Hesperian Health Guides
យុទ្ធសាស្ត្រសហគមន៍សម្រាប់ការបង្ការជំងឺកាមរោគ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៥ ៖ ការបង្ការជំងឺកាមរោគ > យុទ្ធសាស្ត្រសហគមន៍សម្រាប់ការបង្ការជំងឺកាមរោគ
មាតិកា
ការគូសផែនទីសហគមន៍នៃធនធានសុខភាពផ្លូវភេទ និងគ្រោះថ្នាក់
ការគូសផែនទីសហគមន៍ គឺជាសកម្មភាពមួយដែលក្រុមអាចរកឃើញនិងចែករំលែកព័ត៌មានអំពីធនធានសុខភាពផ្លូវភេទ។ ផែនទីនោះអាច មានដូចជាកន្លែងផ្តល់ជូនស្រោមអនាម័យ កន្លែងផ្តល់សេវាធ្វើតេស្ត៍ជំងឺកាមរោគ កន្លែងផ្តល់ព័ត៌មានអំពីជំងឺកាមរោគ ដូចជារង្គសាលឬកន្លែងដែលមនុស្សទិញដូរភេទ។ សម្រាប់ឧទាហរណ៍នៃ ការគូសផែនទីសហគមន៍ សូមមើល ការគូសផែនទីទៅកាន់មាតុភាពគ្មានគ្រោះថ្នាក់។
សកម្មភាព
ការស្វែងរកកំណប់នៅក្នុងសហគមន៍ ដើម្បីបង្ការជំងឺកាមរោគ
ប្រជាជនប្រហែលជាមិនដឹងពីធនធានទាំងអស់ដែលមាននៅក្នុងសហគមន៍របស់ខ្លួន ដែលអាចជួយបង្ការការឆ្លងរាលដាល នៃជំងឺកាមរោគទេ។ អ្នកអាចបង្កើតល្បែងស្វែងរកកំណប់មួយ ដើម្បីជួយក្រុមឲ្យរុករកធនធានដែលមានស្រាប់ ព្រមទាំង ធនធានដែលអាចច្នៃឲ្យប្រើការបាន។ អ្នកអាចកែសម្រួលសកម្មភាពនេះដើម្បីផ្តោតទៅលើកំណប់(ធនធាន) សម្រាប់ក្រុមងាយរងគ្រោះវិញ ដូចជាក្មេងស្រីជំទង់ ស្ត្រីចំណាកស្រុក ឬស្ត្រីរកស៊ីផ្លូវភេទ។ (អ្នកក៏អាចកែសម្រួលសកម្មភាពនេះ ទៅតាមប្រធានបទដទៃទៀតក្នុងសៀវភៅនេះផងដែរ)។
- ពន្យល់ទៅក្រុមថានេះគឺជាការប្រកួតប្រជែងដើម្បីរុករកកំណប់នៅក្នុងសហគមន៍ ឲ្យបានច្រើនបំផុត ដែលអាចគាំទ្រដល់ការបង្ការជំងឺកាមរោគ។ ក្រុមដែលរកឃើញធនធានច្រើនជាងគេ ជាក្រុមដែលឈ្នះ។
- បំបែកអ្នកចូលរួមជាក្រុមៗ រួចប្រាប់ពួកគេឲ្យស្រមៃពីធនធានឬសេវានានាដែលប្រជាជនត្រូវការ ដើម្បីបង្ការជំងឺកាមរោគ ព្រមទាំងទីកន្លែងដែលអាចរកបានធនធានទាំងនោះ។ ធនធានទាំងនោះ អាចមានដូចជា មនុស្ស ក្រុម អង្គការ សាលារៀន កន្លែងធ្វើការ ផ្សារ ឱសថស្ថាន ចំណតរថយន្ត និងកន្លែងហាត់ប្រាណសាធារណៈ។ ប្រសិនបើអាច ចូរលើកទឹកចិត្តក្រុមឲ្យទៅមើលកន្លែងទាំងនោះនៅក្នុងសហគមន៍ រួចផ្តល់ព័ត៌មាននៅពេលប្រជុំលើកក្រោយ។
- ឲ្យក្រុមទាំងអស់ចូលរួមគ្នាវិញដើម្បីចែករំលែកពីអ្វីដែលពួកគេបានរកឃើញ បន្ទាប់មកបោះឆ្នោតជ្រើសរើសក្រុមដែលរកឃើញកំណប់ច្រើនជាងគេ, ពួកគេជាអ្នកឈ្នះ!
