Hesperian Health Guides

បុរសចូលរួមទទួលខុសត្រូវលើការបង្ការជំងឺកាមរោគ

នៅក្នុងជំពូកនេះ ៖

គំនិតអំពីភាពជាបុរស ច្រើនតែធ្វើឲ្យបុរសជឿថាពួកគេគួរតែមានការគ្រប់គ្រងលើរបៀបនិងពេលវេលានៃការរួមភេទ។ ចំពោះបុរសខ្លះ ទាំងនេះរួមមាន ការមានដៃគូរួមភេទច្រើន ឬការលាក់ការសម្ងាត់ពីប្រពន្ធ ឬមិត្តស្រី។ បុរសអាចនឹងមានអារម្មណ៍ថា វាមិនមែនជាលក្ខណៈរបស់មនុស្សប្រុសទេ ដែលបារម្ភពីការបង្ការជំងឺកាមរោគ ឬដែលបារម្ភពីសុខភាពរបស់ខ្លួន។ ពួកគេក៏អាចនឹងមានភាពអាម៉ាស់ក្នុងការសារភាពថា ខ្លួនមិនសក្តិសមនឹងតួនាទីយេនឌ័របុរសដែលត្រូវបានរំពឹងទុកនោះទេ, ឧទាហរណ៍ ការរួមភេទជាមួយបុរស ឬការដោះស្រាយបញ្ហាដោយមិនប្រើកម្លាំងបាយ។

ប៉ុន្តែបុរសខ្លះ ក៏កំពុងតែលើកកម្ពស់សមភាពយេនឌ័រ យ៉ាងសកម្មផងដែរ, ធ្វើការងារដើម្បីបង្ការអំពើហិង្សា និងបង្ហាញថាបុរសនិងស្ត្រីអាចមានសម្ពនផ្លូវភេទល្អប្រសើរបាន។ មានឧទាហរណ៍អំពីសកម្មភាពទាំងនេះនៅក្នុងជំពូកដទៃទៀតក្នុងសៀវភៅនេះ, ជាពិសេសសូមមើលជំពូកទី៣៖ យេនឌ័រ និងសុខភាព, ជំពូកទី៤៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ, ជំពូកទី៦៖ ការបញ្ចប់អំពើហិង្សាផ្នែកយេនឌ័រ, និងជំពូកទី៨៖ ការមានផ្ទៃពោះល្អ និងការសម្រាលកូនដោយសុវត្ថិភាព។ នេះជាឧទាហរណ៍ខ្លះៗអំពីការរៀបចំរបស់បុរស ដើម្បីបង្ការជំងឺកាមរោគ ជាពិសេសមេរោគអេដស៍។

បុរសធ្វើជាអ្នកអប់រំមិត្ត និងជាជនគំរូ

មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីរួមបញ្ចូលបុរសទៅក្នុងការលើកកម្ពស់សុខភាពផ្លូវភេទ គឺឲ្យពួកគាត់មានអ្នកផ្តល់ប្រឹក្សា ហើយត្រូវបានទទួលស្គាល់និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ពួកគេ។ មានគម្រោងជាច្រើននៅទូទាំពិភពលោក កំពុងតែបណ្តុះបណ្តាលពួកគេ ពីការស្តាប់និងជជែកជាមួយបុរសដទៃទៀតអំពី ថាតើពួកគេចង់ក្លាយជាបុរស ប្តី និងឪពុកបែបណា។

បុរសនៅប្រទេសតង់ហ្សានី ក្លាយជាជើងឯកបង្ការមេរោគអេដស៍

គម្រោង “ជើងឯក” លើកទឹកចិត្តបុរសៗនៅប្រទេសតង់ហ្សានី ឲ្យចូលរួមកាន់តែសកម្មនៅក្នុងការកែលម្អសុខភាពរបស់គ្រួសារ ដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗទៀត។ គម្រោងបានលើកកម្ពស់កិច្ចសន្ទនាថ្នាក់ជាតិអំពីតួនាទីរបស់បុរស ការសម្រេចចិត្តរួមគ្នាក្នុងសម្ពន្ធប្តីប្រពន្ធ និងការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព។

