Hesperian Health Guides
យុត្ថិធម៌ផ្នែកបរិស្ថាន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២២. ប្រេង ជំងឺ និងសិទ្ធិមនុស្ស > យុត្ថិធម៌ផ្នែកបរិស្ថាន
វិធីសំខាន់មួយដែលប្រជាជនរស់នៅក្នុងតំបន់សម្បូរប្រេង អាចការពារសុខភាពរបស់ខ្លួន គឺត្រូវធ្វើឲ្យប្រាកដថា នរណាក៏ដោយដែលគ្រប់គ្រងធនធានប្រេង ត្រូវធ្វើការងារក្នុងរបៀបមួយដែលការពារប្រជាជនពីការប្រឈមគ្រោះថ្នាក់លើសុខភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន។ ដោយសារប្រេងមានតម្លៃខ្លាំងណាស់ ដូច្នេះពួកគេមានទ្រព្យសម្បត្តិច្រើនដើម្បីការពារប្រជាជនបាន។
ស្ត្រីតវ៉ាប្រឆាំងនឹងការរុករកប្រេង
តំបន់ដីសណ្តទន្លេនីហ្សេក្នុងប្រទេសនីហ្សេរីយ៉ា ធ្លាប់ជាដីដែលសម្បូរជីជាតិ ជាមួយនឹងត្រី សត្វព្រៃ និងកសិដ្ឋានជាច្រើន។ នៅពេលក្រុមហ៊ុនប្រេងទាំងឡាយមកដល់ភូមិភាគនេះដំបូង ពួកគេបានសន្យាថានឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ប្រជាជនគ្រប់គ្នា។ ប៉ុន្តែបន្ទាប់ពីការអភិវឌ្ឍប្រេងជាង៣០ឆ្នាំមកហើយ ពួកគេមិនបានធ្វើតាមសម្តីរបស់ខ្លួនឡើយ។ ស្ត្រីនីហ្សេរីយ៉ាម្នាក់ពន្យល់ថា “ពួកយើងខឹងសម្បារខ្លាំងណាស់។ ចាប់ពីឆ្នាំ១៩៧០មក នៅពេលក្រុមហ៊ុនមកដល់ទីនេះ ពួកគេបានកាត់ផ្តាច់អ្វីគ្រប់យ៉ាងពីពួកយើង។ យើងគ្មានអ្វីបង្ហាញទេ គឺមានតែការបំពុលនៅក្នុងទន្លេនិងព្រែករបស់យើង, និងសំឡេងលាន់ខ្លាំងៗនៃអណ្តាតភ្លើងឧស្ម័ន។ ពួកយើងគ្មានសង្ឃឹមអ្វីឡើយ ខណៈដែលពួកគេប្រើប្រាស់អំណោយរបស់យើងដែលបានមកពីព្រះដើម្បីរកប្រាក់ជាច្រើនលាន។ ពួកគេមិនខ្វល់ពីយើង ឬស្តាប់ឮការយំស្រែករបស់យើងឡើយ។
ស្ត្រីនីហ្សេរីយ៉ាបានចាប់ផ្តើមយុទ្ធនាការតវ៉ាដោយសន្តិភាពមួយដែលមានការចូលរួមពីកុលសម្ព័ន្ធទាំងអស់នៅក្នុងភូមិភាគនេះ។ ស្ត្រីទាំងនេះទាមទារក្រុមហ៊ុនឆេវរ៉ុនតិចសាកូ ដែលជាក្រុមហ៊ុនដ៏ចម្បងមួយធ្វើការនៅក្នុងភូមិភាគនេះ ឲ្យផ្តល់ការងារ, ធនធានសម្រាប់ការអប់រំ, ទឹក, អគ្គិសនី, និងការអភិវឌ្ឍសហគមន៍។ ហើយពួកគេបានទាមទារប្រាក់សំណងនូវរាល់ការខូចខាតទាំងឡាយដែលក្រុមហ៊ុនបានធ្វើកន្លងមក។
ក្រុមហ៊ុនឆេវរ៉ុនតិចសាកូ បានសុំឲ្យរដ្ឋាភិបាលឆ្លើយតបដោយកណ្តាប់ដៃដែក។ ប៉ូលីសនិងទាហានបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងវាយដំច្រំធាក់លើស្ត្រីទាំងអស់។ ស្ត្រីជាច្រើនបានរងរបួស ហើយខ្លះទៀតបានបាត់បង់ជីវិត។ ប៉ុន្តែស្ត្រីបានឆ្លើយតបដោយភាពមោះមុត និងភាពបត់បែន។ ស្ត្រីមួយចំនួនបានទៅរារាំងមិនឲ្យបុគ្គលិកធ្វើការនៅការិយាល័យកណ្តាល, ខ្លះទៀតទៅកាន់កាប់នៅចំណតនាំចេញ, និងជាច្រើនរយនាក់ទៀតទៅកាន់កាប់ស្ថានីយបង្ហូរចំនួន៤នៅក្នុងទន្លេនីហ្សេ ដើម្បីបញ្ឈប់ក្រុមហ៊ុនមិនឲ្យដឹកប្រេងចេញតាមកប៉ាល់។ ក្រុមហ៊ុនឆេវរ៉ុនតិចសាកូបានខាតបង់ជាង១00.000ដុល្លាក្នុង១ថ្ងៃ ពេលដែលស្ត្រីចូលកាន់កាប់ចំណតនិងស្ថានីយបង្ហូរប្រេង!
ចុងក្រោយ ក្រុមហ៊ុនប្រេងបានសុខចិត្តចុះចាញ់។ ពួកគេបានយល់ព្រមបង្កើតការងារ និងបង្កើតកម្មវិធីឥណទានខ្នាតតូចដើម្បីជួយស្ត្រីឲ្យចាប់ផ្តើមជំនួញរបស់ខ្លួន។ ពួកគេក៏បានសន្យាថានឹងផ្តល់សាលារៀន មន្ទីរពេទ្យ ទឹកនិងអគ្គិសនីសម្រាប់ភូមិទាំងឡាយផងដែរ។
សកម្មភាពព្រៃផ្សៃរបស់ក្រុមហ៊ុនប្រេងនិងដៃគូរដ្ឋាភិបាលរបស់ពួកគេនៅក្នុងប្រទេសនីហ្សេរីយ៉ា បង្ហាញថាពួកគេនឹងមិនបញ្ឈប់ការបង្កើនប្រាក់ចំណូលរបស់ខ្លួនឡើយ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ ស្ត្រីក្នុងប្រទេសនីហ្សេរីយ៉ាបានផ្តល់កម្លាំងចិត្តដល់ប្រជាជននៅទូទាំងពិភពលោក ឲ្យទាមទារផលប្រយោជន៍មួយចំណែកពីការអភិវឌ្ឍ គឺមិនមែនទទួលតែភាពវេទនាទេ។ បើមិនដូច្នេះទេ ពួកគេនឹងបញ្ឈប់ការអភិវឌ្ឍប្រេងទាំងអស់គ្នា។