Hesperian Health Guides

១៦. គ្រោះថ្នាក់បណ្តាលមកពីសារធាតុគីមីពុល

នៅក្នុងជំពូកនេ:

A small group of people gather in front of their homes as factory chimneys behind them spew smoke.

ជាមួយនឹងការរីកចម្រើនផ្នែកឧស្សាហកម្មនិងកសិកម្មទំនើបក្នុងសតវត្សរ៍កន្លងមកនេះ សារធាតុគីមីពុលបានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ ភាគច្រើននៃសារធាតុគីមីទាំងនេះត្រូវបានប្រើប្រាស់ដោយមានការយល់ដឹងតិចតួចអំពីគ្រោះថ្នាក់ដែលវាបង្កឡើងចំពោះប្រជាជននិងបរិស្ថាន។

យើងអាចយល់ដឹងអំពីសារធាតុគីមីទាំងនេះដោយសារតែយើងធ្វើការជាមួយវា ឬដោយសារតែយើងអាចឃើញនិងធំក្លិនការបំពុលដែលវាបង្កឡើងជុំវិញយើង។ រោងចក្រ, រោងចក្រចម្រាញ់ប្រេង, និងយានយន្ត បានបង្កើតផ្សែងនិងផ្សែងពុលដែលធ្វើឲ្យមនុស្សក្អកនិងឈ្លក់។ ផ្លូវទឹកដែលនៅក្បែរតំបន់ឧស្សាហកម្មនិងកសិដ្ឋានធំៗ ជាញឹកញាប់ពោរពេញទៅដោយកាកសំណល់ កខ្វក់និងធំក្លិន។ ការផលិតប្រេង ការកំពប់សារធាតុគីមី និងកន្លែងចាក់កាកសំណល់ បានចម្លងទៅលើទឹក ដី ដំណាំ និងខ្យល់ ដែលជាញឹកញាប់យើងអាចមើលឃើញនិងធំក្លិន។

ពេលខ្លះភាពបំពុលមិនអាចមើលឃើញនិងធំក្លិនទេ។ សារធាតុគីមីខ្លះធ្វើដំណើរយ៉ាងឆ្ងាយពីកន្លែងដែលប្រើ ប្រាស់វា។ វាធ្វើចលនាតាមរយៈខ្យល់និងទឹក ក្នុងអាហារដែលយើងបរិភោគ និងនៅក្នុងខ្លួនមនុស្ស សត្វ និងត្រី។ សារធាតុគីមីជាច្រើនត្រូវបានប្រើប្រាស់នៅក្នុងផលិតផលប្រចាំថ្ងៃ, ដូចជាដបប្លាស្ទិក ម៉ាស៊ីនម៉ូទ័រ, គឺមានយ៉ាងច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃដែលយើងមិនបានគិតអំពីគ្រោះថ្នាក់របស់វាទេ។

<h5 style="text-align:center
;padding-left: 0">ការបំពុលដោយសារធាតុពុលនៅលវឃែណល</h5>

លវឃែណល(Love Canal) គឺជាសង្កាត់មួយនៅក្នុងទីក្រុងណាយអាហ្គារាហ្វល(Niagara Falls) នៃរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក។ លវឃែណល ត្រូវបានដាក់ឈ្មោះតាមលោក វីលៀមលវ(William Love) ដែលជាអ្នកចាប់ផ្តើមជីកព្រែក(Canal) ភ្ជាប់រវាងទន្លេពីរ។ ព្រែកជីកនោះមិនបានចប់សព្វគ្រប់ទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនសារធាតុគីមីមួយបានយកព្រែកជីកនេះធ្វើជារណ្តៅសំរាមរបស់ខ្លួន ដើម្បីចាក់សារធាតុគីមីពុលប្រមាណ ២១.០០០តោន។ នៅពេលដែលព្រែកពេញ ក្រុមហ៊ុនបានលុបដី រួចលក់ដីទៅឲ្យទីក្រុងក្នុងតម្លៃតែមួយដុល្លា ដោយមានលក្ខខណ្ឌមិនទទួលខុសត្រូវលើបញ្ហាសុខភាពណាមួយដែលអាចកើតឡើងទេ។

