Hesperian Health Guides

របៀបប្រើប្រាស់សៀវភៅនេះ

នៅក្នុងជំពូកនេះ ៖

សៀវភៅ សកម្មភាពដើម្បីសុខភាពស្ត្រី ត្រូវបានសរសេរឡើងដើម្បីជួយដល់ស្ត្រី និងបុរស ក្នុងការជំរុញសហគមន៍របស់ខ្លួន ពីការស្គាល់បញ្ហា ទៅជាការពិភាក្សាអំពីផលប៉ះពាល់ និងឈានដល់សកម្មភាពសម្រាប់ការផ្លាស់ប្តូរដើម្បីកែលម្អសុខភាពស្ត្រីនិងក្មេងស្ត្រីឲ្យកាន់តែប្រសើរ។ សៀវភៅនេះត្រូវបានរៀបចំឡើងដើម្បីជួយដល់ដំណើរការទាំងនោះ។ អ្នកមិនចាំបាច់អានជំពូកនីមួយៗតាមលំដាប់លំដោយនោះទេ។ អ្នកអាចចាប់ផ្តើមត្រង់ប្រធានបទណាដែលត្រូវនឹងតម្រូវការ និងបញ្ហារបស់អ្នកតែម្តង។

ជំពូក២ ៖ “សហគមន៍ធ្វើការរៀបចំដើម្បីសុខភាពស្ត្រី” និងជំពូក១០ ៖ “ការបង្កើតចលនាដើម្បីសុខភាពស្ត្រី” អាចជួយឲ្យអ្នកស្វែងយល់អំពីដំណើរការនៃការបង្កើតផែនការសកម្មភាព និងការរៀបចំសហគមន៍។ ជំពូក៣ ៖ “យេនឌ័រ និងសុខភាព” និងជំពូក៤ ៖ “ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ” ផ្តល់នូវព័ត៌មានសំខាន់ៗ ការវិភាគ និងសកម្មភាពជាច្រើន ដែលជាមូលដ្ឋានសម្រាប់ការអប់រំនិងការងាររៀបចំផ្សេងៗដែលមាននៅក្នុងជំពូកដទៃទៀត។

ជំពូកនីមួយៗចាប់ផ្តើមដោយតារាងមាតិកា ដែលប្រាប់ពីផ្នែកសំខាន់ៗ និងសកម្មភាពនានានៅក្នុងជំពូកនោះ។ អ្នកអាចមើលបញ្ជីសកម្មភាព ដែលស្ថិតនៅបន្ទាប់ពីទំព័រមាតិកា ដើម្បីរំលងទៅកាន់សកម្មភាពនានាតែម្តង។ ផ្នែកសេចក្តីបន្ថែម ខ ៖ “ការប្រជុំដ៏ល្អ, ពីពេលចាប់ផ្តើម ដល់ទីបញ្ចប់” និងសេចក្តីបន្ថែម គ ៖ “សកម្មភាពដើម្បីលើកទឹកចិត្តអ្នកចូលរួម” ផ្តល់នូវសកម្មភាពបន្ថែមទៀត ក៏ដូចជាគន្លឹះផ្សេងៗអំពីរបៀបសម្របសម្រួលការប្រជុំ ការដឹកនាំការពិភាក្សាលំបាកៗ និងការជួយដល់ក្រុមទាំងឡាយឲ្យប្រជុំនិងធ្វើការរួមគ្នាយ៉ាងរលូន។

a woman speaking.
ស្ត្រីនៅអង្គការរបស់ខ្ញុំ បានសាកល្បងប្រើប្រាស់សកម្មភាពមួយចំនួនពីសៀវភៅនេះ។ យើងបានផ្ញើនូវមតិណែនាំអំពីអ្វីដែលមានប្រសិទ្ធភាព និងមិនមានប្រសិទ្ធភាពសម្រាប់ពួកយើង, និងពីអ្វីដែលយើងបានធ្វើការកែសម្រួលដើម្បីឲ្យសកម្មភាពនោះសក្តិសមនឹងវប្បធម៌របស់ពួកយើង។ ខ្ញុំរីករាយណាស់នៅពេលបានឃើញដំបូន្មាន និងសំណើរបស់យើង ត្រូវបានដាក់បញ្ចូលទៅក្នុងសៀវភៅនេះ។ អ្នកក៏អាចធ្វើដូចពួកយើងដែរ។

បញ្ជីឈ្មោះក្រុមការងារដែលបានចែករំលែកបទពិសោធន៍របស់ពួកគេអំពីការលើកកម្ពស់សុខភាពនិងផ្តល់អំណាចដល់ស្ត្រី ជាមួយពួកយើង គឺមានផ្តល់ជូននៅទំព័រ ៣២៨ ដល់ ៣៣០ រួមជាមួយព័ត៌មានទាក់ទងរបស់ពួកគេ។ ធនធានមួយចំនួនសម្រាប់ជំនួយដល់ការបោះពុម្ពនិងអនឡាញ ដែលយើងយល់ថាមានសារប្រយោជន៍ និងសង្ឃឹមថាអាចជួយដល់អ្នកបានដែរនោះ មានផ្តល់ជូននៅទំព័រ ៣៣១ ដល់ ៣៣។ សៀវភៅបែបនេះ គឺមិនអាចបញ្ចប់បានឡើយ។ ដើម្បីចែករំលែកសកម្មភាពរបស់អ្នក បទពិសោធន៍ និងធនធានល្អៗដែលអ្នកបានរកឃើញ ឬបានបង្កើតជាមួយអង្គការ Hesperian អ្នកអប់រំសុខភាព និងអ្នករៀបចំសហគមន៍ដទៃទៀត, សូមប្រើប្រាស់វិបសាយនេះ ៖ [email protected] ។ យើងរង់ចាំទទួលអ្នកដោយអំណរ!



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