រនៅតាមសាលារៀន
នៅក្នុងសហគមន៍ខ្លះ, គ្រូបង្រៀន បុគ្គលិកសាលារៀន សិស្ស និងឪពុកម្តាយ សហការគ្នាដើម្បីធ្វើឲ្យសាលារៀនមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា។ ពួកគេព្រមព្រៀងគ្នាក្នុងការប្រឆាំងយ៉ាងសកម្មទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សា, រួមទាំងការធ្វើបាបមិត្តរួមថ្នាក់ និងហិង្សាផ្លូវភេទ, និងក្នុងការបង្កើតនូវបរិស្ថានសាលារៀនមួយដែលមនុស្សគ្រប់គ្នាខិតខំធ្វើជាជនគំរូ។
កម្មវិធីសាលារៀនមួយ ដើម្បីចូលរួមបញ្ឈប់វដ្តនៃអំពើហិង្សា
ឃីបេរ៉ា(Kibera) គឺជាសហគមន៍ដ៏ធំនិងអ៊ូអរមួយ នៅក្នុងទីក្រុងណៃរូប៊ី (Nairobi) នៃប្រទេសកេនយ៉ា។ ប្រជាជនភាគច្រើនដែលរស់នៅទីនោះ មានជីវភាពក្រីក្រខ្លាំង ហើយហិង្សាក្នុងគ្រួសារគឺជាបញ្ហាកើតឡើងញឹកញាប់។ ក្រុមអភិវឌ្ឍសហគមន៍មួយដែលមានឈ្មោះថា រេម៉ាតាអាឡា (Rehma Ta Allah) ធ្វើការងារនៅតាមសាលារៀនដើម្បីជួយដល់សិស្សទាំងឡាយឲ្យស្វែងយល់ថា អំពើហិង្សាលើស្ត្រីគឺមិនមែនជាបញ្ហាធម្មតាទេ ហើយគេអាចបញ្ឈប់វាបាន។ កម្មវិធីរបស់ពួកគេរួមមាន ការសម្តែងតួ ល្ខោនខ្លី និងសកម្មភាពដទៃទៀតដែលបង្រៀនសិស្សសាលាអំពីវដ្តនៃអំពើហិង្សា និងពីរបៀបដែលវាបង្កគ្រោះថ្នាក់ដល់ពួកគេនិងសហគមន៍ទាំងមូល។ វគ្គពិភាក្សា ផ្តល់ការជំរុញឲ្យសិស្សជជែកដោយសេរីអំពីស្ថានភាពហិង្សាដែលពួកគេធ្លាប់បានឃើញ ឬជួបប្រទះ។ ពួកគេក៏ត្រូវបានស្នើឲ្យគូររូបភាពបង្ហាញពីស្ថានភាពហិង្សា បន្ទាប់មកពិភាក្សាថាតើរូបភាពបង្ហាញអ្វីខ្លះ ហើយពួកគេមានអារម្មណ៍បែបណាចំពោះរូបភាពទាំងនោះ។ កម្មវិធីនេះបានជួយឲ្យគ្រូបង្រៀន អាចសម្គាល់ថាតើសិស្សណាម្នាក់ឬសមាជិកគ្រួសារ កំពុងរងនូវអំពើបំពាន ដើម្បីឲ្យពួកគាត់ត្រៀមលក្ខណៈផ្តល់ការគាំទ្រដល់កុមារនោះនៅពេលស្ថានភាពលំបាកកើតឡើង។