Hesperian Health Guides

ការរួមភេទដោយសុវត្ថិភាព ទាមទារការប្រាស្រ័យទាក់ទងល្អ

នៅក្នុងជំពូកនេះ ៖

ការអនុវត្តការរួមភេទដោយសុវត្ថិភាព មានន័យថា រួមភេទតាមរបៀបទាំងឡាយណាដែលបង្ការឬកាត់បន្ថយឱកាសនៃការឆ្លងជំងឺកាមរោគរវាងដៃគូ។ ជាទូទៅ វាមានន័យថា មានការប៉ះពាល់ស្បែកនៃប្រដាប់ភេទ តិចតួចបំផុត, និងមិនឲ្យទឹករំអិលពីលិង្គឬយោនី ប៉ះនឹងប្រដាប់ភេទឬមាត់របស់អ្នកឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល “ការរួមភេទដោយសុវត្ថិភាព អាចបង្កើតភាពស្រើបស្រាលដល់បុរសនិងស្ត្រី”។ ដោយសារវាទាមទារឲ្យមានមនុស្ស២នាក់ ដើម្បីអនុវត្តការរួមភេទដោយសុវត្ថិភាព នោះប្តីប្រពន្ធត្រូវតែប្រាស្រ័យទាក់ទងគ្នាឲ្យបានច្បាស់លាស់ ពីការបារម្ភរបស់ខ្លួន រួចធ្វើការព្រមព្រៀងមួយជាមួយគ្នា។ បើដៃគូម្នាក់ ចង់អនុវត្តការរួមភេទដោយសុវត្ថិភាពតាមរបៀបមួយ ប៉ុន្តែដៃគូម្នាក់ទៀតមិនចង់ ឬចង់ធ្វើតាមរបៀបផ្សេងទៀត នោះពួកគេត្រូវចរចារគ្នា។ ការចរចារក្នុងផ្លូវភេទ អាចជាការលំបាក ប៉ុន្តែអ្នកអាចរៀនពីវាបាន។

សម្រាប់ព័ត៌មានបន្ថែមអំពីជំនាញប្រាស្រ័យទាក់ទងក្នុងផ្លូវភេទជាមួយដៃគូ សូមមើល “ការប្រាស្រ័យទាក់ទងដើម្បីសម្ពន្ធមេត្រីល្អប្រសើរ”, និង “អនុវត្តការជជែកអំពីការពន្យារកំណើត”

ការរួមភេទដោយសុវត្ថិភាព អាចនឹងងាយអនុវត្តនៅពេលដែលមនុស្សជាច្រើនក្នុងសហគមន៍ កំពុងតែអនុវត្តវា។ នៅពេលដែលមនុស្សកាន់តែច្រើន ជជែកអំពីការរួមភេទដោយសុវត្ថិភាព ហើយលើកទឹកចិត្តឲ្យអ្នកដៃរៀនសូត្រនិងអនុវត្តតាម នោះការរួមភេទដោយសុវត្ថិភាព នឹងកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា។

ការទទួលយកស្រោមអនាម័យដោយបើកចំហរ

ការប្រើស្រោមអនាម័យរាល់ពេលរួមភេទ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការការឆ្លងរាលដាលនៃមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗទៀត។ ហើយបច្ចុប្បន្ន មនុស្សកាន់តែច្រើនកំពុងតែប្រើស្រោមអនាម័យ។ បុរសនិងស្ត្រីដែលកាលពីមុន មិនទទួលយកគំនិតនៃការប្រើស្រោមអនាម័យ ឥឡូវនេះកំពុងតែជជែកពីវា ទិញ និងប្រើប្រាស់វា។

បុរសស្ត្រីអាចរៀនធ្វើឲ្យស្រោមអនាម័យក្លាយជាផ្នែកធម្មតាមួយនៃការរួមភេទ ឬកាន់តែសិចស៊ីទៀតផង។ ស្ត្រីអាចរៀនពីរបៀបពាក់ស្រោមអនាម័យលើលិង្គបុរសដែលធ្វើឲ្យគាត់មានអារម្មណ៍សុខស្រួល។ ដោយសារចំណុចនេះជាអ្វីដែលស្ត្រីជាអ្នកផ្តល់ ហើយបុរសជាអ្នកទទួល នោះវាអាចជួយឲ្យបុរសទទួលយកថា ស្ត្រីមានការគ្រប់គ្រងច្រើនជាងក្នុងអំឡុងពេលរួមភេទ។ ប្រសិនបើបុរសម្នាក់ទទួលយកចំណុចនេះ នោះស្ត្រីនឹងមានអារម្មណ៍ថាអាចធ្វើអ្វីៗក្នុងរបៀបណាដែលផ្តល់ភាពស្រើបស្រាលបំផុតដល់គាត់ ហើយសម្ពន្ធផ្លូវភេទរបស់ពួកគេ កាន់តែមានភាពរីករាយ។ បុរសខ្លះអាចរក្សាភាពរឹងបានកាន់តែយូរនៅពេលប្រើស្រោមអនាម័យ ហើយស្ត្រីជាច្រើនចង់បានបែបនេះ។