- ពិភាក្សាពីធនធានទាំងឡាយដែលបានរកឃើញទាំងអស់គ្នា បន្ទាប់មកជជែកអំពីចន្លោះប្រហោង។ សួរក្រុមថា ៖ តើនៅកន្លែងណាក្នុងសហគមន៍ ដែលផ្តល់ការបង្ការនិងព្យាបាលជំងឺកាមរោគ? តើមានចន្លោះប្រហោងនៅកន្លែងណាខ្លះ? តើមានក្រុមមនុស្សណាមួយ មិនទទួលបានធនធានដែលមានស្រាប់នេះ មិនពេញលេញឬទេ? សួរក្រុមឲ្យគិតពិចារណាពីមធ្យោបាយផ្សេងៗក្នុងការបង្កើតធនធានថ្មីៗដើម្បីបំពេញលើចន្លោះប្រហោងទាំងនោះ។ (ការពិភាក្សានេះអាចឈានទៅដល់ការបង្កើតផែនការសកម្មភាព)។
ការផ្តល់អំណាចដល់គ្រប់ផ្នែកនៃជីវិតរបស់ស្ត្រី
សហគមន៍ខ្លះកំពុងតែរួមបញ្ចូលគ្នានូវសកម្មភាពបង្ការជំងឺកាមរោគ ជាមួយនឹងការបណ្តុះបណ្តាលផ្នែកយេនឌ័រ និងការគាំទ្រផ្នែកសង្គមនិងសេដ្ឋកិច្ចសម្រាប់ស្ត្រី ពីព្រោះពួកគេមើលឃើញថា បញ្ហាទាំងនេះច្រើនតែជាប់ប្រទាក់គ្នានៅក្នុងជីវិតរបស់ស្ត្រី។ ការធ្វើការងារតែលើផ្នែកណាមួយ គឺមិនគ្រប់គ្រាន់ដើម្បីកែលម្អស្ថានភាពឡើយ។
គម្រោង “បងប្អូនស្រីមួយជីវិត” ជួយឲ្យស្ត្រីមានជីវិតល្អប្រសើរ
គម្រោងមីក្រូហិរញ្ញវត្ថុ “បងប្អូនស្រីមួយជីវិត” នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជួយស្ត្រីឲ្យប្រកបមុខរបរផ្ទាល់ខ្លួន និងកាន់តែអាចពឹងផ្អែកលើខ្លួនឯងបាន។ គម្រោងក៏មានសកម្មភាពដើម្បីបញ្ឈប់ហិង្សាផ្នែកយេនឌ័រ និងការពារស្ត្រីពីជំងឺកាមរោគផងដែរ។ ស្ត្រីដែលបានទទួលប្រាក់កម្ចី ត្រូវបានរៀ់បចំបែងចែកជាក្រុមៗដែលមានគ្នា ៥នាក់, ហើយក្រុមនីមួយៗជួបជុំគ្នារៀងរាល់ ២សប្តាហ៍ដើម្បីពិភាក្សាពីបញ្ហាហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ និងពីសារសំខាន់នៃការរួមភេទដោយសុវត្ថិភាព ដូចជាការប្រើប្រាស់ស្រោមអនាម័យជាដើម។ ហើយពួកគេអនុវត្តជាមួយគ្នា ពីរបៀបធ្វើការពិភាក្សាលើបញ្ហាទាំងនេះជាមួយដៃគូរបស់ខ្លួន។
