Hesperian Health Guides

ស្វែងយល់ពីការឆ្លងរាលដាលនៃជំងឺកាមរោគ ដើម្បីបង្ការវា

នៅក្នុងជំពូកនេះ ៖

ជំងឺកាមរោគបង្កឡើងដោយមេរោគជាច្រើនប្រភេទដែលមាននៅក្នុងឈាម ទឹកកាម ឬទឹករំអិលទ្វារមាស។ មេរោគទាំងនេះមានរូបរាងតូចក្រៃលែងដែលមិនអាចមើលនឹងភ្នែកឃើញឡើយ។ ជំងឺកាមរោគអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែនៅពេលដែលឈាម ទឹកកាម ឬទឹករំអិលទ្វារមាសរបស់អ្នកផ្ទុកមេរោគ ចូលទៅក្នុងរាងកាយរបស់មនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់រវាងទ្វារមាស លិង្គ ឬរន្ធគូថ, ឬតាមរយៈការមុតដាច់ ឬដំបៅនៅលើស្បែកតែប៉ុណ្ណោះ។ អ្នកមិនអាចឆ្លងជំងឺកាមរោគបានឡើយ បើគ្រាន់តែប៉ះកាន់អ្នកផ្ទុកមេរោគ, ហូបអាហារ ឬប្រើបង្គន់រួមគ្នា, ឬតាមរយៈសត្វល្អិតទិចឬខាំនោះទេ។

HAW Ch5 Page 110-1.png

ការរួមភេទដែលមិនមានការការពារ។ រាល់ជំងឺកាមរោគទាំងអស់ អាចឆ្លងពីអ្នកផ្ទុកមេរោគ ទៅមនុស្សម្នាក់ទៀត ប្រសិនបើប្តីប្រពន្ធរួមភេទ(ដោយដាក់លិង្គបញ្ចូលទ្វារមាស) ឬរួមភេទតាមគូថ ដោយមិនប្រើស្រោមអនាម័យ។

HAW Ch5 Page 110-2.png

ការរួមភេទដោយប្រើមាត់។ ជំងឺកាមរោគក៏អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ ប្រសិនបើប្តីប្រពន្ធរួមភេទដោយប្រើមាត់(ដាក់មាត់លើលិង្គ ទ្វារមាស ឬរន្ធគូថ) ដោយមិនប្រើស្រោមអនាម័យ ឬបន្ទះជ័រឡាតិចស្តើង(latex barrier) នៅចន្លោះមាត់និងប្រដាប់ភេទនោះទេ។ មេរោគអេដស៍កម្រឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមការរួមភេទដោយប្រើមាត់ណាស់ ប៉ុន្តែជំងឺកាមរោគដទៃទៀត ដូចជាប្រមេះទឹកបាយ អ៊ែរប៉េសផ្លូវបន្តពូជ និងមេរោគ HPV ជាដើម អាចឆ្លងយ៉ាងងាយតាមរបៀបនេះ។

HAW Ch5 Page 110-3.png

ជំងឺកាមរោគទាំងអស់សុទ្ធតែអាចឆ្លងក្នុងអំឡុងពេលរួមភេទ ប៉ុន្តែជំងឺកាមរោគខ្លះ ក៏អាចឆ្លងតាមរបៀបផ្សេងទៀតផងដែរ។

ពីម្តាយទៅកូន។ ស្ត្រីអាចចម្លងជំងឺកាមរោគស្ទើរគ្រប់ប្រភេទ ទៅដល់ទារក ក្នុងអំឡុងពេលមានផ្ទៃពោះ ឬពេលសម្រាល។ អេដស៍ជាជំងឺកាមរោគតែមួយគត់ដែលអាចឆ្លងពីម្តាយទៅកូនតាមរយៈការបំបៅដោះ។

HAW Ch5 Page 110-4.png

ការចាក់បញ្ចូលឈាម។ មនុស្សម្នាក់អាចឆ្លងជំងឺអេដស៍ ជំងឺស្វាយ ឬជំងឺរលាកថ្លើមប្រភេទបេឬសេ តាមរយៈការបញ្ចូលឈាមដែលមិនត្រូវបានធ្វើតេស្ត៍បញ្ជាក់ថាគ្មានផ្ទុកនូវមេរោគដែលបង្កជំងឺទាំងនេះ។

HAW Ch5 Page 110-5.png

ការចាក់សឺរ៉ាំង ការចោះទម្លុះស្បែក ឬការចាក់សាក់ ដោយប្រើម្ជុលឬវត្ថុមុតស្រួចដែលមិនត្រូវបានរម្ងាប់មេរោគ។ ម្ជុលឬវត្ថុមុតស្រួចដែលត្រូវបានប្រើប្រាស់ដើម្បីចាក់បញ្ចូលថ្នាំ ចោះទម្លុះស្បែក កោរ ឬចាក់សាក់លើមនុស្សដែលមានជំងឺរលាកថ្លើមប្រភេទបេ ឬមេរោគអេដស៍ អាចចម្លងមេរោគទាំងនោះ ប្រសិនបើយកវត្ថុទាំងនោះទៅប្រើលើមនុស្សម្នាក់ទៀត។ គួរប្រើម្ជុលថ្មី ឬឧបករណ៍ដែលបានរម្ងាប់មេរោគជានិច្ច រាល់ពេលដែលធ្វើការចាក់បញ្ចូល ចោះទម្លុះស្បែក កោរ ឬចាក់សាក់។

