Hesperian Health Guides
អាហារថ្មី បញ្ហាថ្មី
ស្ករគ្រាប់ កូកាកូឡា និងអាហារកញ្ចប់ មានអំបិល ស្ករ ខ្លាញ់ សារធាតុទុកបានយូរ និងល័ក្ត យ៉ាងច្រើន។ នៅពេលបរិភោគរយៈពេលយូរ សារធាតុទាំងនេះធ្វើឲ្យមានបញ្ហាផ្សេងៗ ដូចជាពុកធ្មេញ ជំងឺទឹកនោមផ្អែម និងមហារីក។ អាហារទាំងនេះក៏ខ្វះវីតាមីន ជាតិរ៉ែ សារធាតុសរសៃ និងប្រូតេអ៊ីន ដែលមាននៅក្នុងអាហាររៀបចំនៅផ្ទះផងដែរ។ ដោយមូលហេតុទាំងនេះហើយ ទើបគេហៅវាថា អាហារឥតប្រយោជន៍ (junk foods)។
នំបុ័ងស អាហារកំប៉ុង នំក្រៀម និងនំប្រៃឬមីកញ្ចប់ អាចមើលទៅដូចជាមានសុខភាពដូចអាហារស្រស់ដែលរៀបចំនៅផ្ទះដែរ។ គឺការផ្សាយពាណិជ្ជកម្មជាអ្នកប្រាប់យើងបែបនេះ។ ប៉ុន្តែជាទូទៅអាហារទាំងនេះត្រូវបានបន្ថែមជាតិស្ករ អំបិល និងសារធាតុគីមីយ៉ាងច្រើន។ ហើយវាខ្វះអាហារូបត្ថម្ភដែលយើងអាចទទួលបានពីអាហារដែលចម្អិននៅផ្ទះ។ វាក៏ជាអាហារឥតប្រយោជន៍ផងដែរ គឺដូចជាស្ករគ្រាប់ និងនំកញ្ចប់ដូច្នេះដែរ។
មាតិកា
ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ៖ ជាជំងឺនៃប្រព័ន្ធអាហារថ្មី
ជំងឺទឹកនោមផ្អែម និង ជំងឺបេះដូងគឺជាបញ្ហាសុខភាពដែលបណ្តាលមកពីបម្រែបម្រួលនៃរបៀបដែលមនុស្សបរិភោគនិងធ្វើការងារ។ វាគឺជាជំងឺកម្រកាលពីសម័យដែលមនុស្សនៅដាំដុះនិងចម្អិនអាហារដោយខ្លួនឯង ហើយចិញ្ចឹមជីវិតជាកសិករ និងសិល្បករ។ ប៉ុន្តែដោយសារមនុស្សកាន់តែច្រើន បាត់បង់ការគ្រប់គ្រងលើការងាររបស់ខ្លួន ព្រមទាំងមិនសូវមានពេលធ្វើលំហាត់ប្រាណ (ឧទាហរណ៍ ធ្វើការក្នុងរោងចក្រ ឬធ្វើការពីមុខកុំព្យូទ័រ) ហើយពួកគេពឹងផ្អែកកាន់តែខ្លាំងទៅលើអាហារផលិតពីរោងចក្រផងនោះ ទើបជំងឺទាំងនេះកើតមានកាន់តែច្រើន។ ជំងឺទាំងនេះមិនមែនបណ្តាលមកពីមេរោគទេ ហើយវាក៏មិនមែនជាជំងឺឆ្លងផងដែរ។ វាបណ្តាលមកពីកង្វះសកម្មភាព ការពឹងផ្អែកលើអាហារឥតប្រយោជន៍ និងកម្រិតស្ត្រេសកើនឡើង ព្រមទាំងវិសមភាពនៅក្នុងជីវិតរបស់ពួកយើង។ រាងកាយរបស់យើង មិនដំណើរការល្អនៅក្នុងស្ថានភាពទាំងនេះទេ។
ទោះបីជំងឺទឹកនោមផ្អែម និងជំងឺបេះដូង មានភាពខុសគ្នាយ៉ាងខ្លាំងក៏ដោយ ពួកវាមានមូលហេតុដូចគ្នាជាច្រើន។ ជំងឺមួយក្នុងចំណោមទាំងពីរនេះ អាចបណ្តាលឲ្យកើតជំងឺមួយទៀតទៅវិញទៅមក ហើយការបង្ការនិងព្យាបាលជំងឺទាំងពីរនេះ ក៏មានលក្ខណៈដូចគ្នាយ៉ាងច្រើនផងដែរ។
ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមគឺជាបញ្ហាដែលរាងកាយប្រើប្រាស់ជាតិស្ករនៅក្នុងអាហារមិនបានត្រឹមត្រូវ។ វាអាចបណ្តាលឲ្យមានកង្វាក់ភ្នែក បាត់បង់អវៈយវៈ សន្លប់យូរ ឬស្លាប់ទៀតផង។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រភេទផ្សេងៗនៃជំងឺទឹកនោមផ្អែម និងរបៀបព្យាបាលវា ចូរមើលផ្នែក ជំងឺទឹកនោមផ្អែម។
ជំងឺទឹកនោមផ្អែម បានក្លាយជាជំងឺដែលកើតឡើងញឹកញាប់ជាខ្លាំងនៅក្នុងប្រទេសអ្នកមាន ដូចជាសហរដ្ឋអាមេរិកជាដើម ហើយសព្វថ្ងៃប្រទេសផ្សេងៗក្នុងពិភពលោកក៏ឃើញមានជំងឺនេះកាន់តែញឹកញាប់ផងដែរ។ មូលហេតុរបស់វាដែលពាក់ព័ន្ធនឹងអាហារ មានដូចជាការបរិភោគច្រើនពេក បរិភោគអាហារមិនមានសុខភាព និងកង្វះការហាត់ប្រាណ។ នៅទីណាដែលមានអាហារផលិតពីរោងចក្រច្រើន ដូចជាអាហារម្សៅស និងអាហារមានជាតិស្ករខ្ពស់ ទីនោះតែងតែមានជំងឺទឹកនោមផ្អែម។
ជំងឺបេះដូង និងការគាំងបេះដូង
- សម្ពាធឈាមខ្ពស់
- ជំងឺបេះដូង
- ការគាំងបេះដូង
ទាំងនេះជាផ្នែកផ្សេងៗនៃបញ្ហាសុខភាពមួយដែលហៅថា ជំងឺបេះដូង។ អាហារមិនល្អ និងកង្វះលំហាត់ប្រាណ (រួមជាមួយបារី និងស្ត្រេស) ធ្វើឲ្យជាតិខ្លាញ់កើនឡើងនៅក្នុងសរសៃឈាម។ ជាលទ្ធផល បេះដូងត្រូវការការច្របាច់កាន់តែខ្លាំងដើម្បីរុញច្រានឈាមឲ្យឆ្លងកាត់សរសៃឈាមរីកមាឌទាំងនេះ ហើយវាបណ្តាលឲ្យសម្ពាធឈាមកើនឡើង។ បេះដូងចាប់ផ្តើមនឿយហត់និងចុះខ្សោយដោយសារការខំប្រឹងនេះ។ ឈាមដែលមិនអាចហូរយ៉ាងងាយស្រួល ក៏ក្លាយជាកក ហើយបេះដូងដែលល្ហិតល្ហៃនិងគ្មានលំហូរឈាម ក៏ឈប់ដំណើរការ រួចធ្វើឲ្យមានការគាំងបេះដូង។
(ជំងឺបេះដូងដោយសារប្រគ្រីវ គឺជាមូលហេតុញឹកញាប់មួយទៀតនៃជំងឺបេះដូង។ វាកើតឡើងដោយសារធ្លាប់មានជំងឺ គ្រុនរលាកសន្លាក់ កាលពីនៅកុមារ។
ការព្យាបាល និងការបង្ការ
មានចំណុចជាច្រើនដែលយើងអាចធ្វើបានជាលក្ខណៈបុគ្គល និងជាក្រុមគ្រួសារ ដើម្បីបង្ការនិងព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ប៉ុន្តែការផ្លាស់ប្តូរនៅថ្នាក់សហគមន៍ និងថ្នាក់ជាតិ ក៏ជាការចាំបាច់ផងដែរ។
ការហាត់ប្រាណ៖ ការដើរលឿន ការរាំ កីឡា ឬលំហាត់ប្រាណទាំងឡាយណាដែលបង្កើនចង្វាក់បេះដូង រយៈពេល៣០នាទីក្នុងមួយថ្ងៃ ឬយូរជាងនេះ គឺជាការចាំបាច់ ដើម្បីឲ្យប្រព័ន្ធគ្រប់យ៉ាងក្នុងរាងកាយរបស់យើង ដំណើរការល្អ។ ការហាត់ប្រាណ ធ្វើឲ្យឆ្អឹងរឹងមាំ ធ្វើឲ្យមានថាមពល ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងជួយឲ្យយើងរស់នៅបានយូរ។ វាជាមធ្យោបាយដ៏សំខាន់មួយក្នុងការបង្ការនិងព្យាបាលជំងឺទឹកនោមផ្អែមនិងជំងឺបេះដូង។