នៅប្រទេសតង់ហ្សានី បុរសជាអ្នកធ្វើការសម្រេចចិត្តនៅក្នុងវិស័យនយោបាយ និងជីវិតសាធារណៈ។ ប៉ុន្តែនៅក្នុងចិត្តរបស់មនុស្សជាច្រើន បុរសមិនបានប្រឹងប្រែងក្នុងការថែទាំសុខភាពរបស់ក្រុមគ្រួសារទេ។ អ្នករៀបចំគម្រោង “ជើងឯក” បានរកឃើញថា ចំណុចនេះគឺមិនពិតទាំងស្រុងនោះទេ។ អ្នករៀបចំគម្រោង បានជួបពិភាក្សាជាមួយអ្នកដឹកនាំសហគមន៍ នៅតាមស្រុកជាច្រើនទូទាំងប្រទេស។ ពួកគេបានសួរអ្នកដឹកនាំទាំងនោះថា “តើបុរសណាខ្លះនៅក្នុងសហគមន៍របស់អ្នក ដែលលេចធ្លោជាងគេ ដោយសារតែការប្រឹងប្រែងរបស់គាត់ក្នុងការថែទាំសុខភាពរបស់ក្រុមគ្រួសារឬសហគមន៍?” មានបុរស ២ឬ៣នាក់ ត្រូវបានចង្អុលបង្ហាញនៅស្ទើរតែគ្រប់ភូមិទាំងអស់។ មើលទៅ វាហាក់ដូចជាចំនួនតូចមួយប៉ុណ្ណោះ ប៉ុន្តែ

illustration of the below: a man helping a man and woman who seem angry with each other.
illustration of the below: a man with 1 wife.
បុរសម្នាក់កំពុងធ្វើការងារដើម្បីបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ និងលើកតម្កើងសុខដុមឡើងវិញនៅតាមផ្ទះសម្បែងដែលមានជម្លោះ។ បុរសម្នាក់បានសម្រេចចិត្តថានឹងមានប្រពន្ធតែម្នាក់ ហើយស្មោះត្រង់ចំពោះគាត់ជានិច្ច ដែលខុសពីបុរសភាគច្រើននៅក្នុងភូមិ។

គម្រោងបានប្រមូលផ្តុំការប្រជុំក្នុងសហគមន៍ ដែលនៅទីនោះបុរសទាំងនេះធ្វើបទបង្ហាញអំពីជីវិត ការជំរុញទឹកចិត្ត និងការប្រឹងប្រែងរបស់ពួកគេ ក្នុងការលើកកម្ពស់សុខភាពល្អប្រសើរ។ បន្ទាប់ពីស្តាប់បទបង្ហាញរបស់ពួកគេហើយ សហគមន៍នីមួយៗធ្វើការជ្រើសរើសបុរសម្នាក់ ជាជើងឯកប្រចាំសហគមន៍របស់ខ្លួន។

illustration of the below: pictures of the 12 CHAMPION men.

បន្ទាប់មក ដើម្បីបង្ហាញមនុស្សគ្រប់គ្នាថា ពិតជាមានបុរសបែបនេះនៅក្នុងប្រទេសតង់ហ្សានី, គម្រោង “ជើងឯក” បានប្រមូលជនគំរូដែលបានរកឃើញទាំងនោះ រួចធ្វើយុទ្ធនាការទូទាំងប្រទេសមួយ អំពី “ជើងឯក” ទាំងនេះ។ យុទ្ធនាការនេះ រួមមានការបង្ហាញរូបថត និងសាច់រឿងរបស់ “ជើងឯក” ១២នាក់ ក្នុងចំណោមទាំងអស់។ ពួកគេបង្កើតព្រឹតិ្តការណ៍ដ៏ធំមួយនៅទីក្រុង ដើម្បីទាញចំណាប់អារម្មណ៍ពីទូទាំងប្រទេស។ ពួកគេក៏បានដាក់រូបថត និងសាច់រឿងរបស់ជើងឯកទាំងនោះ នៅក្នុងប្រតិទិនផងដែរ រួចនាំយកចែកជូនទូទាំងប្រទេសតង់ហ្សានី។

តាមរយៈការបណ្តុះបណ្តាលបុរសអំពីយេនឌ័រ គម្រោងបានទាក់ទាញទាំងបុរសវ័យក្មេងនិងចំណាស់ ឲ្យចូលរួមក្នុងកិច្ចការផ្តល់ប្រឹក្សាដល់គូប្តីប្រពន្ធ, ជជែកជាមួយបុរសដទៃអំពីការបង្ការមេរោគអេដស៍ និងជំងឺកាមរោគផ្សេង, និងជួយឲ្យបុរសដទៃទៀតមើលឃើញពីរបៀបដែលតួនាទីយេនឌ័រ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ និងសុខភាពរបស់ក្រុមគ្រួសារគេផងដែរ។