មុននឹងអាចប្រើប្រាស់ស្រោមអនាម័យយ៉ាងងាយស្រួល បុរសស្ត្រីត្រូវរៀនពីរបៀបប្រើប្រាស់វា គិតពីរបៀបដែលធ្វើឲ្យវាកាន់តែរីករាយ និងជម្នះភាពអាម៉ាស់ក្នុងការប្រើស្រោម។ សកម្មភាពដែលបានរៀបរាប់ពីខាងលើ (ទំព័រ 97 ដល់ 105, និងទំព័រ 184) ក៏អាចត្រូវបានកែច្នៃដើម្បីជួយឲ្យស្ត្រីកាន់តែងាយស្រួលក្នុងការស្នើសុំឲ្យដៃគូរបស់គាត់ ប្រើស្រោមអនាម័យផងដែរ។

មានបុរសនិងស្ត្រីជាច្រើន មិនធ្លាប់ឃើញឬប៉ះស្រោមអនាម័យឡើយ។ ការសំឡឹងមើលស្រោមអនាម័យ ស្ទាបប៉ះវា ពន្លា និងទាញសន្ធឹងវា សុទ្ធតែអាចធ្វើឲ្យពួកគេស្និតនឹងវា។ ស្តាប់ទៅអាចដូចជាមិនទំនង ប៉ុន្តែការលែងកំសាន្តជាមួយស្រោមអនាម័យ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីជួយឲ្យបុរសស្ត្រី ជម្នះភាពអៀនខ្មាសចំពោះវា។

សកម្មភាព ការកំសាន្តជាមួយស្រោមអនាម័យ

ដើម្បីអនុវត្តសកម្មភាពនេះ អ្នកត្រូវការស្រោមអនាម័យជាច្រើន និងវត្ថុដែលត្រូវពាក់ស្រោមអនាម័យពីលើ។ ជាការប្រសើរគួររកវត្ថុណាដែលមានរាងដូចលិង្គ ដូចជាផ្លែចេក ឬត្រសក់ ជាដើម ឬរបស់ផ្សេងទៀតដែលមានទំហំធំដើម្បីបង្ហាញឲ្យឃើញពីភាពយឺតរបស់ស្រោមអនាម័យ។

  1. ជាដំបូង ចូរផ្តល់ស្រោមអនាម័យពីរបីដល់អ្នកចូលរួមគ្រប់គ្នា។ ប្រាប់ឲ្យពួកគេហែកកញ្ចប់មួយ យកវាចេញ រួចមើលថាតើវាមានលក្ខណៈបែបណា។ ឲ្យពួកគេពន្លារនិងទាញវា។ តើអ្នកគិតថាអាចដាក់អ្វីនៅក្នុងស្រោមនេះ?
  2. ប្រាប់ឲ្យពួកគេពាក់លើម្រាមដៃ។ តើដាក់ម្រាមដៃថែមទៀតបានដែរឬទេ? ចុះបើប្រអប់ដៃទាំងមូល?
  3. អ្នកក៏អាចឲ្យពួកគេប្រកួតគ្នាផងដែរ ថាតើគេអាចដាក់ផ្លែឈើឬវត្ថុផ្សេងៗទៅក្នុងស្រោមអនាម័យបានចំនួនប៉ុន្មាន។ វានឹងធ្វើឲ្យពួកគេសើចផងដែរ ដែលធ្វើឲ្យសកម្មភាពនេះកាន់តែរីករាយ។

    ដាក់ផ្លែឪឡឹកបញ្ចូលក្នុងស្រោមអនាម័យ ឬពាក់ក្បាលនរណាម្នាក់ចូល ដើម្បីបង្ហាញថាកម្រនឹងមានបុរសណាម្នាក់ដែលពាក់ស្រោមអនាម័យមិនចូលនោះឡើយ។ ទោះជាយ៉ាងនេះក្តី ស្រោមអនាម័យខ្លះ ធំជាងស្រោមខ្លះទៀត។ ពួកគេក៏អាចផ្លុំវាដូចប៉ឺតប៉ោងបានដែរ ដើម្បីមើលថាតើវាអាចរីកធំប៉ុនណា។
  4. a group of women playing with condoms.
    អ្នកអាចបង្ហាញពីរបៀបពាក់ស្រោមអនាម័យយ៉ាងត្រឹមត្រូវ ដោយប្រើប្រាស់ផ្លែចែក (ឬវត្ថុស្រដៀងផ្សេងទៀត)។ ឲ្យពួកគេសាកល្បងដោយខ្លួនឯង។ ឲ្យពួកគេប្រកួតគ្នាថាតើនរណាគេពាក់បានលឿនជាងគេ, ឬឲ្យពាក់ស្រោមដោយប្រើដៃតែមួយ, ពាក់ដោយបិទភ្នែក, ឬប្រើមាត់ដើម្បីពាក់។
  5. លើកទឹកចិត្តឲ្យពួកគេលេងសប្បាយប្លែកៗជាមួយស្រោមអនាម័យ។ ក្នុងពេលដែលពួកគេកំពុងលេង អ្នកអាចពន្យល់ពី របៀបប្រើប្រាស់ស្រោមអនាម័យឲ្យមានប្រសិទ្ធភាពបំផុត