អាហារ៖ របបអាហារដែលសម្បូរទៅដោយបន្លែស្រស់ ធញ្ញជាតិមិនទាន់កិន និងសណ្តែក ជាអាហារល្អបំផុតសម្រាប់ទាំងបង្ការនិងព្យាបាលជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
- សាច់ក្រហម ផលិតផលទឹកដោះគោ និងស៊ុត គឺជាអាហារសុខភាព ប៉ុន្តែប្រសិនបើបរិភោគនៅរាល់អាហារពេល ឬរៀងរាល់ថ្ងៃ នោះវាធ្វើឲ្យងាយកើតជំងឺបេះដូងទៅវិញ។ ដូច្នេះគួរបរិភោគវាពីរបីដងក្នុងមួយសប្តាហ៍ ឬតិចជាងនេះ ។
- អាហារផ្អែម និងអាហារម្សៅសដែលផលិតពីម៉ាស៊ីន គឺមិនចាំបាច់ទាល់តែសោះ ហើយការបរិភោគវារាល់ថ្ងៃ អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម។
- យើងត្រូវការជាតិខ្លាញ់បន្តិចបន្តួច ប៉ុន្តែបើបរិភោគច្រើន វានឹងនាំឲ្យមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ សាច់ក្រហម ប្រេងដូង អាហារចៀនរម្ងាស់ និងអាហាររោងចក្រ គឺជាប្រភពចម្បងនៃខ្លាញ់មិនល្អ។ ចូរព្យាយាមកាត់បន្ថយអាហារទាំងនេះ។ គ្រាប់ផ្លែឈើ ផ្លែប៊ឺរ និងត្រី គឺជាប្រភពនៃខ្លាញ់ល្អ ហើយផ្តល់អាហារូបត្ថម្ភដទៃទៀតផងដែរ ដូច្នេះវាជាជម្រើសប្រសើរជាង។
- អំបិលអាចធ្វើឲ្យជំងឺបេះដូងកាន់តែដុនដាប ប្រសិនបើបរិភោគច្រើន។ ប្រសិនបើអ្នកមានជំងឺបេះដូងឬលើសឈាម ចូរចៀសវាងអាហារកញ្ចប់ដែលមានរសជាតិប្រៃ។ អាហារកំប៉ុងស្ទើរតែទាំងអស់ តែងតែមានអំបិលយ៉ាងច្រើនលើសលុប។ នៅពេលលាយរសជាតិអាហារ ចូរប្រើអំបិលតែបន្តិចប៉ុណ្ណោះ ឬប្រើរុក្ខជាតិក្លិន ឬគ្រឿងទេសជំនួសវិញ។
កូកាកូឡា និងភេសជ្ជៈផ្អែមកំប៉ុងឬដប ជារបស់មិនមានសុខភាពឡើយ។ ពួកវាគ្រាន់តែជាទឹក និងស្ករ ហើយលាយបន្ថែមនូវសារធាតុគីមីដើម្បីយកពណ៌និងរសជាតិប៉ុណ្ណោះ។ ការផឹកវាជារៀងរាល់ថ្ងៃ អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម ឬធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ, ធ្វើឲ្យពុកធ្មេញ, និងធ្វើឲ្យរាងកាយរបស់យើង ផ្ទុកទៅដោយរបស់មិនល្អ។