បន្ទាប់ពីវគ្គពិភាក្សាមួយរយៈមក ក្រុមនីមួយៗជ្រើសរើសប្រធានក្រុមម្នាក់។ ប្រធានក្រុមទាំងនេះ ជួបជាមួយមនុស្សចាស់ៗនិងជនសំខាន់ៗដទៃទៀតក្នុងសហគមន៍ ដើម្បីសុំឲ្យជួយរៀបចំសិក្ខាសាលានិងការប្រជុំនៅក្នុងភូមិ ដើម្បីពិភាក្សាពីអំពើហិង្សាក្នុងគ្រួសារ និងការរំលោភផ្លូវភេទ។ ស្ត្រីក៏រៀបចំដង្ហែរក្បួនផងដែរ អំពីមេរោគអេដស៍និងជំងឺកាមរោគ និងអំពីការរំលោភផ្លូវភេទ និងបទឧក្រិដ្ឋក្នុងសហគមន៍។ ការប្រជុំនិងព្រឹត្តិការណ៍សាធារណៈទាំងនេះ មានន័យថាស្ត្រីមិនត្រូវបានទុកចោលឲ្យតតាំងជាមួយដៃគូរបស់គាត់ដោយផ្ទាល់នោះទេ ប៉ុន្តែគាត់អាចនិយាយជាសាធារណៈ ដោយមានការគាំទ្រពីសហគមន៍។
គម្រោងនេះមានជោគជ័យយ៉ាងខ្លាំង។ ស្ត្រីភាគច្រើននៃគម្រោង “បងប្អូនស្រីមួយជីវិត” បានបង្កើតមុខជំនួញ សងបំណុលរបស់ខ្លួន និងទទួលបានភាពជឿជាក់លើខ្លួនឯង។ ស្ត្រីរកប្រាក់ចូលក្នុងផ្ទះ ហើយលែងមានអារម្មណ៍ថាពួកគាត់ត្រូវតែយល់ព្រមគ្រប់យ៉ាងជាមួយប្តីទៀតហើយ។ គម្រោងបានជួយជាពិសេសដល់ស្ត្រីវ័យក្មេង ពីរបៀបចរចារជាមួយដៃគូដើម្បីទទួលបានសុវត្ថិភាពពីការរួមភេទ។
ការបញ្ចប់ស្លាកស្នាមទុរយស និងជំនឿគ្រោះថ្នាក់អំពីជំងឺកាមរោគ
ភាពអាម៉ាស់និងស្លាកស្នាមទុរយស គឺជាឧបសគ្គដ៏ចម្បងក្នុងការបង្ការជំងឺកាមរោគ។ នៅពេលស្ត្រីម្នាក់ត្រូវបានធ្វើឲ្យអាម៉ាស់នឹងចំណូលចិត្តផ្លូវភេទរបស់ខ្លួន នោះគាត់កាន់តែពិបាកមិនហ៊ានសុំដៃគូរបស់គាត់ឲ្យប្រើស្រោមអនាម័យទៅទៀត ឬសុំឲ្យសាកល្បងរបៀបថ្មីដែលមានសុវត្ថិភាព។ នៅពេលបុរសដែលរួមភេទជាមួយបុរស ត្រូវបានធ្វើឲ្យមានស្លាកស្នាមទុរយស ពួកគេលាក់ពីចំណូលចិត្តផ្លូវភេទរបស់ខ្លួន ហើយទទួលបានការគាំទ្រតិចតួចលើការរួមភេទដោយសុវត្ថិភាព។ ស្ត្រីដែលរួមភេទជាមួយស្ត្រី ក៏ប្រឈមនឹងស្លាកស្លាមទុរយសនៅក្នុងសហគមន៍ផងដែរ។ ទោះបីជាការរួមភេទរបស់ពួកគេ មិនសូវមានប្រឈមខ្ពស់នឹងការឆ្លងជំងឺកាមរោគក៏ដោយ បើពួកគាត់ត្រូវបង្ខំឲ្យលាក់បាំងចំណូលចិត្តផ្លូវភេទរបស់ខ្លួន នោះពួកគេនឹងមិនមានឱកាសស្វែងយល់ថាត្រូវបន្ថយការប៉ះពាល់លើទឹករំអិល ព្រមទាំងពីរបៀបរួមភេទផ្សេងៗទៀតដែលមានសុវត្ថិភាព។