ជាច្រើនឆ្នាំកន្លងមក ផ្ទះនិងសាលារៀនត្រូវបានសាងសង់ក្បែរកាកសំណល់ដែលកប់នោះ។ មិនយូរប៉ុន្មាន ប្រជាជនដែលរស់នៅលវឃែណល បានចាប់ផ្តើមមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ អ្នកស្រី ឡូអ៊ីសហ្គីប ដែលជាអ្នកស្នាក់នៅម្នាក់ បានដឹងមានរឿងមិនល្អកើតឡើង។ គាត់និយាយថា “យើងបានដឹងថានៅទីនេះមានករណីរលូតកូនយ៉ាងច្រើន មានពិការភាពពីកំណើតយ៉ាងច្រើន មានបញ្ហាប្រព័ន្ធប្រសាទយ៉ាងច្រើន និងមានជំងឺហឺតនិងបញ្ហាដកដង្ហើមដទៃទៀតយ៉ាងច្រើនក្នុងចំណោមយើងទាំងអស់គ្នា” ។

អ្នកស្រីហ្គីបបានរៀបចំសហគមន៍ក្នុងការទាមទាររដ្ឋាភិបាលឲ្យស៊ើបអង្កេតលើបញ្ហាទាំងនេះ។ នៅពេលដែលរដ្ឋាភិបាលរកឃើញថា សារធាតុគីមីពុលបានជ្រាបចូលទៅក្នុងដីជុំវិញផ្ទះប្រជាជន សហគមន៍បានទាមទារថវិកាពីរដ្ឋាភិបាលដើម្បីផ្លាស់ប្តូរទីលំនៅសម្រាប់ប្រជាជនទាំងអស់។ ប្រជាជនបានផ្លាស់ទីលំនៅ ប៉ុន្តែពួកគេជាច្រើននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងររួចទៅហើយ។ បច្ចុប្បន្នសង្កាត់ដែលគ្មានមនុស្សរស់នៅ ព្រមទាំងប្រជាជនដែលរងគ្រោះពីជំងឺអស់មួយជីវិត គឺជាអ្នករំឭកអំពីគ្រោះថ្នាក់នៃកាកសំណល់ពុលនៅលវឃែណល។

អ្នកស្រីឡូអ៊ីសហ្គីបបានបន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុពុលនៅកន្លែងដទៃទៀត។ ការងាររបស់គាត់បានជួយដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិកឲ្យអនុម័តច្បាប់ដែលតម្រូវឲ្យក្រុមហ៊ុនសម្អាតកាកសំណល់ពុលរបស់ខ្លួន។ សំខាន់បំផុតគឺថា អ្នកស្រីឡូអ៊ីសហ្គីបបានជួយប្រជាជនឲ្យជឿជាក់ថា ពួកគេមានអំណាចក្នុងការក្រោកឈរប្រឆាំងនឹងឧស្សាហកម្មគីមី, ទាមទារសុខភាពបរិស្ថាន, និងឈ្នះ! ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា ការស្លាប់ដោយឌីអុកស៊ីន គាត់បាននិយាយថា ៖

A woman speaks.
យើងអាចបន្ទោសជនរងគ្រោះ ហើយឲ្យមនុស្សគ្រប់គ្នាឈប់ញ៉ាំទឹកដោះគោ ត្រី សាច់ និងបញ្ឈប់បំបៅកូនដោយទឹកដោះម្តាយ។ ឬមួយយើងអាចស្វែងយល់ពីរបៀបដែលប្រជាជនក្លាយទៅជាគ្មានអំណាច ក្នុងពេលដែលសាជីវកម្មពោរពេញដោយអំណាច។ យើងត្រូវតែពិភាក្សាពីមូលហេតុដែលរដ្ឋាភិបាលរបស់យើង ការពារសិទ្ធិក្នុងការបំពុល ជាជាងការពារសុខភាពរបស់យើង។