មនុស្សម្នាក់អាចមានជំងឺកាមរោគច្រើនជាងមួយមុខក្នុងពេលតែមួយ។ ការមានជំងឺកាមរោគមួយមុខ ធ្វើឲ្យឱកាសឆ្លងជំងឺកាមរោគផ្សេងទៀត កាន់តែខ្ពស់ ព្រោះមេរោគនោះធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ខ្ទុះចេញពីលិង្គឬទ្វារមាស ឬដំបៅលើស្បែក ធ្វើឲ្យមេរោគកាន់តែងាយឆ្លងចូលទៅក្នុងរាងកាយថែមទៀត។

ជំងឺកាមរោគងាយឆ្លងពីបុរសទៅស្ត្រីជាង

មានមូលហេតុ ៣យ៉ាង ដែលបញ្ជាក់ថារាងកាយរបស់ស្ត្រី ងាយឆ្លងជំងឺកាមរោគជាងរាងកាយរបស់បុរស។

  1. ទឹកកាមរបស់បុរសដែលមានជំងឺកាមរោគ ផ្ទុកទៅដោយមេរោគច្រើនជាងនៅក្នុងទឹករំអិលទ្វារមាសរបស់ស្ត្រីដែលមានជំងឺកាមរោគ ដូច្នេះនៅពេលបុរសបញ្ចេញទឹកកាមទៅក្នុងស្ត្រី ស្ត្រីនឹងទទួលមេរោគយ៉ាងច្រើនពីបុរស។ រីឯបរិមាណមេរោគដែលបុរសទទួលពីស្ត្រី គឺមានតិចជាង ដោយសារបុរសគ្រាន់តែដាក់លិង្គទៅក្នុងប្រដាប់ភេទរបស់ស្ត្រីប៉ុណ្ណោះ។
  2. នៅពេលបុរសដែលមានជំងឺកាមរោគ រួមភេទដោយមិនមានការការពារ ហើយបញ្ចេញទឹកកាមទៅក្នុងស្ត្រី នោះទឹកកាមរបស់គាត់នឹងស្ថិតនៅក្នុងរាងកាយរបស់ស្ត្រីយ៉ាងយូរ ដូច្នេះមេរោគមានពេលវេលាកាន់តែច្រើន ហើយរស់នៅក្នុងស្ថានភាពអំណោយផលក្នុងការបង្កជាជំងឺដល់ស្ត្រី។ ការលាងជម្រះផ្នែកខាងក្នុងនៃទ្វារមាសបន្ទាប់ពីរួមភេទ នឹងមិនអាចជម្រះទឹកកាមបុរសចេញអស់នោះទេ។
  3. ស្បែករបស់ទ្វារមាសនិងរន្ធគូថ មានសភាពស្តើង និងងាយដាច់រលាត់ក្នុងពេលរួមភេទ, រីឯស្បែករបស់លិង្គ មានសភាពក្រាស់ជាង។ ដូច្នេះមេរោគអាចឆ្លងកាត់តាមស្បែកស្តើងនៅក្នុងរាងកាយស្ត្រី ងាយស្រួលជាងតាមស្បែកខាងក្រៅនៃលិង្គ។
HAW Ch5 Page 111-1.png
បុរសងាយនឹងឆ្លងជំងឺកាមរោគ នៅពេលដែលគាត់រួមភេទជាមួយបុរសដូចគ្នា ជាពិសេសបុរសដែលត្រូវបានស៊កបញ្ចូល។ ការរួមភេទតាមរន្ធគូថដោយមិនមានការការពារ គឺជាប្រភេទនៃការរួមភេទដ៏គ្រោះថ្នាក់បំផុតនៃការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺកាមរោគដទៃទៀត។ ចូរប្រើស្រោមអនាម័យគ្រប់ពេល!

ការបង្ការជំងឺកាមរោគ

ការរួមភេទដោយសុវត្ថិភាព មានន័យថាជាការរួមភេទតាមរបៀបផ្សេងៗដែលបង្ការ ឬកាត់បន្ថយឱកាសនៃការឆ្លងជំងឺកាមរោគរវាងដៃគូទាំងពីរ។ វាមានន័យថា មានការប៉ះពាល់តិចតួចបំផុត ជាមួយស្បែកនៃប្រដាប់ភេទរបស់ដៃគូអ្នក និងមិនឲ្យទឹករំអិលពីលិង្គឬទ្វារមាសរបស់ដៃគូ ប៉ះនឹងប្រដាប់ភេទឬមាត់របស់អ្នកទេ (មើលទំព័រ 90 និង 130 ដល់ 133 សម្រាប់ព័ត៌មានបន្ថែម)។ ការរួមភេទដោយសុវត្ថិភាព កាន់តែអាចកើតឡើងបាន នៅពេលដែលស្ត្រីអាចជជែកអំពីការរួមភេទជាមួយដៃគូគាត់បាន (មើលទំព័រ 99 ដល់ 130), និងនៅពេលដែលសហគមន៍ លើកកម្ពស់ស្ថានភាពដែលបង្កើនអំណាចដល់ក្មេងស្រីនិងស្ត្រី រួមទាំងការអប់រំ និងសេវាសុខភាពសម្រាប់ការធ្វើតេស្ត៍និងព្យាបាលជំងឺកាមរោគផងដែរ។