នៅពេលដែលប្រភេទស្លាកស្នាមកាន់តែច្រើន ត្រូវបានទម្លាក់ទៅលើស្ត្រី និងក្រុមស្រឡាញ់ភេទដូចគ្នា, ដូចជាពិការភាព ការរកស៊ីផ្លូវភេទ ការប្រើម្ជុលចាក់ថ្នាំញៀន ការមានស្បែកខ្មៅ ឬមានឋានៈទាប, នោះសហគមន៍នឹងកាន់តែពិបាកថែមទៀតក្នុងការបង្ការជំងឺកាមរោគ។
ជួយក្មេងជំទង់ឲ្យការពារខ្លួនពីជំងឺកាមរោគ
មេរោគអេដស៍និងជំងឺកាមរោគដទៃទៀត គឺជាបញ្ហាដ៏ធ្ងន់ធ្ងរនិងកំពុងរាលដាលសម្រាប់ជនវ័យក្មេង ជាពិសេសស្ត្រីវ័យក្មេង។ ជនវ័យក្មេងជាច្រើន ជ្រើសរើសមិត្តភក្តិរបស់ខ្លួនដើម្បីពិភាក្សាពីគុណតម្លៃ ផែនការ និងជម្រើសរបស់ខ្លួន។ នៅសហគមន៍ជាច្រើន ជាពិសេសសហគមន៍ដែលរងការប៉ះពាល់ដោយមេរោគអេដស៍ ជនវ័យក្មេងប្រហែលជាមិនអាចពឹងផ្អែកលើក្រុមគ្រួសារដើម្បីទទួលបានការគាំទ្រនោះទេ។
កម្មវិធីទាំងឡាយដែលមានផ្តល់ជូនកន្លែងជួបជុំសម្រាប់ជនវ័យក្មេង អាចជួយបញ្ហានេះបាន។ ក្រៅពីផ្តល់ជូនព័ត៌មានសុខភាព និងការអប់រំផ្លូវភេទ ពួកគេអាចជួយជនវ័យក្មេងឲ្យអភិវឌ្ឍជំនាញផ្សេងៗ ដូចជាមធ្យោបាយរកនិងគ្រប់គ្រងប្រាក់ ការប្រើប្រាស់សេវាសាធារណៈ និងអនុវត្តន៍ការការពារខ្លួន។ ពួកគេក៏អាចជួយមនុស្សវ័យក្មេងឲ្យរៀនអំពីសិទ្ធិស្របច្បាប់របស់ខ្លួន និងពីអ្វីដែលគួរធ្វើនៅពេលគេបំពានលើសិទ្ធិរបស់គាត់។ យុវជនដែលមានទំនាក់ទំនងជាមួយមនុស្សពេញវ័យដែលយកចិត្តទុកដាក់ អាចមានលទ្ធភាពប្រសើរក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ ប្រាក់ឈ្នួលសាលារៀន អាហារ និងការជ្រោមជ្រែងក្នុងការប្រឈមជាមួយស្ថានភាពជំងឺរបស់ក្រុមគ្រួសារ។ ពួកគេនឹងមិនងាយលក់ភេទដើម្បីប្រាក់ ឬផ្លាស់ប្តូរឥរិយាបថដ៏គ្រោះថ្នាក់នោះទេ។
សារព័ត៌មាន Straight Talk នៅក្នុងប្រទេសអ៊ុយហ្កានដា ចុះផ្សាយពីសុខភាពផ្លូវភេទ
