Hesperian Health Guides
ការបរិភោគយ៉ាងល្អក្នុងពេលខ្វះខាត
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > អាហារល្អធ្វើឲ្យមានសុខភាពល្អ > ការបរិភោគយ៉ាងល្អក្នុងពេលខ្វះខាត
ប៉ុន្តែជាធម្មតា គ្រួសារមួយ ឬសហគមន៍មួយ អាចបរិភោគយ៉ាងល្អ ទោះបីពួកគេខ្វះខាតក៏ដោយ។ ហើយជួនកាលតាមរយៈការបរិភោគយ៉ាងល្អ ពួកគេអាចទទួលបានថាមពលនានាដើម្បីក្រោកឈរទាមទាររកយុត្តិធម៌សង្គមទៀតផង។
របៀបបរិភោគអាហារបន្ថែម និងអាហារកាន់តែមានសុខភាព
- ទិញអាហារសាមញ្ញតម្លៃទាប ដូចជាសណ្តែក និងគ្រាប់ធញ្ញជាតិ។ ពួកវាមានអាហារូបត្ថម្ភច្រើនជាង និងមានតម្លៃទាបជាងអាហារផលិតពីរោងចក្រ ដូចជានំបុ័ងស នំក្រៀម និងអាហារកំប៉ុងជាដើម។
- ប្រសិនបើអ្នករស់នៅតំបន់ជនបទ ចូរស្វែងរកអាហារបែបបុរាណដូចជាផ្សិត បន្លែបៃតងដុះក្នុងព្រៃ សត្វតូចៗ ឬសត្វល្អិត។ អាហារទាំងនេះច្រើនតែមានអាហារូបត្ថម្ភយ៉ាងច្រើន ហើយមិនចាំបាច់ចំណាយប្រាក់ទៀតផង។
- ទុកមាន់ឲ្យធំដើម្បីយកស៊ុតនិងសាច់។អ្នកខ្លះទៀតជីកស្រះតូចៗដើម្បីចិញ្ចឹមត្រីទុកបរិភោគ។
- ដាំដំណាំរបស់អ្នកនៅក្នុងធុងអ្វីមួយឬក្នុងសួនបន្លែ។
- ទិញអាហារច្រើនក្នុងមួយលើក។ កញ្ចប់អាហារតូចៗ ច្រើនតែមានតម្លៃខ្ពស់ជាងការទិញដុំក្នុងចំនួនច្រើនដែលអ្នកអាចប្រើប្រាស់បានយូរ។ ប្រសិនបើអ្នកមិនមានលទ្ធភាពទិញអាហារច្រើនទេ អ្នកអាចទិញចូលគ្នាជាមួយអ្នកជិតខាងឬសមាជិកគ្រួសារ រួចទើបចែកប្រាក់ចំណាយរៀងៗខ្លួន។
- ទារកនិងកុមារតូចៗត្រូវការទឹកដោះម្តាយ — គឺមិនមែនទឹកដោះគោម្សៅទេ។ ទឹកដោះម្តាយជាអាហារល្អបំផុតសម្រាប់ពួកគេ ហើយវាមិនអស់ប្រាក់ទៀតផង។
- ចៀសវាងម្សៅធញ្ញជាតិកញ្ចប់ និងទឹកដោះគោផ្អែមដែលគេលក់សម្រាប់ទារកនិងកុមារធំ។ ទាំងអស់នេះជាការខ្ជះខ្ជាយប្រាក់ប៉ុណ្ណោះ។ ទឹកដោះសត្វធម្មតា ឬអាហារឆ្អិននិងកិនល្អ មានតម្លៃទាបជាង និងផ្តល់សុខភាពប្រសើរសម្រាប់កុមារ ជាង “អាហារកុមារ” ឬ “ទឹកដោះគោកុមារ” ដែលវេចខ្ចប់។
- កុំចាក់ចោលទឹកចម្អិនសណ្តែក សាច់ ឬបន្លែ។ ទឹកនេះសម្បូរទៅដោយអាហារូបត្ថម្ភ និងអាចបង្ការភាពស្លេកស្លាំងទៀតផង។ គួរទុកវាសម្រាប់បរិភោគ ឬចម្អិនធញ្ញជាតិនិងអាហារដទៃទៀត។ ម្យ៉ាងទៀត អ្នកអាចចម្អិនដោយដាក់ទឹកតិច រួចគ្របឆ្នាំងដើម្បីរក្សាអាហារូបត្ថម្ភនៅក្នុងនោះ។
- ចំណាយប្រាក់ដែលមាន ទៅលើអាហារ។ ការចំណាយទៅលើគ្រឿងស្រវឹង បារី និងភេសជ្ជៈកំប៉ុងក្នុងរយៈពេលវែងមួយ ជាចំនួនទឹកប្រាក់យ៉ាងច្រើន ហើយមិនផ្តល់អាហារូបត្ថម្ភអ្វីទេ។
ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព៖ ៣០ មករា ២០១៨