Hesperian Health Guides
មធ្យោបាយធម្មជាតិនៃផែនការគ្រួសារ
មាតិកា
ការបំបៅដោះកូន
នៅពេលស្ត្រីម្នាក់បំបៅដោះ រាងកាយរបស់គាត់ផលិតអ័រម៉ូនដែលបង្ការការមានផ្ទៃពោះរយៈពេលពីរបីខែ។ ការបំបៅដោះកូន អាចបង្ការមិនឲ្យមានផ្ទៃពោះបាននៅពេលដែល៖
- ទារកមានអាយុតិចជាង ៦ខែ។
និង
- អ្នកផ្តល់ឲ្យទារកនូវទឹកដោះរបស់អ្នកប៉ុណ្ណោះ ដោយមិនមានអាហារឬភេសជ្ជៈដទៃឡើយ, ហើយអ្នកបំបៅកូនជាញឹកញាប់ទាំងថ្ងៃនិងយប់។
និង
- អ្នកមិនទាន់មានរដូវឡើងវិញទេ ចាប់ពីពេលសម្រាលកូនមក។
នៅពេលដែលអ្នកចាប់ផ្តើមផ្តល់អាហារឲ្យទារក ឬចាប់មានរដូវ នោះការបំបៅដោះនឹងមិនអាចបង្ការមិនឲ្យមានផ្ទៃពោះបានទៀតទេ។
មធ្យោបាយសម្គាល់ពេលបង្កកំណើត
ស្ត្រីម្នាក់អាចមានផ្ទៃពោះតែក្នុងអំឡុងពេលបង្កកំណើតរបស់គាត់ប៉ុណ្ណោះ, នៅពេលដែលពងចេញពីអូវែទៅក្នុងដៃស្បូននិងស្បូន។ ដំណើរនេះមានរយៈពេលប៉ុន្មានថ្ងៃ ហើយវាកើតឡើងម្តងក្នុងមួយខែ។ តាមរយៈការចៀសវាងរួមភេទក្នុងអំឡុងពេលបង្កកំណើត ស្ត្រីអាចបង្ការការមានផ្ទៃពោះបាន (ឬ បើពួកគេកំពុងព្យាយាមមានផ្ទៃពោះ នោះគាត់អាចរៀបចំរួមភេទក្នុងអំឡុងពេលនេះដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ)។
ដើម្បីឲ្យមធ្យោបាយនេះមានប្រសិទ្ធភាព ស្ត្រីត្រូវតែមានវដ្តរដូវទៀងទាត់ ហើយត្រូវតែដឹងច្បាស់ពីដំណាក់កាលនីមួយៗនៃវដ្តរដូវរបស់គាត់។ បុរសក៏ត្រូវតែមានឆន្ទៈក្នុងការធ្វើឲ្យមធ្យោបាយនេះមានប្រសិទ្ធភាពផងដែរ ពីព្រោះក្នុងអំឡុងពេលបង្កកំណើតពួកគេត្រូវតែចៀសវាងការរួមភេទដោយស៊កលិង្គបញ្ចូល។ ពួកគេអាចប្រើការរួមភេទបែបផ្សេងដូចជា ការរួមភេទដោយប្រើមាត់ ឬការស្ទាបអង្អែលជាដើម។ ឬមួយពួកគេអាចប្រើស្រោមអនាម័យក្នុងអំឡុងពេលបង្កកំណើត។
នេះអាចជាមធ្យោបាយដ៏ល្អសម្រាប់ស្ត្រីដែលចង់កម្រិតនូវចំនួនកូនដែលគាត់ចង់បាន។ ប៉ុន្តែជួនកាលវដ្តរដូវប្រែប្រួលខុសពីការរំពឹងទុក។ ស្ត្រីមិនមែនតែងតែចាំច្បាស់នោះទេ ដូច្នេះជារឿយៗស្ត្រីមានផ្ទៃពោះដោយសារមធ្យោបាយនេះ។ មធ្យោបាយសម្គាល់ពេលបង្កកំណើត មិនផ្តល់ការការពារពីជំងឺកាមរោគទេ រួមទាំងមេរោគអេដស៍ផងដែរ ដែលវាអាចឆ្លងគ្រប់ពេលនៃវដ្តរដូវរបស់ស្ត្រី។
របៀបប្រើប្រាស់មធ្យោបាយសម្គាល់ពេលបង្កកំណើត
រាប់ចំនួនថ្ងៃនៃវដ្តរដូវរបស់អ្នក ចំនួនពីរបីខែ។ ចាប់ផ្តើមរាប់ពីថ្ងៃទី១នៃរដូវរបស់អ្នក។ ថ្ងៃចុងក្រោយនៃរដូវ គឺជាថ្ងៃចុងក្រោយមុននឹងធ្លាក់ឈាមជាថ្មី។ ប្រសិនបើអ្នកមានចំនួនថ្ងៃប្រហែលៗគ្នាក្នុងវដ្តរដូវនីមួយៗ ហើយវដ្តរដូវរបស់អ្នកមានរយៈពេលចន្លោះ ២៦ និង៣២ថ្ងៃ នោះមធ្យោបាយនេះអាចមានប្រសិទ្ធភាព។