របៀបឆ្លងរាលដាលនៃមេរោគដោយសារការរួមភេទជាមួយដៃគូច្រើន

ការយល់ដឹងពីរបៀបមួយចំនួនដែលសម្ពន្ធផ្លូវភេទ ធ្វើឲ្យឆ្លងរាលនៃជំងឺកាមរោគ អាចជួយឲ្យប្រជាជនយល់ដឹងពីសារសំខាន់នៃការបង្ការជំងឺកាមរោគនៅក្នុងសម្ពន្ធគ្រប់ប្រភេទ។ ស្ត្រីជាច្រើនចង់ជឿជាក់ថា ពួកគេអាចការពារខ្លួនបានតាមរយៈភាពស្មោះត្រង់ចំពោះប្តីរបស់ខ្លួន។ ប៉ុន្តែវាមានលទ្ធផលល្អតែប្រសិនបើដៃគូទាំងពីរ មានភាពស្មោះត្រង់ប៉ុណ្ណោះ ហើយមិនមានជំងឺកាមរោគឡើយនៅមុនពេលពួកគេចាប់ផ្តើមរួមរស់ជាមួយគ្នា។

សកម្មភាពនេះអាចជួយឲ្យអ្នកចូលរួម មើលឃើញពីរបៀបដែលជំងឺឆ្លង អាចរាលដាលទូទាំងសហគមន៍ ទោះបីមានមនុស្សតែមួយចំនួនប៉ុណ្ណោះដែលមានដៃគូរួមភេទច្រើន។

សកម្មភាព ល្បែងចាប់ដៃ

សកម្មភាពនេះ ប្រើប្រាស់ជំងឺអេដស៍ជាឧទាហរណ៍ ប៉ុន្តែរាល់ជំងឺកាមរោគទាំងអស់អាចឆ្លងរាលដាលតាមរបៀបដូចគ្នានេះ។

រៀបចំក្រដាសតូចមួយសម្រាប់មនុស្សម្នាក់។ គូសរង្វង់លើក្រដាស ៣សន្លឹក។ គូសសញ្ញាខ្វែងនៅលើក្រដាសមួយសន្លឹក។ ក្រៅពីនោះ ទុកនៅទទេ។ បត់ក្រដាសដើម្បីកុំឲ្យឃើញសញ្ញាខ្វែង។