    អ្នកក៏អាចសួរពួកគេផងដែរ ថាតើបារម្ភពីអ្វីខ្លះនៅពេលប្រើស្រោមអនាម័យ រួចអះអាងបញ្ជាក់ថាពួកគេអាចប្រើស្រោមអនាម័យប្រកបដោយសុវត្ថិភាព។ អ្នកក៏អាចពន្យល់ដែរថា ស្រោមអនាម័យមិនសូវមានប្រសិទ្ធភាពក្នុងការបង្ការជំងឺកាមរោគណាដែលបង្កឲ្យមានដំដៅ ដូចជាអ៊ែប៉េស ជំងឺស្វាយ និងមេរោគ HPV, លើកលែងតែពាក់គ្របជិតពីលើដំបៅទាំងនោះ។

    អ្នកក៏អាចកំសាន្តជាមួយស្រោមអនាម័យស្ត្រីផងដែរ។ ស្ត្រីនឹងអាចប្រើស្រោមអនាម័យស្ត្រីដោយងាយបាន ប្រសិនបើគាត់អាចអនុវត្តម្នាក់ឯងជាមុនសិន។ បន្ទាប់ពីដាក់ស្រោមអនាម័យពីរបីលើក នោះវានឹងលំបាកសម្រាប់គាត់ទៀតទេ នៅពេលដែលគាត់ចង់រួមភេទ។

1 woman speaking in a group of 3; another woman answers.
ប្តីខ្ញុំនិយាយថាពាក់ស្រោមមិនមានអារម្មណ៍ស្រួលទេ។
អ្នកអាចនិយាយថា គាត់នឹងទប់បានយូរ ហើយធ្វើឲ្យមានអារម្មណ៍ល្អទាំង២នាក់។

ដាក់ទឹករំអិលមួយតំណក់ទៅក្នុងស្រោម មុនពេលរលាវា នឹងធ្វើឲ្យស្រួលពាក់។ ព័ត៌មានសំខាន់ៗអំពីស្រោមអនាម័យ

  • គួរទុកស្រោមអនាម័យនៅទីកន្លែងត្រជាក់ស្ងួត ហើយប្រើប្រាស់វាមុនថ្ងៃផុតកំណត់។ បន្ទាប់ពីថ្ងៃផុតកំណត់ទៅ វាងាយនឹងរហែកឬធ្លាយនៅពេលប្រើ។
  • កុំដាក់ស្រោមអនាម័យក្នុងហោប៉ៅខោ ឬកន្លែងដែលក្តៅឧណ្ហៗ ព្រោះវានឹងងាយធ្លាយ។
  • មានតែទឹកមាត់ ឬទឹករំអិលដែលផលិតពីទឹកទេ ដែលអាចប្រើជាមួយនឹងស្រោមអនាម័យប្រកបដោយសុវត្ថិភាព។ ប្រេង ប៊ឺរ វ៉ាសាលីន ធ្វើឲ្យខូចស្រោមអនាម័យ និងធ្វើឲ្យងាយរហែក។
  • ស្រោមអនាម័យកាន់តែងាយស្រួលប្រើជាមួយស្ត្រី ហើយនិងមិនងាយរហែក ប្រសិនបើទ្វារមាសស្ត្រីសើមជាមុន។ សម្រាប់ការរួមភេទតាមរន្ធគូថ ទឹករំអិល(ផលិតពីទឹក) មានសារសំខាន់ណាស់។
  • ស្រោមអនាម័យស្ត្រី មានទំហំធំជាងស្រោមអនាម័យបុរស ហើយវាមិនងាយធ្លាយទេ។ មិនគួរប្រើស្រោមអនាម័យស្ត្រី ជាមួយគ្នានឹងស្រោមអនាម័យបុរសទេ។


សម្រាប់សេចក្តីណែនាំអំពីការប្រើប្រាស់ស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រី សូមមើលសៀវភៅ ”ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត”