សារព័ត៌មាន Straight Talk បានចាប់ដំណើរការនៅប្រទេសអ៊ុយហ្កាន់ដា ក្នុងឆ្នាំ១៩៩៣ ជាកាសែតដែលចែកជូនឥតគិតថ្លៃ ដែលសរសេរសម្រាប់ស្ត្រីនិងបុរសវ័យក្មេង អាយុពី ១៥-២៤ឆ្នាំ។ គោលបំណងសំខាន់របស់កាសែតនេះ គឺដើម្បីផ្តល់ព័ត៌មានអំពីសុខភាពផ្លូវភេទ បំណិនជីវិត និងសិទ្ធិរបស់កុមារនិងក្មេងជំទង់។ កាសែតនេះទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ហើយបន្ទាប់មកសារព័ត៌មានទី២ ដែលមានឈ្មោះថា Young Talk ត្រូវបានចាប់ផ្តើមសម្រាប់ក្មេងជំទង់អាយុពី ១០-១៤ឆ្នាំ។ បន្ទាប់មក នៅឆ្នាំ១៩៩៩ កម្មវិធីវិទ្យុ “Straight Talk” ដែលមានរយៈពេល ៣០នាទី ក៏បានចាប់ផ្តើមផ្សាយ។ បច្ចុប្បន្នកម្មវិធីវិទ្យុនេះ ផ្សាយទូទាំងប្រទេស។
សារព័ត៌មាននិងកម្មវិធីវិទ្យុ Straight Talk ត្រូវបានផលិតចេញជាច្រើនភាសា រួមទាំងភាសាអង់គ្លេសផងដែរ។ Straight Talk និង Young Talk ក៏មានផលិតជាភាសា Braille (ភាសាសម្រាប់ជនពិការភ្នែក) ទៀតផង។
ដើម្បីជំរុញឲ្យជនវ័យក្មេងចូលរួម សារព័ត៌មាន Straight Talk បានបង្កើតជាក្លិបនៅតាមសាលារៀននិងសហគមន៍។ ជនវ័យក្មេងជាច្រើន សរសេរសំបុត្រទៅកាសែត Straight Talk ជារៀងរាល់ថ្ងៃ, ហើយសំណួរ មតិយោបល់ សាច់រឿង និងការបារម្ភរបស់ពួកគេ ត្រូវបានជ្រើសរើសចុះផ្សាយគ្រប់លេខ។ កាសែតក៏មានផ្តល់រង្វាន់ផងដែរ ដើម្បីលើកទឹកចិត្តឲ្យមានការសរសេរសំបុត្រចូល។ សាលារៀនខ្លះឈ្នះរង្វាន់បាល់ទាត់ បន្ទាប់ពីបានផ្ញើសំបុត្រក្នុងមួយសប្តាហ៍ ទៅកាន់កាសែតបានច្រើនជាងគេ។
កាសែតនេះហាក់ដូចជាទស្សនាវដ្តីផ្តល់ដំបូន្មានដ៏ធំមួយ មានចម្លើយជាច្រើនដែលមានប្រយោជន៍។ វាមានរូបថតរបស់មនុស្សវ័យក្មេង គំនូរ និងដំបូន្មានល្អៗជាច្រើនទៀត។ ឧទាហរណ៍៖ “ចូរជឿជាក់លើខ្លួនឯង៖ ការខ្វាយខ្វល់ពីអ្វីដែលអ្នកដទៃគិតចំពោះអ្នក ធ្វើឲ្យកែប្រែអ្វីដែលអ្នកគិតចំពោះខ្លួនឯង។
កម្មវិធីនៅសាសារៀនក្នុងប្រទេសកូឡុំប៊ី លើកកម្ពស់សុខភាពផ្លូវភេទ
ជនវ័យក្មេងចាំបាច់រៀនពីសុខភាពផ្លូវភេទ ប៉ុន្តែពួកគេក៏ត្រូវការសេវាសុខភាពដែលអនុញ្ញាតឲ្យពួកគេធ្វើការសម្រេចចិត្តដើម្បីបង្ការជំងឺកាមរោគ និងការមានផ្ទៃពោះមិនចង់បានផងដែរ។ ការមានគ្លីនិកនៅក្បែរសាលារៀន ធ្វើឲ្យសិស្សទទួលបានជំនួយដែលពួកគេត្រូវការ។
