Hesperian Health Guides

តើអ្វីទៅដែលបង្កឲ្យមានអំពើហិង្សាផ្នែកយេនឌ័រ?

នៅក្នុងជំពូកនេះ ៖

ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី យើងចាំបាច់ត្រូវយល់ពីរបៀបដែលគំនិតប្រកបដោយគ្រោះថ្នាក់អំពីភាពជាបុរស និងភាពជាស្ត្រីផ្តល់ជាមូលហេតុសម្រាប់ការប្រើប្រាស់អំពើហិង្សាដោយបុរសទៅលើស្ត្រី កុមារ និងអ្នកដទៃដែលមានឋានៈតូចទាបជាងខ្លួន។ ឋានៈមិនស្មើគ្នារវាងបុរសនិងស្ត្រីគឺជាមូលហេតុចម្បងនៃអំពើហិង្សាផ្នែកយេនឌ័រ។ វិសមភាពនេះរួមមានជំនឿដែលថា ស្ត្រីគួរពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើបុរស និងថា ស្ត្រីនិងកុមារគឺជាកម្មសិទ្ធិរបស់បុរស និងស្ថិតក្រោមគ្រប់គ្រងរបស់បុរស។

ស្ត្រីចែករំលែករឿងរ៉ាវ ទឹកភ្នែក និងកំហឹង

នៅក្នុងកិច្ចប្រជុំមួយស្តីអំពីការអប់រំសុខភាព នៅក្នុងទីក្រុងពូន (Pune) នៃប្រទេសឥណ្ឌា ស្ត្រីមួយក្រុមកំពុងលួងលោមនាង ម៉ាយ៉ា ដែលបានសម្រាលកូនស្រីទីបីរបស់នាង។ នាងយំខ្សឹកខ្សួលជាខ្លាំង ដោយបង្ហាញខ្នងហើមរបស់នាងឲ្យស្ត្រីទាំងនោះមើល។ នាង ខាឌីចា បានលាបប្រេងកូឡាឲ្យនាង ហើយបាននិយាយថា “កុំយំអី។ ប្តីខ្ញុំក៏វាយខ្ញុំដែរ ទោះជាខ្ញុំមានកូនប្រុសពីរនាក់ឲ្យគាត់ហើយក៏ដោយ។

3 women consoling a 4th woman.

ក្រោយពីស្ងប់ស្ងាត់បន្តិច នាង រដ្ឋា ក៏បាននិយាយថា “ប្តីខ្ញុំវាយខ្ញុំពេលដែលខ្ញុំតមាត់ទៅគាត់។ បុរសមិនចូលចិត្តឲ្យយើង និយាយតមាត់ទៅគេវិញទេ។ នាង ឌីផា ក៏សួរទាំងចម្ងល់ថា “ចុះហេតុអ្វីបានជាប្តីរបស់ មីនូ រុញច្រាននាងចេញពីផ្ទះដែរ? នាងមិនដែលនិយាយតមាត់អ្វីផង” គ្មាននរណាម្នាក់ឆ្លើយសំណួរនេះទេ។

បន្ទាប់មក អ្នកស្រី ភូណាម ដែលជាបុគ្គលិកសុខាភិបាលបាននិយាយថា “បុរសវាយស្ត្រីដើម្បីបង្ហាញថាពួកគេមានអំណាចមកលើយើង មិនមែនដោយសារកំហុសរបស់យើងទេ។ ប្តីរបស់ ចូយ៉ា និយាយថា គាត់វាយនាងដោយសារតែសម្បុរនាងខ្មៅពេក។ ប៉ុន្តែចុះសម្បុររបស់នាង រូផា វិញសណាស់មែនទេ? នាងត្រូវបានប្តីនាងដុតសម្លាប់ដោយសារតែគាត់ជាបុរសប៉ិនប្រចណ្ឌ” បរិយាកាសកិច្ចប្រជុំបានផ្លាស់ប្តូរក្រោយពីនោះមក។ អ្នកស្រី អាមីណា ដែលមានវ័យចំណាស់ជាងគេ បាននិយាយថា “ខ្ញុំពិតជាខឹងសម្បាខ្លាំងណាស់។ ខ្ញុំមើលឃើញថា មានហេតុផលស៊ីជម្រៅជាច្រើននៅពីក្រោយអំពើហិង្សាលើប្រពន្ធនេះ។

