Hesperian Health Guides
ការបរិភោគគ្រប់គ្រាន់
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > អាហារល្អធ្វើឲ្យមានសុខភាពល្អ > ការបរិភោគគ្រប់គ្រាន់
កង្វះអាហារគ្រប់គ្រាន់ជាច្រើនសប្តាហ៍ឬច្រើនខែ បណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងយូរអង្វែង។ កុមារ មនុស្សចាស់ មនុស្សឈឺ អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីមានផ្ទៃពោះ រងគ្រោះកាន់តែធ្ងន់ធ្ងរ (និងកាន់តែឆាប់រហ័ស) ពីកង្វះអាហារ។ ដូច្នេះ ចូរធ្វើឲ្យប្រាកដថាមានអាហារគ្រប់គ្រាន់សម្រាប់មនុស្សដែលមានលទ្ធភាពតិចក្នុងការថែទាំសុខភាពដោយខ្លួនឯង។
កុមារត្រូវការពិសេសជាងគេនូវអាហារគ្រប់គ្រាន់
លើសពីនរណាទាំងអស់ កុមារត្រូវការអាហារគ្រប់គ្រាន់រៀងរាល់ថ្ងៃ។ កង្វះអាហារនៅក្នុងវ័យកុមារ ធ្វើឲ្យពួកគេមានរូបរាងតូចទាប ឧស្សាហ៍មានជំងឺ និងពិបាកក្នុងការរៀនសូត្រ ដែលបញ្ហាទាំងនេះកើតមានពេញមួយជីវិតរបស់គាត់។
ដើម្បីធានាថាកុមារទទួលបានអាហារគ្រប់គ្រាន់៖
- សូម្បីតែពេលចាប់ផ្តើមផ្តល់អាហារនៅអាយុប្រហែល ៦ខែក៏ដោយ ត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយតទៀត។ ល្អបំផុតគឺបំបៅដោះរយៈពេល ២ឆ្នាំ ឬយូរជាងនេះ បើអាចធ្វើបាន។ ការបំបៅដោះនិងផ្តល់អាហារ ធានាថាកុមារមិនខ្វះនូវអ្វីដែលចាំបាច់ដើម្បីលូតលាស់ឡើយ។
- នៅពេលអ្នកចាប់ផ្តើមផ្តល់អាហារ ចូរផ្តល់ឲ្យម្តងបន្តិចៗ ពីរបីដងក្នុងមួយថ្ងៃ។ បន្ទាប់មក បង្កើនអាហារច្រើនមុខ និងបង្កើនបរិមាណអាហារ។ កុមារអាយុ ២ឆ្នាំ គួរបរិភោគអាហារយ៉ាងតិច ៤ដងក្នុងមួយថ្ងៃ។ ទារកដែលបានឈប់បៅដោះ ត្រូវការអាហារច្រើនជាងទារកដែលនៅបៅ។
- រំលែកអាហារដាក់ក្នុងចានរបស់កុមារម្នាក់។ បន្ទាប់មក ពិនិត្យមើលថាតើកុមារគ្រប់រូបបានបរិភោគអាហាររបស់ខ្លួនឬនៅ។
- ផ្តល់អាហារឲ្យក្មេងស្រី ដូចគ្នានឹងក្មេងប្រុសដែរ។ ក្មេងស្រីនិងក្មេងប្រុស ត្រូវការអាហារស្មើគ្នាដើម្បីមានសុខភាពល្អ និងលូតលាស់មាំមួន។
- ព្យាបាលជំងឺរាកភ្លាមៗដោយប្រើ ទឹកអូរ៉ាលីត្រ និងជាតិទឹកដទៃទៀត ។
- ព្យាបាលកុមារដោយថ្នាំ mebendazole នៅពេលពួកគេកើតព្រូន។ ប្រសិនបើកុមារជាច្រើនកើតព្រូន ចូរផ្តល់ថ្នាំ mebendazole ដល់កុមារគ្រប់រូបក្នុងសហគមន៍របស់អ្នក រៀងរាល់៦ខែ ដើម្បីបង្ការជំងឺ។
កុមារមានតម្រូវការអាហារផ្សេងៗ ទៅតាមវ័យរបស់ពួកគេ។ មើលព័ត៌មានបន្ថែមអំពី ការផ្តល់អាហារដល់ទារកនិងកុមារ ។