  1. សកម្មភាពនេះអាចជួយឲ្យអ្នកចូលរួម មើលឃើញពីរបៀបដែលជំងឺឆ្លង អាចរាលដាលទូទាំងសហគមន៍ ទោះបីមានមនុស្សតែមួយចំនួនប៉ុណ្ណោះដែលមានដៃគូរួមភេទច្រើន។
    2 women speaking to a third in a group playing the handshake game.
    សួស្តី។ ខ្ញុំសុំចាប់ដៃបន្តិចមើល៍។
    ខ្ញុំក៏ចង់ចាប់ដៃបងដែរ!
  2. ប្រាប់ឲ្យពួកគេដើរជុំវិញ ហើយចាប់ដៃមនុស្ស ៣នាក់ រួចអង្គុយចុះ។
  3. ប្រាប់អ្នកដែលបានក្រដាសមានសញ្ញាខ្វែង ឲ្យក្រោកឈរ។ ប្រាប់អ្នកគ្រប់គ្នាដែលបានចាប់ដៃជាមួយគាត់ ឲ្យក្រោកឈរផងដែរ។ ប្រាប់អ្នកដែលកំពុងអង្គុយ ហើយដែលបានចាប់ដៃជាមួយអ្នកដែលកំពុងឈរ ឲ្យក្រោកឈរដែរ។ ធ្វើបែបនេះជាបន្តបន្ទាប់ រហូតមនុស្សគ្រប់គ្នាក្រោកឈរ។ ពន្យល់ថា ចំពោះសកម្មភាពនេះ សញ្ញាខ្វែងគឺតំណាងឲ្យមេរោគអេដស៍ ហើយការចាប់ដៃជាមួយអ្នកដែលកាន់សញ្ញាខ្វែងនេះ តំណាងឲ្យការរួមភេទដែលមិនមានការការពារ។ នេះមានន័យថា គ្រប់គ្នាដែលកំពុងឈរ សុទ្ធតែអាចឆ្លងមេរោគអេដស៍ហើយ។
  4. ប្រាប់អ្នកដែលមានសញ្ញារង្វង់មូល ឲ្យលើកដៃឡើង។ ពន្យល់ថា រង្វង់មូលគឺជាស្រោមអនាម័យ ដូច្នេះអ្នកដែលបានប្រើស្រោមអនាម័យ ត្រូវបានការពារពីមេរោគអេដស៍ ហើយអាចអង្គុយចុះបាន។
  5. ពិភាក្សាសកម្មភាព។ អ្នកអាចសួរសំណួរដូចតទៅនេះ៖
    • តើអ្នកដែលកាន់ក្រដាសសញ្ញាខ្វែង មានអារម្មណ៍បែបណានៅពេលដឹងថាវាតំណាងឲ្យផ្ទុកមេរោគអេដស៍?
    • តើគ្រប់គ្នាមានអារម្មណ៍បែបណា នៅពេលត្រូវក្រោកឈរ? តើវាដូចគ្នាដូចម្តេចខ្លះ ទៅនឹងការដឹងថាខ្លួនបានរួមភេទជាមួយមនុស្សដែលផ្ទុកមេរោគអេដស៍?
    • នៅពេលអ្នកដឹងថាសញ្ញារង្វង់មូល តំណាងឲ្យស្រោមអនាម័យ តើអ្នកមានអារម្មណ៍ធូរស្រាលឬទេ? តើអ្នកមានអារម្មណ៍ថារីករាយព្រោះបានប្រើស្រោមអនាម័យដែរឬទេ?
  6. ប្រមូលក្រដាសមកវិញទាំងអស់ រួចចែកឡើងវិញ។ អនុវត្តសកម្មភាពពីមុនឡើងវិញ ប៉ុន្តែលើកនេះចូរផ្តល់ជម្រើសមួយចំនួនឲ្យពួកគេ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកាមរោគ។
    • មិនរួមភេទឡើយ ― មិនចាប់ដៃ។
    • ប្រើស្រោមអនាម័យ ― ប្រើថង់ប្លាស្ទិកឬក្រណាត់ដែលពួកគេអាចគ្របពីលើដៃបាន។
    • មានដៃគូតែម្នាក់ដែលគ្មានជំងឺ ហើយរួមភេទតែជាមួយអ្នកប៉ុណ្ណោះ ― ចាប់ដៃបន្ទាប់ពីមើលក្រដាសរបស់គ្នាទៅវិញទៅមក ហើយនៅជាមួយគ្នា ដោយមិនចាប់ដៃអ្នកដទៃឡើយ។
    • រួមភេទក្នុងរបៀបដែលមិនឲ្យប៉ះពាល់នឹងទឹករំអិល ដូចជាប្រើម្រាមដៃដើម្បីផ្តល់សម្រើបជាដើម ― ប៉ះម្រាមដៃឬកែងដៃ ជំនួសឲ្យការចាប់ដៃ។
  7. បន្ទាប់ពីសកម្មភាព ចូរប្រាប់អ្នកដែលមានសញ្ញាខ្វែង ឲ្យក្រោកឈរម្តងទៀត។ បន្ទាប់មក ប្រាប់អ្នកដែលបានចាប់ដៃជាមួយគាត់ដោយដៃទទេ ឲ្យក្រោកឈរដែរ។
  8. ប្រាប់អ្នកដែលអង្គុយ ឲ្យនិយាយប្រាប់នូវវិធានការដែលពួកគេបានជ្រើសរើសក្នុងការការពារខ្លួន។
  9. អ្នកក៏អាចសួរដែរថា តើវាលំបាកដែរឬទេ ដែល “ប្រើការការពារ” ក្នុងពេលចាប់ដៃ។ ហេតុអ្វី? តើយូរទៅវានឹងងាយស្រួលដែរឬទេ? ឬបើពួកគេមានសម្ពន្ធផ្លូវភេទស្មោះត្រង់តែមួយ តើវាលំបាកដែរឬទេ? ហេតុអ្វី?
  10. ពិភាក្សាថាតើអ្វីខ្លះដែលធ្វើឲ្យងាយស្រួល ឬកាន់តែពិបាក ក្នុងការជជែកអំពីជំងឺកាមរោគជាមួយដៃគូ។
    • តើអ្នកនឹងមានអារម្មណ៍បែបណា បើមនុស្សដែលអ្នកបានរួមភេទជាមួយ ប្រាប់អ្នកថាគាត់មានជំងឺកាមរោគ? តើជាការប្រសើរ គួរតែដឹង ឬមិនចាំបាច់ដឹង? ហេតុអ្វី?
    • បើអ្នកគិតថាជាការល្អគួរតែដឹង តើអ្នកនឹងប្រាប់ដៃគូយ៉ាងដូចម្តេចទើបងាយស្រួល?
    • តើអ្វីខ្លះដែលអ្នកដឹងច្បាស់អំពីដៃគូរួមភេទរបស់អ្នក? ហើយអ្វីខ្លះដែលអ្នកមិនអាចដឹងច្បាស់?
    អ្នកអាចបញ្ចប់សកម្មភាពនេះ ដោយរំឮកអ្នកគ្រប់គ្នាថា ការប៉ះពាល់ធម្មតាដូចជាការចាប់ដៃ ឬឱប មិនអាចឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគដទៃទៀតទេ។

ការណ៍ពិតអំពីជំងឺកាមរោគ

ការពិភាក្សាអំពីបញ្ហាសុខភាពដែលបង្កឡើងដោយជំងឺកាមរោគដែលមិនត្រូវបានព្យាបាល អាចជួយឲ្យមនុស្សគ្រប់គ្នាយល់ដឹងពីសារសំខាន់នៃការស្វែងរកការព្យាបាល និងនៃការបង្ការការឆ្លងរាលដាលនៃជំងឺកាមរោគ តាំងពីពេលដំបូង។ នេះជាព័ត៌មានទូទៅមួយចំនួនអំពីជំងឺកាមរោគផ្សេង។ អ្នកអាចស្វែងយល់បន្ថែមទៀតពីសៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត ឬជជែកជាមួយបុគ្គលិកសុខាភិបាល។