ភាពខុសគ្នារវាងមូលហេតុ និង “កត្តាជំរុញ” ឲ្យមានអំពើហិង្សា

នៅពេលខ្លះ មនុស្សពន្យល់ពីមូលហេតុដែលបុរសម្នាក់ប្រព្រឹត្តអំពើហិង្សាដោយនិយាយថាគាត់ស្រវឹង ប្រច័ណ្ឌ ឬមិនសប្បាយចិត្ត។ លេសទាំងនេះអាចជាផ្នែកមួយនៃមូលហេតុ ប៉ុន្តែវាមិនមែនជារឿងរ៉ាងទាំងមូលនោះទេ។ ហើយពួកវាមិនមែនជាមូលហេតុសមស្របសម្រាប់ការប្រព្រឹត្តអំពើហិង្សានោះដែរ! មនុស្សមួយចំនួនហៅមូលហេតុទាំងនេះថា “កត្តាជំរុញ” ពីព្រោះពួកវាអាច “ជំរុញ” ឲ្យបុរសធ្លាក់ចូលក្នុងស្ថានភាពជាក់លាក់ណាមួយបាន។ ប៉ុន្តែពួកវាមិនបណ្តាលឲ្យបុរសគ្រប់រូបក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ប្រើប្រាស់អំពើហិង្សានោះទេ។ ក្មេងប្រុសមិនមែនកើតមកដើម្បីប្រើអំពើហិង្សានោះឡើយ។ ពួកគេរៀនប្រើអំពើហិង្សា ប្រសិនបើពួកគេទទួលរងគ្រោះពីអំពើហិង្សា ឬទទួលការបង្រៀនថា អំពើហិង្សាគឺជាមធ្យោបាយដ៏សមស្របសម្រាប់ប្រើប្រាស់អំណាចនៃភាពជាបុរស។

វដ្តនៃហិង្សា

នៅពេលដែលទំនាក់ទំនងមួយឈានដល់ការប្រើហិង្សា ការវាយដំលើកទីមួយមើលទៅដូចជាព្រឹត្តិការណ៍ដាច់ដោយឡែកមួយ។ ប៉ុន្តែ នៅពេលដែលអំពើហិង្សានោះចេះតែកើតមានជាបន្តបន្ទាប់ ម្តងហើយម្តងទៀត នោះវានឹងដើរតាមលំនាំមួយនេះ ៖

illustration of the cycle of violence: a thunderstorm, then the sun, and then storm clouds.
ភាពតានតឹងកើនឡើង
អំពើហិង្សា
រយៈពេលស្ងាត់ស្ងៀម


  • ភាពតានតឹងកើនឡើង ខឹងសម្បា ឈ្លោះទាស់ទែង ស្តីបន្ទោសវាយប្រហារដោយពាក្យសម្តី
  • អំពើហិង្សា វាយតប់ ទះកំផ្លៀង ទាត់ ច្របាច់ក ប្រើវត្ថុឬអាវុធ រំលោភសេពសន្ថវៈ គំរាមដោយពាក្យសម្តីនិងរាងកាយ
  • រយៈពេលស្ងាត់ស្ងៀម បុរសអាចនឹងបដិសេធអំពើហិង្សានោះ ប្រើប្រាស់លេសដោះសា និយាយថាគាត់ មានការសោកស្តាយ ឬសន្យាថានឹងមិនឲ្យរឿងនេះកើតឡើងម្តងទៀតឡើយ។


