Hesperian Health Guides

ចាប់ផ្តើមពីកន្លែងដែលប្រជាជនដឹងខ្លះហើយ

នៅក្នុងជំពូកនេះ ៖

នៅពេលចាប់ផ្តើមការសន្ទនាអំពីជំងឺកាមរោគ ជាការល្អគួរតែចាប់ផ្តើមដោយការសួរប្រជាជនអំពីការបារម្ភរបស់ពួកគេ និងថាតើពួកគេបានយល់ដឹងអ្វីខ្លះរួចហើយ។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានយល់ដឹងខ្លះៗអំពីជំងឺអេដស៍រួចទៅហើយ។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក បានស្លាប់ដោយសារជំងឺអេដស៍ ហើយច្រើនលាននាក់ទៀតកំពុងផ្ទុកមេរោគនេះ។ ដោយសារតែកាលពីមុន អេដស៍ជាជំងឺដ៏កាចសាហាវ ហើយឥឡូវមនុស្សអាចរស់រានបាន, ប្រទេសភាគច្រើនមានកម្មវិធីដែលបង្រៀនប្រជាជនអំពីការបង្ការ និងព្យាបាលជំងឺអេដស៍។

2 women speaking in a small group.
ដោយសារមនុស្សជាច្រើនបានដឹងពីជំងឺអេដស៍ខ្លះហើយ ខ្ញុំច្រើនតែសួរពួកគាត់ថាតើបានដឹងអ្វីខ្លះពីការបង្ការជំងឺនេះ។
ត្រូវហើយ អ្វីដែលពួកគេដឹងអំពីមេរោគអេដស៍ ក៏ដូចគ្នានឹងជំងឺកាមរោគដទៃទៀតដែរ ដូច្នេះចំណុចចាប់ផ្តើមដ៏ល្អគឺនៅត្រង់ហ្នឹងឯង។

ស្ត្រី ងាយរងគ្រោះពីជំងឺកាមរោគជាខ្លាំង ហើយជំងឺកាមរោគមានគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រី ប្រសិនបើមិនព្យាបាល។ ជំងឺកាមរោគខ្លះអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ លែងមានកូន បញ្ហាពាក់ព័ន្ធនឹងផ្ទៃពោះ និងសូម្បីតែការស្លាប់។ ជំងឺកាមរោគក៏អាចបណ្តាលឲ្យទារកដែលកើតពីម្តាយដែលមិនបានព្យាបាល មានបញ្ហាសុខភាពធ្ងន់ធ្ងរ និងពិការភាពមួយជីវិតទៀតផង។ ការជួយគាំទ្រដល់ស្ត្រីឲ្យមានលទ្ធភាពបង្ហាញប្រាប់ពីតម្រូវការរបស់ខ្លួន គឺជាគន្លឹះដ៏សំខាន់ដើម្បីជួយពួកគេឲ្យបង្ការជំងឺកាមរោគ។ សកម្មភាព “ប្រអប់យេនឌ័រ” និង “ការប្រាស្រ័យទាក់ទងគឺជាអំណាចមួយ” អាចជួយដល់អ្នក ក្នុងការគាំទ្រឲ្យស្ត្រីបង្ហាញប្រាប់ពីតម្រូវការរបស់ខ្លួន។ ម្យ៉ាងទៀត អ្នកក៏អាចកែសម្រួលសកម្មភាពទាំងឡាយនៅក្នុងជំពូកនេះ ដើម្បីពិភាក្សាអំពីជំងឺកាមរោគផ្សេងៗ ឬពិភាក្សាពីមេរោគអេដស៍តែមួយ។

a woman speaking.
នៅពេលខ្ញុំជជែកពីជំងឺកាមរោគជាលើកដំបូង ភាគច្រើនខ្ញុំពន្យល់អំពីគ្រោះថ្នាក់នៃការរួមភេទតាមគូថឬតាមទ្វារមាសដែលមិនប្រើមធ្យោបាយការពារ។ ខ្ញុំសង្កេតឃើញថា ពួកគេមិនសូវជាស្តាប់ខ្ញុំប៉ុន្មានទេ ហើយខ្សឹបគ្នាទៅវិញទៅមក។ បន្ទាប់មក មានស្ត្រីខ្លះបានមកសួរខ្ញុំ។ ពួកគេយកស្រោមអនាម័យដែលខ្ញុំបានចែកឲ្យ ប៉ុន្តែវាមិនមែនជាបញ្ហាសំខាន់សម្រាប់ពួកគេទេ។ អ្វីដែលពួកគេចង់ដឹងនោះគឺ គេបានឃើញបុរសម្នាក់មានដំបៅនៅលើបបូរមាត់។ ខ្ញុំគួរតែបានសួរពួកគេពីដំបូង មុននឹងចាប់ផ្តើមការប្រជុំ ថាតើពួកគេបារម្ភពីអ្វី! នោះខ្ញុំនឹងបានពន្យល់ច្រើនអំពីរោគសញ្ញានៃជំងឺកាមរោគដែលអាចមើលឃើញ។