HAW Ch5-Page 132-2.png
ស្រោមអនាម័យសម្រាប់បុរស ស្រោមអនាម័យសម្រាប់ស្ត្រី HAW Ch5-Page 132-3.png

ការកែប្រែ គឺជាដំណើរការមួយ

ដើម្បីកែប្រែទង្វើនិងការប្រាស្រ័យទាក់ទងរបស់យើងក្នុងសម្ពន្ធផ្លូវភេទ វាទាមទារលើសពីការយល់ដឹងពីការឆ្លងរាលដាលនៃជំងឺកាមរោគ និងពីរបៀបដែលវាបង្កគ្រោះថ្នាក់ដល់សុខភាពទៅទៀត។ យើងក៏ត្រូវតែកែប្រែទម្លាប់យូរអង្វែងរបស់យើងផងដែរ។ ប៉ុន្តែស្ត្រីនិងបុរសគ្រប់វ័យ និងក្នុងសម្ពន្ធគ្រប់ប្រភេទ ពិតជាបានកែប្រែ ហើយអនុវត្តការរួមភេទដោយសុវត្ថិភាព ប្រាកដមែន។

ការកែប្រែឥរិយាបថ គឺជាដំណើរការដ៏វែងឆ្ងាយមួយ។ ជាការប្រសើរ គួរតែចាប់ផ្តើមដោយការពិចារណាអំពីគោលដៅដែលចង់បាន ដែលក្នុងករណីនេះ គឺការរួមភេទដោយសុវត្ថិភាព។ បន្ទាប់មក ត្រិះរិះអំពីជំហានបន្តបន្ទាប់ដែលចាំបាច់ក្នុងការផ្លាស់ប្តូរ។ ការស្វែងរកមធ្យោបាយដើម្បីសម្គាល់វឌ្ឍនភាព និងដើម្បីមើលឃើញជំហាននានាឆ្ពោះទៅកាន់ការកែប្រែ អាចជួយឲ្យយើងមានអារម្មណ៍ថា ការផ្លាស់ប្តូរ ពិតជាអាចកើតឡើងបាន។

ការផ្លាស់ប្តូរឥរិយាបថភាគច្រើន ទាមទារដំណាក់កាល ៤យ៉ាង។ ដំបូង មនុស្សគិតអំពីការកែប្រែឥរិយាបថរបស់ខ្លួន បន្ទាប់មកត្រិះរិះពីជម្រើសដែលមាន។ បន្ទាប់មក ពួកគេអាចនឹងទទួលយកភាពចាំបាច់នៃការផ្លាស់ប្តូរ ហើយសម្រេចចិត្តលើគោលដៅមួយ។ បន្ទាប់មកពួកគេព្យាយាមធ្វើការផ្លាស់ប្តូរ និងពង្រឹងការផ្លាស់ប្តូរ តាមរយៈការធ្វើការងារទាំងឡាយដែលធ្វើឲ្យខ្លួនរីករាយជាមួយការសម្រេចចិត្តរបស់ខ្លួន។ ចូរចាំថា ដំណើរការនៃការបង្កើតការផ្លាស់ប្តូរ មិនមែនតែងតែអាចរកគោលដៅយ៉ាងងាយស្រួលទេ។ ជួនកាល ពួកគេអាចនឹងដើរថយក្រោយ ឬជាប់គាំង។ ចូរជំរុញទឹកចិត្តពួកគេជានិច្ច។ ការដែលអាចកំណត់គោលដៅក្នុងជំហានដំបូង គឺជាសមិទ្ធិផលដ៏ធំធេងមួយ!

a woman pointing to a blackboard that shows the 4 stages of change.
គោលដៅ ៖ ប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូរួមភេទ
1. ពិចារណាអំពីការផ្លាស់ប្តូរ
បារម្ភពីសុខភាព។ ជជែកជាមួយបុគ្គលិកសុខាភិបាលដើម្បីស្វែងយល់បន្ថែម។
2. ទទួលយកភាពចាំបាច់នៃការផ្លាស់ប្តូរ
សម្រេចចិត្តប្រើស្រោមអនាម័យ។ អនុវត្តការស្នើសុំដៃគូឲ្យប្រើស្រោម។
3. ព្យាយាមធ្វើការផ្លាស់ប្តូរ
ជជែកជាមួយដៃគូ និងចាប់ផ្តើមចរចារអំពីការផ្លាស់ប្តូរ។ សាកល្បងប្រើស្រោមអនាម័យប្រភេទផ្សេង។
4. ពង្រឹងការផ្លាស់ប្តូរ⁣
លើកទឹកចិត្តគ្នាទៅវិញទៅមកពីការប្រើប្រាស់ស្រោមអនាម័យ។⁣⁣ រីករាយនឹងជំហានដែលបានធ្វើ។⁣




ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