ជាធម្មតា ស្ត្រីដែលមានទំនាក់ទំនងប្រកបដោយហិង្សា រៀនរំពឹងទុក និងថែមទាំងត្រៀមខ្លួនទទួលយកផ្នែកនីមួយៗនៃវដ្តហិង្សា។ សម្រាប់ប្តីប្រពន្ធជាច្រើន រយៈពេលស្ងាត់ស្ងៀមកាន់តែខ្លីទៅៗ ខណៈដែលស្ត្រីបាត់បង់ឆន្ទៈរបស់នាងក្នុងការប្រឆាំង ឬតបតចំពោះប្តីរបស់នាង។ ការគ្រប់គ្រងរបស់ប្តីទៅលើរូបនាង កាន់តែពេញលេញ រហូតដល់គាត់មិនចាំបាច់សន្យាអ្វីល្អៗចំពោះនាងទៀតឡើយ។

ហេតុអ្វីបានជាស្ត្រីនៅតែទ្រាំ?

ស្ត្រីអាចធ្លាក់ខ្លួនជាប់ក្នុងអន្ទាក់នៃវដ្តហិង្សា។ ការផ្តាច់ខ្លួនចេញពីវដ្តហិង្សានេះគឺជាមធ្យោបាយមួយដើម្បីគេចចេញពីអំពើហិង្សា ប៉ុន្តែសម្រាប់ស្ត្រីរងគ្រោះជាច្រើន ការចាកចេញទំនងជាមិនអាចទៅរួចឡើយ។ ស្ត្រីដែលរងគ្រោះ ៖

  • អាចនឹងគ្មានកន្លែងមានសុវត្ថិភាពសម្រាប់ទៅ។
  • អាចនឹងគ្មានមធ្យោបាយសម្រាប់ផ្តល់ឲ្យខ្លួនឯង និងកូនៗ ក្រៅតែពីប្តីដែលប្រើហិង្សានោះ។
  • អាចនឹងភ័យខ្លាចខ្លាំងក្នុងការទទួលយកការគាំទ្រណាមួយដែលអាចនឹងមានសម្រាប់ពួកគេ និងកូនៗពួកគេ។
  • អាចនឹងត្រូវបានអ្នកប្រើអំពើហិង្សាលើពួកនាង បញ្ចុះបញ្ចូលឲ្យនាងមានអារម្មណ៍ថាពួកគេមិនសមទទួលបានជំនួយអ្វីឡើយ។

ដូច្នេះ មូលហេតុមួយក្នុងចំណោមមូលហេតុនៃអំពើហិង្សាផ្នែកយេនឌ័រ គឺកង្វះឱកាសសម្រាប់ស្ត្រី។ តាមរយៈការបង្កើតនូវជម្រើសផ្សេងៗសម្រាប់ស្ត្រីប្រើប្រាស់នៅក្នុងស្ថានភាពខាងលើ សហគមន៍របស់អ្នកអាចបង្ការមិនឲ្យស្ត្រីជាប់ផុងខ្លួនក្នុងទំនាក់ទំនងប្រកបដោយហិង្សា និងវដ្តហិង្សាបាន។

a woman speaking.
នៅពេលខ្លះ ភាពភ័យខ្លាចនិងទុក្ខវេទនាមានពាសពេញក្នុងក្បាលរបស់យើង រហូតដល់យើងចាំបាច់ត្រូវជំរុញឲ្យសិក្សាស្វែងរក “មូលហេតុ” និងព្យាយាមស្វែងយល់។
Sharon Ishcomer-Fleming,
Choctaw Nation, US