ជំងឺប្រមេះទឹកបាយ និងជំងឺប្រមេះទឹកថ្លា ងាយនឹងព្យាបាលជាសះស្បើយ ប្រសិនបើឆាប់ព្យាបាល។ បើមិនដូច្នោះទេ វាអាចបង្កជាជំងឺធ្ងន់ធ្ងរ ហើយធ្វើឲ្យទាំងស្ត្រីនិងបុរស គ្មានកូន, ព្រមទាំងបញ្ហាធ្ងន់ធ្ងរដល់កូន អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលកើត។
រោគសញ្ញាលើស្ត្រី៖ គាត់អាចនឹងគ្មានរោគសញ្ញាទាំងស្រុង ឬវាមិនបង្ហាញឡើង រហូតច្រើនសប្តាហ៍ក្រោយពីបានរួមភេទជាមួយអ្នកផ្ទុកមេរោគ។ នឹងមានធ្លាក់សពីទ្វារមាស ឈឺពោះផ្នែកខាងក្រោម ឬឈឺអាងត្រគាក និងឈឺនៅពេលនោម។ ការរួមភេទដោយប្រើមាត់ ជាមួយបុរសដែលមានជំងឺប្រមេះទឹកបាយ អាចបណ្តាលឲ្យឈឺក ព្រមជាមួយខ្ទុះ ឬហើមកូនកណ្តុរនៅក។

រោគសញ្ញាលើបុរស៖ ជាញឹកញាប់មិនមានរោគសញ្ញាទេ ឬវាអាចបង្ហាញឡើងអំឡុង២-៥ថ្ងៃបន្ទាប់ពីបានរួមភេទជាមួយអ្នកផ្ទុកមេរោគ។ នឹងមានខ្ទុះចេញពីលិង្គ និងឈឺចាប់នៅពេលនោម។ មេរោគទាំងនេះក៏អាចប៉ះពាល់ដល់ផ្ទៃពោះផងដែរ ដូចជាធ្វើឲ្យឆាប់ឈឺពោះសម្រាល ទារកមានទម្ងន់ទាប ទារកស្លាប់ក្នុងស្បួន ឬទារកកើតស្លាប់។ ចំពោះទារកទើបកើត វាអាចបណ្តាលឲ្យកើតជំងឺរលាកសួត និងជំងឺភ្នែកដែលបណ្តាលទៅជាខ្វាក់។ ស្ត្រីក៏អាចនឹងកើតជំងឺនៅស្បួនផងដែរ (ជំងឺរលាកអាងត្រគាក) ឬទារកអាចនឹងលូតលាស់នៅក្រៅស្បូន ដែលអាចបណ្តាលទៅជាលែងគ្មានកូន ឬសូម្បីតែស្លាប់ទៀតផង។
ជំងឺស្វាយ គឺជាជំងឺកាមរោគដែលប៉ះពាល់ទៅលើគ្រប់ផ្នែកនៃរាងកាយ ហើយអាចប៉ះពាល់ជាច្រើនឆ្នាំ។ គេអាចព្យាបាលជាសះស្បើយ ប្រសិនបើឆាប់ព្យាបាល ប៉ុន្តែអាចបង្កទៅជាជំងឺធ្ងន់ធ្ងរនិងការស្លាប់ ប្រសិនបើមិនព្យាបាលនោះទេ។
រោគសញ្ញាលើស្ត្រីនិងបុរស៖ ដំបៅទន់មិនឈឺចាប់ នៅលើប្រដាប់ភេទ ដែលមើលទៅដូចជាពងបែក ឬដំបៅចំហ។ ជំងឺស្វាយមិនប៉ះពាល់ដល់លទ្ធភាពមានកូនទេ ប៉ុន្តែវាអាចបង្កឲ្យឆាប់ឈឺពោះសម្រាល ទារកទម្ងន់ទាប ទារកស្លាប់ក្នុងស្បូន ឬទារកកើតស្លាប់។ ម្យ៉ាងទៀត ទារក អាចកើតមកជាមួយនឹងជំងឺស្វាយដែលបណ្តាលទៅជាជំងឺធ្ងន់ធ្ងរនិងស្លាប់។
ទ្រីកូម៉ូណាស់ ជាជំងឺកាមរោគដែលរមាស់ និងពិបាកទ្រាំ ប៉ុន្តែអាចព្យាបាលជាសះស្បើយ។ ជារឿយៗ ស្ត្រីនិងបុរសមិនមានរោគសញ្ញាអ្វីឡើយ។
រោគសញ្ញារោគស្ត្រី៖ ធ្លាក់សខុសធម្មតានិងមានក្លិនអាក្រក់ ចេញពីទ្វារមាស ដោយមានប្រដាប់ភេទឡើងក្រហមនិងរមាស់, និងឈឺចាប់ឬក្រហាយនៅពេលនោម។ វាអាចប៉ះពាល់ដល់លទ្ធភាពនៃការមានកូន ទាំងទៅលើបុរសនិងស្ត្រី ហើយកូនស្រីអាចកើតមកដោយមានជំងឺទ្វារមាស។ ក្នុងករណីកម្រ ទារកអាចមានបញ្ហានៅពេលនោម និងមានបញ្ហាដកដង្ហើម។
ជំងឺទាមឡា បង្កជាដំបៅឈឺចាប់នៅលើប្រដាប់ភេទឬរន្ធគូថ ដែលងាយចេញឈាម, និងហើមកូនកណ្តុរនៅចន្លោះភ្លៅ។ វាងាយនឹងច្រឡំជាមួយជំងឺស្វាយណាស់។ គេអាចព្យាបាលវាដោយប្រើថ្នាំពេទ្យ។
អ៊ែរប៉េសផ្លូវបន្តពូជ បង្កឡើងដោយវីរុស។ គ្មានការព្យាបាលជាសះស្បើយឡើយ ប៉ុន្តែមានការព្យាបាលដែលធ្វើឲ្យអ្នកជំងឺបានធូរស្រាល។
រោគសញ្ញាលើស្ត្រីឬបុរស ៖ គ្មានទេ, ឬក្នុងអំឡុងពេលឆ្លងដំបូង អាចមានអារម្មណ៍ក្រហាយនិងរមាស់ខ្លាំងនៅលើប្រដាប់ភេទ បន្ទាប់មកមានពងបែកតូចៗឈឺចាប់ ដែលដូចជាដំណក់ទឹកនៅលើប្រដាប់ភេទ ហើយវាបែកទៅជាដំបៅចំហនិងឈឺចាប់, មានអារម្មណ៍មិនស្រួលខ្លួន ដូចមានជំងឺផ្តាសាយ។ នៅពេលឆ្លងដំបូង នឹងឃើញមានដំបៅកើតឡើងត្រង់កន្លែងដដែលៗ ប៉ុន្តែអាចនឹងស្រាលជាងលើកមុន។ ប្រសិនបើស្ត្រីមានផ្ទៃពោះ និងទើបឆ្លងលើកដំបូង អ៊ែរប៉េសអាចបណ្តាលឲ្យទារកស្លាប់នៅក្នុងស្បូន, ទារកមានជំងឺធ្ងន់ធ្ងរ, ឬមានបញ្ហាទៅលើខួរក្បាលនិងប្រព័ន្ធប្រសាទ។
ជំងឺរលាកថ្លើមប្រភេទបេ មិនអាចព្យាបាលសះស្បើយយ៉ាងងាយទេ ព្រោះថ្នាំព្យាបាលមានតម្លៃថ្លៃ ហើយជាញឹកញាប់មិនអាចរកបាន ប៉ុន្តែគេអាចបង្ការវាបានដោយការចាក់វ៉ាក់សាំង។

