Hesperian Health Guides
កងដាក់ក្រោមស្បែក និងថ្នាំចាក់ពន្យារកំណើត
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ផែនការគ្រួសារ > កងដាក់ក្រោមស្បែក និងថ្នាំចាក់ពន្យារកំណើត
មាតិកា
របៀបប្រើប្រាស់កងដាក់ក្រោមស្បែកឬថ្នាំចាក់ពន្យារកំណើត
កងដាក់ក្រោមស្បែក គឺជាបំពង់ប្លាស្ទិកតូចមួយដែលបុគ្គលិកសុខាភិបាលដាក់វាទៅក្រោមស្បែកផ្នែកខាងក្នុងនៃដើមដៃរបស់ស្ត្រី។ វាបង្ការមិនឲ្យមានផ្ទៃពោះរយៈពេល ៣ទៅ៥ឆ្នាំ អាស្រ័យលើប្រភេទនៃកងដាក់ក្រោមស្បែក។
ថ្នាំចាក់ពន្យារកំណើតត្រូវបានផ្តល់ដោយបុគ្គលិកសុខាភិបាល មួយដងរៀងរាល់ ១, ២, ឬ៣ខែ អាស្រ័យលើប្រភេទនៃថ្នាំចាក់។
កងដាក់ក្រោមស្បែក និងថ្នាំចាក់ពន្យារកំណើត ងាយនឹងរក្សាភាពឯកជន ហើយស្ត្រីមិនចាំបាច់ត្រូវចងចាំថាលេបថ្នាំរៀងរាល់ថ្ងៃនោះទេ។ កងដាក់ក្រោមស្បែកទាំងអស់និងថ្នាំចាក់ខ្លះ គឺមានតែអ័រម៉ូនប្រូសេស្ទីនប៉ុណ្ណោះ។ ថ្នាំចាក់មួយប្រភេទ (ថ្នាំចាក់ប្រចាំខែ) មានទាំងអ័រម៉ូនប្រូសេស្ទីននិងអេស្ត្រូហ្សែន, ដូច្នេះស្ត្រីដែល មិនអាចប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ មិនគួរប្រើថ្នាំចាក់ប្រភេទនេះទេ។ ស្ត្រីអាចសម្រេចចិត្តឈប់ប្រើថ្នាំចាក់ ឬដោះកងដាក់ក្រោមស្បែកចេញ បានគ្រប់ពេល ប្រសិនបើគាត់ចង់មានផ្ទៃពោះ។ ទាំងកងដាក់ក្រោមស្បែកនិងថ្នាំចាក់ពន្យារកំណើត គឺមិនអាចបង្ការជំងឺកាមរោគបានទេ រួមទាំងមេរោគអេដស៍ផងដែរ។
ផលរំខានដែលអាចកើតមាននៃកងដាក់ក្រោមស្បែកនិងថ្នាំចាក់ពន្យារកំណើត
ថ្នាំចាក់ប្រចាំខែអាចមានផលរំខានស្រដៀងគ្នានឹង ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ដែរ។ កងដាក់ក្រោមស្បែកនិងថ្នាំចាក់ដែលមានតែប្រូសេស្ទីន មានផលរំខានដូចគ្នានឹង ថ្នាំគ្រាប់តូចដែលមានតែប្រូសេស្ទីន ដែរ។
ថ្នាំពេទ្យដែលប្រតិកម្មជាមួយកងដាក់ក្រោមស្បែកនិងថ្នាំចាក់ពន្យារកំណើត
ថ្នាំ Rifampicin (ថ្នាំជំងឺរបេង) និងថ្នាំជំងឺឆ្កួតជ្រូកខ្លះ ធ្វើឲ្យកងដាក់ក្រោមស្បែកនិងថ្នាំចាក់ពន្យារកំណើត មិនសូវមានប្រសិទ្ធភាព។ បើអ្នកលេបថ្នាំទាំងនេះ ចូរប្រើមធ្យោបាយផែនការគ្រួសារផ្សេងវិញ។ ស្ត្រីដែលប្រើអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម អាចនឹងត្រូវកែសម្រួលដូសអាំងស៊ុយលីន បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់កងដាក់ក្រោមស្បែកឬថ្នាំចាក់ពន្យារកំណើត។
ការបញ្ចប់កងដាក់ក្រោមស្បែកឬថ្នាំចាក់ពន្យារកំណើត
ដើម្បីបញ្ឈប់ការប្រើប្រាស់កងដាក់ក្រោមស្បែក អ្នកត្រូវឲ្យបុគ្គលិកសុខាភិបាលដែលឆ្លងកាត់ការបណ្តុះបណ្តាល ដកវាចេញ។ ស្ត្រីអាចមានផ្ទៃពោះភ្លាមៗបន្ទាប់ពីដកកងក្រោមស្បែកចេញ។ ដើម្បីបញ្ឈប់ការប្រើប្រាស់ថ្នាំចាក់ពន្យារកំណើត នោះគ្រាន់តែឈប់ចាក់ថ្នាំប៉ុណ្ណោះ។ វាត្រូវការពេលយូរជាងសម្រាប់ឲ្យស្ត្រីមានផ្ទៃពោះក្រោយពីឈប់ប្រើថ្នាំចាក់ ប៉ុន្តែស្ត្រីភាគច្រើនអាចមានផ្ទៃពោះក្នុងអំឡុងមួយឆ្នាំ។