ការអប់រំក្នុងសហគមន៍ នៅកន្លែងដែលបុរសជួបជុំគ្នា

មធ្យោបាយដ៏ល្អបំផុតដើម្បីទាក់ទាញមនុស្សឲ្យចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរ គឺត្រូវជួបជាមួយពួកគេនៅក្នុងសកម្មភាពទាំងឡាយណាដែលពួកគេកំពុងចូលរួមរួចស្រេច។ ព្រឹត្តិការណ៍កីឡានិងសាសនា កន្លែងធ្វើការ និងកន្លែងដែលបុរសជួបជុំគ្នា ដូចជាបារ ហាងកាហ្វេ និងកន្លែងលក់ភេទជាដើម គឺជាទីកន្លែងដ៏ល្អដែលគួរផ្តល់ព័ត៌មានអំពីមេរោគអេដស៍ដល់បុរស ឬគួរអូសទាញពួកគេឲ្យពិភាក្សាអំពីជំងឺកាមរោគ។

ប្រការសំខាន់មួយទៀត គឺត្រូវនាំយកគម្រោងអប់រំ ទៅដល់ទីកន្លែងដែលបុរសក្នុងសហគមន៍ណាត់ជួបគ្នាដើម្បីរួមភេទជាមួយគ្នា ឬដើម្បីចាក់គ្រឿងញៀន។ ប្រសិនបើអ្នកព្យាយាមបង្ហាញមុខជានិច្ច ហើយបើអ្នកបង្ហាញឲ្យពួកគេដឹងថាអ្នកមិនរើសអើងពួកគេ, មិនព្យាយាមកែប្រែពួកគេ, ឬមិនរាយការណ៍ឲ្យប៉ូលីសចាប់ពួកគេទេ នោះពួកគេនឹងចាប់ផ្តើមទុកចិត្តលើអ្នក។ ការផ្តល់ស្រោមអនាម័យ ឬបង្ហាញពួកគេពីរបៀបរម្ងាប់មេរោគលើម្ជុល អាចជាវិធីដ៏ល្អដើម្បីចាប់ផ្តើមការសន្ទនា។

a dance instructor speaking to his students while holding a box of condoms.
កុំភ្លេចយកស្រោមអនាម័យខ្លះទៅផង។
នៅទីក្រុងរីអូ នៃប្រទេសប្រេស៊ីល, អង្គការ BEMFAM បានចុះធ្វើការងារនៅសាលារៀនដ៏មានប្រជាប្រិយមួយ ដែលបុរសវ័យក្មេងកំពុងសមការរាំច្រៀង និងរៀបចំសម្រាប់ព្រឹត្តិការណ៍បុណ្យមួយ។ តាមរយៈការបណ្តុះបណ្តាលដល់គ្រូបង្រៀនរាំ ឲ្យបង្រៀនដល់សិស្សក្មេងៗអំពីការបង្ការជំងឺកាមរោគនិងមេរោគអេដស៍ រួមជាមួយក្បាច់រាំសាំបារបស់ពួកគេ, ពួកគេទាក់ទាញបានទស្សនិកជនយ៉ាងច្រើន។

ការប្រឆាំងនឹងអំពើហិង្សាផ្នែកយេនឌ័រ

អំពើរំលោភនិងហិង្សាផ្លូវភេទ បង្កគ្រោះថ្នាក់ដល់ស្ត្រីតាមរបៀបច្រើនយ៉ាង ក៏ដូចជាការឆ្លងរាលដាលនៃជំងឺកាមរោគផងដែរ។ ហើយនៅពេលដែលមានជំងឺកាមរោគ ស្ត្រីនឹងក្លាយទៅជាគោលដៅនៃអំពើហិង្សា។ ស្ត្រីជាច្រើនដែលផ្ទុកមេរោគអេដស៍ ត្រូវបានស្តីបន្ទោស វាយដំ និងបោះបង់ចោលពីក្រុមគ្រួសារ។ បុរសដែលប្រឆាំងនឹងឥរិយាបថនិងទង្វើទាំងនេះ ដើរតួយ៉ាងសំខាន់ក្នុងការប្រឹងប្រែងបញ្ចប់អំពើហិង្សាលើស្ត្រី។