សកម្មភាព ស្វែងយល់ពីមូលហេតុនៃអំពើហិង្សាផ្នែកយេនឌ័រ

  1. ក្រោយពេលធ្វើសកម្មភាពការសំដែងតួ៖ អំពើហិង្សាផ្នែកយេនឌ័រប៉ះពាល់មនុស្សគ្រប់រូប រួច ចូរស្នើឲ្យអ្នកសំដែងទុកដាក់គ្រឿងតែងឆាក និងសម្លៀកបំពាក់សំដែងមួយកន្លែង រួចមកចូលរួមជាមួយក្រុមវិញ។ ការស្នើឲ្យអ្នកសំដែងដកចេញនូវតួនាទីក្នុងការសំដែងរបស់ពួកគេមុននឹងមកចូលរួមពិភាក្សាវិញ ជួយបញ្ចៀសការចាត់ទុកអ្នកចូលរួមជាអ្នកប្រើហិង្សា ឬជនរងគ្រោះ។ ជាការសំខាន់ណាស់ដែលមិនត្រូវធ្វើឲ្យបុគ្គលណាម្នាក់ភាន់ច្រឡំជាមួយនឹងតួនាទីដែលគាត់ឬនាងបានសំដែងរួចនោះឡើយ។
  2. ពិភាក្សាពីសាច់រឿងនីមួយ។ សួរសំណួរដែលនាំឲ្យក្រុមទាំងមូលប្រាប់ពីអ្វីដែលបានកើតឡើងនិងបានជំរុញឲ្យបុរសនោះប្រើហិង្សា។ ខណៈដែលពួកគេប្រាប់មូលហេតុផ្សេងៗដែលឈានទៅដល់ការប្រើហិង្សា អ្នកអាចនឹងចង់សរសេរមូលហេតុទាំងនោះនៅលើផ្ទាំងក្រដាសឬក្តារខៀន។
  3. វិភាគមូលហេតុនៃអំពើហិង្សាទាំងនោះ។ ជួយក្រុមធ្វើការសម្រេចចិត្តថាតើមូលហេតុណាខ្លះដែលពួកគេឲ្យឈ្មោះថា “កត្តាជំរុញ” ឲ្យមានការប្រើហិង្សា និងមូលហេតុណាខ្លះដែលជា “មូលហេតុឫសគល់” ។ លំហាត់ “ប៉ុន្តែហេតុអ្វី?” អាចជួយឲ្យក្រុមមើលឃើញភាពខុសគ្នារវាង “កត្តាជំរុញ” និង “មូលហេតុឫសគល់។ ការមើលឃើញមូលហេតុឫសគល់ជួយឲ្យងាយយល់ពីរបៀបដែលការរំពឹងទុកក្នុងយេនឌ័រនាំឲ្យកើតមានហិង្សា។
    a group of men and women doing the "But why?" exercise.
    សំណួរ៖ ហេតុអ្វីបានជាបុរសនោះខឹង?
    សំណួរ៖ ប៉ុន្តែ ហេតុអ្វីរឿងនឹងធ្វើឲ្យគាត់ខឹងខ្លាំងម្ល៉េះ?
    សំណួរ៖ ប៉ុន្តែ ហេតុអ្វីបានជាគាត់គិតដូច្នោះ?
    សំណួរ៖ ប៉ុន្តែ ហេតុអ្វីបានជាគាត់គិតដូច្នោះ?
    ចម្លើយ៖ ពីព្រោះប្រពន្ធគាត់ទៅចូលរួមប្រជុំ ហើយភេ្លចចម្អិនអាហារពេលល្ងាចទុកជូនគាត់។
    ចម្លើយ៖ ពីព្រោះគាត់គិតថា តួនាទីប្រពន្ធគឺគោរពគាត់ មិនមែនទៅចូលរួមប្រជុំនោះទេ។
    ចម្លើយ៖ ពីព្រោះគាត់គិតថា តួនាទីប្រពន្ធគឺគោរពគាត់ មិនមែនទៅចូលរួមប្រជុំនោះទេ។
    ចម្លើយ៖ ពីព្រោះគាត់គិតថា តួនាទីប្រពន្ធគឺគោរពគាត់ មិនមែនទៅចូលរួមប្រជុំនោះទេ។
  4. ស្វែងយល់ពីទំនាក់ទំនងរវាងអំពើហិង្សានៅក្នុងការសំដែងរឿង និងគំនិតអំពីរបៀបដែលបុរសនិងស្ត្រីគួរតែធ្វើសកម្មភាពនិងគិត។ ជាឧទាហរណ៍៖ ហេតុអ្វីបានជាបុរសនៅក្នុងការសំដែងតួនេះជឿថា វាជារឿងធម្មតាទេដែលត្រូវប្រើហិង្សាលើស្ត្រី (និងប្រហែលជាអ្នកដទៃទៀតផង)? ហេតុអ្វីបានជាមនុស្សយ៉ាងច្រើនអត់ឱនចំពោះអំពើហិង្សាលើស្ត្រី? តើជំនឿអ្វីខ្លះអំពីយេនឌ័រ ដែលបង្រៀនបុរសនិងស្ត្រីឲ្យគិតថា ការប្រើហិង្សាលើស្ត្រីគឺជារឿងធម្មតា?
  5. អ្នកអាចនឹងសន្និដ្ឋានដោយសួរថា តើនឹងមានរឿងអ្វីកើតឡើងនៅក្នុងស្ថានភាពនីមួយៗនោះ ប្រសិនបើមិនប្រើប្រាស់អំពើហិង្សា។ តើគាត់នឹងធ្វើអ្វីជំនួសមកវិញ? ឬអ្នកអាចបន្តជាមួយសកម្មភាពបន្ទាប់ដើម្បីជួយក្រុមគិតអំពីមធ្យោបាយបញ្ឈប់អំពើហិង្សាផ្នែកយេនឌ័រ។

