Hesperian Health Guides
ការវះកាត់បញ្ឈប់កំណើត
សម្រាប់អ្នកដែលលែងចង់បានកូនតទៅទៀត មធ្យោបាយវះកាត់បញ្ឈប់កំណើតគឺជាការវះកាត់ងាយស្រួល និងប្រកបដោយសុវត្ថិភាពសម្រាប់ទាំងបុរសនិងស្ត្រី។ នៅប្រទេសជាច្រើន ការវះកាត់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ ចូរសួរបុគ្គលិកមណ្ឌលសុខភាព។ ការវះកាត់បញ្ឈប់កំណើតមិនបានការពារពីជំងឺកាមរោគទេ រួមទាំងមេរោគអេដស៍ផងដែរ។
សម្រាប់ស្ត្រី មធ្យោបាយនេះត្រូវបានហៅថា ការវះចងដៃស្បូន។ មធ្យោបាយមួយគឺត្រូវវះចោះតូចមួយនៅក្បែរផ្ចិត ដើម្បីអាចកាត់និងចងដៃស្បូនដែលចេញពីអូវែ(កន្លែងផលិតពង)មក។ ជាធម្មតាការវះកាត់នេះអាចធ្វើឡើងនៅកន្លែងការងាររបស់វេជ្ជបណ្ឌិត ឬមណ្ឌលសុខភាពដោយមិនចាំបាច់ដាក់ថ្នាំឲ្យស្ត្រីដេកលក់នោះទេ។ ការវះកាត់នេះមិនប៉ះពាល់ដល់រដូវ ឬសមត្ថភាពផ្លូវភេទរបស់ស្ត្រីទេ ហើយថែមទាំងអាចធ្វើឲ្យការរួមភេទកាន់តែរីករាយទៀតផង ពីព្រោះគាត់លែងបារម្ភអំពីការមានផ្ទៃពោះទៀតឡើយ។
សម្រាប់បុរសវិញ មធ្យោបាយនេះត្រូវបានហៅថា ការវះចងបំពង់មេជីវិត។ វាអាចធ្វើឡើងដោយងាយស្រួលនិងឆាប់រហ័សនៅកន្លែងការងាររបស់វេជ្ជបណ្ឌិតឬមណ្ឌលសុខភាព ដោយមិនចាំបាច់ដាក់ថ្នាំដេកលក់នោះទេ។ ការវះកាត់នេះរឹតតែមានសុវត្ថិភាពនិងឆាប់រហ័សជាងការវះកាត់របស់ស្ត្រីទៅទៀត។ ពងស្វាសមិនត្រូវបានកាត់ចេញទេ ហើយការវះកាត់មិនប៉ះពាល់ដល់សមត្ថភាពផ្លូវភេទរបស់បុរសឡើយ។ ទឹកកាមរបស់គាត់នឹងចេញមកធម្មតា ប៉ុន្តែគ្មានមេជីវិតនៅក្នុងនោះទេ។
កាត់នៅត្រង់នេះ | កាត់នៅត្រង់នេះដើម្បីផ្តាច់រួចចងបំពង់ដែលចេញពីពងស្វាសរបស់បុរស។ |