នៅទីក្រុងបូកូតា នៃប្រទេសកូឡុំប៊ី ក្រុមការងារពីសាលាឯកជននិងរដ្ឋមួយក្រុម បានធ្វើការងារជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានឈ្មោះថា PROFAMILIA ដើម្បីបង្កើតកម្មវិធីសិក្សាដែលបង្រៀនយុវជននិងមនុស្សពេញវ័យអំពីចំណូលចិត្តផ្លូវភេទ សុខភាពផ្លូវភេទ និងវិធីបង្ការផ្ទៃពោះនិងជំងឺកាមរោគ។ ជនវ័យក្មេងអាចពិគ្រោះជាមួយអ្នកប្រឹក្សាសុខភាពផ្លូវភេទ ដើម្បីសួរសំណួរនានា ដោយមិនភ័យខ្លាចពីការរើសអើងលើពួកគេឡើយ។ កម្មវិធីក៏មាន ទិវាសុខភាព ជាប្រចាំ ដែលសិស្សអាចទទួលការពិនិត្យសុខភាពជាសម្ងាត់ និងក៏អាចទទួលសេវាពន្យារកំណើតផងដែរបើត្រូវការ។
មុនដំបូង មនុស្សមួយចំនួនក្នុងសហគមន៍ជំទាស់ជាខ្លាំងទៅនឹងការផ្តល់ព័ត៌មាននិងសេវាអំពីសុខភាពផ្លូវភេទ ទៅដល់មនុស្សវ័យក្មេង។ អង្គការ PROFAMILIA បានជួបជាមួយសមាជិកសហគមន៍ ដើម្បីចែករំលែកព័ត៌មានអំពីចំនួនខ្ពស់នៃការមានផ្ទៃពោះនិងជំងឺកាមរោគ នៅក្នុងចំណោមសិស្សសាលានិងក្មេងជំទង់ផ្សេងទៀត។ ព័ត៌មានទាំងនេះបានជួយផ្លាស់ប្តូរគំនិតរបស់សមាជិកសហគមន៍។ ឪពុកម្តាយនិងគ្រូបង្រៀន ចង់ឲ្យមនុស្សវ័យក្មេងមានសុវត្ថិភាព ដូច្នេះពួកគេមានឆន្ទៈក្នុងការគាំទ្រកម្មវិធីនេះ ដើម្បីបង្ការការមានផ្ទៃពោះនិងជំងឺកាមរោគ។ ម្យ៉ាងទៀត កម្មវិធីនេះមានរួមបញ្ចូលឪពុកម្តាយនិងគ្រូបង្រៀន ដូច្នេះគ្រប់គ្នាអាចស្វែងយល់ពីបញ្ហាសុខភាពផ្លូវភេទ និងពីរបៀបជជែកគ្នាលើបញ្ហានេះ។
ភាពជោគជ័យរបស់កម្មវិធីនៃអង្គការ PROFAMILIA មួយផ្នែកក៏ដោយសារកម្មវិធីបានបណ្តុះបណ្តាលជនវ័យក្មេង ជាអ្នកអប់រំសុខភាពផ្លូវភេទ ហើយពួកគេក៏បានចូលរួមធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងកម្មវិធីនិងសេវារបស់គ្លីនិកផងដែរ។ តាមរយៈការបង្កើតភាពជាដៃគូជាមួយសាលារៀន ក្រុមការងារក្នុងសហគមន៍ មណ្ឌលសុខភាព និងរដ្ឋាភិបាល, កម្មវិធីនេះមានលទ្ធភាពទទួលបានមូលនីធិនិងធនធានចាំបាច់ដើម្បីបន្តកិច្ចការក្នុងរយៈពេលយូរ។