ប្រសិនបើអ្នកធាត់៖ ការបន្ថយទម្ងន់ ជួយការពារយើងពីទាំងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ការបន្ថយទម្ងន់បន្តិចម្តងៗ មានសុវត្ថិភាពជាងការបន្ថយច្រើនក្នុងរយៈពេលខ្លី។ មធ្យោបាយបន្ថយទម្ងន់ដ៏ល្អបំផុត គឺការធ្វើលំហាត់ប្រាណញឹកញាប់ (៥ថ្ងៃក្នុងមួយសប្តាហ៍ ឬច្រើនជាងនេះ) និងបរិភោគអាហារជាមធ្យម។ ចៀសវាងអាហារមិនល្អដូចរៀបរាប់ខាងលើ។
ការឈប់ជក់បារី ជាមធ្យោបាយមួយទៀតដើម្បីរស់នៅបានយូរ និងយ៉ាងប្រសើរ។ ការឈប់ជក់បារី នឹងការពារអ្នកពីជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកផងដែរ។ សម្រាប់ព័ត៌មានបន្ថែមពីគ្រោះថ្នាក់នៃបារី សូមមើល ថ្នាំញៀន គ្រឿងស្រវឹង និងបារី (កំពុងផលិត)។
សុខភាពគឺជាប្រធានបទរបស់សហគមន៍
អ្វីដែលយើងបរិភោគ និងរបៀបដែលយើងរស់នៅ មួយផ្នែកគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់ខ្លួនយើង ប៉ុន្តែវាក៏ជាលទ្ធផលនៃអាហារ ការងារ និងផ្ទះសម្បែងដែលយើងមានលទ្ធភាពទទួលយកផងដែរ។ យើងអាចព្យាយាមបង្កើតទម្លាប់បរិភោគនិងលំហាត់ប្រាណដែលផ្តល់សុខភាព ប៉ុន្តែជាញឹកញាប់ជម្រើសរបស់យើងគឺមានកម្រិត។ ឧទាហរណ៍ អ្វីដែលយើងចង់បរិភោគ និងថាតើយើងមានពេលវេលាដើម្បីចម្អិនអាហារល្អៗឬទេ គឺជាលទ្ធផលនៃអ្វីៗជាច្រើនដែលពិបាកគ្រប់គ្រងដោយមនុស្សម្នាក់៖ ការផ្សាយពាណិជ្ជកម្ម, របៀបដែលការងាររបស់យើងត្រូវបានរៀបចំ, និងថាតើយើងអាចទទួលបានទឹកស្អាតនិងចង្ក្រានល្អឬទេ។ មនុស្សជាច្រើនជួបប្រទះស្ថានភាពប្រហាក់ប្រហែលនេះ ហើយពួកគេអាចផ្លាស់ប្តូរបានតែប្រសិនបើចាត់វិធានរួមគ្នា ឬតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលប៉ុណ្ណោះ។
សកម្មភាពដើម្បីការផ្លាស់ប្តូរ អាចផ្តោតលើចំណុចជាក់លាក់ ដូចជាការហាមឃាត់កូកាកូឡា និងភេសជ្ជៈផ្អែមនៅក្នុងសាលារៀន ឬការផ្តល់អាហារថ្ងៃត្រង់ល្អៗដល់សិស្សគ្រប់គ្នា។ សកម្មភាពអាចធ្វើឡើងទូទាំងទីក្រុង ដូចជាម៉ោងបង្រៀនហាត់ប្រាណដោយឥតគិតថ្លៃ ដែលត្រូវបានផ្តល់ឲ្យដោយទីក្រុងបាងកក ប្រទេសថៃ ឬសាច់រឿងស៊ីក្លូវៀ (Ciclovía) ខាងក្រោម។ គោលនយោបាយថ្នាក់ជាតិឬថ្នាក់មូលដ្ឋាន អាចត្រូវបានកែសម្រួលដើម្បីផ្តល់ប្រយោជន៍ដល់កសិករតូចតាចនិងទីផ្សារក្នុងស្រុក ជាជាងគោលនយោបាយដែលគាំទ្រផលចំណេញសម្រាប់ក្រុមហ៊ុនកសិកម្មធំ។ ដើម្បីបង្ការនិងព្យាបាលជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងយ៉ាងជោគជ័យ យើងត្រូវសម្រេចឲ្យបាននូវការផ្លាស់ប្តូរនៅគ្រប់កម្រិតទាំងនេះ។
ស៊ីក្លូវៀ (Ciclovia)