រោគសញ្ញាលើស្ត្រីឬបុរស៖ គ្មានទេ, ឬគ្រុនក្តៅ, អស់កម្លាំង, ស្បែកឬភ្នែកលឿង, ទឹកនោមមានពណ៌ធ្ងន់, និងលាមកពណ៌ស។ ជំងឺរលាកថ្លើមប្រភេទបេ អាចប៉ះពាល់ដល់លទ្ធភាពនៃការមានកូន ឬដល់ផ្ទៃពោះ ប្រសិនបើវាបានបំផ្លាញថ្លើមធ្ងន់ធ្ងរ, និងអាចបណ្តាលឲ្យមានជំងឺថ្លើមនិងមហារីក។ ទារកដែលកើតពីម្តាយដែលមានជំងឺរលាកថ្លើមប្រភេទបេ ក៏អាចនឹងមានជំងឺនេះផងដែរ។

មេរោគ Human Papilloma Virus (HPV, ដុំសាច់) ជាដុំតូចៗមិនឈឺចាប់ ដែលមានផ្ទៃគ្រើម និងអាចកាត់ចោលបាន ប៉ុន្តែមិនជាសះស្បើយទេ។
រោគសញ្ញាលើស្ត្រី៖ ដុំសាច់បង្ហាញឡើងនៅផ្នែកខាងក្រៅនិងខាងក្នុងនៃទ្វារមាស និងជុំវិញរន្ធគូថ។ ដុំសាច់អាចរីកធំ ហើយហូរឈាមអំឡុងពេលសម្រាលកូន ហើយពេលនោះអាចនឹងតម្រូវឲ្យសម្រាលកូនដោយវះកាត់។ ក្នុងករណីកម្រ ដុំសាច់អាចឆ្លងទៅទារកក្នុងអំឡុងពេលសម្រាល។

រោគសញ្ញាលើបុរស៖ ដុំសាច់អាចបង្ហាញនៅលើឬនៅក្នុងលិង្គ និងជុំវិញរន្ធគូថ។ វ៉ាក់សាំងអាចបង្ការបាននូវប្រភេទខ្លះនៃមេរោគ HPVដែលអាចបង្កជំងឺមហារីកមាត់ស្បូនឬលិង្គ។ ការធ្វើតេស្ត៍មហារីកមាត់ស្បូនជាប្រចាំ អាចរកឃើញរោគសញ្ញាដំបូង។
មេរោគអេដស៍ មិនអាចព្យាបាលសះស្បើយទេ ប៉ុន្តែការព្យាបាលអាចជួយឲ្យអ្នកផ្ទុកមេរោគ រស់នៅបានយូរ និងមានសុខភាពប្រសើរ។

