Hesperian Health Guides

ការព្យាបាលការរលាក

នៅក្នុងជំពូកនេ:

A hand submerged in a container of water.

ចំពោះគ្រប់ការរលាកទាំងអស់ ៖

  • បញ្ឈប់ការរលាកដោយដាក់ត្រាំផ្នែកដែលរលាកក្នុងទឹកត្រជាក់ភ្លាម។ បន្តដាក់ឲ្យត្រជាក់យ៉ាងតិច២០នាទី។
  • បន្ថយការឈឺចាប់ដោយឲ្យថ្នាំអាស្ពីរីន(aspirin) ឬថ្នាំបំបាត់ការឈឺចាប់ដទៃទៀត។
  • បង្ការកុំឲ្យមានស្ហុក


ចំពោះការរលាកតូចតាច មិនចាំបាច់ព្យាបាលទេ។

ចំពោះការរលាកដោយសារធាតុគីមី ការរលាកដោយការភាយកាំរស្មី ការរលាកដោយអគ្គីសនី និងការរលាកដែលបង្កឲ្យមានពងទឹក (ការរលាកកម្រិតទី២) ៖

  • មិនត្រូវយកអ្វីៗដែលជាប់នៅកន្លែងរលាក។
  • មិនត្រូវលាបខ្លាញ់ ប៊ឺរ ឬថ្នាំប្រេង។
  • មិនត្រូវបំបែកពងទឹក។
  • មិនត្រូវបកស្បែកដែលរបក។
  • មិនត្រូវដាក់អ្វីៗលើកន្លែងរលាកដោយសារធាតុគីមី។
  • ត្រូវលាងសម្អាតសារធាតុគីមីចេញពីកន្លែងរលាកដោយប្រើទឹកស្អាតភ្លាម។
  • ត្រូវរុំកន្លែងរលាកដោយបង់រុំស្ទេរីល (ដូចជាស្បៃរុំស្អាត) ប្រសិនបើអាច។
  • ត្រូវលាងសម្អាតថ្នមៗដោយទឹកស្អាត ត្រជាក់ និងដោយសាប៊ូធម្មតា ប្រសិនបើពងទឹកទាំងនោះបែក។ អាចទុកឲ្យកន្លែងរលាកចំហរបាន លុះត្រាតែអ្នកស្ថិតនៅកន្លែងស្អាត គ្មានសត្វល្អិត កំទេចធូលី ឬផ្សែងគីមី។
  • ត្រូវចោលសម្លៀកបំពាក់ដែលអាចឆ្លងដោយសារធាតុគីមី ឬបោកគក់វាដាច់ដោយឡែកពីសម្លៀកបំពាក់ដទៃទៀត។
  • ត្រូវលាបទឹកឃ្មុំលើកន្លែងរលាកតូចតាច។ ទឹកឃ្មុំអាចបង្ការនិងបញ្ឈប់ការក្លាយរោគ និងធ្វើឲ្យកាន់តែឆាប់ជាសះស្បើយ។ លាងសម្អាតទឹកឃ្មុំចាស់ចេញថ្មមៗ រួចលាបទឹកឃ្មុំថ្មី យ៉ាងតិច២ដងក្នុង១ថ្ងៃ។

បន្ទាប់មកនាំជនរងគ្រោះទៅជួបបុគ្គលិកសុខាភិបាល ឬមន្ទីរពេទ្យ ឲ្យបានឆាប់តាមដែលអាចធ្វើបាន។

បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប្រសិនបើអ្នកគិតថាគេរលាកនៅផ្លូវខ្យល់។ សញ្ញារបស់វាមាន ៖

  • ការរលាកនៅមាត់ និងច្រមុះ ឬរលាកនៅក្នុងមាត់។
  • វង្វេងវង្វាន់ស្មារតី សន្លប់ ឬក្អកយ៉ាងខ្លាំងពេលស្រូបផ្សែងធម្មតាចូល។

ម្យ៉ាងទៀត ត្រូវនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យដែរ បើគេមានការរលាកធ្ងន់ធ្ងរនៅលើមុខ ភ្នែក ប្រអប់ដៃ ប្រអប់ជើង ឬប្រដាប់បន្តពូជ។

មនុស្សគ្រប់គ្នាដែលមានការរលាកខ្លាំង អាចចូលក្នុងស្ថានភាពស្ហុកយ៉ាងងាយដោយសារតែមានការឈឺចាប់ គួបផ្សំគ្នានឹងការភ័យខ្លាច និងបាត់បង់សារធាតុរាវពីរាងកាយតាមកន្លែងរលាក។ ធ្វើឲ្យជនរងគ្រោះមានផាសុក និងនិយាយផ្តល់កម្លាំងចិត្តដល់គាត់ បន្ថយការឈឺចាប់ ព្យាបាលស្ហុក និងផ្តល់ទឹកផឹកឲ្យបានច្រើន។