ប្រជាជននៅទីក្រុងបូកូតា (Bogota) នៃប្រទេសកូឡុំប៊ី (ទីក្រុងដ៏ធំមួយនៅក្នុងទ្វីបអាមេរិកខាងត្បូង) មានការពិបាកចិត្តជាខ្លាំងចំពោះផ្លូវដ៏កកស្ទះ និងខ្យល់ពុល ដ៏គួរឲ្យគ្រោះថ្នាក់។ ក្រោមការដឹកនាំរបស់មន្ត្រីក្រុងម្នាក់ដែលយកចិត្តទុកដាក់ចំពោះអនាគត ពួកគេបានសម្រេចចិត្តធ្វើអ្វីមួយចំពោះបញ្ហានេះ៖ ពួកគេប្រែក្លាយពីទីក្រុងដែលសម្បូរទៅដោយរថយន្តតូចធំ ឲ្យទៅជាទីក្រុងដែលគួរឲ្យចង់រស់នៅសម្រាប់មនុស្សវិញ។ ពួកគេបានលុបចោលកន្លែងចតយានយន្តរាប់រយកន្លែង សាងសង់ផ្លូវជាង៣០០គីឡូម៉ែត្រសម្រាប់កង់ និងដាក់កម្រិតនូវចំនួនរថយន្តដែលអាចធ្វើដំណើរបាននៅលើផ្លូវមួយក្នុងម៉ោងមមាញឹក។
វិធីសាស្ត្រច្នៃបង្កើតថ្មីដ៏គួរឲ្យចាប់អារម្មណ៍បំផុតនេះ (បច្ចុប្បន្នត្រូវបានចម្លងនៅទីក្រុងផ្សេងៗ ទូទាំងពិភពលោក) គឺស៊ីក្លូវៀ (Ciclovia)៖ រៀងរាល់ថ្ងៃអាទិត្យ ផ្លូវសំខាន់ៗត្រូវបានបិទមិនឲ្យរថយន្តចូលឡើយ គឺបើកសម្រាប់តែអ្នកជិះកង់ អ្នកជិះស្គី អ្នកប្រើកៅអីរុញ និងអ្នកថ្មើរជើងប៉ុណ្ណោះ។ វគ្គបង្រៀនរាំនិងហាត់ប្រាណ ត្រូវបានផ្តល់ជូនឥតគិតថ្លៃនៅតាមសួនច្បារ។ កង់ត្រូវបានដាក់ឲ្យខ្ចីដោយមិនមានយកប្រាក់ឡើយ។
ទោះបីវិធីសាស្ត្រស៊ីក្លូវៀ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរពិតមែន ប៉ុន្តែវាបានផ្តល់ភាពរីករាយជាខ្លាំង។ វាគឺជាពិធីជប់លៀងប្រចាំសប្តាហ៍ដែលមនុស្សគ្រប់គ្នានៅក្នុងទីក្រុងត្រូវបានអញ្ជើញឲ្យចូលរួម។ កុមារនិងយាយតា រាំលេងជាមួយគ្នានៅតាមសួនច្បារ ហើយមនុស្សគ្រប់វ័យជិះកង់ ជិះស្គី និងរត់ហាត់ប្រាណនៅតាមផ្លូវដែលធម្មតាធ្លាប់តែកកស្ទះដោយចរាចរណ៍។ វាជាឱកាសដ៏រីករាយក្នុងការធ្វើលំហាត់ប្រាណ ជួបជុំញាតិមិត្តជិតខាង មិត្តរួមការងារ និងបង្កើតមិត្តថ្មី។ វាជារបៀបរស់នៅដ៏ប្លែកនិងល្អប្រសើរមួយសម្រាប់អ្នករស់នៅក្នុងទីក្រុង។
មុនដំបូង អាជីវកម្មមួយចំនួនប្រឆាំងនឹងគំនិតនេះ ព្រោះពួកគេគិតថាវានឹងបង្កើតឲ្យមានការកកស្ទះចរាចរណ៍ ហើយរំខានដល់ការរកស៊ីរបស់ពួកគេ។ ប៉ុន្តែវិធីសាស្ត្រស៊ីក្លូវៀ មានប្រជាប្រិយភាពជាខ្លាំងដែលពួកគេមិនអាចរអ៊ូរទៀតបានឡើយ។ ឥឡូវនេះប្រជាជននៅទីក្រុងបូកូតា កំពុងរិះរកមធ្យោបាយផ្សេងៗទៀតដែលធ្វើឲ្យទីក្រុងរបស់ពួកគេកាន់តែមានសុវត្ថិភាព កាន់តែផ្តល់សុខភាព កាន់តែរីករាយ ពេញ៧ថ្ងៃក្នុងមួយសប្តាហ៍។