រោគសញ្ញាលើបុរសឬស្ត្រី៖ គ្មានទេ ឬ២-៤សប្តាហ៍បន្ទាប់ពីឆ្លង អាចមានអារម្មណ៍មិនស្រួលខ្លួន ដូចមានជំងឺផ្តាសាយធំ រាក គ្រុនក្តៅ ហើមកូនកណ្តុរ និងស្រកទម្ងន់។

មេរោគអេដស៍ មិនប៉ះពាល់ដល់លទ្ធភាពនៃការមានកូនទេ ប៉ុន្តែវាអាចបណ្តាលឲ្យឆាប់ឈឺពោះសម្រាល និងអាចឆ្លងទៅទារកក្នុងពេលពរពោះ ពេលសម្រាល ឬពេលបំបៅដោះ, ដូច្នេះការធ្វើតេស្ត៍គឺសំខាន់ខ្លាំងណាស់។

ការធ្វើតេស្ត៍ និងព្យាបាល គឺជាប្រការសំខាន់

ជំងឺកាមរោគភាគច្រើន អាចស្ថិតនៅក្នុងរាងកាយមនុស្សដោយមិនបង្ហាញរោគសញ្ញាអ្វីឡើយ។ មានន័យថា មនុស្សម្នាក់អាចនឹងមានជំងឺកាមរោគ ហើយចម្លងទៅអ្នកដទៃដោយមិនដឹងខ្លួន។ វាក៏មានន័យផងដែរថា ស្ត្រីជាច្រើនមានការបង្ករោគធ្ងន់ធ្ងរនៅក្នុងស្បូន មានកូនក្រៅស្បូន រលូតកូន និងបញ្ហាសុខភាពដទៃទៀតដែលបណ្តាលមកពីជំងឺកាមរោគដែលមិនត្រូវបានព្យាបាល ពីព្រោះស្ត្រីមិនដឹងខ្លួនថាបានឆ្លងរោគ។

a man and woman speaking as they walk toward a health center.
ហេតុអ្វីឲ្យបងមកគ្លីនិកដែរ?
យើងមិនអាចព្យាបាលជំងឺឲ្យជាសះស្បើយទេ លុះត្រាតែព្យាបាលម្តងទាំង២នាក់។

មធ្យោបាយមួយដើម្បីបញ្ឈប់ការឆ្លងរាលដាល គឺឲ្យស្ត្រីនិងបុរសទទួលការព្យាបាលឆាប់ៗនៅពេលមានរោគសញ្ញាណាមួយ ហើយត្រូវប្រាកដថា ប្តីនិងប្រពន្ធទទួលការព្យាបាលក្នុងពេលតែមួយ។ គេអាចព្យាបាលជំងឺកាមរោគដោយប្រើថ្នាំពេទ្យ ប៉ុន្តែមនុស្សម្នាក់នោះអាចនឹងឆ្លងជំងឺម្តងទៀតបន្ទាប់ពីបានព្យាបាល បើគាត់រួមភេទដោយមិនបានការពារ ជាមួយដៃគូដែលមានជំងឺកាមរោគ។

ស្ត្រីនិងបុរសគួរធ្វើតេស្ត៍រៀងរាល់ ៦ ទៅ ១២ខែ ប្រសិនបើមានការរួមភេទដោយមិនបានការពារ ជាមួយដៃគូច្រើន, បើគាត់គិតថាដៃគូរបស់គាត់ បានរួមភេទជាមួយអ្នកដទៃ, ឬបើគាត់ឬដៃគូរបស់គាត់ ប្រើប្រាស់ថ្នាំចាក់ ដូចជាគ្រឿងញៀនជាដើម។ តេស្ត៍ខ្លះប្រើប្រាស់សំណាកឈាម, តេស្ត៍ខ្លះទៀតប្រើប្រាស់សំណាកទឹករំអិលពីទ្វារមាសឬលិង្គ ឬសំណាកចេញពីមាត់។

ការធ្វើតេស្ត៍ជំងឺកាមរោគជាប្រចាំ ជួយកាត់បន្ថយក្តីអាម៉ាស់

មណ្ឌលសុខភាពអាចជួយកាត់បន្ថយក្តីអាម៉ាស់ពីការមានជំងឺកាមរោគបាន តាមរយៈការផ្តល់ការធ្វើតេស្ត៍និងព្យាបាលជាលក្ខណៈប្រចាំ សម្រាប់ទាំងបុរសនិងស្ត្រី។ ដើម្បីឲ្យមនុស្សហ៊ានទទួលយកការធ្វើតេស្ត៍ជំងឺកាមរោគដោយងាយស្រួលបាន លុះត្រាតែពួកគេជឿជាក់ថាបុគ្គលិកសុខាភិបាល ផ្តល់ការគោរពនិងរក្សាការសម្ងាត់ជូនពួកគេ។