សកម្មភាព ការសំដែង “ការបញ្ចប់រឿងដោយភាពរីករាយ” ដើម្បីគិតអំពីការផ្លាស់ប្តូរ

  1. ស្នើឲ្យក្រុមដែលបានសំដែងតួក្នុងស្ថានភាពនីមួយៗនោះ ជួបគ្នាដាច់ដោយឡែកម្តងទៀតរយៈពេល ១៥នាទី និងពិភាក្សាពីរបៀបដែលតួអង្គនីមួយៗអាចធ្វើសកម្មភាពខុសពីមុន ដើម្បីកុំឲ្យស្ថានភាពនោះបញ្ចប់ទៅដោយហិង្សា។ ជំរុញឲ្យគ្រប់គ្នាគិតអំពីសកម្មភាពផ្សេងៗដែលជនរងគ្រោះ អ្នកប្រើហិង្សា និងសាក្សីអាចអនុវត្ត។ ស្នើឲ្យពួកគេកុំដាក់ការទទួលខុសត្រូវទាំងអស់ទៅលើស្ត្រី!
  2. សំដែងតួក្នុងស្ថានភាពនីមួយៗម្តងទៀត ដោយម្តងនេះត្រូវផ្លាស់ប្តូរនូវអ្វីដែលកើតឡើង ដើម្បីឲ្យសាច់រឿងបញ្ចប់ទៅដោយគ្មានអំពើហិង្សា។ ការមើលឃើញពីជម្រើសណាមួយចំពោះអំពើហិង្សា អាចផ្តល់នូវកម្លាំងដ៏ខ្លាំងក្លា ជាពិសេសសម្រាប់អ្នកដែលធ្លាប់រងគ្រោះពីអំពើហិង្សា។
  3. នៅក្នុងការសំដែងតួ “ការបញ្ចប់រឿងដោយភាពរីករាយ” តើអ្នកគិតថាអ្វីទៅដែលបានជួយឲ្យអ្នកចូលរួម និងអ្នកឃើញហេតុការណ៍ ធ្វើអ្វីមួយខុសពីនេះ? តើអ្នកគិតថាពួកគេអាចនឹងទទួលបានគំនិតធ្វើសកម្មភាពនេះពីប្រភពណា ឬចំណុចខ្លាំងពីណា?
  4. ពិភាក្សាពីគំនិតដើម្បីផ្លាស់ប្តូរមូលហេតុឫសគល់មួយចំនួនដែលនាំឲ្យមានអំពើហិង្សាផ្នែកយេនឌ័រ។ ស្នើឲ្យក្រុមពិចារណាពីវិធីដែលអាចជួយឲ្យគ្រួសារនិងអ្នកដទៃក្នុងសហគមន៍ មើលឃើញបញ្ហា និងគ្រោះថ្នាក់នៃបញ្ហា។ អ្នកអាចនឹងស្នើឲ្យពួកគេត្រិះរិះអំពីស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ។ តើមានអ្វីមួយដែលពួកគេចង់ផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងរបស់ពួកគេដែរឬទេ? តើពួកគេអាចបញ្ចូលកុមារក្នុងការបង្កើតឲ្យមានការផ្លាស់ប្តូរនាពេលអនាគតដែរឬទេ?

