Hesperian Health Guides
រោងចក្រស្លប្រេង
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២២. ប្រេង ជំងឺ និងសិទ្ធិមនុស្ស > រោងចក្រស្លប្រេង
ការធ្វើឲ្យរោងចក្រស្លប្រេងមានសុវត្ថិភាព
រោងចក្រស្លប្រេងមិនចាំបាច់ត្រូវបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរបែបនេះទេ។ ការបំពុលអាចត្រូវបានបង្ការ ប្រសិនបើក្រុមហ៊ុនប្រេងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្ការឧប្បត្តិហេតុនានា និងគ្រប់គ្រងឧស្ម័ននិងវត្ថុរាវពុលនៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការស្លប្រេង។ ប្រសិនបើអ្នកនិងសហគមន៍របស់អ្នក កំពុងព្យាយាមធ្វើឲ្យរោងចក្រស្លប្រេងមានសុវត្ថិភាព យុទ្ធនាការរបស់អ្នកអាចផ្តោតទៅលើគំនិតទាំងនេះមួយចំនួន ៖
ការតាមដានការបំពុលខ្យល់ អាចកំណត់អំពីបញ្ហានានា និងបញ្ឈប់ភាពអាសន្នមុននឹងវាកើតឡើង។ ក្រុមហ៊ុនទាំងឡាយគួរតាមដានខ្យល់ និងឆ្លើយតបចំពោះបញ្ហាយ៉ាងឆាប់រហ័ស។ ប្រសិនបើពួកគេមិនតាមដានការបំពុលទេ សហគមន៍នានាអាចតាមដាន មើលមធ្យោបាយកងពលធុងទឹក។

អាចជំនួសអណ្តាតភ្លើងឧស្ម័នដោយមធ្យោបាយសុវត្ថិភាព ដូចជាការកែប្រែឧស្ម័នសម្រាប់ប្រើប្រាស់ឡើងវិញ។
អាងស្តុកប្រេងឆៅ សាំង និងសារធាតុដទៃទៀត ជួនកាលបញ្ចេញចំហាយពុលក្នុងពេលដែលចាក់វាចូលក្នុងអាង, ចាក់ចេញ, ឬសម្អាត។ ពួកគេអាចគ្រប់គ្រងចំហាយទាំងនេះដោយប្រើប្រាស់ឧបករណ៍និងទម្រង់ការល្អប្រសើរមួយចំនួន។ ត្រូវតែត្រួតពិនិត្យមើលនិងជួសជុលអាងស្តុកនិងសន្ទះបិទបើករបស់វាជាប្រចាំ ដើម្បីបង្ការការធ្លាយទៅក្នុងខ្យល់និងទឹកក្រោមដី។
កប៉ាល់ដឹកប្រេងនិងសាំង អាចបញ្ចេញចំហាយទៅក្នុងខ្យល់ និងធ្លាយវត្ថុរាវទៅក្នុងទឹក។ គួរប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពនៅគ្រប់ពេលទាំងអស់ ដើម្បីបង្ការការកំពប់និងចំហាយពុល។ កប៉ាល់បែបនេះគួរមានសម្បកទ្រនាប់ពីរឬបីជាន់ដើម្បីបង្ការការកំពប់។
ទឹកសំណល់ដែលផ្ទុកសារធាតុគីមីពុលច្រើនតែកំពប់ឬជ្រាបទៅក្នុងទឹកក្រោមដី។ តាមរយៈការសាងសង់និងថែទាំប្រព័ន្ធទឹកសំណល់ យើងអាចចៀសវាងបញ្ហាទាំងនេះបាន។
ប្រេងឆៅដែលកខ្វក់បង្កើតកាកសំណល់កាន់តែច្រើន ហើយបំពុលខ្យល់និងទឹក ជាពិសេសបើរោងចក្រត្រូវផលិតប្រេងកាន់តែសុទ្ធនិងស្រាល។ ការស្លប្រេងដែលស្អាត ធ្វើឲ្យមានការបំពុលតិច។