មណ្ឌលសុខភាពខ្លះផ្តល់ការធ្វើតេស្ត៍និងព្យាបាលជំងឺកាមរោគ ជាផ្នែកមួយនៃសេវាផែនការគ្រួសារ និងការពិនិត្យផ្ទៃពោះទូទៅ។ នៅពេលប្តីជូនប្រពន្ធទៅពិនិត្យផ្ទៃពោះ បុគ្គលិកសុខាភិបាលអាចជំរុញឲ្យពួកគេធ្វើតេស្ត៍និងព្យាបាលជំងឺកាមរោគក្នុងពេលនោះ។ នេះមានន័យថា ប្រពន្ធមិនសូវជាពិបាកក្នុងការអូសទាញឲ្យប្តីរបស់គាត់ មកធ្វើតេស្ត៍ផងដែរ។

កម្មវិធីពិនិត្យសុខភាពទូទៅ លុបបំបាត់ក្តីអាម៉ាស់ពីការធ្វើតេស្ត៍និងព្យាបាលជំងឺកាមរោគ

ប្រជាជនភាគច្រើននៅប្រទេស ប៉ាពួញូហ្គីនី (Papua New Guinea) រស់នៅតាមតំបន់ជនបទ ឆ្ងាយពីមណ្ឌលសុខភាព។ ជំងឺកាមរោគត្រូវបានប្រទះឃើញជាញឹកញាប់នៅក្នុងសហគមន៍ទាំងនេះ ពីព្រោះមនុស្សជាច្រើនមិនដឹងពីរបៀបបង្ការជំងឺ ហើយមិនអាចទទួលបានការធ្វើតេស្ត៍និងព្យាបាលយ៉ាងងាយទេ។ ស្ត្រីជាច្រើនមានជំងឺរលាកអាងត្រគាក ដែលជាជំងឺស្បូនធ្ងន់ធ្ងរ ហើយដែលជាញឹកញាប់បង្កឡើងដោយជំងឺកាមរោគដែលមិនបានព្យាបាល។ ជាញឹកញាប់ ជំងឺរលាកអាងត្រគាក បណ្តាលឲ្យលែងមានកូន ដូច្នេះស្ត្រីដែលធ្លាប់កើតជំងឺនេះអាចនឹងលែងមានកូនរហូត។ ការមិនអាចមានកូន ជារឿងដ៏ក្រៀមក្រំសម្រាប់ស្ត្រីទូទៅទាំងឡាយ ប៉ុន្តែនៅប្រទេសប៉ាពួញូហ្គីនី ស្ត្រីទាំងនេះត្រូវបានបង្ខំឲ្យរស់នៅឆ្ងាយពីសហគមន៍ទៅទៀត ព្រមទាំងរងការវាយដំពីប្តីទៀតផង។

អង្គការម៉ារីស្តូបអន្តរជាតិ (Marie Stopes International) ផ្តល់ការប្រឹក្សា ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកាមរោគ ទៅដល់សហគមន៍តាមជនបទ តាមរយៈក្រុមការងារចល័តតាមមូលដ្ឋាន។ ក្រុមការងារដែលមានបុគ្គលិកសុខាភិបាល ២ឬ៣នាក់ ធ្វើដំណើរតាមរថយន្ត ទៅកាន់តំបន់ដាច់ស្រយាលទូទាំងប្រទេស ដោយនាំយកឧបករណ៍ចាំបាច់ទៅជាមួយ។ តាមរយៈការជួយឲ្យប្រជាជនយល់ដឹងពីរបៀបដែលជំងឺកាមរោគបណ្តាលឲ្យលែងមានកូន ក្រុមការងារបានលើកទឹកចិត្តឲ្យប្រជាជនអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព ព្រមទាំងទទួលការធ្វើតេស្ត៍រកជំងឺកាមរោគ។

កម្មវិធីនេះមានភាពជោគជ័យ មួយផ្នែកគឺដោយសារតែពួកគេបាននាំយកព័ត៌មាននិងសេវា ទៅផ្តល់ជូនផ្ទាល់ដល់ប្រជាជននៅក្នុងសហគមន៍។ ប៉ុន្តែភាពជោគជ័យជាពិសេសនោះ គឺដោយសារសេវាពិនិត្យនិងព្យាបាលជំងឺកាមរោគ ត្រូវបានដាក់បញ្ចូលទៅក្នុងការពិនិត្យសុខភាពទូទៅសម្រាប់បុរស ស្ត្រី និងយុវជន។ កម្មវិធីនេះធ្វើឲ្យមនុស្សវ័យក្មេង និងស្ត្រីមិនទាន់រៀបការ អាចទទួលបានយ៉ាងងាយនូវសេវាផែនការគ្រួសារនិងជំងឺកាមរោគ ដែលជាផ្នែកមួយនៃការពិនិត្យសុខភាពទូទៅរបស់ពួកគេ។

a health worker speaking to a group near an outdoor banner that reads, "Outreach Clinic."

ក្រុមការងារតាមមូលដ្ឋាន ក៏ត្រូវបានទទួលស្វាគមន៍យ៉ាងល្អផងដែរ ព្រោះពួកគេផ្តល់សេវាដោយមិនប្រកាន់ទំនៀមទម្លាប់ ឬសម្ពន្ធផ្លូវភេទរបស់ប្រជាជនឡើយ។ នៅតំបន់ដែលកាន់វប្បធម៌ប្តីប្រពន្ធច្រើនក្នុងពេលតែមួយ អតិថិជនអាចទទួលបានការព្យាបាលចំពោះគ្រប់ដៃគូរួមភេទទាំងអស់ ប្រសិនបើពួកគេចង់បាន។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