    ផ្អែកលើចម្លើយចំពោះសំណួរទាំងនេះ ក្រុមអាចត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំសកម្មភាពជាក់លាក់មួយចំនួន។ (សូមមើលចំណុច “បង្កើតផែនការសកម្មភាព”)។

អំណាច និងអំពើហិង្សា

ជារឿយៗ អ្នកមានឋានៈខ្ពស់ និងមានអំណាចខ្លាំង ចូលចិត្តប្រើអំពើហិង្សាលើអ្នកមានឋានៈទាប ឬអំណាចតិច។ នេះអាចជាទីកន្លែងចាប់ផ្តើមដ៏សំខាន់មួយសម្រាប់ពិភាក្សាជាមួយបុរសពីអំពើហិង្សាផ្នែកយេនឌ័រ។ វាអាចនឹងងាយស្រួលជាងសម្រាប់បុរសក្នុងការស្វែងយល់ពីគ្រោះថ្នាក់ និងភាពអយុត្តិធម៌ដែលស្ត្រីបានទទួលរង ប្រសិនបើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេទាក់ទិននឹងភាពគ្មានអំណាច និងហិង្សាត្រូវបានទទួលស្គាល់ផងដែរនោះ។

ដើម្បីត្រៀមលក្ខណៈអនុវត្តសកម្មភាព២បន្ទាប់ អ្នកអាចនឹងចង់អានអំពីយេនឌ័រ អំណាច និងសុខភាព