បន្ទាប់ពីអ្នករាប់វដ្តរដូវបានពីរបីខែរួចមក ហើយប្រាកដថារដូវរបស់អ្នកមកទៀងជាធម្មតា នោះអ្នកអាចចាប់ផ្តើមប្រើប្រាស់មធ្យោបាយនេះបាន។ ចៀសវាងការរួមភេទដោយស៊កលិង្គបញ្ចូល ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ នៃវដ្តរដូវនីមួយៗ។ ឬប្រើស្រោមអនាម័យក្នុងអំឡុងពេលនោះ។ ដើម្បីឲ្យមានប្រសិទ្ធភាព អ្នកត្រូវតែកត់ចំណាំឲ្យច្បាស់ពីចំនួនថ្ងៃដែលបានរំលងផុតទៅ។ បើរដូវរបស់អ្នកប្រែប្រួល ចូរប្រើមធ្យោបាយមួយផ្សេងទៀត រហូតទាល់តែរដូវរបស់អ្នកក្លាយជាធម្មតាឡើងវិញរយៈពេលពីរបីខែ។
រាងកាយរបស់ស្ត្រីផលិតជាតិរំអិលសើមនៅក្នុងទ្វារមាសរបស់គាត់ក្នុងអំឡុងពេលបង្កកំណើត ដើម្បីជួយឲ្យមេជីវិតចូលទៅក្នុងស្បូន។ ដូច្នេះការពិនិត្យមើលជាតិរំអិលរៀងរាល់ថ្ងៃក៏អាចជួយឲ្យស្ត្រីដឹងពីពេលបង្កកំណើតរបស់គាត់បានផងដែរ។
ជាតិរំអិលមានសភាពថ្លា សើម រអិល = បង្កកំណើត | ជាតិរំអិលមានពណ៌ស ស្ងួត ស្អិត = មិនបង្កកំណើត |
មធ្យោបាយដកចេញ
នៅពេលបុរសដកលិង្គចេញពីស្ត្រីនិងឆ្ងាយពីប្រដាប់ភេទរបស់ស្ត្រី មុននឹងគាត់ចេញទឹកកាម នោះពួកគាត់អាចចៀសវាងការមានផ្ទៃពោះបាន ប្រសិនបើបុរសពូកែគ្រប់គ្រងខ្លួនឯង និងមានឆន្ទៈក្នុងការធ្វើបែបនេះ។ វាមិនសូវមានប្រសិទ្ធភាពទេចំពោះបុរសដែលចេញទឹកកាមខុសពីការរំពឹងទុក។ បើទោះបីជាបុរសដកលិង្គចេញក៏ដោយ ទឹករំអិលខ្លះដែលផ្ទុកមេជីវិតអាចនឹងជ្រាបចេញពីលិង្គរបស់គាត់ រួចបណ្តាលឲ្យមានផ្ទៃពោះ។ មធ្យោបាយនេះប្រហែលមិនមែនជាជម្រើសល្អសម្រាប់អ្នកដែលប្រាកដប្រជាថាមិនចង់មានផ្ទៃពោះនោះទេ។ ការដកលិង្គចេញមិនបានការពារពីជំងឺកាមរោគទេ។
ការរួមភេទដោយមិនស៊កលិង្គបញ្ចូល
មានវិធីជាច្រើនដែលធ្វើឲ្យមានភាពស្និតស្នាល, ធ្វើឲ្យមានភាពស្រើបស្រាលផ្លូវភេទ, និងបង្ហាញពីក្តីស្រឡាញ់ ដោយមិនចាំបាច់ទាល់តែមានការរួមភេទដោយបញ្ចូលលិង្គនោះទេ។ មានដៃគូជាច្រើនអនុវត្តការរួមភេទដោយប្រើមាត់៖ ប្រើមាត់ទៅលើប្រដាប់ភេទដើម្បីផ្តល់ភាពស្រើបស្រាល។ អ្នកមិនអាចមានផ្ទៃពោះដោយវិធីនេះទេ។ ការរួមភេទតាមរន្ធគូថក៏មិនបណ្តាលឲ្យមានផ្ទៃពោះដែរ។ ប៉ុន្តែអ្នកអាចឆ្លងជំងឺកាមរោគ រួមទាំងមេរោគអេដស៍ ក្នុងពេលរួមភេទតាមរន្ធគូថឬប្រើមាត់។ ការប្រើដៃដើម្បីធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ស្រួលផ្លូវកាម គឺមានសុវត្ថិភាពជាខ្លាំង។ វាមិនធ្វើឲ្យមានផ្ទៃពោះ ហើយក៏មិនឆ្លងជំងឺកាមរោគផងដែរ។