Hesperian Health Guides
ការកំពប់សារធាតុគីមី
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > សេចក្តីបន្ថែម ក ៖ សុវត្ថិភាព និងភាពអាសន្ន > ការកំពប់សារធាតុគីមី
មុននឹងលាងសម្អាតសារធាតុគីមីដែលកំពប់ ត្រូវការពារខ្លួនអ្នក ប្រជាជនដែលរស់នៅក្បែរ និងប្រភពទឹកជាមុន។ ប្រសិនបើមានអ្នកណាផ្សេងទៀតដែលត្រៀមលក្ខណៈបានល្អជាងក្នុងការសម្អាតការកំពប់នេះ(អ្នកដែលបានទទួលការបណ្តុះបណ្តាលក្នុងការងារនេះ) ចូរស្នើសុំឲ្យគេនោះជួយ។ ត្រូវពាក់សម្លៀកបំពាក់ការពារជានិច្ចដើម្បីសម្អាតសារធាតុគីមីនោះ!
ការកំពប់សារធាតុគីមីតិចតួច
ប្រសិនបើមានសារធាតុគីមីកំពប់តិចតួច នោះជាការសំខាន់ត្រូវគ្រប់គ្រង ទប់ស្កាត់ និងសម្អាតសារធាតុដែលកំពប់នេះ មុនពេលមានអ្នកណាម្នាក់រងគ្រោះ និងមុនពេលដែលសារធាតុគីមីហូរចូលទៅក្នុងផ្លូវទឹក ឬជ្រាបចូលទៅក្នុងដី។
ការគ្រប់គ្រងការកំពប់
សំខាន់បំផុតគឺត្រូវគ្រប់គ្រងការកំពប់មិនឲ្យមានកាន់តែច្រើនឡើង។ បិតឧបករណ៍ដែលលេចជ្រាប លើកបញ្ឈរធុងដួលឡើងវិញ ឬដាក់ធុងដែលលេចធ្លាយ ចូលក្នុងធុងដែលមិនលេចធ្លាយ។ |
ការទប់ស្កាត់ ដាក់ដី ខ្សាច់ ឬអាចម៍រណា, ដីឥដ្ឋ ឬវត្ថុដទៃទៀត ពីលើសារធាតុដែលកំពប់នោះ។ ប្រសិនបើសារធាតុគីមីនោះអាចហើរក្នុងខ្យល់ ត្រូវគ្របវាដោយក្រណាត់ឬផ្ទាំងប្លាស្ទិក។ |
ការសម្អាត
យកប៉ែលចូកសារធាតុទាំងនោះដាក់ចូលទៅក្នុងធុង ឬប្រអប់ប្លាស្ទិកក្រាស់។ មិនត្រូវប្រើទឹកទេ ព្រោះវាអាចឲ្យរាលដាល់សារធាតុគីមី ហើយកាន់តែធ្វើឲ្យមានបញ្ហាធំឡើង។ ចោលសារធាតុនោះដោយសុវត្ថិភាព។ |
ការកំពប់សារធាតុគីមីច្រើន
នៅតំបន់ខួងប្រេង តំបន់ការងារ និងតំបន់ឧស្សាហកម្ម ដែលមានការប្រើប្រាស់ ឬដឹកជញ្ជូនសារធាតុគីមីយ៉ាងច្រើន ជាការសំខាន់គឺត្រូវត្រៀមលក្ខណៈសម្រាប់ការកំពប់សារធាតុគីមីក្នុងបរិមាណដ៏ច្រើន។
- បង្កើតផែនការភាពអាសន្ន ជាមួយកម្មករ និយោជិក និងប្រជាជនដែលរស់នៅក្បែរ។ ដឹកនាំការប្រជុំឲ្យបានទៀងទាត់ដើម្បីប្រាកដថាគ្រប់គ្នាទាំងអស់យល់ច្បាស់ពីផែនការ។
- បិតឈ្មោះនិងលេខទូរស័ព្ទរបស់ប្រជាជនដែលត្រូវទាក់ទងក្នុងករណីមានការកំពប់។ រាប់បញ្ចូលនូវនិយោជិកឧស្សាហកម្ម គ្លីនិកនិងមន្ទីរពេទ្យ មន្ត្រីសុវត្ថិភាព អាជ្ញាធរ បុគ្គលិកសុខាភិបាល និងប្រជាជនដែលបានបណ្តុះបណ្តាលក្នុងការសម្អាតការកំពប់។
- ទុកសេចក្តីណែនាំ សម្ភារៈ និងឧបករណ៍ការពារសម្រាប់ការសម្អាត ឲ្យមាននៅនឹងតំបន់ការងារ។
- គូសសម្គាល់ផ្លូវដែលអាចរត់គេចពីតំបន់នោះ។
- មានទឹកសុវត្ថិភាពទុកសម្រាប់ប្រើប្រាស់ក្នុងករណីប្រេងឬសារធាតុគីមីដទៃទៀតបានឆ្លងចូលក្នុង ប្រភពទឹកក្នុងសហគមន៍។