សកម្មភាព អំណាចខ្លាំង និង អំណាចតិច

  1. បង្កើតតារាងធំមួយមាន២កូឡោន។ ក្នុងនោះកូឡោនមួយដាក់ចំណងជើងថា “អំណាចខ្លាំង” និងកូឡោនមួយទៀត “អំណាចតិច។
  2. ស្នើឲ្យអ្នកចូលរួមបំផុសគំនិតអំពីក្រុមមនុស្សនៅក្នុងសហគមន៍ដែលមានអំណាចខ្លាំងបំផុត។ សរសេរគំនិតរបស់ពួកគេមួយបញ្ជីនៃផ្នែកអំណាចខ្លាំងក្នុងតារាង។ ចូរប្រាកដថា អ្នកចូលរួមផ្តោតសំខាន់លើឋានៈ និងអំណាចសង្គម មិនមែនភាពខ្លាំងផ្នែកកម្លាំងកាយនោះទេ។
  3. បន្ទាប់មកសួរថា តើក្រុមមានអំណាចទាំងនេះ មានអំណាចទៅលើក្រុមណាខ្លះ។ ដាក់ក្រុមទាំងនេះទៅក្នុងកូឡោនមួយទៀតសម្រាប់អ្នកមានអំណាចតិច។
  4. សួរថា តើមានក្រុមណាផ្សេងទៀតដែលមានអំណាចតិច ហើយបញ្ចូលពួកគេទៅក្នុងកូឡោនមានអំណាចតិច។ បន្ទាប់មក ចូរសម្រេចចិត្តថាតើនរណាមានអំណាចខ្លាំងជាងក្រុមចុងក្រោយទាំងនេះ និងបន្ថែមក្រុមទាំងនោះទៅក្នុងកូឡោនអំណាចខ្លាំង។
    a chart with 2 columns as described above.
    អំណាចខ្លាំង
    អំណាចតិច
    បុរស
    ស្ត្រី
    មនុស្សធំ
    កុមារឬយុវជន
    អ្នកមាន
    អ្នកក្រ
    ស្បែកស
    ស្បែកខ្មៅ
    ចៅហ្វាយ
    កម្មករ
    ជនជាតិភាគច្រើន
    ជនជាតិភាគតិច
    ទីក្រុង
    ជនបទ
    ជនជាតិដើម
    ជនអន្តោប្រវេសន៍
    រៀបការ
    នៅលីវ លែងលះ ឬមេម៉ាយ/ពោះម៉ាយ
    មានការអប់រំ
    គ្មានការអប់រំ
    គ្មានពិការភាព
    មានពិការភាព
    មានមេរោគអេដស៍
    គ្មានឬមិនបានធ្វើតេស្តមេរោគអេដស៍
    ភេទធម្មតា
    ភេទទីបី
    a man speaking.
    ខ្ញុំប្រើប្រាស់តារាងនេះជាមធ្យោបាយមួយសម្រាប់ចាប់ផ្តើមកិច្ចពិភាក្សា ប៉ុន្តែអំណាចមិនជាសាមញ្ញពេកនោះទេ។ មនុស្សជាច្រើនមានអំណាចច្រើន តាមរបៀបមួយចំនួន ប៉ុន្តែមានអំណាចតិចវិញតាមរបៀបមួយចំនួនផ្សេងទៀត។ មនុស្សជាច្រើនក៏ផ្លាស់ពីកូឡោនម្ខាង ទៅកូឡោនម្ខាងទៀតនៅក្នុងឆាកជីវិតរបស់ពួកគេផងដែរ។ តារាងនេះក៏ធ្វើឲ្យមើលទៅដូចជាគ្រប់ប្រភេទទាំងអស់នៃវិសមភាព គឺដូចគ្នាផងដែរ។ ប៉ុន្តែក្រុមមួយចំនួនប្រឈមមុខនឹងអំពើហិង្សាច្រើនជាងក្រុមមួយចំនួនផ្សេងទៀត។
  5. និយាយពីអ្វីដែលតារាងនេះបង្ហាញ។ ចូរបញ្ជាក់ថា មនុស្សនៅក្នុងក្រុមមានអំណាចខ្លាំងគឺមានបុព្វសិទ្ធិឬគុណសម្បត្តិដែលមនុស្សនៅក្នុងក្រុមមានអំណាចតិចមិនមាននោះទេ។ ពិភាក្សាពីប្រភេពបុព្វសិទ្ធិផ្សេងៗគ្នាដែលមានចំពោះអ្នកដែលមានស្ថានភាពសេដ្ឋកិច្ច ការអប់រំ និងឋានៈសង្គមខ្ពស់ជាង។ អ្នកក៏អាចនឹងពិភាក្សាពីប្រភេទផ្សេងៗនៃអំពើហិង្សាដែលមនុស្សនៅក្នុងក្រុមមានអំណាចច្រើនប្រើប្រាស់ទៅលើមនុស្សនៅក្នុងក្រុមមានអំណាចតិចផងដែរ។
  6. ស្នើឲ្យអ្នកចូលរួមនិយាយអំពីរបៀបដែលពួកគេស័ក្តិសមស្ថិតក្នុងក្រុមមានអំណាចច្រើន ឬក្រុមមានអំណាចតិច និងបុព្វសិទ្ធិឬគុណសម្បត្តិដែលពួកគេទទួលបាន។ ពិភាក្សាពីអ្វីដែលមនុស្សនៅក្នុងក្រុមទាំងពីរផ្នែកនៃតារាងអាចធ្វើដើម្បីធ្វើឲ្យឋានៈនិងអំណាចរវាងក្រុមផ្សេងៗកាន់តែមានសមភាពរវាងគ្នា។ (សកម្មភាពបន្ទាប់អាចជួយមនុស្សនៅក្នុងក្រុមនោះមើលឃើញពីទីកន្លែងដែលស័ក្តិសមសម្រាប់ពួកគេធៀបនឹងមនុស្សក្នុងក្រុមផ្សេង)។
    3 men talking.
    បុរសដទៃមកសុំដំបូន្មានពីខ្ញុំ ពីព្រោះខ្ញុំបានធ្វើដំណើរច្រើន។ ប៉ុន្តែនៅឯផ្ទះវិញ ម្តាយនិងឪពុកខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្ញុំជ្រើសរើសភរិយាដោយខ្លួនឯងនោះទេ។
    ចៅហ្វាយខ្ញុំបង្ខំឲ្យខ្ញុំធ្វើការថែមម៉ោងដោយគ្មានប្រាក់ឈ្នួលបន្ថែម ហើយគំរាមបឈ្ឈប់ការងារខ្ញុំទៀតបើខ្ញុំមិនព្រម។ នៅផ្ទះវិញ ខ្ញុំចង់ឲ្យប្រពន្ធកូនខ្ញុំគោរពខ្ញុំ!
    តើវាយុត្តិធម៌ទេដែលយើងប្រើប្រាស់អំណាចរបស់យើងលើអ្នកដទៃ ដើម្បីឲ្យយើងមានអារម្មណ៍ល្អប្រសើរអំពីភាពមានអំណាចតិចនៅក្នុងស្ថានភាពដទៃ?