សកម្មភាព សំណួរសម្ងាត់


ជួនកាល អ្នកចូលរួមមានអារម្មណ៍ទើសទាល់ក្នុងការសួរសំណួរអំពីជំងឺកាមរោគនៅក្នុងក្រុម។ សកម្មភាពនេះអាចជួយឲ្យពួកគាត់សួរពីបញ្ហាផ្សេងៗដែលបារម្ភ ឬមិនចង់សារភាពថាពួកគេមិនដឹងនោះ។ សកម្មភាពនេះមានលទ្ធផលល្អបំផុត ប្រសិនបើមនុស្សគ្រប់គ្នានៅក្នុងក្រុម ចេះសរសេរអក្សរ។ វាអាចអនុវត្តជាមួយក្រុមដែលមានទាំងបុរសនិងស្ត្រី ក៏ដូចជាក្រុមដែលមានតែបុរសឬស្ត្រីប៉ុណ្ណោះ។

  1. ប្រាប់ឲ្យគ្រប់គ្នាសរសេរសំណួរយ៉ាងតិចមួយ អំពីជំងឺកាមរោគ នៅលើក្រដាសតូចមួយ។ ប្រមូលក្រដាសសំណួរ ដាក់ក្នុងថង់មួយ។ គ្មាននរណាដឹងថាអ្នកណាមានសំណួរអ្វីឡើយ ហើយអ្នកក៏អាចបន្ថែមសំណួរដែលគិតថាពួកគេចង់សួរ តែមិនហ៊ានសូម្បីតែជាសំណួរសម្ងាត់ក៏ដោយ។
  2. ពិនិត្យមើលសំណួរ ហើយជ្រើសរើសឆ្លើយសំណួរមួយចំនួន។ អ្នកអាចធ្វើនៅដើមម៉ោង ឬចុងម៉ោងនៃការប្រជុំ, ឬមួយអ្នកអាចធ្វើវាជាចំណុចផ្តោតសំខាន់ក្នុងការប្រជុំទាំងមូលតែម្តង។ អ្នកក៏អាចរក្សាទុកសំណួរខ្លះសម្រាប់ការប្រជុំផ្សេងទៀតផងដែរ។ ប៉ុន្តែចូរពន្យល់ពីបំណងរបស់អ្នក ដើម្បីកុំឲ្យអ្នកចូលរួមយល់ថាអ្នកមិនយកចិត្តទុកដាក់នឹងសំណួររបស់ពួកគេ។
    a woman speaking while holding a mobile phone.
    ខ្ញុំប្រាប់ឲ្យពួកគេផ្ញើសារជាអក្សរឲ្យខ្ញុំ ឬទូរស័ព្ទសួរខ្ញុំ នៅមុនពេលការប្រជុំចាប់ផ្តើម។ ពួកគេជឿជាក់លើខ្ញុំ ថានឹងមិនបង្ហាញថានរណាសួរសំណួរអ្វីឡើយ។

  3. អាស្រ័យទៅតាមសំណួរ អ្នកអាចឆ្លើយវាដោយខ្លួនឯង ហៅនរណាម្នាក់ឲ្យឆ្លើយ ឬចាប់ផ្តើមការពិភាក្សាលើសំណួរនោះតែម្តង។ អ្នកអាចអញ្ជើញបុគ្គលិកសុខាភិបាលម្នាក់ឲ្យចូលរួមការប្រជុំ ដើម្បីជួយឆ្លើយសំណួររបស់ក្រុម។
  4. a box with a slot in the top and the word "Questions" on the side.
    ត្រៀមប្រអប់មួយដើម្បីឲ្យអ្នកចូលរួមដាក់ចូលនូវសំណួរដែលពួកគេមិនចង់សួរជាពាក្យសម្តី។ យកសំណួរពីប្រអប់ដើម្បីអាន រួចពិភាក្សានៅក្នុងការប្រជុំនីមួយ។

a woman speaking.
ខ្ញុំតែងតែរំឭកក្រុមឲ្យដឹងថា គ្មានសំណួរណាដែលត្រូវចាត់ទុកថាឆោតល្ងង់នោះទេ ហើយបើនរណាម្នាក់មានសំណួរ នោះប្រហែលជាអ្នកដទៃទៀតជាច្រើន ក៏ឆ្ងល់រឿងនោះដែរ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