បុរសជាដៃគូ

កាលពីប៉ុន្មានឆ្នាំមុន មនុស្សមួយក្រុមនៅប្រទេសអាហ្វ្រិកខាងត្បូង មានការបារម្ភយ៉ាងខ្លាំង ទាំងអំពីកំណើននៃការឆ្លងមេរោគអេដស៍ និងអំពីអំពើហិង្សាផ្នែកយេនឌ័រ។ ពួកគេក៏មើលឃើញផងដែរថា បញ្ហាមួយ ធ្វើឲ្យបញ្ហាមួយទៀតកាន់តែមានស្ថានភាពអាក្រក់ទៅវិញទៅមក។ ដោយយល់ដឹងពីសារសំខាន់នៃការរួមបញ្ចូលបុរសដោយផ្ទាល់ទៅក្នុងការបន្ថយទាំងអំពើហិង្សានិងមេរោគអេដស៍ ពួកគេបានចាប់ផ្តើមបង្កើតក្រុមមួយដែលមានឈ្មោះថា “បុរសជាដៃគូ។ គោលដៅមួយរបស់ពួកគេ គឺដើម្បីជំរុញឲ្យបុរសចូលរួមយ៉ាងសកម្មនៅក្នុងការបង្ការអំពើហិង្សា និងដើម្បីទទួលខុសត្រូវបន្ថែមទៀតលើការបង្ការមេរោគអេដស៍ ក៏ដូចជាការថែទាំនិងការគាំទ្រផងដែរ។ គោលដៅមួយទៀតគឺដើម្បីជួយឲ្យបុរសពិនិត្យមើលលើឥរិយាបថ ការឲ្យតម្លៃ ទង្វើ និងគំនិតអំពីភាពជាបុរសរបស់ពួកគេឡើងវិញ។ ក្រុម “បុរសជាដៃគូ” បានជួយឲ្យបុរសគិតពិចារណាពីរបៀបដែលការរំពឹងទុកនៃយេនឌ័រខ្លះ បណ្តាលឲ្យពួកគេបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ខ្លួន ក៏ដូចជាសុខភាពរបស់ដៃគូ និងក្រុមគ្រួសារផងដែរ។

ដើម្បីជម្នះលើភាពស្មុគស្មាញនៃការពិនិត្យមើលលើតួនាទីយេនឌ័រ និងផ្លាស់ប្តូរឥរិយាបថនិងទង្វើដែលបានប្រកាន់យកជាយូរអង្វែងមកហើយនោះ, ក្រុម “បុរសជាដៃគូ” បានបង្កើតជាសិក្ខាសាលាអប់រំជាមួយក្រុមបុរសនិងក្មេងប្រុស នៅតាមទីកន្លែងផ្សេងៗដូចជាសាលារៀន កន្លែងធ្វើការ សហជីពការងារ ពន្ធនាគារ អង្គការ សាលសហគមន៍ និងកន្លែងលេងកីឡា។ សិក្ខាសាលាប្រើប្រាស់ការពិភាក្សា ការសម្តែងតួ និងសកម្មភាពផ្សេងៗទៀត ដើម្បីជួយឲ្យក្រុមពិនិត្យមើលលើអំពើហិង្សា សម្ពន្ធផ្លូវភេទ ការប្រៀនប្រដៅកូន ការថែទាំកុមារ និងរបៀបដែលតួនាទីយេនឌ័រធ្វើឲ្យបុរសនិងស្ត្រីបាត់បង់ជម្រើសដែលមាន។

a man speaking to a small group of men.
ការស្ទង់មតិរបស់យើងបង្ហាញថា មនុស្សខ្លះគិតថាប្រសិនបើស្ត្រីស្លៀកពាក់សិចស៊ី ហើយត្រូវគេចាប់រំលោភ នោះវាកំហុសរបស់គាត់។ ចូរយើងពិភាក្សាលើមតិនេះ។

ក្រុម “បុរសជាដៃគូ” ក៏ប្រើប្រាស់សកម្មភាពដទៃទៀតផងដែរ ដូចជាការសម្តែងល្ខោនតាមដងផ្លូវ ការគូររូបនៅតាមជញ្ជាំង និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីបង្ហាញពីបុរសដែលធ្វើការងារឆ្ពោះទៅកាន់សមភាពយេនឌ័រ។ ពួកគេក៏ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលផងដែរ អំពីការកែលម្អសេវាជំងឺកាមរោគសម្រាប់បុរស។

អង្គការជាច្រើននៅទូទាំងប្រទេសអាហ្វ្រិកខាងត្បូង បានសហការគ្នាបង្កើតជាបណ្តាញនៃ “បុរសជាដៃគូ” មួយ។ បច្ចុប្បន្នមានកម្មវិធី “បុរសជាដៃគូ” នៅក្នុងប្រទេសជាង ១៥ ពីទ្វីបអាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន។

ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