សកម្មភាព ការចលនាឲ្យមានតុល្យភាពអំណាច

មធ្យោបាយមួយផ្សេងទៀតដើម្បីស្វែងយល់ពីអំណាចនិងបុព្វសិទ្ធិ ជាពិសេសនៅក្នុងក្រុមដែលមានសមាសភាពចម្រុះ គឺស្នើឲ្យអ្នកចូលរួមបម្លាស់ទីនៅក្នុងបន្ទប់ ដោយផ្អែកលើប្រភេទអំណាចដែលពួកគេមាន ឬមិនមាន។ ចូរចងចាំថា សកម្មភាពនេះអាចនឹងធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍មិនស្រួល ឬបង្កឲ្យមានអារម្មណ៍ខ្លាំងក្លា។ សកម្មភាពនេះអាចឲ្យអនុវត្តជាផ្នែកមួយនៃជំហានទី៦ អំណាចខ្លាំង និង អំណាចតិច.

  1. ប្រើប្រាស់តារាង “អំណាចខ្លាំង” និង “អំណាចតិច” ពីសកម្មភាពមុន ឬរៀបចំបញ្ជីប្រហាក់ប្រហែលមុននឹងអនុវត្តជំហានបន្ទាប់នៅទីនេះ។
  2. ឲ្យគ្រប់គ្នាឈរជាជួរនៅផ្នែកម្ខាងនៃកន្លែងប្រជុំ។
  3. និយាយថា “បោះមួយជំហានទៅមុខប្រសិនបើអ្នកគ្មានពិការភាពទេ” ឬប្រាប់ឈ្មោះក្រុមមួយផ្សេងទៀតដែលមានអំណាចខ្លាំងជាង។ បន្ទាប់មកនិយាយថា “បោះមួយជំហានទៅមុខ” ម្តងទៀត និងប្រាប់ឈ្មោះក្រុមមួយផ្សេងទៀតដែលមានអំណាចខ្លាំងជាង។ សម្រាប់ក្រុមដែលមានអំណាចតិច ចូរនិយាយថា “បោះមួយជំហានថយក្រោយប្រសិនបើអ្នកមានអាយុក្រោម២៥ឆ្នាំ។ ក្រោយពីបានបោះជំហានបានច្រើនហើយ ពួកគេអាចនឹងមានភាពភ្ញាក់ផ្អើលនៅពេលមើលឃើញកន្លែងដែលពួកគេកំពុងឈរ។
    a woman leading a diverse group of people in the activity described above.
  4. ជាចុងក្រោយ អ្នកអាចចាប់ផ្តើមការពិភាក្សាដោយប្រើប្រាស់សំណួរដែលមាននៅក្នុងជំហានទី៥ នៃសកម្មភាពក្នុងទំព័រមុន។ អំណាចខ្លាំង និង អំណាចតិច.



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៣ មេសា ២០១៩